Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Tuesday, November 5, 2024

ឧបទ្ទវហេតុ កោះតាង Koh Tang Events

ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America

  1. ភូមិសាស្រ្ត នយោបាយ អាមេរិក America
  2. អំពី ប្រព័ន្ធបោះឆ្នោត អាមេរិក 👉
  3. អំពី រដ្ឋ ហាវ៉ៃ 👉
  4. អំពី កងទ័ព អាមេរិក 👉
  5. អំពី វិទ្យុអាមេរិក 👉
  6. អំពីសង្រ្គាម នឹងការកកើត រដ្ឋអាមេរិក 👉
  7. អំពីជំលោះ ស្បែក ស និង ស្បែកខ្មៅ  👉
  8. សង្រ្គាម អាមេរិក ខ្មែរក្រហ ម កោះតាង 👈
  9. សង្រ្គាម អាមេរិក នៅកម្ពុជា ទំលាក់គ្រាប់បែក US Bombing 👈

ឧបទ្ទវហេតុ កោះតាង កើតថ្ងៃទី ១២ ឧសភា ១៩៧៥ ដល់ថ្ងៃទី ១៥ ឧសភា ឆ្នាំ ១៩៧៥-- មុនធ្វើការវិភាគពត៍មានយោធា ខ្ញុំ តាមដានពត៍មាននៅស្រុកខ្មែរ និងពត៍មាននៅអាមេរិកជាមុនសិន ដើម្បីប្រាកដថា ាករសន្ធិដ្ឋានមានភាពរឹងមា បែបវិទ្យាសាស្រ្ត។ ដោយសារពត៍មានខុសគ្នាខ្លាំង សហរដ្ឋអាមេរិកសម្រេចចិត្តបង្កើតគណកម្មការស្រាវជ្រាវប្រវត្តិនៃជម្លោះ និងការខូចខាតបណ្តាលមកពីការប្រយុទ្ធគ្នា សូម្បីពត៍មានជាភាសាអគ្លេស Wikipedia ក៍មិនពិតដែរ ឯខាងកម្ពុជា រឹតតែមិនពិត ទោះជាពួកគាត់ប្រឹងទៅសួរសាក្សីរស់ក៍ដោយចុះ សូមតាមដានចំណុចនីមួយៗដូចតទៅ៖


  1. កងទ័ពខ្មែរក្រហមសម្រេចិត្តវាយយកភ្នំពេញថ្ងៃ ១៧ មេសា ១៩៧៥ បើទោះជាមានពត៍មានខ្លះថាខាងវៀតណាម គេសុំឲ្យខាងកម្ពុជាពន្យាពេលចាំដល់ថ្ងៃ ៣០ មេសា ១៩៧៥ ជាថ្ងៃវៀតណាមខាងជើងវាយរំដោះក្រុងព្រៃនគរ ក៍ដោយ មូលហេតុ ដោយសារ ខ្មែរក្រហមប្រញាប់យកទ័ពទៅបោះទីតាំងនៅ​តាមកោះនានាដូចជាកោះត្រល់ កោះក្រចកសេះ កោះពូឡូវ៉ៃ កោះតាង មុនភាគីវៀតណាម,
  2. កប៉ាល់ Mayaguez ត្រូវបានកងទ័ព ខ្មែរក្រហមចាប់យកមកពីដែនទឹកអន្តរជាតិចម្ងាយ ១០ គម ពី កោះពួឡូវ៉ៃ តែខ្មែរក្រហមរាយការណ៍ថា ចាប់បាននៅ កោះតាង ជាទឹកដីកម្ពុជា ដែលកម្ពុជាមានអធិប្បតេយ្យភាពពេញទីក្នុងការការពារដែនទឹករបស់ខ្លួន
  3. ខ្មែរក្រហមរាយការណ៍ថាបញ្ជូនទ័ព ប្រមាណ ៣០០ ទៅ ៣០០ នាក់ សម្រាប់ការពារ ១ កោះ (២ គ/កោះ) តែការពិតខ្មែរក្រហម យកទ័ពទៅបោះនៅកោះត្រល់ កោះក្រចកសេះ របស់វៀតណាមខាងត្បូង សូម្បីតែវៀតណាមក៍មិនបានដឹងដែរ ទាល់តែ ផ្ទុះសង្រ្គាម អាមេរិក និងខ្មែរក្រហម ចាប់ពីថ្ងៃទី ១២ ឧសភា ដល់ ១៥ ឧសភា ឆ្នាំ ១៩៧៥ ទើប កងទ័ពជើងទឹកវៀតណាមដឹងថា ខ្មែរក្រហមបោះទ័ពនៅលើកោះ ត្រល់ កោះក្រចកសេះ !
  4. ដោយសារគ្មានពត៍មានអំពី ចំនួន កងទ័ពខ្មែរក្រហម ប្រភេទអាវុធ នៅលើ កោះពូឡូវៃ នៅលើកោះតាង កោះព្រីង កំពង់សោម ដូច្នេះកងទ័ពអាមេរិកមានតែប្រើប្រាស់ការទូត សុំទៅភាគីចិន និង ខ្មែរក្រហមឲ្យដោះលែង នាវានិង នាវិគរបស់អាមេរិក តែ ភាគីខ្មែរក្រហមមិនព្រម ដូច្នេះភាគីអាមេរិក សម្រេចប្រើប្រាស់យោធាតាំងពីថ្ងៃទី ១២ ឧសភា ឆ្នាំ ១៩៧៥ គឺមិនដូចជាភាគីខ្មែរក្រហមថា អាមេរិកទើបប្រើទ័ពព្រលឹងស្រាងៗថ្ងៃទី ១៥ ឧសភា ១៩៧៥ ឡើយ។
  5.  ភាគីខ្មែរក្រហមថា ភាគីកម្ពុជាមានទ័ពតែ ៣០​នាក់ប្រចាំការនៅកោះ តាង តែផ្នែកចារកមម ថៃ និង យន្តហោះសើបការណ៍អាមេរិក ស៊ើបមិនដឹងពត៍មានព្រោះចូលកៀក មិនបាន ត្រូវខ្មែរក្រហមបាញ់ ចំណែកពេលយប់ចូលកៀកបាន តែមើលមិនឃើញព្រោះមេឃងងឹតខ្លាំង ចុះអាប់ព៍ខ្លាំង ដូច្នេះ ភាគីថៃ អាមេរិក កំណត់ថា ខ្មែរក្រហមមានទ័ពប្រមាណ ១០០ នាក់នៅលើ កោះតាង។ អាមេរិកបញ្ជូនទ័ពជើងទឹក ២០០ នាក់ថ្ងៃដំបូង ដើម្បីរំដោះ នាវា តែ បរាជ័យ ព្រោះ ឧម្ភាចក្រនោះផ្ទុក Container  ដែលយន្តហោះមិនអាចចុះពីលើបាន ផែនការណ៍នេះត្រូវរំសាយវិញ។
  6. ខ្មែរក្រហម ដឹងសភាពការណ៍ យកទ័ពទៅដាក់នៅលើ នាវា Mayaguez ដែលធ្វើឲ្យស្ថានការណ៍កាន់តែពិបាក ដូច្នេះ ភាគីអាមេរិក ត្រូវសុំជំនួយពី គងទ័ពជើងអាកាស និងធ្វើផែនការរំដោះនាវាឡើងវិញ ដែលផែនការទី ២ នេះធំ ត្រូវប្រើទ័ពដល់ទៅជាង ១០,០០០ នាក់ មាននាវាផ្ទុកយន្តហោះ ០២ គ្រឿង ចូលសំចត ចម្ងាយជាង ១០០ គម ពី កោះតាង និងវយប្រហារជាកង់ៗ គឺ កោះព្រីង កោះតាង កោះរុង រាម កំពង់សោម...ចំណែកកងទ័ព ១ កងត្រូវចាកចេញពី ជប៉ុន ហោះកាត់វៀតណាម ចូលប្រទេសថៃ សហការណ៍ជាមួយកងទ័ព ថៃ និង ១ ក្រុមមកតាមជើងទឹក តាមនាវាដឹកយន្តហោះ​០២ គ្រឿង។
  7. ពេលប្រយុទ្ធគ្នា ខាងខ្មែរក្រហម គេថា មានទ័ពស្លាប់ ០៧ នាក់ ! ម៉េចបានជាអាមេរិកប្រើកម្លាំងច្រើនម្លេះ? ដែលតាមរបាយការណ៍ខ្លះថា ទ័ពខ្មែរក្រហមស្លាប់ប្រមាណជាង ៣០០ នាក់ ចំណែក វិទ្យុ រោងចក្រប្រេងកាត អាកាសយាន្តដ្ឋានកងកេង.. មូលដ្ឋានរាម និង មន្រ្តីនានាជុំវិញក្រុងកំពង់សោម ត្រូវបានកំទេចស្ទើក្លាយជាផេះ
  8. ដោយសារចំណុចខ្លាំងផ្នែកនយោបាយសឹកសង្រ្គាមទ័ពព្រៃរបស់ ខ្មែរក្រហម ទាហានអាមេរិក ទាហានថៃ មិនទទួលបានស្នាដៃទេ មិនទទួលបានកិត្តិយសទេ ព្រោះថា ការចំណាយធំធេងណាស់​ចំនួនទ័ពជាង ១០,០០០ នាក់ វាយទ័ពខ្មែរក្រហម
  9.  ដូច្នេះពត៍មានដែល ឡូហ្សិក គឺ ទ័ពអាមេរិក ៤១ ស្លាប់ ទ័ពខ្មែរក្រហមប្រមាណ ៣០០ នាក់។ ខ្មែរក្រហមប្រើទ័ពប្រមាណ ១០,០០០នាក់ ចំណែកអាមេរិកប្រើទ័ពជាង ១០,០០០ នាក់តែមាន យន្តហោះចម្បាំង រាប់សិបគ្រឿងចូលទំលាក់គ្រាប់បែក និង មាន ឧទ្ធម្ភាចក្រ ៣៨ គ្រឿងចូលប្រយុទ្ធ ក្នុងនោះ ១៨ គ្រឿងត្រូវបានពួកខ្មែរក្រហមកំទេច គ្រាដែលរបាយការណ៍ពីមុនៗថា ខូចខាត ០៨ គ្រឿង។
ពត៍មានខាងអាមេរិក The Mayaguez incident took place between Kampuchea (formerly Cambodia) and the United States from 12–15 May 1975, less than a month after the Khmer Rouge took control of the capital Phnom Penh ousting the U.S.-backed Khmer Republic. After the Khmer Rouge seized the U.S. merchant vessel SS Mayaguez in a disputed maritime area the U.S. mounted a hastily-prepared rescue operation. U.S. Marines recaptured the ship and attacked the island of Koh Tang where it was believed that the crew were being held as hostages. Encountering stronger than expected defenses on Koh Tang, three United States Air Force helicopters were destroyed during the initial assault and the Marines fought a desperate day-long battle with the Khmer Rouge before being evacuated. The Mayaguez's crew were released unharmed by the Khmer Rouge shortly after the attack on Koh Tang began. It was the last battle of the Vietnam War and the names of the Americans killed, including three Marines left behind on Koh Tang after the battle and subsequently executed by the Khmer Rouge, are the last names on the Vietnam Veterans Memorial
Casualties and losses
15 killed in action
3 captured and later killed
23 killed en route in helicopter failure
50 wounded
3 CH-53 helicopters destroyed
13–25 killed in action on Koh Tang
unknown killed on Swift Boats and Cambodian mainland
15 wounded in action
4 Swift Boats sunk

រស្មីកម្ពុជា ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នៅ​កោះតាង​ក្នុង​ខែឧសភា​ឆ្នាំ​១៩៧៥ ដោយៈ ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​I) សេចក្តី​ផ្តើម​
១-​ទីតាំង​ភូមិសាស្ត្រ​កោះតាង​
​កោះតាង គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ និង​កូន​កោះ​ទាំង​៦៤ ស្ថិតនៅក្នុង​ដែនទឹក​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​។ កោះតាង​ស្ថិតនៅ​ប៉ែក​និរតី និង​មាន​ចម្ងាយ​ប្រមាណ​៥២ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង​ជា​កោះ​មួយ​ស្ថិតនៅ​ចន្លោះ​កណ្តាល​រវាង​កោះ​ពូ​លូ​វ៉ៃ និង​ក្រុងព្រះសីហនុ​។ កោះតាង​ស្ថិតនៅ​ចន្លោះ​ខ្សែរ​បណ្តោយ និង​ខ្សែរ​ទទឹង ( 103°7′E 10°18′N)​។

កោះតាង​មាន​ទំហំ​ប្រមាណ​៥,៩ គីឡូម៉ែត្រ​ការ៉េ (​បណ្តោយ​ប្រវែង​៦,៤ គីឡូម៉ែត្រ និង​ទទឹង​ចន្លោះ​ពី​០,១​ដល់​៣,២ គីឡូម៉ែត្រ​) និង​ជា​កោះ​ដ៏​ស្រស់ស្អាត​មួយ ដែល​គ្របដណ្តប់​ទៅដោយ​កូនភ្នំ និង​ព្រៃឈើ​ប្រមាណ​៩០​ភាគរយ ហើយ​មាន​ឆ្នេរ​ខ្សាច់​ស្អាត និង​ទឹកសមុទ្រ​ថ្លា​។ កោះ​នេះ​មាន​ថ្ម​ប៉ប្រះ​ទឹក ផ្កាថ្ម និង​ជីវចម្រុះ​ជាច្រើន​រស់នៅ​ក្រោម​ទឹកសមុទ្រ ប៉ុន្តែ​មិន​ធ្លាប់មាន​ប្រជាជន​ស៊ីវិល​រស់​នៅលើ​កោះតាង​តាំង​ពីមុន​រហូតមកទល់​នឹង​ប​ន្ចុ​ប្បន្ន​។ កោះតាង គឺជា​មូលដ្ឋាន​មួយ​ក្នុងចំណោម​មូលដ្ឋាន​កងទ័ពជើងទឹក​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​បោះទីតាំង​ការពារ​ដែន​កោះ និង​ដែនទឹក​សមុទ្រ​កម្ពុជា​ចាប់ពី​តាំង​របប​សង្គមរាស្ត្រនិយម​,​របប​សាធារណរដ្ឋ​ខ្មែរ​, របប​កម្ពុជា​ប្រជាធិបតេយ្យ​, របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ​។​

២- ការចូល​កាន់កាប់​កោះ​នៅ​ដែនសមុទ្រ​កម្ពុជា​របស់​កងទ័ព​ខ្មែរក្រហម​បន្ទាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥
​ ​កងពល​ទី​៣​នៃ​ភូមិភាគ​និរតី​របស់​ខ្មែរក្រហម គឺជា​កងពល​មួយ​ដែល​បាន​ចូលកាន់​កាប់​កោះ និង​កូន​កោះ​នៅក្នុង​ដែនទឹក​សមុទ្រ​កម្ពុជា បន្ទាប់ពី​ការឡើង​កាន់កាប់​អំណាច​របស់​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ កងពល​ទី​៣​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៤ ដោយ តា​ម៉ុក លេខា​ភូមិភាគ​និរតី ដើម្បី​រួមចំណែក​វាយ​សម្រុកចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅក្នុង​អំឡុង​ខែមេសា ឆ្នាំ​១៩៧៥​។ កងពល​ទី​៣​នៃ​ភូមិភាគ​និរតី គឺជា​កងទ័ព​ថ្មើរជើង​ប្រយុទ្ធ​នៅលើ​គោក​។ ប្រធាន​កងពល​ទី​៣ មានឈ្មោះ មាស មុត ដែលជា​កូនប្រសា​ប្រុស​ម្នាក់​របស់ តា​ម៉ុក (​ប្រពន្ធ​របស់ មាស មុត មានឈ្មោះ ខុម ត្រូវជា​កូនស្រី​ច្បង​របស់​តា​ម៉ុក​។ ខុម ជា​លេខា​ស្រុក​ត្រាំកក់ តំបន់​១៣ ភូមិភាគ​និរតី​)​។ មុនពេល​ឡើង​ធ្វើជា​ប្រធាន​កងពល​ទី​៣ មាស មុត គឺជា​អនុ​លេខា​តំបន់​១៣​នៃ​ភូមិភាគ​និរតី ។ ចំណែក​សមាសភាព​កង​ទ័ព​នៃ​កងពល​ទី​៣​នេះ​ភាគច្រើន គឺជា​កូនចៅ​របស់​កសិករ​ធ្វើស្រែ​ចម្ការ​នៅក្នុង​ខេត្តកំពត ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​បាន​ចូលធ្វើ​កងទ័ព​ខ្មែរក្រហម​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៥​។ ឌូ អ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ជា​កងទ័ព​ខ្មែរក្រហម​នៃ​កងពល​ទី​៣​ភូមិភាគ​និរតី បាន​មានប្រសាសន៍ថា ខ្ញុំ​បាន​ចូល​បដិវត្តន៍​ខ្មែរក្រហម​ដោយ​ស្ម័គ្រចិត្ត ក្នុង​ឆ្នាំ​១៩៧២ នៅមុន​ដំបូង​ធ្វើជា​កងឈ្លប​នៅ​ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ។ នៅក្នុង​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​បញ្ជូន អ៊ុន ឲ្យ​មក​ធ្វើជា​កងទ័ព​តំបន់​៣៣ បន្ទាប់​ហាត់រៀន​យុទ្ធសាស្ត្រ​កងទ័ព​មួយរយៈ​ពេល​ខ្លី ខ្មែរក្រហម​បាន​បញ្ជូន អ៊ុន ឲ្យ​ទៅ​វាយ​ជាមួយ​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ព្រៃ​លក​មៀត ភ្នំស្រួច​ផ្លូវជាតិ​លេខ​៤​។ នៅក្នុង​ឆ្នាំ​១៩៧៤ អ៊ុន ត្រូវបានចាត់តាំង​បញ្ចូល​ក្នុង​កងពល​ទី​៣ របស់​ភូមិភាគ​និរតី​។ ប៉ាក់ សុខ មាន​ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្តកំពត និង​បាន​ចូលធ្វើ​បដិវត្តន៍​ខ្មែរក្រហម​នៅក្នុង​ឆ្នាំ​១៩៧២ ពេលនោះ សុខ មាន​អាយុ​ជាង​១០​ឆ្នាំ​។ បន្ទាប់មក​ខ្មែរក្រហម​ចាត់តាំង​ឲ្យ សុខ បម្រើ​ជា​កងទ័ព​តំបន់​៣៥ ការចូល​ធ្វើ​កងទ័ព គឺ សុខ បាន​ហាត់រៀន​បាញ់កាំភ្លើង ក្រាប​លូន​តែ​បន្តិចបន្តួច បន្ទាប់មក​ក៏បាន​ចូល​សមរភូមិ​វាយ​ជាមួយ​ទាហាន លន់ នល់ តែម្តង​។ នៅ​ឆ្នាំ​១៩៧៤ ខ្មែរក្រហម​បាន​បញ្ជូន សុខ មក​ចូល​នៅក្នុង​កងពល​ទី​៣ របស់​ភូមិភាគ​នរ​តី​។ ចំណែក ម៉ៅ រ៉ា​ន់ ដែលជា​អតីត​កងទ័ព​ខ្មែរក្រហម​ម្នាក់​នៅក្នុង​កងវរសេនាតូច​៤១០ នៃ​កងពល​ទី​៣​ភូមិភាគ​និរតី​ដែរនោះ បាន​មានប្រសាសន៍ថា គាត់​មាន​ស្រុកកំណើត​នៅ​ស្រុក​គង​ព​សី ខេត្តកំពង់ស្ពឺ និង​បាន​ចូល​ធើ្វ​កងឈ្លប​នៅក្នុង​ឆ្នាំ​១៩៧២ និង​បន្ត​ឡើងមក​ធើ្វ​ជា​កងទ័ព​តំបន់​៣៣​។ នៅក្នុង​ឆ្នាំ​១៩៧៤ ខ្មែរក្រហម​បាន​បញ្ជូន រ៉ា​ន់ មក​បញ្ចូល​ក្នុង​កងពល​ទី​៣​នេះ​តែម្តង​។ កងពល​ទី​៣​នៃ​ភូមិភាគ​និរតី​ភាគច្រើន​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ជាមួយ​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​តាមផ្លូវ​ជាតិ​លេខ​៤​នៅ​ម្តុំ​ដោះ​កញ្ជរ ស្រែខ្លុង មហា​សាំង​ក្នុងស្រុក​ភ្នំស្រួច ។ ខ្មែរក្រហម​ក៏​ធ្លាប់បាន​បញ្ជូន​កងពល​លេខ​៣​ទៅ​វាយ​នៅ​ខាង​កំពង់ឆ្នាំង​ដូចជា​នៅ​លង្វែក សាលា​លេខ​៥ ដាំ​ផ្កា បន្ទាប់មក​ទើប​ដក​ត្រឡប់មក​ផ្លូវជាតិ​លេខ​៤ ខេត្តកំពង់ស្ពឺ​វិញ ។​

​នៅក្នុង​មេសា ឆ្នាំ​១៩៧៥ កងពល​ទី​៣​នៃ​ភូមិភាគ​និរតី​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​វាយ​ចូល​ទីក្រុង​ភ្នំពេញ​តាម​ទិស​ផ្លូវជាតិ​លេខ​៤​។ នៅ​ខណៈពេលដែល​កងទ័ព​នៃ​កងពល​ទី​៣​បាន​ចូល​មកដល់​ចោមចៅ និង​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​នោះ ប្រធាន​កងពល​ទី​៣​មាស មុត បាន​បញ្ជា​ឲ្យ​កងទ័ព​នៃ​កងពល​ទី​៣​ទាំងអស់​ដក​ត្រឡប់​ក្រោយមក​ឈរជើង​នៅ​ម្តុំ​ជម្ពូ​វ​ន្ត័​, បែក​ចាន ដើម្បី​ធ្វើដំណើរ​មក​បោះ​ទីតាំងនៅ​កំពង់សោម ។ បន្ទាប់ពី​កងទ័ព​ស្នាក់នៅ​មូលដ្ឋាន​កងទ័ព​រាម​បាន​រយៈពេល​ពីរ​បី​ថ្ងៃ មាស មុត បាន​បញ្ជា​ឲ្យ កងទ័ព​នៃ​កងពល​ទី​៣​មួយចំនួន​ធ្វើដំណើរ​ទៅ​ឈរជើង​នៅលើ​កោះ​ដែលជា​ដែនទឹក​នៃ​ប្រទេស​កម្ពុជា និង​អតីត​កោះ​របស់​កម្ពុជា​មួយចំនួន​ទៀត ដែល​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ។

៣-​កងវរសេនាតូច​នៃ​កងពល​ទី​៣​ដែល​ឈរជើង​នៅលើ​កោះតាង​
​មាស មុត ដែលជា​ប្រធាន​កងពល​ទី​៣ បាន​ចាត់តាំង​ឲ្យ​កងវរសេនាតូច​លេខ​៤១០ នៃ​វរ​សេនា​ធំ​២១​ទៅ​ប្រចាំការ​នៅតាម​កោះ​ជួរមុខ​មួយចំនួន​ដូចជា កោះ​ពូ​លូ​វ៉ៃ​, កោះតាង និង​កោះព្រីង​។ កងវរសេនាតូច​៤១០ មាន​ប្រធាន​ទទួលបន្ទុក​នយោបាយ​ឈ្មោះ ហម និង​អនុប្រធាន​ទទួលបន្ទុក​ខាង​យោធា​ឈ្មោះ សំណាង ។ វរ​សេនា​តូច​៤១០ រួមមាន​៤​កងអនុសេនាធំ គឺ​កងអនុសេនាធំ (​គ​-៧), កងអនុសេនាធំ (​គ​-៨), កងអនុសេនាធំ (​គ​-៩) និង​កងអនុសេនាធំ (​គ​-១០) ។ បន្ទាប់ពី​រំដោះ​ភ្នំពេញ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​នៃ​កម្លាំង​វរ​សេនា​តូច​៤១០ មួយចំនួន​បាន​ស្លាប់​នៅលើ​សមរភូមិ និង​មួយចំនួនទៀត​បាន​បែកខ្ញែក នៅ​ខណៈពេលដែល​ត្រូវ​បញ្ជូនទៅ​ឈរជើង​នៅតាម​កោះ គឺ​កងវរសេនាតូច​៤១០ មាន​កងទ័ព​ចំនួន​ប្រមាណ​ជា​២០០​នាក់​តែប៉ុណ្ណោះ (​កម្លាំង​សរុប​របស់​វរ​សេនា​តូច​៤១០​មាន​ប្រហែល​៤០០​នាក់​កាលពី​មុនពេល​វាយ​ចូល​ទីក្រុង​ភ្នំពេញ​)​។​ប្រធាន និង​អនុប្រធាន​វរ​សេនា​តូច​៤១០ ឈ្មោះ ហម និង សំណាង មាន​ភារកិច្ច​ប្រចាំការ​នៅ​ទីបញ្ជាការ​កងវរសេនាតូច​៤១០​នៅ​រាម គឺ​មិន​ទៅ​ឈរ​ប្រចាំការ​នៅតាម​កោះ​ជាមួយ​កងទ័ព​ឡើយ ។ ខ្មែរក្រហម​បាន​បែងចែក​ឲ្យ កងអនុសេនាធំ (​គ​-៨) និង​កងអនុសេនាធំ (​គ​-១០) ត្រូវ​ឈរជើង​ប្រចាំការ​នៅលើ​កោះតាង ក្នុងនោះ​អនុ​សេនា​ធំ (​គ​-១០) ឈរជើង​នៅ​ម្តុំ​ឆ្នេរ​ខាងលិច និង​អនុ​សេនា​ធំ (​គ​-៨) ប្រចាំការ​នៅ​ម្តុំ​ប៉ុស្តិ៍ទាហាន​ចាស់ (​នៅ​ឆ្នេរ​ខាងកើត​)​។ ចំណែក​កងអនុសេនាធំ (​គ​-៧) និង​កងអនុសេនាធំ (​គ​-៩) ត្រូវបានចាត់តាំង​ឲ្យ​ទៅ​យាម​ប្រចាំការ​នៅ​កោះ​ពូ​លូ​វ៉ៃ និង​កោះព្រីង (​កោះព្រីង​មាន​កងទ័ព​តែមួយ​អនុ​សេនា​តូច​) ។
​មេបញ្ជាការ​ខ្មែរក្រហម​ដែល​ប្រចាំការ​នៅ​កោះតាង​រួមមាន​ឈ្មោះ ម៉េ​ន ប្រធាន​កងអនុសេនាធំ​(​គ​-៨) និង​ឈ្មោះ ម៉ន ប្រធាន​កងអនុសេនាធំ (​គ​-១០) ។ កងកម្លាំង​សរុប​នៅលើ​កោះតាង​មាន​ចំនួន​ប្រហែល​១០០​នាក់ (​ចំនួន​កងទ័ព​បញ្ចូល​គ្នា​ទាំងពីរ​អនុ​សេនា​ធំ គ​-៨ និង​គ​-១០) ប៉ុ​នែ្ត​ដោយសារ​ខ្មែរក្រហម​ត្រូវបញ្ជូន​កងទ័ព​ទៅកាន់​កាប់​កោះ​ក្រចកសេះ (​ពូ​លូ​ប៉ង​សង់​) ថែមទៀត​នោះ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​មួយចំនួន​ពី គ​-៨ និង​គ​-១០ រួមមាន​ប្រធាន​កងអនុសេនាធំ​ឈ្មោះ ម៉េ​ន​, ម៉ន និង​កងទ័ព​មួយចំនួនទៀត​បាន​ទៅ​ចូលរួម​ជាមួយ​កងវរសេនាតូច​លេខ​៤៧០ ដែលមាន​មេបញ្ជាការ​ឈ្មោះ ទ​ន ដើម្បី​ធ្វើដំណើរ​ទៅកាន់​កាប់​កោះ​ក្រចកសេះ (​ពូ​លូ​ប៉ង​សង់​) ពី​ប្រទេស​វៀតណាម ។ ដូច្នេះ​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេសសល់ និង​បាន​ប្រយុទ្ធ​ជាមួយ​ទាហាន​សហរដ្ឋអាមេរិក​នៅ​កោះតាង​ក្នុង​ថ្ងែ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ គឺមាន​ចំនួន​ប្រហែលជា ៥០​នាក់ និង​មានឈ្មោះ ប្រេះ ហ៊​ន និង ម៉ៅ រ៉ា​ន់ ដែលជា​ប្រធាន​កងអនុសេនាតូច​ចំណុះ​ឲ្យ គ​-៨ និង​គ​-១០ ជា​អ្នកដឹកនាំ​ប្រយុទ្ធ ។

II) ឧ​ទ្ទ​វ​ហេតុ​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​នៅ​កោះតាង​ ​

១- ព្រឹត្តិការណ៍​ចាប់​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស និង​ការ​បញ្ជូនមក​ចត​នៅ​កោះតាង​ កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស (S.S. Mayaguez) គឺជា​កប៉ាល​ដឹកទំនិញ​ចំណាស់​មួយ​របស់​ក្រុមហ៊ុន​ឯកជន​សហរដ្ឋអាមេរិក​ដែលមាន​ចំណុះ​១០,៤៨៤​តោន ។

​បន្ទាប់ពី​របប​ក្រុង​សៃ​ហ្គ​ន​បាន​ដួលរលំ​ទៅ​ប្រហែលជា​ជិត​២​សប្តាហ៍ គឺ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៧៥ កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សបាន​ដឹកទំនិញ​សម្ភារ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​ខាងត្បូង និង​ទំនិញ​ផ្សេងៗ​ទៀត​បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ហុងកុង​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​ថៃឡង់​ដ៍​ឆ្ពោះទៅកាន់​ទីក្រុង​កំពង់ផែ​សាត​តា​ហ៊ី​ប ខេត្ត​ឈុន​បុរី នៃ​ប្រទេស​ថៃ ។ នៅ​ខណៈពេលដែល​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សបាន​ធ្វើដំណើរ​មក​ប្រឈម​ជាមួយ​ កោះ​ពូ​លូ​វ៉ៃ​ របស់​ប្រទេស​កម្ពុជា កងទ័ព​ខ្មែរក្រហម​ដែល​ឈរជើង​នៅ​កោះ​ពូ​លូ​វ៉ៃ គឺជា​កងទ័ព​ដែល​មិនមាន​ជំនាញ​ខាងជើង​ទឹក​បន្តិច​នោះ បាន​បើកកប៉ាល់​ប្រភេទ ប៉េ​-​សេ​-​អេ​ហ្វ [Patrol Craft Fast (PCF)/Swift Boat] ចំនួន​២​គ្រឿង និង​មាន​កងទ័ព​ប្រមាណ​ជាង​១០​នាក់​ប្រកបដោយ​អាវុធ​គ្រប់​ដៃ​បានចេញ​ដំណើរ​ទៅ​ស្ទាក់ចាប់​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង ​១០​គីឡូ ម៉ែត្រ​ពី​កោះ​ពូ​លូ​វ៉ៃ ។ កងទ័ព​ខ្មែរក្រហម​បាន​បាញ់កាំភ្លើង​អឹម​-៧៩ ជា​សញ្ញា​ឲ្យ​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស​ឈប់ បន្ទាប់មក​កងទ័ព​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​នាវិក​បើកកប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​ចូលមក​កោះ​ពូ​លូ​វ៉ៃ​ជាមួយ​កប៉ាល​ប៉េ​-​សេ​-​អេ​ហ្វ របស់ខ្លួន ។​
​បន្ទាប់ពី​ចត​នៅ​កោះ​ពូ​លូ​វ៉ៃ មួយ​យប់ គឺ​នៅ​ថ្ងៃទី ​១៣ ខែឧសភា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​បញ្ជូន​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​ពី​កោះ​ពូ​លូ​វ៉ៃ មកកាន់​កោះតាង​។ នៅ​ខណៈពេល​ចាប់​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស​នេះ​កងទ័ព​ខ្មែរក្រហម ក៏បាន​រាយការណ៍​តាម​វិទ្យុទាក់ទង​ទៅកាន់​ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​។ មុនដំបូង​បញ្ជាការដ្ឋាន​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ​ទុក​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​នៅ​កោះ​ពូ​លូ​វ៉ៃ​មួយ​យប់ បន្ទាប់មក​ត្រូវបញ្ជូន​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​និង​ក្រុម​នា​វឹក​មក ​កោះតាង និង​បញ្ជូនបន្ត​មក​កំពង់សោម​។ ប៉ុន្តែ​នៅពេលដែល​បញ្ជូន​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស និង​ក្រុម​នា​វឹក​មកដល់​កោះតាង ហើយ​កងទ័ព​ខ្មែរក្រហម​បាន​ឡើងទៅ​យាម​ការពារ​នៅលើ​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស បាន​រយៈពេល​មួយ​យប់​មួយ​ថ្ងែ ក៏មាន​ការប្រែប្រួល គឺ​ព្រលប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៥ ខាង​ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​ក៏បាន​ប្រាប់​មកទៀត​ថា ត្រូវ​ឲ្យ​កងទ័ព​ខ្មែរក្រហម​ចុះចេញ​ពីលើ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ទាំងអស់ ហើយ​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរក្រហម​យក​ក្រុម​នា​វឹក​ទាំងអស់​ចេញពី​កប៉ាល់ និង​ដឹក​មក​ទុក​នៅ ​កោះរ៉ុង (​កោះរ៉ុង​សន្លឹម​)​។ ចំណែក​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​សត្រូវ​ទុក​នៅ​កោះតាង គឺ​មិនចាំបាច់​បញ្ជូនមក​កំពង់សោម​ឡើយ ។ អតីត​កងទ័ព​ខ្មែរក្រហម​ដែល​បាន​ឈរជើង​នៅលើ​កោះតាង ឈ្មោះ ប៉ាក់ សុខ បាន​រៀបរាប់ថា រហូតដល់​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៥ ទើប​មាន​បញ្ជា​ឲ្យ​កងទ័ព​ចុះ​ពី​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​សមក​នៅលើ​កោះ​វិញ នៅ​ខណៈ​ពេលនោះ​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ក្រុម​នា​វឹក​ទាំងអស់​ចុះ​ពីលើ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ដែរ ប៉ុន្តែ​នៅមាន​សល់​នា​វឹក​ម្នាក់​លាក់ខ្លួន​ក្នុង​កប៉ាល់ ដែល​កងទ័ព​ខ្មែរក្រហម​រក​មិនឃើញ​។ នា​វឹក​ម្នាក់​នោះ​ប្រហែលជា​កាន់​ខាង​ទូរលេខ​ផង​បាន​ទាក់ទង​ទៅខាង​សហរដ្ឋអាមេរិក​រហូត បន្ទាប់មក​នា​វឹក​នោះ​ក៏បាន​ឡើង​ជិះ​អូ​ម​បរ​បើក​សំដៅ​ទៅរក​នាវាចម្បាំង​សហរដ្ឋអាមេរិក​បាត់ទៅ​។ អតីត​ប្រធាន​កងអនុសេនាតូច​ចំណុះ​ឲ្យ​កងអនុសេនាធំ​(​គ​-១០)​នៃ​កងទ័ព​ខ្មែរក្រហម​ដែល​ធ្លាប់​ឈរជើង​នៅ​កោះតាង​ឈ្មោះ ប្រេះ ហ៊​ន ក៏បាន​ឲ្យ​ដឹងថា មេបញ្ជាការ​វរ​សេនា​តូច​៤១០ ឈ្មោះ សំណាង និង​កងទ័ព​ខ្មែរក្រហម​ផ្សេងទៀត​បាន​បើកកប៉ាល់ ប៉េ​-​សេ​-​អេ​ហ្វ ពី​កោះ​ពូ​លូ​វ៉ៃ​មក​កោះតាង​ជាមួយ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ដែរ​។ ហ៊​ន និង​កងទ័ព​ផ្សេងទៀត​ត្រូវបានចាត់តាំង​ឲ្យ​យាម​ការពារ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​។ បន្ទាប់ពី​យាម​ការពារ​នៅលើ​កប៉ាល់​បាន​រយៈពេល​មួយ​យប់​មួយ​ថែ្ង គឺ​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែឧសភា ក៏មាន​បញ្ជា​ពី​កំពង់សោម​មក​ឲ្យ​កងទ័ព​ទាំងអស់​ចុះចេញ​ពី​កប៉ាល់​មក​នៅលើ​កោះ​វិញ​។ ចំណែក​ក្រុម​នា​វឹក​នៃ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ទាំងអស់​ត្រូវ​បញ្ជូនមក​ទុក​នៅ​កោះរ៉ុង​។ ខ្មែរក្រហម​បាន​យក​ ទូក​នេសាទ​ថៃ ដែល​កងទ័ព​ខ្មែរក្រហម​ចាប់បាន​មុនពេល​ព្រឹ​ត្ត​ការណ៍​កប៉ាល់​ម៉ា​យ៉ា​ហេ្គ​ស​នេះ​ឲ្យ​ដឹក​ក្រុម​នា​វឹក​ទាំងអស់​ទៅកាន់​កោះរ៉ុង ដោយ​កងទ័ព​ខ្មែរក្រហម​បញ្ជា​ឲ្យ​អ្នកនេសាទ​ថៃ​ដែល​ចាប់​មកជា​មួយ​ទូក​នេសាទ​ជា​អ្នកបើក​ទូក​ដឹក​ក្រុម នា​វឹក​។ ចំណែក​កងទ័ព​ខ្មែរក្រហម​ក៏បាន​ជិះ​កប៉ាល់ ប៉េ​-​សេ​-​អេ​ហ្វ អម​មកជា​មួយ​ដែរ​។ នៅពេល​ធ្វើដំណើរ​ជិត​ដល់​កោះរ៉ុង​នៅវេលា​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នំ​១៩៧៥ ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរក្រហម​ដោះលែង​ក្រុម​នា​វឹក​ទាំងអស់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ ។​

២- ការប៉ះទង្គិច​រវាង​ទាហាន​សហរដ្ឋអាមេរិក និង​កងទ័ព​ខ្មែរក្រហម​នៅ​កោះតាង​
​បន្ទាប់ពី​កងទ័ព​ខ្មែរក្រហម​ចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ផ្សាយ​ជា​ញឹកញាប់​ឲ្យ​រដ្ឋាភិបាល​ខ្មែរក្រហម​ដែល​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​ថ្មីៗ​ដោះលែង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស និង​ក្រុម​នា​វឹក​ឲ្យ​ត្រឡប់​ទៅវិញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ ទេ ទាហាន​សហរដ្ឋអាមេរិក​នឹង​មក​កម្ទេច​កោះតាង និង​ក្រុង​កំពង់សោម​ឲ្យ​ក្លាយទៅជា​ផេះ​តែម្តង ។ នៅវេលា​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នំ​១៩៧៥ ថ្នាក់ដឹកនាំ​ខ្មែ​ក្រហម​ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរក្រហម​ដោះលែង​ក្រុម​នា​វឹក ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​នៅពេល​កំពុងតែ​រៀបចំ​ដោះលែង​ឲ្យ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ត្រឡប់​ទៅវិញ​នោះ ស្រាប់​តែ​នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥​នោះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​មក​ទម្លាក់​ជុំវិញ​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស និង​ជុំវិញ​កោះតាង​។ នៅពេល​ដំណាលគ្នា​នេះដែរ មាន​ទាហាន​សហរដ្ឋអាមេរិក​ប្រមាណ​ជិត ​២០០​នាក់​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ចំនួន​ ៨​គ្រឿង ចេញពី​មូលដ្ឋាន​ទាហានជើងអាកាស​របស់​សហរដ្ឋអាមេរិក​នៅ​អូរ​តា​ប៉ាវ​ប្រទេស​ថៃ​មក​ចុះ​នៅលើ​កោះតាង ។

​ចំណែក​នាវាចម្បាំង អូ​ម​បរ និង​សម្ភារ​មួយចំនួនទៀត​ក៏ត្រូវ​បាន​យកមក​ដាក់​នៅ​ជិត​កោះតាង ក្នុង​គោលបំណង​វាយ​រំ​ដោះយក​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស និង​ក្រុម​នា​វឹក​យក​ត្រឡប់​ទៅវិញ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជូន​យន្តហោះ​ឲ្យ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​កំពង់ផែ​កំពង់សោម​, រោងចក្រ​ប្រេងកាត​នៅ​កំពង់សោម រោងចក្រ​ទឹកដោះគោ និង​មូលដ្ឋាន​កងទ័ពជើងទឹក​ខ្មែរក្រហម​នៅ​រាម ធ្វើ​ឲ្យ​មានការ​ខូចខាត​យ៉ាងដំណំ ។​

​ចាប់ផ្តើម​តាំងពី​ព្រលឹម ទាហាន​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅលើ​កោះតាង បាញ់​ផ្សែង​ពុល និង​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​បន្ទាប​ចុះ​ដើម្បី​ឲ្យ​ទាហាន​របស់ខ្លួន​ចុះ​តាម​ជណ្តើរ​មក​ប្រយុទ្ធ​នៅ​លើដី​ផ្ទាល់ ដោយ​ចាប់ផ្តើម​ពី​ឆ្នេរ​ខាងលិច​នៃ​កោះតាង និង​បន្ត​ប្រយុទ្ធ​នៅ​ឆ្នេរ​ខាងកើត នៅក្នុងពេល​កំពុង​ប្រយុទ្ធ​នោះ​ទាហាន​សហរដ្ឋអាមេរិក​បាន​បើកកប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ចាក​ចេញពី​កោះតាង​ផងដែរ ។ ការប្រយុទ្ធ​បានចាប់ផ្តើម​តាំងពី​ព្រលឹម​រហូតដល់​ពេល​រសៀល កងទ័ព​ខ្មែរក្រហម​ដែល​ប្រចាំការ​នៅ​ឆ្នេរ​ភាគ​ខាងលិច និង​ឆ្នេរ​ភាគ​ខាងកើត​បាន​អស់​គ្រាប់កាំភ្លើង និង​បាន​បាក់ទ័ព​រត់​ភៀសខ្លួន​ចូលក្នុង​ព្រៃ និង​ឡើងលើ​ភ្នំ​ស្ទើរតែ​ទាំងអស់​។ ចំណែក​ទាហាន​សហរដ្ឋ​អាមេរិក​ក៏​ចាប់ផ្តើម​ប្រមែប្រមូល​ទាហាន និង​សាកសព​ទាហាន ដើម្បី​ធ្វើដំណើរ​ត្រឡប់​ទៅ​មូលដ្ឋាន​កងទ័ព​នៅ​អូរ​តា​ប៉ាវ​នៃ​ប្រទេស​ថៃ​វិញ​នៅ​ម៉ោង​ប្រហែលជា​៨​យប់​ក្នុង​ថ្ងៃ​ដដែល ។ ប៉ាក់ សុខ បាន​រៀបរាប់ថា ទាហាន​អាមេរិកាំង​បាន​ចុះ​ឧទ្ធម្ភាគចក្ រ​២​គ្រឿង​នៅ​លី​កោះតាង ខ្ញុំ​កាន់​កាំភ្លើង​អា​១២,៧ (​ដូ​សេត​) កាំភ្លើង​នោះ​អត់​មាន​ជើងទេ គឺ​ខ្ញុំ​បាន​ចងខ្សែ​បាញ់​តែម្តង​។ នៅ​ខណៈ​ពេលនោះ​ខ្ញុំ​ត្រូវរបួស​ហើយ គឺ​ត្រូវ​គ្រាប់​ទាហាន​អាមេរិកាំង​បាញ់​ពី​ខាងលើ​ចុះមក និង​ត្រូវ​ផ្សែង​ពុល​ទៀត​នោះ គឺ​ខ្ញុំ​រត់​ទៅណា​លែងរួច​តែម្តង​។ បន្ទាប់ពី​ងើប​ពី​ពុល​មក​ខ្ញុំ​បាន​បាញ់​ទៀត គឺ​បាញ់​រហូតដល់​ដាច់​កន្ទុយ និង​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​។ ខ្ញុំ​បន្ត​បាញ់​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៀត​ដែល​បាន​ហោះ​ឆ្វែល​នៅ​ជិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​បាញ់​ធ្លាក់​ប្រហែល​ជាង​១០​ម៉ែត្រ​ពី​កន្លែង​ខ្ញុំ​។ ប្រេះ ហ៊​ន ដែលជា​អតីត​ប្រធាន​កងអនុសេនាតូច​ចំណុះ​កងអនុសេនាធំ​(​គ​-១០)​នៃ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​នៅ​ឆ្នេរ​ភាគ​ខាងលិច​ក៏បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ព្រលឹម​ឡើង​ទាហាន​សហរដ្ឋអាមេរិក​បាន​ប្រើ​ឧទ្ធម្ភាគចក្រ យន្តហោះ​ធុន​មិច និង F-105 ចាប់ផ្តើម​ទម្លាក់ និង​វាយ​នៅ​កោះតាង ហើយ​ទាហាន​សហរដ្ឋអាមេរិក​ក៏បាន​យក​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ចេញពី​កោះតាង​ភ្លាមៗ នៅ​ខណៈពេលដែល​កំពុងតែ​ប្រយុទ្ធ​គ្នា​នោះ​។ មុននឹង​ឧទ្ធម្ភាគចក្រ​បាន​ចុះចត​លើ​កោះតាង គឺ​កម្លាំង​ខ្យល់​របស់​ឧទ្ធម្ភាគចក្រ​បាន​បក់បោក​ស្មៅ និង​កូនឈើ​តូចៗ​រាប​ដល់​ដី ទាហាន​អាមេរិកាំង​បាន​មើលឃើញ​កងទ័ព​ខ្មែរក្រហម​ច្បាស់ ទោះបី​ជីក​លេណដ្ឋាន​ជម្រៅ​ណាក៏ដោយ​។ ហ៊​ន ក៏បាន​បន្ថែមថា កងទ័ព​ខ្មែរក្រហម​មានតែ​កាំ​ក្លើ​ង​ដូ​សេត​(១២,៧) មួយ​ដើម មី​ត​ត្រើ​យឺ (A kind of Mitrailleuse)​មួយ​ដើម បេ​-៤០​មួយ​ដើម អឹម​-៧៩ មួយ​ដើម និង​កាំភ្លើង​ដៃ (AK-47 and M-16) ហើយ​ពេល​វាយ​ជាមួយ​ទាហាន​អាមេរិកាំង​នោះ កងទ័ព​ខ្មែរក្រហម​បាន​ចាញ់​បាន​រត់​ខ្ចាត់ខ្ចាយ​ចូល​ព្រៃ និង​ឡើង​ភ្នំ​អស់​។ ហ៊​ន ផ្ទាល់​ក៏បាន​រត់​បែក​ពី​កងទ័ព​ផ្សេងទៀត និង​បាន​អត់បាយ​រយៈពេល​២​ថ្ងៃ គឺ​អត់បាយ​ផង ដើររក​កងទ័ព​ផ្សេង​ទៀតផង​។ ម៉ៅ រ៉ា​ន់ គឺជា​អតីត​ប្រធាន​កងអនុសេនាតូច​ចំណុះ​កងអនុសេនាធំ (​គ​-៨) នៃ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​នៅ​ឆ្នេរ​ភាគ​ខាងកើត​បាន​បញ្ជាក់ថា​មុនដំបូង​ទាហាន​អាមេរិកាំង​បាន​ទម្លាក់​ទាហាន​របស់ខ្លួន​លើ​កោះតាង ចតកប៉ាល់​ជុំវិញ​កោះតាង​ហើយ ទើប​ទាហាន​អាមេរិកាំង​មក​វាយ​នៅលើ​កោះតាង ដោយ​ទម្លាក់​គ្រាប់​ផង​បាញ់​ផង​។ កងទ័ព​ខ្មែរក្រហម​ទើប​ជីក​លេណដ្ឋាន​បាន​ខ្លះ​អត់​ខ្លះ និង​ភាគច្រើន​ប្រើប្រាស់​តែ​កាំភ្លើង​ដៃ​ដូចជា​អាកា​៤៧ និង​អឹម​-១៦​។ ចំណែក​ទាហាន​អាមេរិកាំង​បាន​ប្រើប្រាស់​កាំភ្លើង​ទំនើបៗ និង​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​រាប់មិនអស់​ទេ​។ រ៉ា​ន់ បន្ថែមថា ទាហាន​សហរដ្ឋអាមេរិក​វាយ​កងទ័ព​ខ្មែរក្រហម​ខ្លាំង​មែនទែន​រួមទាំង​ជើងគោក និង​ជើង​អាកាស​ផង ដល់​ទៅ​វាយ​ខ្លាំង​អីចឹង កងទ័ព​ខ្មែរក្រហម​មាន​គ្រាប់​ប៉ុន្មាន គឺ​ចាប់ពី​ពេលព្រឹក​រហូតដល់​ថ្ងៃរសៀល​នោះ គឺ​កងទ័ព​ខ្មែរក្រហម​ទប់​លែង​បាន​ទៀតហើយ គឺ​រត់​ចូល​ព្រៃ និង​ឡើង​ភ្នំ​អស់​។​

III) ការស្លាប់ និង​ការខូចខាត​សម្ភារ​ចំពោះ​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​

១- ចំនួន​កងទ័ព​ខ្មែរក្រហម និង​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​
អតីត​កងទ័ព​ខ្មែរក្រហម​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅលើ​កោះតាង​មិន​បានដឹង​ចំនួន​កងទ័ព​ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​ប៉ុន្មាន​នាក់​ឡើយ​។ កងទ័ព​ខ្មែរក្រហម​គ្រាន់តែ​បានដឹងថា នៅពេល​ដើរ​ប្រមែប្រមូល​សាកសព បានឃើញ​កងទ័ព​ខ្មែរក្រហម​ចំនួន​ ៧​នាក់​ បាន​បាត់​បង់ជីវិត និង​មួយចំនួនទៀត (​មិនដឹង​ចំនួន​ពិតប្រាកដ​) ត្រូវបាន​ទាហាន​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក​ត្រូវ​កប៉ាល ប៉េ​-​សេ -​អេ​ហ្វ របស់​កងទ័ព​ខ្មែរក្រហម​លិច​ចូលទៅក្នុង​ទឹកសមុទ្រ នៅ​ខណៈពេលដែល​កងទ័ព​ខ្មែរក្រហម​ទាំងនោះ​ធ្វើដំណើរ​ត្រឡប់មក​ កោះតាង បន្ទាប់ពី​ជូន​ក្រុម​នា​វឹក​នៃ​កប៉ាល​ម៉ា​យ៉ា​ហេ្គ​ស​ទៅ​កោះរ៉ុង និង​បាន​ដោះលែង​ក្រុម​នា​វឹក​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ។ កងទ័ព​ខ្មែរក្រហម​ក៏​មិនបាន​ដឹងថា​ទាហាន​សហរដ្ឋអាមេរិក​ប៉ុន្មាន​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ដែរ គឺ​កងទ័ព​ខ្មែរក្រហម​បានដឹង​ត្រឹមតែ​ថា​មាន​ទាហាន​សហរដ្ឋអាមេរិក​បាន​ស្លាប់​ច្រើន ពេល​កងទ័ព​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ឃើញ​មាន​ក្បាល ដៃ ជើងបាន​ឆេះរ​ឡេះ​រលួយ​នៅក្បែរ​ឧទ្ធម្ភាគចក្រ​។ កងទ័ព​ខ្មែរក្រហម ក៏​រកឃើញ​សាកសព​ទាហាន​អាមេរិក​ចំនួន ​២ ដែល​បាន​រុំ​ថង់កៅស៊ូ​រួចរាល់​នៅលើ​កោះតាង និង​ទាហាន​ចំនួន​ ៣​នាក់​ ទៀត​នៅមាន​ជីវិត​បន្ទាប់ពី​ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ត្រឡប់​ទៅវិញ​នៅ​ព្រលប់​ថ្ងៃ​ដដែល ។ ទាហាន​អា​រិ​ក​ទាំង​ ៣​នាក់​ នោះបាន​ស្លាប់​ជា​បន្តបន្ទាប់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ម្នាក់​ស្លាប់​ដោយសារ​របួស និង​អត់​អាហារ​។ ចំណែក​២​នាក់​ទៀត បាន​ស្លាប់​ដោយសារ​កងទ័ព​ខ្មែរក្រហម​បោក​គ្រាប់បែក ខណៈពេល​កំពុង​ងូតទឹក​សមុទ្រ និង​ម្នាក់ទៀត​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​បាញ់សម្លាប់ ខណៈពេល​កំពុង​ពួន​លាក់ខ្លួន​នៅ​រូង​ថ្ម ។ ឌូ អ៊ុន ដែលជា​អតីត​កងទ័ព​ខ្មែរក្រហម​នៃ​កងវរសេនាតូច ៤១០ នៃ​កងពល​ទី​៣​នេះ បាន​មានប្រសាសន៍ថា បន្ទាប់ពី​មានការ​ប៉ះទង្គិច​នៅ​កោះតាង គឺ​ខាង​ទីបញ្ជាការ​នៅ​កំពង់សោម​មិនអាច​ទាក់ទង​មក​កងទ័ព​ដែល​ឈរជើង​នៅលើ​កោះតាង​បានទេ គឺ​ដាច់​វិទ្យុទាក់ទង​ទាំងអស់ ហើយ​ទីបញ្ជាការ​ធំ​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ​ឈ្មោះ សំណាង ដែលជា​បញ្ជាការ​កងវរសេនាតូច​៤១០ រួមជាមួយ​ឈ្មោះ ម៉េ​ន​, ម៉ន​, ហ៊​ត ដែលជា​គណៈបញ្ជាការ គ​៨ និង​គ ១០ បើកកប៉ាល ប៉េ​-​សេ​-​អេ​ហ្វ​មួយគ្រឿង​ចេញពី​មូលដ្ឋាន​កងទ័ព​នៅ​រាម​មក​ស៊ើប​មើល​ស្ថានភាព​នៅ​កោះតាង​។ ចំណែក​វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក​ក៏បាន​ប្រកាសថា​ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ទៅវិញ​នៅ​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​១៥​ម្ល៉េះ ប៉ុន្តែ​ខាង​ខ្មែរក្រហម​នៅ​មិនទាន់​ជឿ​លើ​ព័ត៌មាន​នេះ​ទេ​។ បន្ទាប់ពី​មេបញ្ជាការ​កងវរសេនាតូច​៤១០, គ​៨ និង​គ​១០ បាន​ទៅដល់​កោះតាង និង​រាយការណ៍​មក​ខាង​កំពង់សោម​វិញ​ថា ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ទៅវិញ​អស់​ពិតមែន​។ ស្អែក​ឡើង​ខាង​បញ្ជាការដ្ឋាន​កងពល​នៅ​កំពង់សោម​បាន​បញ្ជា​ឲ្យ អ៊ុន និង​កងទ័ព​ដ៏ទៃទៀត​ធ្វើដំណើរ​មក​កោះតាង​ដែរ​។ នៅ​កោះតាង អ៊ុន បាន​ចូលរួម​ជាមួយ​កងទ័ព​ដ៏ទៃទៀត​ដើរ​បោសសម្អាត និង​ប្រមូល​សាកសព​យកទៅ​កប់​នៅតាម​ព្រៃ​ក្បែរ​ឆ្នេរ​។ អ៊ុន បាន​ឲ្យ​ដឹងថា គាត់ និង​កងទ័ព ផ្សេងៗ​ទៀត​បាន​ប្រមូល​កប់​សាកសព​កងទ័ព​ខ្មែរក្រហម​ចំនួន​៧​នាក់ និង​ទាហាន​សហរដ្ឋអាមេរិក​ដែលមាន​រុំ​ថង់កៅស៊ូ​ចំនួន​២​នាក់​។

​ប្រេះ ហ៊​ន បាន​បន្ថែមទៀតថា ពេលនោះ​កងទ័ព​ខ្មែរក្រហម​មិនបាន​គិតគូ​វែង ឆ្លា​យ​ឡើយ កងទ័ព​ខ្មែរក្រហម​បាន​រុញ​សាកសព​ទាហាន​អាមេរិកាំង​បណ្តែត​ទឹក​ចោល គឺ​កងទ័ព​ទាំងនោះ​ធ្វើយ៉ាងណា​ឲ្យ​តែ​សាកសព​បានចេញ​ផុត​កោះ​តែប៉ុណ្ណោះ​។​

២- ការខូចខាត​ផ្នែក​សម្ភារ​
​ខាង​ភាគី​ខ្មែរក្រហម​ក៏មាន​ការខូចខាត​សម្ភារ​មួយចំនួន​ដូចជា​កប៉ាល ប៉េ​-​សេ​-​អេ​ហ្វ ទូក​នេសាទ​ថៃ និង​ទូក​ជនភៀសខ្លួន​វៀតណាម ដែល​កងទ័ព​ខ្មែរក្រហម​បាន​ចាប់​មុន​ការប៉ះទង្គិច​នេះ​។ ចំណែក​មូលដ្ឋាន​កងទ័ព​ខ្មែរក្រហម​នៅលើ​កោះតាង មូលដ្ឋាន​កងទ័ព​ខ្មែរក្រហម​នៅ​រាម រោងចក្រ​ប្រេងកាត​នៅ​កំពង់សោម កំពង់ផែ​កំពង់សោម ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ភាគី​ខាង​ទាហាន​សហរដ្ឋអាមេរិក គឺមាន​ខូចខាត​ឧទ្ធម្ភាគចក្រ​ចំនួន​ ៣​គ្រឿង (​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​បាញ់​ឆេះ​ធ្លាក់​នៅលើ​កោះតាង​មួយគ្រឿង​ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​ដាច់​កន្ទុយ​ធ្លាក់​នៅលើ​កោះតាង​ដែរ ចំណែក​ មួយគ្រឿង ​ទៀត​ក៏ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​ចំ និង​បាន​ធ្លាក់​នៅក្នុង​ទឹកសមុទ្រ​ស្ថិត​នៅក្បែរ​កោះព្រីង​របស់​កម្ពុជា​) និង​សម្ភារ​ផ្សេងៗ​ទៀត ។ ប្រេះ ហ៊​ន និយាយថា ខ្លួន​បាន​មើលឃើញ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​បាញ់​ឆេះ​សន្ធោសន្ធៅ និង​បាន​ចុច​ធុងសាំង​នៅ​ខាងក្រោម​ឧទ្ធម្ភាគចក្រ​ចោល បន្ទាប់​ឧទ្ធម្ភាគចក្រ​នោះ​ក៏បាន​ធ្លាក់​នៅក្នុង​ទឹក​នៅក្បែរ​កោះព្រីង​។ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៀត​នៅ​សំកាំង​លើ​កោះតាង​ដើម្បី​ឲ្យ​ទាហាន​របស់ខ្លួន​ទម្លាក់​ជណ្តើរ​ចុះ​ចំ​ពីលើ​លេណដ្ឋាន​កងទ័ព​ខ្មែរក្រហម និង​ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​ត្រូវ​ហើយ​ឆេះ​ធ្លាក់​។ ចំណែក​ឧទ្ធម្ភាគចក្រ​ទី​៣​ក៏ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​បាញ់​ដាច់​កន្ទុយ​ធ្លាក់​នៅលើ​កោះ​នេះដែរ​។ ម៉ៅ រ៉ា​ន់ ក៏បាន​ឲ្យ​ដឹងថា ខាង​ខ្មែរក្រហម​បាញ់​ត្រូវ និង​ធ្លាក់​ឧទ្ធម្ភាគចក្រ​ចំនួន​២​គ្រឿង មាន​មួយគ្រឿង​ត្រូវ​ដាច់​កន្ទុយ​។ មាន​ទាហាន​អាមេរិកាំង​មួយចំនួន​បាន​ស្លាប់​នៅលើ​ឧទ្ធម្ភាគចក្រ​, ខ្លះ​នៅក្បែរ​ឧទ្ធម្ភាគចក្រ​, ខ្លះ​ស្លាប់​នៅលើ​កោះ និង​ខ្លះទៀត​ស្លាប់​នៅក្នុង​ទឹក​។ ប៉ាក់ សុខ ក៏​ឲ្យ​ដឹងថា នៅ កន្លែង​ខ្ញុំ​មាន​ទាហាន​អាមេរិកាំង​ប្រមាណ​ជាង​១០​នាក់ ខ្លះ​ស្លាប់​នៅក្នុង​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់ និង​ទាហាន​ខ្លះទៀត​បាន​ហែល​ទឹកសមុទ្រ​សំដៅទៅ​អូ​ម​បរ​របស់​ពួកគេ​។

៣-​ការសម្លាប់​ឈ្លើយសឹក​
​បន្ទាប់ពី​ការប៉ះទង្គិច​បានបញ្ចប់ ទាហាន​សហរដ្ឋអាមេរិក​បាន​ដក​ចេញពី​កោះតាង​ភ្លាមៗ​នៅ​ព្រលប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ ដោយបាន​បន្សល់ទុក​ទា​ហាន​របស់ខ្លួន​នៅមាន​ជីវិត​ចំនួន​៣​រូប​នៅលើ​កោះតាង​។ ប៉ាក់ សុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅលើ​កោះតាង បាន​បន្ថែមថា មាន​ទាហាន​អាមេរិកាំង​ម្នាក់​រត់ឡើង​ឧទ្ធម្ភាគចក្រ​មិនទាន់ ហើយក៏​បានរ​ត់ទៅ​ពួន​នៅ​រូង​ថ្ម​មួយកន្លែង​។ ប្រហែល​ជាមួយ​សបា្តហ៍​ក​ន្ល​ង​ទៅ សុខ បាន​ដើរទៅ​មើល​តាម​រូង​ថ្ម​ក៏​ប្រទះឃើញ​ទាហាន​នោះ​ក៏​ភ្ញាក់ និង​បាន​យក​កាំ​ណុង​កាំភ្លើង​ទៅបុក​នឹង​ទ្រូង​និង​បាញ់​ទាហាន​នោះ​ស្លាប់ និង​បាន​ដើររក​កាំភ្លើង​ជុំវិញ​សាកសព​ទាហាន​នោះ ប៉ុន្តែ​រក​មិនឃើញ​ឡើយ​។ មុនពេល​ជួប​និង​បាញ់សម្លាប់​ទាហាន​អាមេរិកាំង​នេះ សុខ ក៏​ធ្លាប់​បានដឹងថា​មាន​ទាហាន​អាមេរិកាំង​នៅរស់​លើ​កោះ និង​បាន​ពួនស្ទាក់​តដៃ​ជាមួយ​កងទ័ព​ខ្មែរក្រហម​ទៀតផង​។ ប្រេះ ហ៊​ន បាន​បន្ថែមថា មាន​កងទ័ព​ខ្មែរក្រហម​ម្នាក់​ឈ្មោះ វ៉ន ធ្លាប់​ត្រូវបាន​ទាហាន​អាមេរិកាំង​បាញ់​បាក់​ភ្លៅ​ពេល​ដើរល្បាត​នៅលើ​កោះ បានឃើញ​ទាហាន​អាមេរិក​ម្នាក់​កំពុង​ងូតទឹក​សមុទ្រ​នៅ​ជិត​ផ្ទាំង​ថ្ម​មួយកន្លែង​នៅពេល​ថ្ងៃត្រង់ វ៉ន ក៏បាន​បោះ​គ្រាប់បែក​ទៅលើ​ទាហាន​មេ​រិ​កាំ​ង​នោះ​ស្លាប់ទៅ វ៉ន មិន​ហ៊ាន​ចូល​ទៅជិត​ទាហាន ព្រោះ​ខ្លាចក្រែង​ទាហាន​នោះ​មាន​កាំភ្លើង​។ ឌូ អ៊ុន អតីត​កងទ័ព​ខ្មែរក្រហម​ដែល​បានមក​ប្រមូល​សាកសព​បន្ទាប់ពី​ការប៉ះទង្គិច​នៅលើ​កោះ​តាំង បាន​ឲ្យ​ដឹងថា គាត់​បានឃើញ​ទាហាន​អាមេរិកាំង​ម្នាក់​បាន​ដេក​លើ​ផ្ទាំង​ថ្ម​ដកដង្ហើម​ផេ​ត​ផតៗ​ត្រូវរបួស​ផង អត់​មាន​អ្វី​ហូប​ផង គឺ​មិនមាន​កងទ័ព​ខ្មែរក្រហម​ណា​ហ៊ាន​ទៅជិត និង​ជួយសង្គ្រោះ​ឡើយ ពីព្រោះ​ខ្លាច​ទាហាន​នោះ​មាន​កាំភ្លើង​បាញ់​តដៃ ក្រោយមក​ទា​ហា​អាមេរិកាំង​នោះ​ក៏បាន​ស្លាប់ អ៊ុន និង​កងទ័ព​ខ្មែរក្រហម​បាន​យក​ទាហាន​នោះ​ទៅ​កប់​នៅ​ព្រៃ​ក្បែរ​មាត់សមុទ្រ​នោះ​។​

​អតីត​កងទ័ព​ខ្មែរក្រហម​ដែល​ធ្លាប់​ចូលរួម​ប្រយុទ្ធ​នៅលើ​កោះតាង​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ទាហាន​សហរដ្ឋអាមេរិក​មាន​ឧត្តមភាព​ខ្លាំងក្លា មាន​បច្ចេកទេស​ខ្ពស់ និង​មាន​សម្ភារ​ទំនើបៗ​។ ដូច្នេះ​កងទ័ព​ខ្មែរក្រហម​មិន​ហ៊ាន​ចូល​ជិត​ចាប់​ទាហាន​នោះ​ទាំង​រស់ ក៏​សម្រេចចិត្ត​បាញ់ និង​បោក​គ្រាប់បែក​សម្លាប់​តែម្តង​។ ម្យ៉ាងទៀត​កងទ័ព​ខ្មែរក្រហម​បារម្ភ​ថា បើ​ចាប់​ទាំង​រស់​ទៅ​ខ្លាច​ដូច​ករណី​នា​វឹក​ម្នាក់​ដែល​បាន​លាក់ខ្លួន​នៅក្នុង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស និង​បាន​ទាក់ទង​ទៅខាង​សហរដ្ឋអាមេរិក ដែល​នាំ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ជូន​ទាហាន​មក​ទម្លាក់​គ្រាប់បែក និង​វាយ​ប្រយុទ្ធ​នៅលើ​កោះតាង​ម្តងទៀត​។​

IV) សេចក្តីសន្និដ្ឋាន​

​ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​ខ្មែរក្រហម និង​ទាហាន​សហរដ្ឋអាមេរិក​នៅលើ​កោះតាង​របស់​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ គឺជា​ជម្លោះ​ប្រដាប់អាវុធ​ទ្រង់ ទ្រាយ​ធំ​លើក​ទី​១ បន្ទាប់​ខ្មែរក្រហម​បាន​ឡើង​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែ មេសា ឆ្នាំ​១៩៧៥ ហើយក៏​ជាការ​ធ្វើសង្គ្រាម​លើកចុងក្រោយ​របស់​ទាហាន​សហរដ្ឋ​អា​មេ រិ​កនៅ​ឥណ្ឌូចិន បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​សង្គ្រាម​វៀតណាម​នៅក្នុង​ឆ្នាំ​១៩៧៣​។​

​ឧបទ្ទវហេតុ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នេះ គឺជា​សង្គ្រាម​មួយ​ដែល​មិនគួរ​ឲ្យ​កើតមាន​។ សង្គ្រាម​នេះ​បង្កឡើង​នៅពេលដែល​កងទ័ព​ខ្មែរក្រហម​បានចេញ​ទៅ​ចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ដែលជា​កប៉ាល់​ដឹកទំនិញ​របស់​សហរដ្ឋ​អាមេរិក​កំពុងធ្វើដំណើរ​នៅក្នុង​ឈូង​សមុទ្រ​ថៃឡង់​ដ៍​។ សហរដ្ឋអាមេរិក​បាន​បញ្ជូនទាហាន​របស់ខ្លួន​ជាមួយ​យន្តហោះ ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​មក​ទម្លាក់ និង​វាយ​នៅ​កោះតាង គឺ​ក្នុង​គោលបំណង​រំដោះ​ក្រុម​នា​វឹក និង​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​ត្រឡប់​ទៅវិញ​។ មេដឹកនាំ​ខ្មែរក្រហម​បាន​ថ្លែងថា ថ្នាក់ដឹកនាំ​នៅ​ភ្នំពេញ​មិនបាន​ដឹង​អំពី​ការចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​នេះ​ភ្លាមៗ​ទេ រហូតដល់​មាន​វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក​ផ្សាយ​អំពី​ការចាប់​នេះ​ទើបបាន​ដឹង និង​បញ្ជា​ឲ្យ​កងទ័ពជើងទឹក​នៅ​ក្រុង​កំពង់សោម​ដោះលែង​ក្រុម​នា​វឹក និង​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​ឲ្យ​ត្រឡប់​ទៅ​ប្រ​ទស​ថៃ​វិញ​ជាបន្ទាន់ គឺ​តាំងពី​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៧៥ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅតែ​បញ្ជូនទាហាន និង​យន្តហោះ​មក​ទម្លាក់ និង​វាយ​នៅ​កោះតាង​នៅ​ព្រឹក​ថ្ងៃទី ​១៥ ខែឧសភា ឆ្នាំ​១៩៧៥​ដដែល ។ ចំណែក​អតីត​កងទ័ពជើងទឹក​របស់​ខ្មែរក្រហម​ក៏បាន​ទទួលស្គាល់ថា​ខ្លួន​មិនមាន​ជំនាញ​ខាងជើង​ទឹក និង​បាន​យល់ដឹង​អំពី​ច្បាប់​អន្តរជាតិ​ឡើយ ប៉ុន្តែ​កងទ័ព​ទាំងនោះ​បែរជា​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ឈរ​ជើង​ប្រចាំការ​នៅតាម​កោះ និង​ដែនសមុទ្រ​នៃ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ខ្មែរក្រហម​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ទៅវិញ ។ អតីត​កងទ័ព​ខ្មែរក្រហម​ក៏បាន​ទទួលស្គាល់ថា ការចាប់​កប៉ាល​ម៉ា​យ៉ា​ហ្គេ​ស​នេះ គឺ​ខុស​នឹង​ច្បាប់​អន្តរជាតិ និង​បាន​ប្រៀបធៀប​កងទ័ព​ខ្មែរក្រហម​នៅពេលនោះ​ទៅនឹង​កងទ័ព​ព្រៃ​ដែល​មិនបាន​ចេះ​ច្បាប់​អ្វី​ទាំងអស់ ។ កងទ័ព​ខ្មែរក្រហម​មួយចំនួន​ថែមទាំង​មិនដែល​បាន​ស្គាល់​សមុទ្រ នៅពេលដែល​មេបញ្ជាការ​របស់ខ្លួន​ចាត់តាំង​ឲ្យ​ធ្វើដំណើរ​តាម​កាណូត​ទៅ​ឈរជើង​នៅលើ​កោះ​នោះ គឺ​បាន​ពុលរលក និង​ក្អួតចង្អោរ​ថែម​ទៀតផង ។

វិទ្យុ វីអូអេ ការ​ប៉ះ​ទង្គិច​រវាង​ទាហាន​ខ្មែរក្រហម​និង​អាមេរិក​នៅ​កោះ​តាង​កាលពី​៤៥​ឆ្នាំ​មុន​«មិន​គួរ​កើត​មាន​ឡើង ​អាច​ជា​ការ​យល់​ច្រឡំ»ភ្នំពេញ —  ក្រោយ​ការ​ចូល​កាន់​អំណាច ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ​មេសា ​ឆ្នាំ​១៩៧៥​ កម្លាំង​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​បញ្ជូន​កង​ទ័ព​ទៅ​ការពារ​ព្រំដែន​ និង​តំបន់​កោះ​នៅ​សមុទ្រ​ផង​ដែរ។​ កោះ​តាង​ជា​កោះមួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥២​ គីឡូ​ម៉ែត្រ​ពី​ក្រុង​ព្រះ​សីហនុ ​ហើយ​ស្ថិត​នៅ​ចន្លោះ​កណ្តាល​រវាង​កោះ​ពូលូ​វ៉ៃ ​និង​ក្រុង​ព្រះ​សីហនុ។​ កោះ​នេះ​ជា​កន្លែង​ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​ស្លាប់ ​និង​កង​ទ័ព​អាមេរិក​ចំនួន ​១៨ ​នាក់ ​បាន​ស្លាប់ ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ​ឆ្នាំ​១៩៧៥។​

នេះ​ជា​ការ​វាយ​ប្រហារ​មួយ​ដែល​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​ចំនួន ​និង​ជា​អ្នក​ប្រយុទ្ធ​ផ្ទាល់​លើក​ឡើង​ថា​ «ជា​កំហុស»​ របស់​ខ្មែរ​ក្រហម ​ដោយសារ​ទាហាន​ដែល​ត្រូវ​បញ្ជូន​ទៅ​ការ​ពារ​នៅ​កោះ​តាង ​និង​កោះ​ផ្សេងៗ​ សុទ្ធ​តែ​ជា​អ្នក​មិន​មាន​ជំនាញ​ខាង​សមុទ្រ ​ហើយ​មិន​ដឹង​ច្បាប់​សមុទ្រ​អន្តរ​ជាតិ​នោះ​ទេ។ ​ ការ​វាយ​ប្រហារ​គ្នា​នេះ ​កើត​ឡើង​ដោយសារ​ការ​ចាប់​កប៉ាល់​ធំ​មួយ​របស់​ក្រុមហ៊ុន​ឯកជន​អាមេរិក​ឈ្មោះ​ថា ​ម៉ាយ៉ាហ្គេស​ (Mayaguez)​ ដែល​មាន​ចំណុះ​ទៅ​ដល់​ជាង ​១​ម៉ឺន​តោន។​

ការ​ប៉ះ​ទង្គិច​រវាង​ទាហាន​ខ្មែរ​ក្រហមនិង​អាមេរិក ​នៅ​កោះ​តាង​ កាលពី ​៤៥ ​ឆ្នាំ​មុន ​ត្រូវ​អ្នក​ចង​ក្រង​ឯកសារ​ពាក់ព័ន្ធ​លើក​ឡើង​ថា ​ជា​ការ​វាយ​ប្រហារ​នេះ​ដែល​មិន​គួរ​កើត​មាន​ឡើង​ ហើយ​អាច​ជា​ការ​យល់​ច្រឡំ​ព័ត៌មាន​មួយ​ចំនួន។​

បើ​តាម​ឯកសារ​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៩​ កប៉ាល់​របស់​អាមេរិក​ ម៉ាយ៉ាហ្គេស ​បាន​ដឹក​ទំនិញ​សម្ភារៈ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​សៃហ្គន ​នៃ​វៀតណាម​ខាង​ត្បូង​ និង​ទំនិញ​ផ្សេង​ទៀត ​ហើយ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ហុងកុង ​ឆ្លង​កាត់​តាម​ឈូង​សមុទ្រ​ថៃ​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​កំពង់​ផែ​ សាតតាហ៊ីប ​ខេត្ត​ឈុន​បុរី​នៃ​ប្រទេស​ថៃ។​

នៅ​ខណៈ​ពេល​ដែល​កប៉ាល់​ធ្វើ​ដំណើរ​មក​ជិត​កោះ​ពូលូវ៉ៃ​របស់​ប្រទេស​កម្ពុជា ​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​ឈរ​ជើង​នៅ​ទីនោះ​ និង​ជា​កង​ទ័ព​ដែល​មិន​មាន​ជំនាញ​ខាង​ជើង​ទឹក​សោះ​នោះ​ បាន​បើក​កប៉ាល់​ប្រភេទ​ប៉េសេអេហ្វ​ (Patrol Craft Fast-PCF) ​ចំនួន​ពីរ​គ្រឿង​ និង​មាន​កង​ទ័ព​ជាង ​១០ ​នាក់ ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ​ចេញ​ដំណើរ​ទៅ​ស្ទាក់​ចាប់​កប៉ាល់​ម៉ាយ៉ាហ្គេស ​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ​១០ ​គីឡូម៉ែត្រ​ពី​កោះ​ពូលូវ៉ៃ។​

កង​ទ័ព​ខ្មែរ​ក្រហម​បាន​បាញ់​កាំភ្លើង​អឹម ៧៩ ​ជា​សញ្ញា​ឲ្យ​កប៉ាល់​ឈប់ បន្ទាប់​មក​បាន​បញ្ជា​ឲ្យនាវិក​បើក​កប៉ាល់​នេះ​ចូល​មក​កោះពូលូវ៉ៃ។ រឿង​រ៉ាវ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា កប៉ាល់​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​មក​ដល់កោះ​តាង ដោយ​មាន​ក្រុម​នាវិក​របស់​អាមេរិក​នៅ​លើ​កប៉ាល់​ផង​ដែរ។បើ​តាម​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ខ្មែរ​ក្រហម​បាន​ឡើង​ទៅ​យាម​ការពារ​នៅ​លើ​កប៉ាល់​មួយ​យប់ ​មួយ​ថ្ងៃ ​ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ទី​បញ្ជា​ការ​ធំ​នៅ​កំពង់​សោម​ បាន​ប្រាប់​ឲ្យ​កង​ទ័ពខ្មែរ​ក្រហម​ចុះ​ចេញ​ពី​លើ​កប៉ាល់​ ហើយ​បញ្ជា​ឲ្យ​កង​ទ័ព​ខ្មែរ​ក្រហម​យក​ក្រុម​នាវិក​ទាំង​អស់​ចេញ​ពី​កប៉ាល់ ​និង​ដឹក​មក​ទុក​នៅ​កោះរ៉ុង ​ហើយ​កប៉ាល់​មិន​បាច់​បញ្ជូន​មក​ទេ។​

បើ​តាម​ឯកសារ​នោះ ​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ដែល​ដឹង​រឿង​នេះ ​គឺ​លោក ​ប៉ាក់ សុខ ​បាន​រៀបរាប់​ថា ​នៅ​មាន​សល់​នាវិក​អាមេរិក​ម្នាក់​លាក់​ខ្លួន​ក្នុង​កប៉ាល់​ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​រក​មិន​ឃើញ។ ​ហើយ​ប្រហែល​ជា​នាវិក​នោះ​ទាក់​ទង​ទៅ​ក្រុម​ការងារ​របស់​អាមេរិក ​ទើប​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា។

ឯកសារ​របស់​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​លើក​ឡើង​ទៀត​ថា​ នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​កោះ​រ៉ុង​នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​១៩៧៥​ ទើប​បញ្ជា​ការ​ធំ​នៅ​កំពង់​សោម​បញ្ជា​ឲ្យ​កង​ទ័ព​ខ្មែរ​ក្រហម​ដោះ​លែង​ក្រុម​នាវិក​ទាំង​អស់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។​

នៅ​ពេល​នោះ ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ដោះលែង​កប៉ាល់​ម៉ាយ៉ាហ្គេស​ជា​បន្ទាន់ ​បើ​មិន​ដូច្នេះ​ទេ​ ទាហាន​អាមេរិក​នឹង​មក​កម្ទេច​កោះ​តាង​ និង​ទីក្រុង​កំពង់​សោម​ឲ្យ​ក្លាយ​ជា​ផេះ​តែ​ម្តង។​

ប៉ុន្តែ​មិន​ដឹង​ថា​ មាន​រឿង​អ្វី​កើត​ឡើង​ នៅ​ពេល​កំពុង​តែ​រៀបចំ​ដោះ​លែង​ឲ្យ​កប៉ាល់​ត្រឡប់​ទៅ​វិញ ស្រាប់​តែ​នៅ​ព្រលឹមស្រាងៗ ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៧៥ អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក មក​ទម្លាក់​ជុំវិញ​កប៉ាល់ និង​ជុំវិញ​កោះតាង។ នៅ​ពេល​ដំណាល​គ្នា​នោះ​ដែរ មាន​ទាហាន​អាមេរិក​ប្រមាណ​ ២០០ ​នាក់ បាន​ជិះ​ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង​ចេញ​ពី​ប្រទេស​ថៃ មក​ចុះ​នៅ​លើ​កោះ​តាង។

មិន​តែ​ប៉ុណ្ណោះ ​ អាមេរិក​ក៏បញ្ជូន​យន្ត​ហោះ​ទៅ​ទម្លាក់​គ្រាប់​បែក​នៅ​កំពង់​ផែ​កំពង់​សោម​ រោងចក្រ​ប្រេង​កាត ​រោងចក្រ​ទឹក​ដោះគោ ​និង​មូលដ្ឋាន​កងទ័ព​ខ្មែរ​ក្រហម​នៅ​រាម ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ។​ ក្នុង​នោះ​មាន​ការ​បាញ់​ផ្សែង​ពុល ហើយ​ឧទ្ធម្ភាគ​ចក្រ​ចុះ​មក​ប្រមែ​ប្រមូល​ទាហាន ​និង​សាកសព​ទាហាន​ដើម្បី​ត្រឡប់​ទៅ​វិញ។​លោក​ ប៉ាក់ សុខ​ អតីត​ទាហាន​ខ្មែរក្រហម​ដែល​ចូល​រួម​ប្រយុទ្ធ​នោះ​ និយាយ​ថា​ លោក​បាន​បាញ់​ឧទ្ធម្ភាគ​ចក្រ​ពីរ​គ្រឿង​របស់​អាមេរិក​ធ្លាក់​ ក្រោយ​ងើប​ពី​ពុល​ផ្សែង​ពុល។​

អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ការពារ​នៅ​កោះ​តាង ​គឺ​លោក ​ម៉ៅ រ៉ាន់​ អាយុ​ ៦៦​ ឆ្នាំ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​បាន​រៀបរាប់​ថា​ លោក​បាន​ចូល​រួម​បាញ់​កាំភ្លើង​ប្រឆាំង​នឹង​ទាហាន​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ​១៩៧៥។​

នៅ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​ពង្រ ​ឃុំ​ស្វាយ​ចចិប​ ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ ​លោក​ ម៉ៅ រ៉ាន់​ ដែល​បច្ចុប្បន្ន​ជា​អ្នក​ដាំ​ដូង​ក្រអូប ​និង​ធ្វើ​ស្រែ​បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ក្រោម​ផ្ទះ​របស់​លោក។ ​លោក​រៀបរាប់​ថា ​រឿង​រ៉ាវ​នាំ​ឲ្យ​ទាហាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​នោះ​ គឺ​ដោយសារ​ទាហាន​ខ្មែរ​ក្រហម​ចាប់​យក​កប៉ាល់​មួយ​ដែល​លោក​ថា​ បើក​ក្បែរ​តំបន់​សមុទ្រ​កម្ពុជា ​ហើយ​គាប់​ជួន ខ្មែរ​ក្រហម​ទើប​តែ​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​ក្រោយ​ផ្តួល​រំលំ​របប​ លន់ នល់ ​ដែល​មាន​ការ​គាំទ្រ​របស់​អាមេរិក។​

លោក​ ម៉ៅ រ៉ាន់​ ដែល​ពេល​នោះ​អាយុ​ជាង ​២០ ​ឆ្នាំ ​លើក​ឡើង​ថា ​នេះ​ជា​លើក​ដំបូង​ដែល​លោក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ​ហើយ​លោក​ក៏​ពុល​សមុទ្រ​ផង​ដែរ ​នៅ​ពេល​ខ្មែរ​ក្រហម​បញ្ជូន​លោក​ទៅ​យាមនៅ​កោះ​តាង។​

លោក​ រ៉ាន់​ ដែល​ពិការ​ដៃ​ស្តាំ ​ដោយសារ​ការវាយ​ប្រហារ​ជាមួយ​ទាហាន​វៀតណាម​ក្រោយ​ទសវត្សរ៍​១៩៨០​ មាន​ប្រសាសន៍​ថា៖ ​«ការណ៍​ពិត​យើង​ចាប់​គេ​មក ​យើង​មិន​ធ្វើ​បាប​អី​គេ​ទេ។ ​ដល់​ពេល​គេ​នេះ ​ គេ​មក​វាយ​បក។​ ​យើងគ្រាន់​តែ​ការ​ផ្តាំ​ផ្ញើ​ទៅ​ក្មួយៗ​ទាំង​អស់​ជួយ​ពិចារណា ​រឿង​រ៉ាវ​ដែល​កន្លង​មក។​ ឥឡូវ​ដឹង​ថា​អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ។ ​បើ​ខ្មែរ​ក្រហម​អត់​មាន​អី​ទាល់​តែ​សោះ ​បាត​ដៃ​ទទេ​សោះ ​ ហើយ​ទៅ​ចាប់​នាវា​ម៉ាយ៉ាហ្គេស ​បាន​មក​ប៉ុនណាណី»។​

លោក ​ម៉ៅ រ៉ាន់ ​ដែល​មាន​កូន ​៥ ​នាក់​ បន្ថែម​ថា៖ ​«នាវា​ម៉ាយ៉ាហ្គេស​របស់​អាមេរិកាំង​ធំ​ បើក​បរ​នៅ​ផ្លូវ​អន្តរ​ជាតិ​នោះ ​គិត​ទៅ​វា​ឆ្ងាយ​ណាស់ ​មិន​ងាយ​នឹង​ចាប់​បាន​ទេ។ ​អាហ្នឹង​គ្រាន់​តែ​ផ្តាំ​ផ្ញើ​ប៉ុណ្ណឹង​ទេ​ក្មួយៗ​ពិចារណា​ទៅ។​ តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ?​ បើ​ខ្ញុំ​សន្និដ្ឋាន​អាមេរិក​ខុស​ ក៏​ពិបាក​ថា ​បើ​យក​របស់​គេ​មក​ដល់​នេះ។ ​បើ​ថា​ខ្លួន​ឯង​ខុស​ ក៏​យើង​អត់​មាន​ធ្វើ​បាប​អី​គេ។​ អា​ហ្នឹង​វា​ពិបាក​ដែរ»។

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​សិន​ជា​អាមេរិកកាំង​មាន​បំណង​ថា ​រត់​តាម​ផ្លូវ​អន្តរ​ជាតិ ​អត់​អ្នក​ណា​គេ​ទៅ​ចាប់​ទាន់​ទេ។ ​អត់​អ្នក​ណា​ទៅ​ចាប់​បាន​ទេ។ ​ អ៊ីចឹង​មាន​តែ​ចេតនា​របស់​អាមេរិក​ បរ​កាត់​ហ្នឹង​ក្បែរ​ហ្នឹង បាន​គេ​ទៅ​ចាប់​បានឬ​ក៏​បរ​មក​ឲ្យ​គេ​ចាប់ ​...​ឃើញ​គេ​ទៅ ​ឈប់​ឲ្យ​គេ​ចាប់ដើម្បី​បង្ក​រឿង។​ អាហ្នឹង​ខ្ញុំ​សន្និដ្ឋាន​ក្នុង​ចិត្ត​របស់​ខ្ញុំ»។​

លោក​ ម៉ៅ រ៉ាន់​ បញ្ជាក់​ថា​ សត្រូវ​របស់​ខ្មែរ​ក្រហម​ដែល​មាន​ការ​ណែនាំ​ពី​ខាង​លើ ​គឺ​វៀតណាម ​ ហើយ​លោក​ថា​ ទាហាន​ខ្មែរ​ក្រហម​ត្រូវ​ទទួល​បញ្ជា​ឲ្យ​ទៅ​យាមកាម​នៅ​តាម​កោះ​ទាំង​អស់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​យើង​យើង​ទាហាន​ខ្មែរ​យើង​យើង​ត្រូវ​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន​អ៊ីចឹង​ហើយ។ ​បើ​គេ​ចូល​មក​ចាប់​ចូល​មក​រំលោភ​លើ​ទឹក​ដី​យើង ​ខុស​ឬ​ត្រូវ​យើង​ចាប់​សិន។ ​បើ​គេ​មក​វាយ​យើង ​យើង​ត្រូវ​វាយ​ទៅ​វិញ។​ អាហ្នឹង​គេ​ហៅ​ថា​កង​ទ័ព​ការពារ​ជាតិ»។​

លោក​បន្ត​ថា៖ ​«វា​ជា​រឿង​អតីត​កាល​ ហើយ​វា​ចប់​ហើយ។ ​ខ្ញុំ​បាន​ទៅ​កោះ​តាង ​ហើយ​ទៅ​រក​ឆ្អឹង​ទៀត​ផង»។​កង​ពល​ទី​៣ ​នៃ​ភូមិ​ភាគ​និរតី​របស់​ខ្មែរ​ក្រហម ​គឺ​ជា​កង​ពល​មួយ​ដែល​បាន​ចូល​កាន់​កាប់​កោះ​ និង​កូន​កោះ​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​កម្ពុជា​ បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​ នៅ​ថ្ងៃទី​១៧​ ខែ​មេសា​ឆ្នាំ​១៩៧៥។ ​ប្រធាន​កង​ពល​នេះ ​គឺ​លោក​ មាស មុត​ អតីត​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ ដែល​ជា​ជន​ត្រូវ​ចោទ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ​ហើយ​កំពុង​រង់​ចាំ​ការ​សម្រេច​របស់​តុលាការ​ថា​ ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ឬ​ត្រូវ​ទម្លាក់​បទ​ចោទ។​

លោកស្រី ​Emily Zeeberg​ អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សប្តាហ៍​នេះ​ជា​ទិវា​រំឭក ​៤៥ ​ឆ្នាំ​នៃ​ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហេ្គស ដែល​លោកស្រី​បញ្ជាក់​ថា មាន​ទាហាន​អាមេរិក​ ១៨ ​នាក់​បាត់​បង់​ជីវិត​នៅ​ក្នុង​ជម្លោះ​ជាមួយ​ទាហាន​ខ្មែរ​ក្រហម។ លោកស្រី​បន្ត​ថា​ សហរដ្ឋអាមរិក​កោត​សរសើរ​ការ​សហការ​លក្ខណៈ​មនុស្សធម៌​យូរ​អង្វែង​របស់​កម្ពុជា ដើម្បី​ស្វែង​រក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកកាំង​ដែល​ស្លាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​មាន​ទាហាន​អាមេរិក​កាំង​នៅ​ក្នុង​ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហ្គេស​ផង​ដែរ។

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅ​លើ​កោះ​តាង ​មិន​បាន​ដឹង​ចំនួន​កង​ទ័ព​ខ្មែរ​ដែល​ស្លាប់​និង​បាត់​ខ្លួន​ទេ​នោះ គ្រាន់​តែ​ដឹង​ថា​ កងទ័ព​ចំនួន ​៧ ​នាក់​ បាន​ស្លាប់​ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ទាហាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​ត្រូវ ​ពេល​ពួក​គេ​កំពុង​ជិះ​កប៉ាល់​ប៉េសេអេហ្វ​នៅ​ក្នុង​សមុទ្រ។​

បើ​តាម​ឯកសារ​ក្រោយ​បញ្ចប់​ការ​វាយ​ប្រហារ ​ទាហាន​អាមេរិក​ ២ ​នាក់​នៅ​លើ​កោះ​តាង​ ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​បោក​គ្រាប់​បែក​សម្លាប់​ ខណៈ​កំពុង​ងូត​ទឹក​សមុទ្រ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ ខណៈ​កំពុង​ពួន​លាក់​ខ្លួន​នៅ​រូង​ថ្ម។

លោក ​ឡុង ដានី​ ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ហើយ​បាន​ចង​ក្រង​ឯកសារ​ស្តី​ពី​ «ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហ្គេស​ នៅ​កោះ​តាង ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​១៩៧៥»។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​នេះ​ជា​«ការ​ធ្វើ​សង្រ្គាម​លើក​ចុង​ក្រោយ​របស់​ទាហាន​សហ​រដ្ឋ​អាមេរិក​នៅ​ឥណ្ឌូចិន ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​សង្រ្គាម​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៧៣»។ ​លោក​បញ្ជាក់​ថា ​ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហ្គេស​នេះ ​«គឺ​ជា​សង្រ្គាម​មួយ​ដែល​មិន​គួរ​ឲ្យ​កើត​មាន»។​

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​និយាយ​ថា ​ការ​ចាប់​កប៉ាល់​ម៉ាយ៉ាហេ្គស​នេះ​ជា​កំហុស ​ពី​ព្រោះ​ឃើញ​កប៉ាល់​ម៉ាយ៉ាហ្គេស​ហ្នឹង ​បើក​នៅ​ជិត​កោះ​តាង​មែន​ ប៉ុន្តែ​ខ្មែរ​ក្រហម​មិន​ដឹង​ផ្លូវ​ហ្នឹង​ជា​ផ្លូវ​ទឹក​អន្តរ​ជាតិ ​ក៏​ចេញ​ទៅ​ចាប់​កប៉ាល់​ ហើយ​បាន​សារភាព​ថា​ អាហ្នឹង​គឺ​ជា​កំហុស​មួយ​ដែល​ខ្មែរ​ក្រហម​ បាន​ទៅ​ចាប់​កប៉ាល់​គេ​នៅ​ក្នុង​ដែនទឹក​អន្តរ​ជាតិ។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​គិត​ថា ​ការ​ដែល​ប្រយុទ្ធ​គ្នា​នៅ​លើ​កោះ​តាង​នេះ ​គឺ​ជា​ការ​ប្រយុទ្ធ​មួយ ​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង។​ បើ​តាម​ខ្ញុំ​គិត។ ​អ៊ីចឹង​ខ្ញុំ​គិត​ថា មាន​បញ្ហា​យល់​ច្រឡំ​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ខ្លះ​មើល​ទៅ ​ពី​ព្រោះ​ការ​ប្រយុទ្ធ​ហ្នឹង ​វា​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ច្រើន។ ​ទាំង​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ ទាំង​ខ្មែរ​ក្រហម​ហ្នឹង ​មាន​ការ​ខូច​ខាត​ច្រើន​មែន​ទែន​នៅ​លើ​កោះ​តាង​ហ្នឹង»។​

លោក​ ឡុង ដានី​ មាន​ប្រសាសន៍​ថា ​លោក​បាន​សម្ភាស​ទាហាន​ខ្មែរ​ក្រហម ​៤​ទៅ​៥​ នាក់​ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ផ្ទាល់​ក្នុង​ហេតុ​ការណ៍​នេះ ​និង​អ្នក​ដែល​បាន​ដឹង​រឿង​កប៉ាល់​នេះ​ជាង ​២០​ នាក់​ទៀត។​លោក​បញ្ជាក់​ថា ​សង្រ្គាម​រវាង​ខ្មែរ​ក្រហម​និង​ទាហាន​អាមេរិក​នេះ​ជា​ចំណុច​មួយ​សំខាន់​ដែល​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ក្រហម​នៅ​តែ​ចង​ចាំ​ ​ទោះ​ជា ​៤៥ ​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ៕

អតីតកងទ័ពជើងទឹកខ្មែរក្រហម បានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ-- ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។

ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។ បន្ទាប់ពីមានរដ្ឋប្រហានៅឆ្នាំ១៩៧០គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរអណ្ដើកទាំងអស់បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ​ ហើយ អ៊ុន ក៏បានឈប់រៀន មករស់នៅជាមួយឪពុកម្ដាយជួយធ្វើស្រែ ឃ្វាលគោ និងក្របីជាដើម។

នៅចុងឆ្នាំ១៩៧២ មានយុវជនជាច្រើនបានស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបភូមិ និងឃុំរបស់ខ្មែរក្រហម ដោយគិតថាពួកគេចូលនេះ​គឺដើម្បីបម្រើជាតិ។ អ៊ុន ក៏បានស្ម័គ្រចិត្តធ្វើកងឈ្លបដូចជាយុវជន ផ្សេងៗទៀតដែរ។ ដំបូងឡើយ អ៊ុន បម្រើជាកងឈ្លប នៅឃុំតាយ៉ាប ដែលមានទីស្នាក់ការនៅភូមិជំនៀ ខ្ពស់។ អ៊ុន ត្រូវបានចាត់តាំងឲ្យដើរមើល និងការពារសុវត្តិភាពនៅក្នុងភូមិឃុំ ហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព និងទទួលការអប់រំបំពាក់បំប៉នផ្នែកនយោបាយពីអង្គការខ្មែរក្រហម។ ហឿន ជាប្រធានឃុំតាយ៉ាប។

បន្ទាប់មកខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យចូលក្នុងអង្គភាពកងទ័ពវិញ គឺកងវរសេនាតូចលេខ១០៣ តំបន់៣៣ ដែលត្រូវឈរជើងនៅព្រៃល្មាត ខាងជើងផ្លូវជាតិលេខ៤។ កឿន ជាប្រធានកងវរសេនាតូចលេខ ១០៣ ប៉ុន្តែក្រោយមក កឿន ក៏បានស្លាប់។ ហម បានឡើងជាប្រធាន ស៊ីម និងសំណាង ជាអនុប្រធាន ជំនួសកឿន។ នៅតំបន់៣៣មានកងវរសេនាតូចចំនួន៤​ គឺកងវរសេនាតូចលេខ១០២ ១០៣ ១០៤ និង១០៥។

នៅឆ្នាំ១៩៧៤ កងវរសេនាតូចលេខ១០២ និង១០៣ ត្រូវបានបញ្ចូលទៅក្នុងកងពលទី៣របស់ភូមិភាគនិរតី និងត្រូវទៅប្រចាំការនៅលង្វែក។ កងវរសេនាតូចលេខ១០៣ ត្រូវបានប្ដូរទៅជាកងវរសេនាតូច៤១០ ចំណុះឲ្យកងវរសេនាធំលេខ១៦។ ប្រធានវរសេនាតូចលេខ៤១០ គឺ ហម និង ស៊ីម ដដែល។ រីឯកងវរសេនាធំលេខ១៦ មានឈ្មោះ មៀច ជាប្រធាន។ អ៊ុន បានត្រូវរបួសចំជើង និងខ្នង នៅពេលប្រយុទ្ធក្នុងសមរភូមិ និងបានចូលសម្រាក់ពេទ្យអស់រយៈពេលជិត២ខែ

នៅចុងឆ្នាំ១៩៧៤​ និងដើមឆ្នាំ១៩៧៥ កងពលរបស់ អ៊ុន បានផ្លាស់មកប្រតិបត្តិការនៅតាមផ្លូវជាតិលេខ៤ នៅម្តុំមហាសាំង (ទំនប់ព្រែកហៅ)។ ចំណែកកងទ័ពមួយចំនួនបានបន្តមកឈរជើងនៅបែកចានដដែល ដើម្បី​វាយប្រយុទ្ធជាមួយ​ទាហានលន់ នល់ និងអាមេរិក។ កងពលរបស់ អ៊ុន មិនបានចូលវ៉ៃដល់ទីក្រុងភ្នំពេញទេ គឺចូលត្រឹមតែបែកចានតែប៉ុណ្ណោះ។

ក្រោយពីរំដោះបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមតម្រូវឲ្យកងពលទី៣របស់ អ៊ុន ទៅប្រចាំការនៅកំពង់សោម។ ពោលគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ កងពលទី៣ បានចេញទៅកំពង់សោម។ ថ្ងៃទី២០ ខែនិងឆ្នាំ ដដែលកងពលទី៣បានទៅដល់រាម។ លុះដល់រាម កងពលទី៣ ត្រូវបានប្ដូរឈ្មោះទៅជាកងពល១៦៤ ដែលជាកងពលរបស់មជ្ឈឹម។ ប្រធាន​និងអនុប្រធានកងពល១៦៤ ឈ្មោះ​ មុត និង ឌឹម។ ប៉ុន្តែកងវរសេនាតូចមិនបានប្ដូរឡើយពោល គឺកងវរសេនាតូចលេខ ៤១០ដដែល ហើយចំណែកឯប្រធាននិងអនុប្រធានក៏មិនមានការផ្លាស់ប្ដូរដែរ។

បន្ទាប់ពីនៅរាមបាន២ថ្ងៃ គឺថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៥ កងវរសេនាតូចលេខ ៤១០ ដែលមានកងទ័ពប្រមាណជា ៣០០ទៅ ៤០០នាក់ បានធ្វើដំណើរឆ្ភោះទៅកោះតាង និងកោះប៉ូឡូវ៉ៃ។ អ៊ុន បានឈរជើងនៅកោះតាង។ នៅកោះតាងនេះមានកងអនុសេនាធំចំនួន២ គឺគ៨ និងគ១០ ដែលមានកងទ័ពសរុបប្រហែល ២០០នាក់។​ អ៊ុន ស្ថិតនៅក្នុងកងអនុសេនាធំគ៨ ដែលមានឈ្មោះ ម៉េន និង ហួត ជាប្រធាន និងអនុប្រធានកងអនុសេនាធំគ៨។ ម៉ន ជាប្រធានកងអនុសេនាធំគ១០ ហើយហូន ជាអនុប្រធាន។ នៅកោះតាង អ៊ុន គឺជាប្រធានក្រុមដែលគ្រប់គ្រងកងទ័ពចំនួន ១២ នាក់។

ថ្ងៃទី ២៤ ខែមេសានិងឆ្នាំដដែល អ៊ុន និងកងទ័ពជាង១០០នាក់ទៀត ត្រូវបញ្ជូនឲ្យទៅកោះក្រចកសេះ ឬកោះប៉ូឡូប៉ង់សង់ ។ ការធ្វើដំណើរទៅកោះក្រចកសេះនេះ គឺត្រូវជិះទូកម៉ាស៊ីន១២០​សេះ ចំនួនជិត១០គ្រឿង​ ក្នុងទូកមួយគ្រឿងមានកងទ័ពប្រមាណជិត២០ ។ នៅកោះក្រចកសេះមានប្រជាជនរស់នៅច្រើន និងសម្បូរទៅដោយផ្ទះថ្ម។ ប្រជាជននៅទីនោះគឺជាប្រជាជនវៀតណាម និងខ្មែរកម្ពុជាក្រោម ដែលមានអ្នកខ្លះចេះភាសាខ្មែរ។ លើសពីនេះទៀតក៏មានទាហានធៀវគី(វៀតណាមខាងត្បូង)​នៅលកោះ ក្រចកសេះនេះផងដែរ។​ ខណៈពេលដែលទាហានវៀតណាមខាងត្បូងបានលើកទង់ជ័យសរនោះ កងទ័ពខ្មែរក្រហមបានចូលទៅដល់កោះក្រចកសេះភ្លាមៗដែរ។ ប្រជាជនដែលរស់នៅលើកោះក្រចកសេះមានភាពរាក់ទាក់ និងបានដាំបាយឲ្យ អ៊ុន និងកងទ័ពខ្មែរក្រហមផ្សេងទៀតបរិភោគ។ មេបញ្ជាការខ្មែរក្រហមប្រចាំនៅកោះក្រចកសេះរួមមាន សារឿន, ចាយ, ទង, ម៉េន និង ហួត ។ កងទ័ពខ្មែរក្រហម បានដើរប្រាប់ប្រជាជន និងទាហានធៀវគី ដែលរស់នៅកោះក្រចកសេះ ឲ្យរៀបចំខ្លួន និងអ៊ីវ៉ាន់ផ្សេងៗដើម្បីចាក់ចេញ ព្រោះកងទ័ពខ្មែរក្រហមត្រូវកាន់កាប់កោះនេះ។ បន្ទាប់ពីឈរជើងនៅកោះក្រចកសេះបានចំនួន២ថ្ងៃ អ៊ុន និងកងទ័ពប្រមាណ២០នាក់ទៀត ត្រូវទទួលបញ្ជាឲ្យត្រឡប់មកកោះតាងវិញ។ ចំណែកកងវរសេនាតូចលេខ៤៧០របស់ តាចាយ ដែលបានបញ្ជូនកងទ័ពមកបន្ថែមរហូតដល់ជាង ៣០០ នាក់បានបន្តឈរជើងនៅកោះក្រចកសេះទៀត។

អ៊ុន និងកងទ័ព២០នាក់ទៀត​ មិនបានចូលមកកោះតាងនោះភ្លាមទេ ពោលគឺត្រូវចូលទៅស្នាក់នៅ កោះប៉ូឡូវ៉ៃ មួយយប់សិន ពីព្រោះនៅ កោះតាង កំពុងតែមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនឹងទាហានអាមេរិក។ នៅខណៈពេលប្រយុទ្ធនោះ កងទ័ពអាមេរិកបានប្រើយន្តហោះកន្ទុំរុយជាច្រើនគ្រឿង បោកគ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងកាំភ្លើងទំនើបៗផងនោះ​ កងទ័ពខ្មែរក្រហមអាចទប់ទល់បានតែរយៈប៉ុន្មានម៉ោង ក៏បាននាំគ្នារត់ចូលព្រៃ និងឡើងលីភ្នំអស់។ នៅខណៈពេលកំពុងប្រយុទ្ធគ្នានៅលើកោះតាងនោះ ទាហានអាមេរិកក៏បានទម្លាក់គ្រាប់បែកនៅកំពង់សោម រាម និងរោងចក្រប្រេងកាតផងដែរ។ ការវាយប្រយុទ្ធគ្នានៅកោះតាងបានចាប់ផ្ដើមតាំងពីពេលព្រឹកព្រលឹម ហើយបានបញ្ចប់វិញនៅម៉ោងប្រមាណ៩យប់។

បន្ទាប់ពីបញ្ចប់ការប្រយុទ្ធគ្នា អ៊ុន​ និងកងទ័ពខ្មែរក្រហមផេ្សងទៀត ក៏បានចូលទៅដល់កោះតាងនិងជួយប្រមែរប្រមូលសាកសពកងទ័ពខ្មែរក្រហម​ និងទាហានអាមេរិកយកទៅកប់។​ សរុប​កងទ័ពខ្មែរក្រហមបានស្លាប់ចំនួន ៧នាក់ និងបាត់ខ្លួន ៣នាក់ ។ ចំណែកទាហានអាមេរិកក៏បានស្លាប់មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ ថែមទាំងបានបន្សល់ទុកនូវខ្មោចយន្តហោះកន្ទុំរុយពីរគ្រឿង និង ធុងសាំងចំនួន​​ពីរទៀតផង។

ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហានអាមេរិកនៅកោះតាងនេះ គឺដើមហេតុមកពីកងទ័ពខ្មែរក្រហមបានចាប់កប៉ាល់ម៉ាយ៉ាហ្គេស ដែលជាកប៉ាល់ដឹកទំនិញរបស់អាមេរិក ហើយអាមេរិកទាមទារឲ្យដោះលែងកប៉ាល់របស់ខ្លួន។ កប៉ាល់ម៉ាយ៉ាហ្គេសបានដឹកទំនិញឆ្លងកាត់ក្បែរកោះប៉ូឡូវ៉ៃ ហើយ​ត្រូវបានកងទ័ពជើងទឹករបស់ខ្មែរក្រហមចេញមកស្ទាក់ចាប់ពីកោះប៉ូឡូវ៉ៃយកមកទុកនៅកោះតាង។

បន្ទាប់រំដោះបានវៀតណាមខាងត្បូងនៅថ្ងៃទី ៣០​ ខែមេសា​ ឆ្នាំ១៩៧៥​ ប្រហែល ២សប្តាហ៍ កងកង ទ័ពវៀតណាមបានវាយសម្រុកកងទ័ពខ្មែរក្រហមនៅកោះក្រចកសេះនិងកោះប៉ូឡូវ៉ៃ។ 

កងទ័ពវៀតណាម​បានចាប់កងទ័ពខ្មែរក្រហមទាំងអស់យកទៅឃុំឃាំងនៅកោះត្រល់ និងបានបាញ់ពន្លិចទូកម៉ាស៊ីនរបស់ខ្មែរក្រហមអស់ជាច្រើនគ្រឿង។ ក្រោយមក នួន​​ ជា បានជួបចរចារជាមួយភាគីវៀតណាម ដើម្បីឲ្យដោះលែងកងទ័ពខ្មែរ និងប្រគល់កោះប៉ូឡូវ៉ៃមកឲ្យខ្មែរវិញ។ បន្ទាប់ ពីវៀតណាមប្រគល់កោះប៉ូឡូវ៉ៃមកវិញ ខ្មែរក្រហម ក៏បានបញ្ជូន អ៊ុន និងកងវរសេនាតូចលេខ៤១០ ទៅប្រចាំការកោះប៉ូឡូវ៉ៃ។

ប្រជាជនវៀតណាម និងថៃតែងតែមកនេសាទត្រីនៅក្បែរៗកោះប៉ូឡូវ៉ៃ ហើយត្រូវកងទ័ពខ្មែរក្រហមចាប់ឃាត់ទុក និងបញ្ជូនអ្នកនេសាទទាំងនោះទៅកំពង់សោម។ លើសពីនេះ ក៏មានជនបទេសក្រៅពីថៃនិងវៀតណាម បានបើកក្ដោងឆ្លងកាត់ និងត្រូវកងទ័ពខ្មែរក្រហមចាប់បញ្ជូនមកកំពង់សោមផងដែរ។

អ៊ុន ធ្លាប់ត្រូវបានចាត់តាំងឲ្យមករៀនសូត្រ និងប្រជុំនៅកំពង់សោមម្ដងម្កាលដែរ គឺប្រជុំម្តងៗមានរយៈពេលមួយខែកន្លះ អ្នកដឹកនាំប្រជុំមាន មាស មុត, សេង, សុន សេន ហើយការប្រជុំនោះគឺទាក់ទងទៅនឹងការការពារជាតិ និងការការពារដែនដី។ នៅកោះប៉ូឡូវ៉ៃ អ៊ុន និងកងទ័ពផ្សេងទៀតបានដាំបន្លែ​បង្ការ និងធ្វើផែដើម្បីចតទូក កាណូតជាដើម។ កងទ័ពខ្មែរក្រហម ហូបចុកមួយថ្ងៃ៣ពេល គឺពេលព្រឹកហូបបបរ ពេលថ្ងៃហូបបាយ និងពេលលា្ងចហូបបាយ។

នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលដល់កំពង់សោម អ៊ុន និងកងទ័ពផ្សេងទៀត បានរត់ចេញពីកោះប៉ូឡូវ៉ៃ ដោយឆ្លងកាត់តាមចម្លងគោ នៅខាងជើងស្ទឹងហាវ ឆ្ពោះទៅអណ្ដូងទឹក និងឡើងភ្នំអូរ​ ដំបង។ បន្ទាប់មក អ៊ុន​ រួមជាមួយកងទ័ព ប្រជាជនប្រុសស្រី​ចំនួន៣៣នាក់បានរត់ត្រឡប់មកកំពង់ស្ពឺ និងបានចូលសារភាពជាមួយវៀតណាម។ អ៊ុន ត្រូវស្ថិតនៅមន្ទីរអប់រំរយៈមួយខែកន្លះ វៀតណាមបញ្ជូនមកកំពង់ត្រាំ ពាមខ្វាវ។​ បន្ទាប់មក​ អ៊ុន​ និងមនុស្សជាង៣០នាក់ផ្សេងទៀតបានបែកគ្នាត្រឡប់មកស្រុកកំណើតរៀងៗខ្លួន។

ម៉ៅ រ៉ាន់ អតីតកងអន្តរាគមន៍ចាប់ទូកនេសាទ និង កប៉ាល់ ដែលឆ្លងចូលកម្ពុជាប្រជាធិបតេយ្យ

ជាអតីតកងទ័ពជើងទឹកខ្មែរក្រហមនៅកងពល១៦៤ដែលបានឈរជើងនៅកំពង់សោម ម៉ៅ រ៉ាន់ ធ្វើនៅក្នុងនាវាប្រដេញមួយ ក្នុងចំណោមកងនាវាប្រដេញ៤ ដែលប្រើសម្រាប់ធ្វើការអន្តរាគមន៍ និងចាប់អ្នកដែលចូលក្នុងដែននសមុទ្រកម្ពុជា រួចបញ្ជូនមកកោះតាងតាមការបញ្ជាផ្ទាល់ពីថ្នាក់លើ។

ម៉ៅ រ៉ាន់ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រ៉ាន់ បានរៀនត្រឹមថ្នាក់ទី៨ (សង្គមចាស់) នៅសាលាមួយក្នុងស្រុកបរសេដ្ឋ ហើយក៏ឈប់រៀន ពីព្រោះតែក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុឆ្នាំ១៩៧០ មិនមានកន្លែងសម្រាប់រៀនត្រឹមត្រូវ ហើយប្រទេសជាតិក៏ធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលទៀត។

នៅឆ្នាំ១៩៧២ រ៉ាន់ បានចូលធ្វើជាកងទ័ពខ្មែរក្រហម ដោយមុនដំបូងគាត់ត្រូវបានជ្រើសរើសជាឈ្លបភូមិឃុំ។ បន្ទាប់ពីធ្វើជាឈ្លបភូមិឃុំបានមួយរយៈ គាត់ត្រូវបានបញ្ជូនមកនៅស្រុក។ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៣ រ៉ាន់ ត្រូវបានបញ្ជូនឡើងមកតំបន់៣៣ ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលនៅពេលនោះ គណៈតំបន់មានឈ្មោះ អន់។ រ៉ាន់ នៅកងពលទី៣ វរសេនាធំ២១ វរសេនាតូច៤១០ ហើយគាត់មានតួនាទីជាប្រធានអនុសេនាតូច។ កងពលរបស់គាត់ត្រូវឡើងទៅវាយតាមផ្លូវជាតិលេខ៤ ចាប់តាំងពីពេជ្រនិលរហូតដល់ទីក្រុងភ្នំពេញ។

ក្រោយពីរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពលរបស់ រ៉ាន់ មិនបានចូលទីក្រុងទេ គឺមកបោះទីតាំងនៅបែកចានវិញ។ ពីរថ្ងៃក្រោយមក កងពលរបស់គាត់ត្រូវបានដកទៅនៅកំពង់សោម។ រ៉ាន់ បានបញ្ជាក់ថា ដោយសារតែកំពង់សោមមិនទាន់បានរំដោះទាំងស្រុង ដូច្នេះហើយបានជាកងពលរបស់គាត់ទៅដល់កន្លែងណាគឺត្រូវតែវាយនៅកន្លែងនោះតែម្តង។ បើមិនមានទាហាន លន់ នល់ សេសសល់នៅហ្នឹងទេ គឺគាត់ឈរជើងនៅកន្លែងនោះតែម្តង។ បន្ទាប់ពីមកដល់កំពង់សោមបានមួយថ្ងៃ គាត់ក៏ត្រូវបានបញ្ជូនទៅរាម ដែលនៅពេលនោះ គណៈកងពលមិនទាន់ទៅដល់ទេ។ បន្ទាប់ពី រ៉ាន់ នៅរាមបានរយៈពេលពីរថ្ងៃ ប្រធានវរសេនាតូចឈ្មោះ ហ៊ម បានប្រមូល និងបែងចែកកម្លាំងទៅប្រចាំការនៅកោះតាង ដែលមានគ្នាមិនដល់២០នាក់ផងនៅពេលនោះ ពីព្រោះកងទ័ពនៅកងពលផ្សេងៗមិនទាន់បានមកប្រមូលផ្តុំគ្នានៅឡើយទេ។

 ដូច្នេះហើយបានជាខ្មែរក្រហម ប្រើវិធីសាស្ត្រមួយនោះគឺ អ្នកណាមកមុន គឺត្រូវតែចេញទៅមុន ដោយបានដឹកយកទៅប្រចាំការនៅកោះឆ្ងាយៗ ដូចជា កោះតាង កោះព្រីង កោះពូលូវ៉ៃ ជាដើម។រ៉ាន់ បានរៀបរាប់ថា នៅពេលទៅដល់កោះតាងដំបូង កងទ័ពមានការលំបាកក្នុងការរស់នៅ ដោយសារតែ កោះតាងព័ទ្ធជុំវិញសុទ្ធតែព្រៃ ដូច្នេះហើយគ្មានជម្រើសអ្វីក្រៅពីបោះតង់នៅតាមមាត់សមុទ្រដើម្បីសម្រាកនោះទេ។ បន្ទាប់ពីនៅលើកោះតាងបានរយៈពេល៤-៥ថ្ងៃ ខ្មែរក្រហមក៏បានបញ្ជូនកម្លាំងបន្ថែមទៀតដែលធ្វើឱ្យកម្លាំងឈរជើងនៅលើកោះកើនឡើងរហូតដល់ប្រហែល ៣០នាក់ ។ ក្រោយ មកកម្លាំងដែលឈរជើងប្រចាំការនៅលើកោះតាងទាំងនោះ ត្រូវបានថ្នាក់លើដកកម្លាំងមួយចំនួនមកវិញ ដោយឱ្យទៅការពារកោះក្រចកសេះ ដូច្នោះហើយបានជាកម្លាំងខ្មែរក្រហមដែលប្រចាំការលើកោះតាងនៅសល់តែជាង ១០នាក់ តែប៉ុណ្ណោះ។ រ៉ាន់ ក៏បានបញ្ជាក់ទៀតថា មានកប៉ាល់ម៉ាយ៉ាហ្គេរបស់អាមេរិចកាំងធំមួយបានបើកមកជិតកោះតាង ហើយពេលនោះនាវារបស់ខ្មែរក្រហមដែលសល់ពីរបបលន់ នល់ បានទៅធ្វើអន្តរាគមន៍ និងបាននាំកប៉ាល់នោះទៅខាងកើតកោះ។ បន្ទាប់មក ខ្មែរក្រហមក៏បានបញ្ជូនកម្លាំងជំនួយទៅកោះតាង បន្ថែមទៀតដែលធ្វើឱ្យកម្លាំងខ្មែរក្រហមកើនឡើងប្រមាណ ​៣០​នាក់ ។ ពីរថ្ងៃបន្ទាប់ពីចាប់ កប៉ាល់ម៉ាយ៉ាហ្គេ យន្តហោះអាមេរិកាំងក៏បានមកធ្វើអន្តរាគមន៍។ ប៉ុន្តែ មុនរយៈកាលណោះ ខាងទាហានអាមេរិកាំងបានមកទម្លាក់កម្លាំងជុំវិញរួចហើយ។ ទាហានអាមេរិកាំងចាប់ផ្តើមបើកការប្រយុទ្ធជាទ្រង់ទ្រាយធំដោយនាំកម្លាំងមកជាច្រើន មានដូចជា យន្តហោះសម្រាប់ទម្លាក់គ្រា់ប់ជាដើម។ នៅពេលដែលយន្តហោះអាមេរិកាំងមកទម្លាក់គ្រាប់ ខាងកម្លាំងខ្មែរក្រហមមិនអាចធ្វើអ្វីបានឡើយ ដោយសារតែខ្វះខាតអាវុធ គឺមានតែកាំភ្លើងអាកា និងអ៊ឹម១៦ សម្រាប់បាញ់ទម្លាក់យន្តហោះអាមេរិកាំងតែប៉ុណ្ណោះ។ បន្ទាប់មក ខាងកម្លាំងខ្មែរក្រហមបានជីករណ្តៅត្រង់សេ សម្រាប់លាក់ខ្លួនដើម្បីឱ្យផុតពីការទម្លាក់គ្រាប់របស់អាមេរិកាំង ខ្មែរក្រហមបានបាញ់ទម្លាក់យន្តហោះអាមេរិកាំងនៅកន្លែងពីរគ្រឿងទៀតផង។ រ៉ាន់ ក៏បានបញ្ជាក់ថា បន្ទាប់ពីបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អាមេរិកាំងធ្លាក់ ទាហានអាមេរិកាំងដែលជិះនៅលើនោះបានហែលឡើងគោក។ នៅពេលនោះ ទាហានអាមេរិកាំងមានចំនួនច្រើន ហើយខាងខ្មែរក្រហមក៏បានបាញ់សម្លាប់តែម្តង។ បន្ទាប់ពីបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ និងសម្លាប់ទាហានអាមេរិកាំងហើយ ទ័ពជើងអាកាសអាមេរិកចាប់ផ្តើមវាយប្រហារកាន់តែខ្លាំងឡើង។ ដោយមិនមានសម្ភារសឹកគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយទាហានអាមេរិកាំង ការប្រយុទ្ធគ្នាបានបណ្តាលឱ្យខាងខ្មែរក្រហមស្លាប់៧នាក់នៅលើកោះ និងជាច្រើននាក់ទៀតនៅលើទូកហើយ អ្នកសេសសល់ផ្សេងទៀតក៏បានរត់ចូលក្នុងព្រៃ នៅពេលដែលទាហានអាមេរិកាំងឡើងលើកោះ។ បន្ទាប់ពីឈ្នះលើកងទ័ពខ្មែរក្រហមនៅលើកោះតាង ទ័ពអាមេរិកាំង មិនបានចូលក្នុងព្រៃទេ ប៉ុន្តែបែរជារាយកម្លាំងរបស់ខ្លួននៅលើកោះទៅវិញ។ ទាហានអាមេរិកាំងបានលើកសាកសពដែលស្លាប់រប៉ាត់រប៉ាយដាក់លើយន្តហោះ ដើម្បីយកទៅទុកនៅកន្លែងមួយផ្សេងទៀត។ រ៉ាន់ ក៏បានបន្ថែមទៀតថា ក្រោយពីការប្រយុទ្ធ មានទាហានអាមេរិកម្នាក់នៅរស់ ហើយបានដើរជួបប្រទះកម្លាំងខ្មែរក្រហម ហើយក៏ត្រូវបានខ្មែរក្រហមបាញ់សម្លាប់។ យន្តហោះអាមេរិកាំង មិនត្រឹមតែទម្លាក់គ្រាប់នៅកោះតាងនោះទេ ប៉ុន្តែក៏ទម្លាក់នៅកំពង់សោម នៅរាម ដែលបណ្តាលឱ្យប៉ុស្ត៍វិទ្យុ និងផែអន្តរជាតិខ្ទេចខ្ទីស្ទើរតែទាំងស្រុង។ ប្រហែលជាកន្លះខែក្រោយពីការប្រយុទ្ធគ្នានៅលើកោះតាង រ៉ាន់ ត្រូវបានដកមកកំពង់សោមដើម្បីបង្កើតជាកងថ្មី នៅពេលនោះអ្នកដែលត្រូវបានដកមកនោះ គឺមានតែប្រធានកង ប្រធានក្រុម។ រ៉ាន់ បានបន្តទៀតថា ក្រោយពីប្រយុទ្ធជាមួយអាមេរិកាំងនៅកោះតាង កងទ័ពវៀតណាមបានចាប់ផ្តើមវាយយកកោះត្រល់ កោះក្រចកសេះជាដើម ដែលធ្វើឱ្យកងទ័ពខ្មែរក្រហមទាំងអស់បានស្លាប់ និងត្រូវបានចាប់ខ្លួន។ បន្ទាប់ពីត្រូវបានបញ្ជូនទៅកោះត្រល់មួយរយៈ យោធាខ្មែរក្រហមដែលត្រូវចាប់ខ្លួនទាំងអស់ត្រូវបានដោះលែង បន្ទាប់ពីមានការចរចាជាមួយខាងភាគីវៀតណាម តាមរយៈផ្លូវទូត។ ក្រោយមកទៀត រ៉ាន់ ត្រូវបានបញ្ជូនមកនៅខាងនាវាចម្បាំងនៅកំពង់សោមសម្រាប់ធ្វើការអន្តរាគមន៍ និងចាប់ទូកដែលចូលដែនសមុទ្រកម្ពុជាដោយខុសច្បាប់។ នៅពេលនោះប្រធានកង ពលឈ្មោះ មាស មុត និងតា សារឿន ជាអ្នកគ្រប់គ្រងនាវាចម្បាំងទាំង៤គ្រឿង។ ជាទូទៅ មុនចុះអន្តរាគមន៍ និងចាប់ទូក ដូចជាទូកនេសាទថៃ ឬក៏ទូកដែលចូលដែនសមុទ្រកម្ពុជា កងនាវាចម្បាំងតែងតែចេញទៅអន្តរាគមន៍ ដោយមានបទបញ្ជាផ្ទាល់ពីថ្នាក់លើ។ ជាក់ស្តែង នៅដើមឆ្នាំ១៩៧៨ កងនាវារបស់ រ៉ាន់ បានចាប់ និងបញ្ជូនទូកនេសាទថៃ២គ្រឿងដែលក្នុងទូកនីមួយៗមានមនុស្ស ប្រហែលជា៣០នាក់។ ទូកនេសាទថៃច្រើនតែពន្លឿនទូកចូលក្នុងដែនសមុទ្រកម្ពុជានៅខែប្រាំង ពីព្រោះតែមិនសូវមានរលកធំៗ។ បន្ទាប់ពីធ្វើការអន្តរគមន៍ទូកនេសាទថៃហើយ ថ្នាក់លើកបានបញ្ជាឱ្យបញ្ជូនអ្នកនេសាទថៃទាំងនោះទៅផែរាម។ រ៉ាន់ បញ្ជាក់ថា កងទ័ពដែលឈរជើងនៅលើកោះក៏រងគ្រោះមិនតិចដែរ ដោយសារយន្តហោះរបស់ថៃហោះបាចថ្នាំពីលើអាកាសដែលធ្វើឱ្យពុលរាកស្ទើរតែស្លាប់។ ក្រៅពីចាប់ទូកនេសាទថៃ ខ្មែរក្រហមក៏បានអន្តរាគមន៍ និងចាប់ទូកក្តោងរបស់ជនជាតិអាមេរិកាំងមួយទៀតដែរ ប៉ុន្តែមិនមែនកងនាវារបស់ រ៉ាន់ ជាអ្នកចាប់នោះទេ ពីព្រោះគាត់បានត្រឹមតែឃើញទូកក្តោងនោះត្រូវបានគេនាំទៅផែមួយផ្សេងទៀតនៅអូឈើទាល។ បន្ថែមពីលើការធ្វើអន្តរគមន៍ទៅលើទូកដែលចូលមកដែនសមុទ្រកម្ពុជា កងនាវារបស់ រ៉ាន់ ក៏មានតួនាទីដោយឡែកមួយទៀតផងដែរ គឺសម្រាប់ជូនថ្នាក់លើ ដូចជា មាស មុត ទៅប្រជុំតាមកោះ។ ក្រោយពីកងទ័ពវៀតណាមយកឈ្នះលើកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៩ រ៉ាន់ បានជួប មាស មុត ម្តងទៀត ហើយបានរៀបចំអង្គភាពមួយផ្សេងទៀតនៅចន្លោះពីចុងឆ្នាំ១៩៧៩ ទៅដើមឆ្នាំ១៩៨០ ដែលកងពលនោះ គឺជាកងពល៣៧០ដែលមានឈ្មោះ សឹង ជាប្រធាន (តែក្រោយមកស្លាប់ក្នុងពេលប្រយុទ្ធគ្នា)។ បន្ទាប់មក កងពល៣៧០ របស់ រ៉ាន់ បានវៃតាមផ្លូវជាតិលេខ៤មកកើត រហូតមកទល់ខេត្តកំពង់ស្ពឺ ប៉ុន្តែជាអកុសល នៅពេលដែលកំពុងវាយជាមួយកងទ័ពវៀតណាម នៅពេជ្រនិលក្នុងឆ្នាំ១៩៨៥ រ៉ាន់ បានត្រូវអំបែងគ្រាប់បេ៤០ខ្ទាតចំហើយក៏ធ្លាក់ខ្លួនពិការចាប់តាំងពីពេលនោះមក៕​ 

ក្រោយពេល សុំ នៅយាមការពារកោះក្រចកសេះបានតែប៉ុន្មានថ្ងៃ គាត់ក៏ទទួលដំណឹងថា កងយោធាខ្មែរក្រហមបានស្ទាក់ចាប់កប៉ាល់ ម៉ាយ៉ាហ្គេ របស់អាមេរិក។ ប៉ុន្តែ អាមេរិកបានទាមទារឱ្យដោះលែង ហើយបានធ្វើការវាយប្រហារ និងទម្លាក់គ្រាប់លើមូលដ្ឋានយោធារបស់ខ្មែរក្រហមនៅកោះតាង កំពង់ សោម និងរាម។ ដូច្នេះហើយ សុំ និងសមាជិកកងរបស់គាត់ក៏ទទួលបញ្ជាឱ្យចល័តមកវាយជាមួយកងទ័ពអាមេរិក នៅកោះតាង និងកោះពូលូវ៉ៃ។ សុំ បន្តថា យោធាខ្មែរក្រហមបានបាញ់ទាហានអាមេរិកាំងស្លាប់ជាច្រើន ដោយសារតែអាមេរិកាំងមានមាឌធំ និងបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងនៅកោះពូលូវ៉ៃទៀត។ បន្ទាប់ពីព្រឹត្តិការណ៍ប្រយុទ្ធគ្នាជាមួយកងទ័ពអាមេរិក និងបន្ទាប់ពី សុំ ការពារនៅលើកោះក្រចកសេះបានមួយរយៈ វៀតណាមបានបញ្ជូនកងទ័ពខ្លួនស្ងាត់ៗតាមកប៉ាលចូលមកកោះក្រចកសេះ បន្ទាប់មកកងទ័ពវៀតណាមចាប់ផ្តើមវាយចេញពីទីលានចុះឧទ្ធម្ភាគចក្រ កងទ័ពខ្មែរក្រហមទាំងអស់នៅលើកោះមិនបានចាប់អារម្មណ៍ថា កងទ័ព វៀតណាមអាចចូលមកដូច្នេះឡើយ។ កងទ័ពវៀតណាមបានបាញ់ត្រូវ និងស្លាប់កងទ័ពខ្មែរក្រហមអស់ចំនួន៨នាក់ រួចហើយក៏បានភ្ជង់ចាប់កងទ័ពខ្មែរក្រហមទាំងអស់ដែលនៅលើកោះ។ បន្ទាប់មក វៀតណាមបានសួររកមេបញ្ជាការកងទ័ពខ្មែរក្រហមដែលប្រចាំនៅកោះក្រចកសេះនេះ ប៉ុន្តែដើម្បីលាក់បាំងកងយោធាខ្មែរក្រហមបានលួចយកកាំភ្លើងខ្លីរបស់មេបញ្ជាទៅពាក់ឱ្យសាកសពកងទ័ពខ្មែរក្រហមទាំងនោះ រួចហើយកុហកកងទ័ពវៀតណាមថា មេបញ្ជាការរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។ កងទ័ពវៀតណាម បានចាប់ខ្លួនយោធាខ្មែរក្រហមទាំងអស់ រួចដឹកតាមកាណូតទៅកោះត្រល់ទាំងយប់។ សុំ បានទៅដល់កោះត្រល់នៅពេលទៀបភ្លឺ ហើយគាត់ត្រូវបានកងទ័ពវៀតណាមយកទៅដាក់នៅអតីតបន្ទាយរបស់កងទ័ព ធីវគី (វៀតណាមខាងត្បូង) ដែលមានរបងលួសបន្លាខ្ពស់ៗផុតពីក្បាល។ នៅទីនោះ អ្នកយាមបានដកហូតយកសម្ភារប្រើប្រាស់ទាំងអស់ពីយោធាខ្មែរក្រហម ដូចជា នាឡិកា និងកន្សែងសូត្រ។ ប៉ុន្តែមិនបានសួរចម្លើយ និងធ្វើទារុណកម្មលើអ្នកទាំងនោះទេ។ រាល់ថ្ងៃ ឆ្មាំគុកបានដឹក សុំ និងកងយោធាខ្មែរក្រហមទាំងអស់តាមរថយន្ត យកទៅឱ្យបោចស្មៅនៅក្នុងចម្ការធុរេននៅលើកោះត្រល់ ដែលមានប្រវែង៣៥គីឡូម៉ែត្រ (តាមរយៈផែនទីភូមិសាស្ត្រ)។ សុំ បាននិយាយថា ប្រជាជននៅលើកោះត្រល់មានចិត្តល្អ និងបានទិញនំឱ្យកងរបស់គាត់ហូបទៀត។ នៅក្នុងគុក សុំ និងយោធាខ្មែរក្រហមទាំងអស់ទទួលបានរបបអាហារជាធម្មតា ប៉ុន្តែ មិនត្រូវបានផ្តល់ថ្នាំពេទ្យឱ្យទេ។ ដូច្នេះ យោធាខ្មែរក្រហមដែលត្រូវរបួសដោយសារការប្រយុទ្ធនៅលើកោះក្រចកសេះ ត្រូវយកទឹកអំបិលមកលាងរបួសដោយខ្លួនឯង។ ឆ្មាំគុកបានបែងចែកយោធាខ្មែរក្រហមទៅជាកងតូចៗ និងបានជ្រើសមេកងម្នាក់ឱ្យគ្រប់គ្រង។ ចំពោះសមាជិកកងណាដែលធ្វើខុសវិន័យ ដោយទៅបន្ទោរបង់នៅក្រៅបង្គន់ហើយមិនបានសម្អាត អ្នកយាមនឹងធ្វើទារុណកម្មលើមេកងដោយវាយនឹងដំបង ព្រោះមិនចេះគ្រប់គ្រងសមាជិកក្រុម។ នៅទីនោះ សុំ និងយោធាខ្មែរក្រហមទាំងអស់ បានរៀបចំគម្រោងវាយអ្នកយាម រួចហែលចេញពីកោះត្រល់។ ស្រាប់តែខណៈនោះ សុំ បានស្តាប់តាមវិទ្យុ (ឆ្មាំគុកអនុញ្ញាតឱ្យគាត់ស្តាប់វិទ្យុ) ឮថា សម្តេចព្រះ នរោត្តម សីហនុ ប្រកាសពីចំណងមិត្តភាពពិសេស សាមគ្គីភាពពិសេសរវាង វៀតណាម និងកម្ពុជា ទើបគាត់ផ្អាកផែនការរត់គេចខ្លួន។ សុំ និងកងយោធាខ្មែរក្រហមទាំងអស់ នៅជាប់ឃុំឃាំងរយៈពេលបីខែ ទើបវៀតណាមដោះលែងឱ្យមកខ្មែរវិញតាមច្រក ហាទៀង ជាប់ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅមុនពេលដោះលែង វៀតណាមបានចែកស្បែកជើង, មួក និងបានកាត់ខោអាវឱ្យ សុំ និងកងយោធាខ្មែរក្រហមម្នាក់មួយកំប្លេរ។ ពេលនោះ កង ចាប បានឱ្យកងយោធាតំបន់៣៥ ទៅទទួល សុំ និងសមាជិកកងទាំងអស់ពីវៀតណាមរួច ហើយដឹកបន្តទៅក្រុងកំពង់សោម។ នៅពេល សុំ មកដល់ប្រទេសកម្ពុជា ក្នុងអំឡុងខែតុលា និងវិច្ឆិកា ឆ្នាំ១៩៧៥ គាត់ និងសមាជិកកងទាំងអស់ដែលជាប់ឃុំនៅវៀតណាម មិនត្រូវទទួលស្វាគមន៍ពីសំណាក់មេបញ្ជាការកងពល១៦៤ ទៀតទេ ព្រោះសង្ស័យថា ក្រុមរបស់គាត់ដែលវៀតណាមចាប់យកទៅឃុំជា សេ.អ៊ី.អា និង កា.ហ្សេ.បេ។ សុំ និងសមាជិកកងទាំងអស់ត្រូវបានហៅមកប្រជុំនៅអូរតែល ៧ជាន់ នៅក្នុងក្រុងកំពង់សោម។ បន្ទាប់ពីប្រជុំចប់ សមាជិកកងទាំងមូលត្រូវបានដក និងបំបែកឱ្យទៅនៅអូរឈើទាល, រោងចក្រប្រេងកាត និងទៅស្ទឹងហាវ ព្រោះអង្គការមិនទុកចិត្ត។ ចំណែកមេបញ្ជារបស់ សុំ ទាំងអស់ត្រូវ បានទម្លាក់តួនាទីពីប្រធានវរសេនាតូច មកអនុប្រធានវរសេនាតូច ដោយដាក់អ្នកថ្មីមកដឹកនាំជំនួសវិញ។ ចំណែក សុំ នៅក្នុងកងពល១៦៤ ដដែល តែត្រូវអង្គការដកកាំភ្លើងមិនឱ្យកាន់ និងបានដកសិទ្ធិជា សម្ព័ន្ធយុវជនបក្សកុម្មុយនីស្តកម្ពុជា រួចបញ្ជូនឱ្យទៅធ្វើស្រែនៅអូរម្លូ ម្តុំព្រលានយន្តហោះកងកេង។ ទីបញ្ចប់ អង្គការបានផ្លាស់ សុំ មកនៅក្នុងកងពល ៧០៣ ដើម្បីវាយជាមួយវៀតណាម នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា, ស្រុកប្រសូត្រ និងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។ សុំ នៅព្រំដែនបានរយៈពេលបីខែ ក៏រងរបួសត្រង់ភ្លៅ ហើយគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៧ មេសា ក្នុងក្រុងភ្នំពេញ។ រហូតមកដល់ដើម ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា សុំ ក៏ជិះរទេះភ្លើងទៅខេត្តពោធិ៍សាត់ រួចបន្តដំណើរដោយថ្មើរជើងទៅស្រុកបវេល ខេត្តបាត់ដំបង។ សោម ប៊ុនថន៕

មួយ​ខែ​ក្រោយពី​ខ្មែរ​ក្រហម​ដណ្ដើម​អំណាច​ពី​របប​សាធារណរដ្ឋ​ ដែល​ឧបត្ថម្ភ​ដោយ​អាមេរិក,​ ឧបទ្ទវហេតុ​មួយ​កើត​ឡើង​ទៅ​លើ​នាវា​ដឹកទំនិញ​របស់​ អាមេរិក,​ SS Mayaguez ​ដែល​នាំ​យក​សម្ភារ​ចេញ​ពី​វៀតណាម​ខាងត្បូង​ ៩​ ថ្ងៃ​ មុន​ពេល​ទីក្រុង​ព្រៃនគរ​ដួល​រលំ​ក្រោម​ការ​វាយប្រហារ​ពី​វៀតណាម​ខាង​ជើង ថ្ងៃ​ទី​ ១២​ ឧសភា ​ឆ្នាំ​ ១៩៧៥ ​នាវា​ SS Mayaguez​ ធ្វើ​ដំណើរ​លើ​ផ្លូវ​ចេញពី​ទីក្រុង​ព្រៃនគរ​ ឆ្ពោះ​ទៅ​ប្រទេស​ ថៃ ​ដោយ​បើក​បរ​ចម្ងាយ ​១២​ ម៉ៃ​ ពី​ឆ្នេរ​ប្រទេស ​កម្ពុជា ។​ របប​ខ្មែរក្រហម​អះអាង​ថា​នាវា​នោះ ​ស្ថិត​នៅ​លើ​ដែន​ទឹក​កម្ពុជា ​ប៉ុន្តែ​ពេល​នោះ​ អាមេរិក​ ដឹង​ថា ​ដែន​សមុទ្រ​កម្ពុជា​ ស្ថិត​នៅ​ចម្ងាយ​ ៣​ ម៉ៃ​ ពី​ឆ្នេរ​ដី​គោក ។ ​ទាហាន​ ខ្មែរក្រហម ​បាន​ដេញ​តាម​នាវា​ SS Mayaguez ​ហើយ​បាញ់​កាំភ្លើង​ព្រមាន​ជា​ច្រើន​គ្រាប់ ​ព្រម​ទាំង​បាញ់​បេ​ និង​គប់​គ្រាប់​បែក​ដៃ​ទៅ​លើ​នាវា ។​ បាន​បញ្ជូន​សារ​ទៅ​កាន់​មូលដ្ឋាន​កងទ័ព​អាមេរិក ​ហើយ​បញ្ឈប់​នាវា ។​ ទាហាន ​ខ្មែរ​ក្រហម​ ឡើង​លើ​នាវា​ និង​បង្ខំ​ឲ្យ​កាពីតែន​ បើក​នាវា​ទៅ​ចត​នៅ​កោះ​ ប៉ូឡូវ៉ៃ ​ដែល​ស្ថិត​ក្រោម​អធិបតេយ្យភាព​កម្ពុជា ។​ ទង្វើ​របស់​ខ្មែរ​ក្រហម​ធ្វើ​ឲ្យ​អាមេរិក​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ហើយ​រដ្ឋបាល​លោក​ប្រធានាធិបតី​ Gerald Ford ​បាន​រៀប​ចំ​បេសកកម្ម​សង្គ្រោះ​មួយ ជា​ពេល​ដែល​អាមេរិក​ទើប​មាន​របួស​ថ្មី​ពី​សង្គ្រាម​វៀតណាម​ ហើយ​សាធារណ​ជន​ក្នុង​ប្រទេស​ទាមទារ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ ចំពោះ​ការ​ចាប់​នាវា ​SS Mayaguez ។

ថ្ងៃ​ទី ​១៣ ​ឧសភា​ យន្តហោះ​ P-3 Orion​ បាន​ឃើញ​នាវា​បោះ​យុថ្កា​នៅ​កោះ​ ប៉ូឡូវ៉ៃ ។​ យន្តហោះ​ចម្បាំង ​F-4 Phantoms ​ពីរ​គ្រឿង​ បាញ់​ព្រមាន​ក្បែរ​នាវា ​បន្ថែម​ភាព​តាន​តឹង​ដែល​កំពុងតែ​មាន​ស្រាប់​ ឲ្យ​កើន​ឡើង​កាន់​តែ​ខ្លាំង ។ ​ឧត្ដមសេនីយ៍ ​John Burns ​ទទួល​ភារកិច្ច​ក្នុង​បេសកកម្ម​រំដោះ​នាវា​ បាន​បង្កើត​ក្រុម​រំដោះ​មួយ​ ចូល​រួម​ដោយ​ទាហាន​ម៉ារីន​ទី​៣ ​ឈរ​ជើង​នៅ​ក្នុង​ប្រទេស ​ហ្វីលីពីន​ និង​ទាហាន​ម៉ារីន​ទី​ ៣ ​ឈរ​ជើង​នៅ​លើ​កោះ​ អូគីណាវ៉ា​ ប្រទេស ​ជប៉ុន​ មាន​សមាសភាព​ឧទ្ធម្ភាគចក្រ​ MH-53​៩​ គ្រឿង ។​

មុន​ពេល​ដែល​ក្រុម​រំដោះ​ចាប់​ផ្ដើម​ប្រតិបត្តិការ​, ទាហាន ​ខ្មែរក្រហម​ បាន​ជម្លៀស​ចំណាប់​ខ្មាំង​ចេញ​ពី​នាវា​ទៅ​កំពង់​សោម​ ប៉ុន្តែ​កម្មាភិបាល​ប្រចាំ​ភូមិភាគ​កំពង់​សោម​ មិន​ហ៊ាន​ទទួល​ចំណាប់​ខ្មាំង​ទាំង​នោះ​ ដោយសារ​ខ្លាច​អាមេរិក​សង​សឹក ​ទើប​ពួក​គេ​នាំ​យក​ចំណាប់​ខ្មាំង​ទៅ​កាន់​កោះ​រង់​សន្លឹម​វិញ ។​

ចំណែក​ភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក​យល់​ថា ​ខ្មែរក្រហម​ បាន​នាំ​ចំណាប់​ខ្មាំង​ទៅ​កោះ​តាង​ ដែល​ជា​កោះ​ធំ​បំផុត​នៅ​ឯនាយ​ឆ្នេរ​សមុទ្រ​កម្ពុជា ។​ ទាហាន​អាមេរិក​ បាន​រៀបចំ​ផែនការ​រំដោះ​មនុស្ស​នៅ​លើ​កោះ​តាង ។​ ដោយសារ​ព័ត៌មាន​មិន​គ្រប់គ្រាន់​ ទាហាន អាមេរិក​ ជឿ​ថា​ ខ្មែក្រហម​មាន​កម្លាំង​តែ​ ២០ ទៅ​ ៣០ ​នាក់​ប៉ុណ្ណោះ​នៅ​លើ​កោះតាង​ ហើយ​ពួក​មាន​អាវុធ​អន់​ៗ ​ប៉ុន្តែ​ការពិត​ខ្មែរ​ក្រម​បាន​ពង្រឹង​កម្លាំង​យ៉ាង​រឹងមាំ​នៅ​លើ​កោះតាង ​ដោយ​ភ័យខ្លាច​ការ​លុកលុយ​របស់​វៀតណាម ។​</p>

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង ​ផ្ទុះ​ឡើង​នៅ​លើ​កោះតាង ​រវាង​ទាហាន​ខ្មែរ​ក្រហម ​និង​កង​រំដោះ​របស់​ទាហាន​ម៉ារីន​អាមេរិក ។​ ទាហាន​ម៉ារីន​អាមេរិក​ស្លាប់​ ១៣ ​នាក់​ ទាំង​មិន​ទាន់​បាន​ចុះចត​ឧទ្ធម្ភាគចក្រ​ផង​ ក្រោម​ការ​បាញ់​ស្រោច​ដោយ​កាំភ្លើង​ AK​ និង​បាញ់​បេ ​ព្រមទាំង​កាំភ្លើង​ផ្លោង​ធុន​ធ្ងន់ ។​ឧទ្ធម្ភាគចក្រ​ទាហាន​អាមេរិក​ ៨​ គ្រឿង​ទទួល​រង​ការ​វាយប្រហារ ​ក្នុង​នោះ ​៣​ គ្រឿង​ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ និង​ ៤ ​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ​ មិន​អាច​ប្រើ​ប្រាស់​បាន ។​

ការ​ប្រយុទ្ធ​គ្នា​បន្ត​រហូត​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ហ៊ូ នឹម​ ប្រកាស​តាម​វិទ្យុ​ថា ​នាវា Mayaguez​ ព្រម​ទាំង​ចំណាប់​ខ្មាំង​ នឹង​ត្រូវ​បាន​ដោះលែង​ ។ ហ៊ូ នឹម ​បញ្ជាក់​ថា ​ទាហាន​ខ្មែរក្រហម​គ្រាន់​តែ​ចង់​ការពារ​អធិបតេយ្យភាព​ដែន​សមុទ្រ​កម្ពុជា​ប៉ុណ្ណោះ ។​ ចំណាប់ខ្មាំង​ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នាវា​ SS Henry Wilson ​ដែល​ចត​នៅ​ក្បែរ​ឆ្នេរ​កោះតាង ។​ ក្រោយ​ចំណាប់​ខ្មាំង​ត្រូវ​បាន​ដោះលែង​ មេ​បញ្ជាការ​ទាហាន​ អាមេរិក​ បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​ទាំង​អស់ ។​ ចំណែក​ទាហាន​ម៉ារីន​ ៣ ​នាក់​ដែល​ជាប់​នៅ​លើ​កោះតាង​ ត្រូវ​បាន​ខ្មែរ​ក្រហម​ចាប់​ខ្លួន​ និង​សម្លាប់​ចោល ។​ ក្រោយ​ការ​ប្រយុទ្ធ​គ្នា ​ឧទ្ធម្ភាគចក្រ​ទាហាន​អាមេរិក​ បាន​ហោះហើរ​ទៅ​កាន់​អាកាសយានដ្ឋាន​ អូតាប៉ាវ ​ខេត្ត ​ផាទីយ៉ា​ ប្រទេស ​ថៃ​ ជួប​ឧបទ្ទវហេតុ​ធ្លាក់​ស្លាប់​ទាហាន​ ១៨ ​នាក់​ និង​នាវិក​ ៥ ​នាក់ ។​ ឈ្មោះ​ទាហាន​ពលី​របស់​អាមេរិក​នៅ​កម្ពុជា​ ត្រូវ​បាន​ឆ្លាក់​នៅ​ជួរ​ចុង​ក្រោយ​នៃ​បញ្ជី​ឈ្មោះ​ទាហាន​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម ៕

No comments:

Post a Comment