ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America
- ភូមិសាស្រ្ត នយោបាយ អាមេរិក America
- អំពី ប្រព័ន្ធបោះឆ្នោត អាមេរិក 👉
- អំពី រដ្ឋ ហាវ៉ៃ 👉
- អំពី កងទ័ព អាមេរិក 👉
- អំពី វិទ្យុអាមេរិក 👉
- អំពីសង្រ្គាម នឹងការកកើត រដ្ឋអាមេរិក 👉
- អំពីជំលោះ ស្បែក ស និង ស្បែកខ្មៅ 👉
- សង្រ្គាម អាមេរិក ខ្មែរក្រហ ម កោះតាង 👈
- សង្រ្គាម អាមេរិក នៅកម្ពុជា ទំលាក់គ្រាប់បែក US Bombing 👈
ឧបទ្ទវហេតុ កោះតាង កើតថ្ងៃទី ១២ ឧសភា ១៩៧៥ ដល់ថ្ងៃទី ១៥ ឧសភា ឆ្នាំ ១៩៧៥-- មុនធ្វើការវិភាគពត៍មានយោធា ខ្ញុំ តាមដានពត៍មាននៅស្រុកខ្មែរ និងពត៍មាននៅអាមេរិកជាមុនសិន ដើម្បីប្រាកដថា ាករសន្ធិដ្ឋានមានភាពរឹងមា បែបវិទ្យាសាស្រ្ត។ ដោយសារពត៍មានខុសគ្នាខ្លាំង សហរដ្ឋអាមេរិកសម្រេចចិត្តបង្កើតគណកម្មការស្រាវជ្រាវប្រវត្តិនៃជម្លោះ និងការខូចខាតបណ្តាលមកពីការប្រយុទ្ធគ្នា សូម្បីពត៍មានជាភាសាអគ្លេស Wikipedia ក៍មិនពិតដែរ ឯខាងកម្ពុជា រឹតតែមិនពិត ទោះជាពួកគាត់ប្រឹងទៅសួរសាក្សីរស់ក៍ដោយចុះ សូមតាមដានចំណុចនីមួយៗដូចតទៅ៖
- កងទ័ពខ្មែរក្រហមសម្រេចិត្តវាយយកភ្នំពេញថ្ងៃ ១៧ មេសា ១៩៧៥ បើទោះជាមានពត៍មានខ្លះថាខាងវៀតណាម គេសុំឲ្យខាងកម្ពុជាពន្យាពេលចាំដល់ថ្ងៃ ៣០ មេសា ១៩៧៥ ជាថ្ងៃវៀតណាមខាងជើងវាយរំដោះក្រុងព្រៃនគរ ក៍ដោយ មូលហេតុ ដោយសារ ខ្មែរក្រហមប្រញាប់យកទ័ពទៅបោះទីតាំងនៅតាមកោះនានាដូចជាកោះត្រល់ កោះក្រចកសេះ កោះពូឡូវ៉ៃ កោះតាង មុនភាគីវៀតណាម,
- កប៉ាល់ Mayaguez ត្រូវបានកងទ័ព ខ្មែរក្រហមចាប់យកមកពីដែនទឹកអន្តរជាតិចម្ងាយ ១០ គម ពី កោះពួឡូវ៉ៃ តែខ្មែរក្រហមរាយការណ៍ថា ចាប់បាននៅ កោះតាង ជាទឹកដីកម្ពុជា ដែលកម្ពុជាមានអធិប្បតេយ្យភាពពេញទីក្នុងការការពារដែនទឹករបស់ខ្លួន
- ខ្មែរក្រហមរាយការណ៍ថាបញ្ជូនទ័ព ប្រមាណ ៣០០ ទៅ ៣០០ នាក់ សម្រាប់ការពារ ១ កោះ (២ គ/កោះ) តែការពិតខ្មែរក្រហម យកទ័ពទៅបោះនៅកោះត្រល់ កោះក្រចកសេះ របស់វៀតណាមខាងត្បូង សូម្បីតែវៀតណាមក៍មិនបានដឹងដែរ ទាល់តែ ផ្ទុះសង្រ្គាម អាមេរិក និងខ្មែរក្រហម ចាប់ពីថ្ងៃទី ១២ ឧសភា ដល់ ១៥ ឧសភា ឆ្នាំ ១៩៧៥ ទើប កងទ័ពជើងទឹកវៀតណាមដឹងថា ខ្មែរក្រហមបោះទ័ពនៅលើកោះ ត្រល់ កោះក្រចកសេះ !
- ដោយសារគ្មានពត៍មានអំពី ចំនួន កងទ័ពខ្មែរក្រហម ប្រភេទអាវុធ នៅលើ កោះពូឡូវៃ នៅលើកោះតាង កោះព្រីង កំពង់សោម ដូច្នេះកងទ័ពអាមេរិកមានតែប្រើប្រាស់ការទូត សុំទៅភាគីចិន និង ខ្មែរក្រហមឲ្យដោះលែង នាវានិង នាវិគរបស់អាមេរិក តែ ភាគីខ្មែរក្រហមមិនព្រម ដូច្នេះភាគីអាមេរិក សម្រេចប្រើប្រាស់យោធាតាំងពីថ្ងៃទី ១២ ឧសភា ឆ្នាំ ១៩៧៥ គឺមិនដូចជាភាគីខ្មែរក្រហមថា អាមេរិកទើបប្រើទ័ពព្រលឹងស្រាងៗថ្ងៃទី ១៥ ឧសភា ១៩៧៥ ឡើយ។
- ភាគីខ្មែរក្រហមថា ភាគីកម្ពុជាមានទ័ពតែ ៣០នាក់ប្រចាំការនៅកោះ តាង តែផ្នែកចារកមម ថៃ និង យន្តហោះសើបការណ៍អាមេរិក ស៊ើបមិនដឹងពត៍មានព្រោះចូលកៀក មិនបាន ត្រូវខ្មែរក្រហមបាញ់ ចំណែកពេលយប់ចូលកៀកបាន តែមើលមិនឃើញព្រោះមេឃងងឹតខ្លាំង ចុះអាប់ព៍ខ្លាំង ដូច្នេះ ភាគីថៃ អាមេរិក កំណត់ថា ខ្មែរក្រហមមានទ័ពប្រមាណ ១០០ នាក់នៅលើ កោះតាង។ អាមេរិកបញ្ជូនទ័ពជើងទឹក ២០០ នាក់ថ្ងៃដំបូង ដើម្បីរំដោះ នាវា តែ បរាជ័យ ព្រោះ ឧម្ភាចក្រនោះផ្ទុក Container ដែលយន្តហោះមិនអាចចុះពីលើបាន ផែនការណ៍នេះត្រូវរំសាយវិញ។
- ខ្មែរក្រហម ដឹងសភាពការណ៍ យកទ័ពទៅដាក់នៅលើ នាវា Mayaguez ដែលធ្វើឲ្យស្ថានការណ៍កាន់តែពិបាក ដូច្នេះ ភាគីអាមេរិក ត្រូវសុំជំនួយពី គងទ័ពជើងអាកាស និងធ្វើផែនការរំដោះនាវាឡើងវិញ ដែលផែនការទី ២ នេះធំ ត្រូវប្រើទ័ពដល់ទៅជាង ១០,០០០ នាក់ មាននាវាផ្ទុកយន្តហោះ ០២ គ្រឿង ចូលសំចត ចម្ងាយជាង ១០០ គម ពី កោះតាង និងវយប្រហារជាកង់ៗ គឺ កោះព្រីង កោះតាង កោះរុង រាម កំពង់សោម...ចំណែកកងទ័ព ១ កងត្រូវចាកចេញពី ជប៉ុន ហោះកាត់វៀតណាម ចូលប្រទេសថៃ សហការណ៍ជាមួយកងទ័ព ថៃ និង ១ ក្រុមមកតាមជើងទឹក តាមនាវាដឹកយន្តហោះ០២ គ្រឿង។
- ពេលប្រយុទ្ធគ្នា ខាងខ្មែរក្រហម គេថា មានទ័ពស្លាប់ ០៧ នាក់ ! ម៉េចបានជាអាមេរិកប្រើកម្លាំងច្រើនម្លេះ? ដែលតាមរបាយការណ៍ខ្លះថា ទ័ពខ្មែរក្រហមស្លាប់ប្រមាណជាង ៣០០ នាក់ ចំណែក វិទ្យុ រោងចក្រប្រេងកាត អាកាសយាន្តដ្ឋានកងកេង.. មូលដ្ឋានរាម និង មន្រ្តីនានាជុំវិញក្រុងកំពង់សោម ត្រូវបានកំទេចស្ទើក្លាយជាផេះ
- ដោយសារចំណុចខ្លាំងផ្នែកនយោបាយសឹកសង្រ្គាមទ័ពព្រៃរបស់ ខ្មែរក្រហម ទាហានអាមេរិក ទាហានថៃ មិនទទួលបានស្នាដៃទេ មិនទទួលបានកិត្តិយសទេ ព្រោះថា ការចំណាយធំធេងណាស់ចំនួនទ័ពជាង ១០,០០០ នាក់ វាយទ័ពខ្មែរក្រហម
- ដូច្នេះពត៍មានដែល ឡូហ្សិក គឺ ទ័ពអាមេរិក ៤១ ស្លាប់ ទ័ពខ្មែរក្រហមប្រមាណ ៣០០ នាក់។ ខ្មែរក្រហមប្រើទ័ពប្រមាណ ១០,០០០នាក់ ចំណែកអាមេរិកប្រើទ័ពជាង ១០,០០០ នាក់តែមាន យន្តហោះចម្បាំង រាប់សិបគ្រឿងចូលទំលាក់គ្រាប់បែក និង មាន ឧទ្ធម្ភាចក្រ ៣៨ គ្រឿងចូលប្រយុទ្ធ ក្នុងនោះ ១៨ គ្រឿងត្រូវបានពួកខ្មែរក្រហមកំទេច គ្រាដែលរបាយការណ៍ពីមុនៗថា ខូចខាត ០៨ គ្រឿង។
ពត៍មានខាងអាមេរិក The Mayaguez incident took place between Kampuchea (formerly Cambodia) and the United States from 12–15 May 1975, less than a month after the Khmer Rouge took control of the capital Phnom Penh ousting the U.S.-backed Khmer Republic. After the Khmer Rouge seized the U.S. merchant vessel SS Mayaguez in a disputed maritime area the U.S. mounted a hastily-prepared rescue operation. U.S. Marines recaptured the ship and attacked the island of Koh Tang where it was believed that the crew were being held as hostages. Encountering stronger than expected defenses on Koh Tang, three United States Air Force helicopters were destroyed during the initial assault and the Marines fought a desperate day-long battle with the Khmer Rouge before being evacuated. The Mayaguez's crew were released unharmed by the Khmer Rouge shortly after the attack on Koh Tang began. It was the last battle of the Vietnam War and the names of the Americans killed, including three Marines left behind on Koh Tang after the battle and subsequently executed by the Khmer Rouge, are the last names on the Vietnam Veterans Memorial
Casualties and losses | |
---|---|
15 killed in action 3 captured and later killed 23 killed en route in helicopter failure 50 wounded 3 CH-53 helicopters destroyed | 13–25 killed in action on Koh Tang unknown killed on Swift Boats and Cambodian mainland 15 wounded in action 4 Swift Boats sunk |
រស្មីកម្ពុជា ឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហ្គេសនៅកោះតាងក្នុងខែឧសភាឆ្នាំ១៩៧៥ ដោយៈ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជាI) សេចក្តីផ្តើម
១-ទីតាំងភូមិសាស្ត្រកោះតាង
កោះតាង គឺជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤ ស្ថិតនៅក្នុងដែនទឹកសមុទ្រនៃប្រទេសកម្ពុជា។ កោះតាងស្ថិតនៅប៉ែកនិរតី និងមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងជាកោះមួយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ និងក្រុងព្រះសីហនុ។ កោះតាងស្ថិតនៅចន្លោះខ្សែរបណ្តោយ និងខ្សែរទទឹង ( 103°7′E 10°18′N)។
កោះតាងមានទំហំប្រមាណ៥,៩ គីឡូម៉ែត្រការ៉េ (បណ្តោយប្រវែង៦,៤ គីឡូម៉ែត្រ និងទទឹងចន្លោះពី០,១ដល់៣,២ គីឡូម៉ែត្រ) និងជាកោះដ៏ស្រស់ស្អាតមួយ ដែលគ្របដណ្តប់ទៅដោយកូនភ្នំ និងព្រៃឈើប្រមាណ៩០ភាគរយ ហើយមានឆ្នេរខ្សាច់ស្អាត និងទឹកសមុទ្រថ្លា។ កោះនេះមានថ្មប៉ប្រះទឹក ផ្កាថ្ម និងជីវចម្រុះជាច្រើនរស់នៅក្រោមទឹកសមុទ្រ ប៉ុន្តែមិនធ្លាប់មានប្រជាជនស៊ីវិលរស់នៅលើកោះតាងតាំងពីមុនរហូតមកទល់នឹងបន្ចុប្បន្ន។ កោះតាង គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានកងទ័ពជើងទឹកនៃប្រទេសកម្ពុជាដែលបានបោះទីតាំងការពារដែនកោះ និងដែនទឹកសមុទ្រកម្ពុជាចាប់ពីតាំងរបបសង្គមរាស្ត្រនិយម,របបសាធារណរដ្ឋខ្មែរ, របបកម្ពុជាប្រជាធិបតេយ្យ, របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
២- ការចូលកាន់កាប់កោះនៅដែនសមុទ្រកម្ពុជារបស់កងទ័ពខ្មែរក្រហមបន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
កងពលទី៣នៃភូមិភាគនិរតីរបស់ខ្មែរក្រហម គឺជាកងពលមួយដែលបានចូលកាន់កាប់កោះ និងកូនកោះនៅក្នុងដែនទឹកសមុទ្រកម្ពុជា បន្ទាប់ពីការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ កងពលទី៣ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយ តាម៉ុក លេខាភូមិភាគនិរតី ដើម្បីរួមចំណែកវាយសម្រុកចូលកាន់កាប់ទីក្រុងភ្នំពេញនៅក្នុងអំឡុងខែមេសា ឆ្នាំ១៩៧៥។ កងពលទី៣នៃភូមិភាគនិរតី គឺជាកងទ័ពថ្មើរជើងប្រយុទ្ធនៅលើគោក។ ប្រធានកងពលទី៣ មានឈ្មោះ មាស មុត ដែលជាកូនប្រសាប្រុសម្នាក់របស់ តាម៉ុក (ប្រពន្ធរបស់ មាស មុត មានឈ្មោះ ខុម ត្រូវជាកូនស្រីច្បងរបស់តាម៉ុក។ ខុម ជាលេខាស្រុកត្រាំកក់ តំបន់១៣ ភូមិភាគនិរតី)។ មុនពេលឡើងធ្វើជាប្រធានកងពលទី៣ មាស មុត គឺជាអនុលេខាតំបន់១៣នៃភូមិភាគនិរតី ។ ចំណែកសមាសភាពកងទ័ពនៃកងពលទី៣នេះភាគច្រើន គឺជាកូនចៅរបស់កសិករធ្វើស្រែចម្ការនៅក្នុងខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលបានចូលធ្វើកងទ័ពខ្មែរក្រហមនៅចន្លោះពីឆ្នាំ១៩៧០ ដល់ ១៩៧៥។ ឌូ អ៊ុន មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងជាកងទ័ពខ្មែរក្រហមនៃកងពលទី៣ភូមិភាគនិរតី បានមានប្រសាសន៍ថា ខ្ញុំបានចូលបដិវត្តន៍ខ្មែរក្រហមដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ១៩៧២ នៅមុនដំបូងធ្វើជាកងឈ្លបនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។ នៅក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យមកធ្វើជាកងទ័ពតំបន់៣៣ បន្ទាប់ហាត់រៀនយុទ្ធសាស្ត្រកងទ័ពមួយរយៈពេលខ្លី ខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យទៅវាយជាមួយទាហានរបបសាធារណរដ្ឋខ្មែរនៅព្រៃលកមៀត ភ្នំស្រួចផ្លូវជាតិលេខ៤។ នៅក្នុងឆ្នាំ១៩៧៤ អ៊ុន ត្រូវបានចាត់តាំងបញ្ចូលក្នុងកងពលទី៣ របស់ភូមិភាគនិរតី។ ប៉ាក់ សុខ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត និងបានចូលធ្វើបដិវត្តន៍ខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧២ ពេលនោះ សុខ មានអាយុជាង១០ឆ្នាំ។ បន្ទាប់មកខ្មែរក្រហមចាត់តាំងឲ្យ សុខ បម្រើជាកងទ័ពតំបន់៣៥ ការចូលធ្វើកងទ័ព គឺ សុខ បានហាត់រៀនបាញ់កាំភ្លើង ក្រាបលូនតែបន្តិចបន្តួច បន្ទាប់មកក៏បានចូលសមរភូមិវាយជាមួយទាហាន លន់ នល់ តែម្តង។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានបញ្ជូន សុខ មកចូលនៅក្នុងកងពលទី៣ របស់ភូមិភាគនរតី។ ចំណែក ម៉ៅ រ៉ាន់ ដែលជាអតីតកងទ័ពខ្មែរក្រហមម្នាក់នៅក្នុងកងវរសេនាតូច៤១០ នៃកងពលទី៣ភូមិភាគនិរតីដែរនោះ បានមានប្រសាសន៍ថា គាត់មានស្រុកកំណើតនៅស្រុកគងពសី ខេត្តកំពង់ស្ពឺ និងបានចូលធើ្វកងឈ្លបនៅក្នុងឆ្នាំ១៩៧២ និងបន្តឡើងមកធើ្វជាកងទ័ពតំបន់៣៣។ នៅក្នុងឆ្នាំ១៩៧៤ ខ្មែរក្រហមបានបញ្ជូន រ៉ាន់ មកបញ្ចូលក្នុងកងពលទី៣នេះតែម្តង។ កងពលទី៣នៃភូមិភាគនិរតីភាគច្រើនធ្វើសកម្មភាពប្រយុទ្ធជាមួយទាហានរបបសាធារណរដ្ឋខ្មែរតាមផ្លូវជាតិលេខ៤នៅម្តុំដោះកញ្ជរ ស្រែខ្លុង មហាសាំងក្នុងស្រុកភ្នំស្រួច ។ ខ្មែរក្រហមក៏ធ្លាប់បានបញ្ជូនកងពលលេខ៣ទៅវាយនៅខាងកំពង់ឆ្នាំងដូចជានៅលង្វែក សាលាលេខ៥ ដាំផ្កា បន្ទាប់មកទើបដកត្រឡប់មកផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺវិញ ។
នៅក្នុងមេសា ឆ្នាំ១៩៧៥ កងពលទី៣នៃភូមិភាគនិរតីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យវាយចូលទីក្រុងភ្នំពេញតាមទិសផ្លូវជាតិលេខ៤។ នៅខណៈពេលដែលកងទ័ពនៃកងពលទី៣បានចូលមកដល់ចោមចៅ និងព្រលានយន្តហោះពោធិ៍ចិនតុងនោះ ប្រធានកងពលទី៣មាស មុត បានបញ្ជាឲ្យកងទ័ពនៃកងពលទី៣ទាំងអស់ដកត្រឡប់ក្រោយមកឈរជើងនៅម្តុំជម្ពូវន្ត័, បែកចាន ដើម្បីធ្វើដំណើរមកបោះទីតាំងនៅកំពង់សោម ។ បន្ទាប់ពីកងទ័ពស្នាក់នៅមូលដ្ឋានកងទ័ពរាមបានរយៈពេលពីរបីថ្ងៃ មាស មុត បានបញ្ជាឲ្យ កងទ័ពនៃកងពលទី៣មួយចំនួនធ្វើដំណើរទៅឈរជើងនៅលើកោះដែលជាដែនទឹកនៃប្រទេសកម្ពុជា និងអតីតកោះរបស់កម្ពុជាមួយចំនួនទៀត ដែលគ្រប់គ្រងដោយប្រទេសវៀតណាម ។
៣-កងវរសេនាតូចនៃកងពលទី៣ដែលឈរជើងនៅលើកោះតាង
មាស មុត ដែលជាប្រធានកងពលទី៣ បានចាត់តាំងឲ្យកងវរសេនាតូចលេខ៤១០ នៃវរសេនាធំ២១ទៅប្រចាំការនៅតាមកោះជួរមុខមួយចំនួនដូចជា កោះពូលូវ៉ៃ, កោះតាង និងកោះព្រីង។ កងវរសេនាតូច៤១០ មានប្រធានទទួលបន្ទុកនយោបាយឈ្មោះ ហម និងអនុប្រធានទទួលបន្ទុកខាងយោធាឈ្មោះ សំណាង ។ វរសេនាតូច៤១០ រួមមាន៤កងអនុសេនាធំ គឺកងអនុសេនាធំ (គ-៧), កងអនុសេនាធំ (គ-៨), កងអនុសេនាធំ (គ-៩) និងកងអនុសេនាធំ (គ-១០) ។ បន្ទាប់ពីរំដោះភ្នំពេញថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពនៃកម្លាំងវរសេនាតូច៤១០ មួយចំនួនបានស្លាប់នៅលើសមរភូមិ និងមួយចំនួនទៀតបានបែកខ្ញែក នៅខណៈពេលដែលត្រូវបញ្ជូនទៅឈរជើងនៅតាមកោះ គឺកងវរសេនាតូច៤១០ មានកងទ័ពចំនួនប្រមាណជា២០០នាក់តែប៉ុណ្ណោះ (កម្លាំងសរុបរបស់វរសេនាតូច៤១០មានប្រហែល៤០០នាក់កាលពីមុនពេលវាយចូលទីក្រុងភ្នំពេញ)។ប្រធាន និងអនុប្រធានវរសេនាតូច៤១០ ឈ្មោះ ហម និង សំណាង មានភារកិច្ចប្រចាំការនៅទីបញ្ជាការកងវរសេនាតូច៤១០នៅរាម គឺមិនទៅឈរប្រចាំការនៅតាមកោះជាមួយកងទ័ពឡើយ ។ ខ្មែរក្រហមបានបែងចែកឲ្យ កងអនុសេនាធំ (គ-៨) និងកងអនុសេនាធំ (គ-១០) ត្រូវឈរជើងប្រចាំការនៅលើកោះតាង ក្នុងនោះអនុសេនាធំ (គ-១០) ឈរជើងនៅម្តុំឆ្នេរខាងលិច និងអនុសេនាធំ (គ-៨) ប្រចាំការនៅម្តុំប៉ុស្តិ៍ទាហានចាស់ (នៅឆ្នេរខាងកើត)។ ចំណែកកងអនុសេនាធំ (គ-៧) និងកងអនុសេនាធំ (គ-៩) ត្រូវបានចាត់តាំងឲ្យទៅយាមប្រចាំការនៅកោះពូលូវ៉ៃ និងកោះព្រីង (កោះព្រីងមានកងទ័ពតែមួយអនុសេនាតូច) ។
មេបញ្ជាការខ្មែរក្រហមដែលប្រចាំការនៅកោះតាងរួមមានឈ្មោះ ម៉េន ប្រធានកងអនុសេនាធំ(គ-៨) និងឈ្មោះ ម៉ន ប្រធានកងអនុសេនាធំ (គ-១០) ។ កងកម្លាំងសរុបនៅលើកោះតាងមានចំនួនប្រហែល១០០នាក់ (ចំនួនកងទ័ពបញ្ចូលគ្នាទាំងពីរអនុសេនាធំ គ-៨ និងគ-១០) ប៉ុនែ្តដោយសារខ្មែរក្រហមត្រូវបញ្ជូនកងទ័ពទៅកាន់កាប់កោះក្រចកសេះ (ពូលូប៉ងសង់) ថែមទៀតនោះ ខ្មែរក្រហមបានបញ្ជាឲ្យដកកងទ័ពមួយចំនួនពី គ-៨ និងគ-១០ រួមមានប្រធានកងអនុសេនាធំឈ្មោះ ម៉េន, ម៉ន និងកងទ័ពមួយចំនួនទៀតបានទៅចូលរួមជាមួយកងវរសេនាតូចលេខ៤៧០ ដែលមានមេបញ្ជាការឈ្មោះ ទន ដើម្បីធ្វើដំណើរទៅកាន់កាប់កោះក្រចកសេះ (ពូលូប៉ងសង់) ពីប្រទេសវៀតណាម ។ ដូច្នេះកងទ័ពខ្មែរក្រហមដែលនៅសេសសល់ និងបានប្រយុទ្ធជាមួយទាហានសហរដ្ឋអាមេរិកនៅកោះតាងក្នុងថ្ងែទី១៥ ខែឧសភា ឆ្នាំ១៩៧៥ គឺមានចំនួនប្រហែលជា ៥០នាក់ និងមានឈ្មោះ ប្រេះ ហ៊ន និង ម៉ៅ រ៉ាន់ ដែលជាប្រធានកងអនុសេនាតូចចំណុះឲ្យ គ-៨ និងគ-១០ ជាអ្នកដឹកនាំប្រយុទ្ធ ។
II) ឧទ្ទវហេតុកប៉ាលម៉ាយ៉ាហ្គេសនៅកោះតាង
១- ព្រឹត្តិការណ៍ចាប់កប៉ាលម៉ាយ៉ាហេ្គស និងការបញ្ជូនមកចតនៅកោះតាង កប៉ាលម៉ាយ៉ាហ្គេស (S.S. Mayaguez) គឺជាកប៉ាលដឹកទំនិញចំណាស់មួយរបស់ក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិកដែលមានចំណុះ១០,៤៨៤តោន ។
បន្ទាប់ពីរបបក្រុងសៃហ្គនបានដួលរលំទៅប្រហែលជាជិត២សប្តាហ៍ គឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៥ កប៉ាល់ម៉ាយ៉ាហ្គេសបានដឹកទំនិញសម្ភាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងសៃហ្គនប្រទេសវៀតណាមខាងត្បូង និងទំនិញផ្សេងៗទៀតបានធ្វើដំណើរចេញពីទីក្រុងហុងកុងឆ្លងកាត់តាមឈូងសមុទ្រថៃឡង់ដ៍ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែសាតតាហ៊ីប ខេត្តឈុនបុរី នៃប្រទេសថៃ ។ នៅខណៈពេលដែលកប៉ាល់ម៉ាយ៉ាហ្គេសបានធ្វើដំណើរមកប្រឈមជាមួយ កោះពូលូវ៉ៃ របស់ប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមដែលឈរជើងនៅកោះពូលូវ៉ៃ គឺជាកងទ័ពដែលមិនមានជំនាញខាងជើងទឹកបន្តិចនោះ បានបើកកប៉ាល់ប្រភេទ ប៉េ-សេ-អេហ្វ [Patrol Craft Fast (PCF)/Swift Boat] ចំនួន២គ្រឿង និងមានកងទ័ពប្រមាណជាង១០នាក់ប្រកបដោយអាវុធគ្រប់ដៃបានចេញដំណើរទៅស្ទាក់ចាប់កប៉ាល់ម៉ាយ៉ាហេ្គស ដែលស្ថិតនៅចម្ងាយប្រមាណជាង ១០គីឡូ ម៉ែត្រពីកោះពូលូវ៉ៃ ។ កងទ័ពខ្មែរក្រហមបានបាញ់កាំភ្លើងអឹម-៧៩ ជាសញ្ញាឲ្យកប៉ាលម៉ាយ៉ាហេ្គសឈប់ បន្ទាប់មកកងទ័ពខ្មែរក្រហមបានបញ្ជាឲ្យនាវិកបើកកប៉ាលម៉ាយ៉ាហ្គេសចូលមកកោះពូលូវ៉ៃជាមួយកប៉ាលប៉េ-សេ-អេហ្វ របស់ខ្លួន ។
បន្ទាប់ពីចតនៅកោះពូលូវ៉ៃ មួយយប់ គឺនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបញ្ជូនកប៉ាល់ម៉ាយ៉ាហេ្គសពីកោះពូលូវ៉ៃ មកកាន់កោះតាង។ នៅខណៈពេលចាប់កប៉ាលម៉ាយ៉ាហេ្គសនេះកងទ័ពខ្មែរក្រហម ក៏បានរាយការណ៍តាមវិទ្យុទាក់ទងទៅកាន់ទីបញ្ជាការធំនៅកំពង់សោម។ មុនដំបូងបញ្ជាការដ្ឋាននៅកំពង់សោមបានបញ្ជាឲ្យទុកកប៉ាល់ម៉ាយ៉ាហេ្គសនៅកោះពូលូវ៉ៃមួយយប់ បន្ទាប់មកត្រូវបញ្ជូនកប៉ាល់ម៉ាយ៉ាហេ្គសនិងក្រុមនាវឹកមក កោះតាង និងបញ្ជូនបន្តមកកំពង់សោម។ ប៉ុន្តែនៅពេលដែលបញ្ជូនកប៉ាល់ម៉ាយ៉ាហេ្គស និងក្រុមនាវឹកមកដល់កោះតាង ហើយកងទ័ពខ្មែរក្រហមបានឡើងទៅយាមការពារនៅលើកប៉ាលម៉ាយ៉ាហ្គេស បានរយៈពេលមួយយប់មួយថ្ងែ ក៏មានការប្រែប្រួល គឺព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ ខាងទីបញ្ជាការធំនៅកំពង់សោមក៏បានប្រាប់មកទៀតថា ត្រូវឲ្យកងទ័ពខ្មែរក្រហមចុះចេញពីលើកប៉ាល់ម៉ាយ៉ាហ្គេសទាំងអស់ ហើយបញ្ជាឲ្យកងទ័ពខ្មែរក្រហមយកក្រុមនាវឹកទាំងអស់ចេញពីកប៉ាល់ និងដឹកមកទុកនៅ កោះរ៉ុង (កោះរ៉ុងសន្លឹម)។ ចំណែកកប៉ាល់ម៉ាយ៉ាហេ្គសត្រូវទុកនៅកោះតាង គឺមិនចាំបាច់បញ្ជូនមកកំពង់សោមឡើយ ។ អតីតកងទ័ពខ្មែរក្រហមដែលបានឈរជើងនៅលើកោះតាង ឈ្មោះ ប៉ាក់ សុខ បានរៀបរាប់ថា រហូតដល់យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ ទើបមានបញ្ជាឲ្យកងទ័ពចុះពីកប៉ាល់ម៉ាយ៉ាហ្គេសមកនៅលើកោះវិញ នៅខណៈពេលនោះខ្មែរក្រហមបានបញ្ជាឲ្យក្រុមនាវឹកទាំងអស់ចុះពីលើកប៉ាល់ម៉ាយ៉ាហ្គេសដែរ ប៉ុន្តែនៅមានសល់នាវឹកម្នាក់លាក់ខ្លួនក្នុងកប៉ាល់ ដែលកងទ័ពខ្មែរក្រហមរកមិនឃើញ។ នាវឹកម្នាក់នោះប្រហែលជាកាន់ខាងទូរលេខផងបានទាក់ទងទៅខាងសហរដ្ឋអាមេរិករហូត បន្ទាប់មកនាវឹកនោះក៏បានឡើងជិះអូមបរបើកសំដៅទៅរកនាវាចម្បាំងសហរដ្ឋអាមេរិកបាត់ទៅ។ អតីតប្រធានកងអនុសេនាតូចចំណុះឲ្យកងអនុសេនាធំ(គ-១០)នៃកងទ័ពខ្មែរក្រហមដែលធ្លាប់ឈរជើងនៅកោះតាងឈ្មោះ ប្រេះ ហ៊ន ក៏បានឲ្យដឹងថា មេបញ្ជាការវរសេនាតូច៤១០ ឈ្មោះ សំណាង និងកងទ័ពខ្មែរក្រហមផ្សេងទៀតបានបើកកប៉ាល់ ប៉េ-សេ-អេហ្វ ពីកោះពូលូវ៉ៃមកកោះតាងជាមួយកប៉ាល់ម៉ាយ៉ាហ្គេសដែរ។ ហ៊ន និងកងទ័ពផ្សេងទៀតត្រូវបានចាត់តាំងឲ្យយាមការពារកប៉ាល់ម៉ាយ៉ាហ្គេស។ បន្ទាប់ពីយាមការពារនៅលើកប៉ាល់បានរយៈពេលមួយយប់មួយថែ្ង គឺនៅព្រលប់ថ្ងៃទី១៤ ខែឧសភា ក៏មានបញ្ជាពីកំពង់សោមមកឲ្យកងទ័ពទាំងអស់ចុះចេញពីកប៉ាល់មកនៅលើកោះវិញ។ ចំណែកក្រុមនាវឹកនៃកប៉ាល់ម៉ាយ៉ាហ្គេសទាំងអស់ត្រូវបញ្ជូនមកទុកនៅកោះរ៉ុង។ ខ្មែរក្រហមបានយក ទូកនេសាទថៃ ដែលកងទ័ពខ្មែរក្រហមចាប់បានមុនពេលព្រឹត្តការណ៍កប៉ាល់ម៉ាយ៉ាហេ្គសនេះឲ្យដឹកក្រុមនាវឹកទាំងអស់ទៅកាន់កោះរ៉ុង ដោយកងទ័ពខ្មែរក្រហមបញ្ជាឲ្យអ្នកនេសាទថៃដែលចាប់មកជាមួយទូកនេសាទជាអ្នកបើកទូកដឹកក្រុម នាវឹក។ ចំណែកកងទ័ពខ្មែរក្រហមក៏បានជិះកប៉ាល់ ប៉េ-សេ-អេហ្វ អមមកជាមួយដែរ។ នៅពេលធ្វើដំណើរជិតដល់កោះរ៉ុងនៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នំ១៩៧៥ ទីបញ្ជាការធំនៅកំពង់សោមបានបញ្ជាឲ្យកងទ័ពខ្មែរក្រហមដោះលែងក្រុមនាវឹកទាំងអស់ត្រឡប់ទៅប្រទេសថៃវិញ ។
២- ការប៉ះទង្គិចរវាងទាហានសហរដ្ឋអាមេរិក និងកងទ័ពខ្មែរក្រហមនៅកោះតាង
បន្ទាប់ពីកងទ័ពខ្មែរក្រហមចាប់កប៉ាល់ម៉ាយ៉ាហ្គេស វិទ្យុសំឡេងសហរដ្ឋអាមេរិកបានផ្សាយជាញឹកញាប់ឲ្យរដ្ឋាភិបាលខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងភ្នំពេញថ្មីៗដោះលែងកប៉ាល់ម៉ាយ៉ាហ្គេស និងក្រុមនាវឹកឲ្យត្រឡប់ទៅវិញជាបន្ទាន់ បើមិនដូច្នេះ ទេ ទាហានសហរដ្ឋអាមេរិកនឹងមកកម្ទេចកោះតាង និងក្រុងកំពង់សោមឲ្យក្លាយទៅជាផេះតែម្តង ។ នៅវេលាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នំ១៩៧៥ ថ្នាក់ដឹកនាំខ្មែក្រហមក៏បានបញ្ជាឲ្យកងទ័ពខ្មែរក្រហមដោះលែងក្រុមនាវឹក ដើម្បីធ្វើដំណើរទៅប្រទេសថៃវិញ ប៉ុន្តែនៅពេលកំពុងតែរៀបចំដោះលែងឲ្យកប៉ាល់ម៉ាយ៉ាហ្គេសត្រឡប់ទៅវិញនោះ ស្រាប់តែនៅព្រលឹមស្រាងៗថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥នោះ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកមកទម្លាក់ជុំវិញកប៉ាលម៉ាយ៉ាហ្គេស និងជុំវិញកោះតាង។ នៅពេលដំណាលគ្នានេះដែរ មានទាហានសហរដ្ឋអាមេរិកប្រមាណជិត ២០០នាក់បានជិះឧទ្ធម្ភាគចក្រចំនួន ៨គ្រឿង ចេញពីមូលដ្ឋានទាហានជើងអាកាសរបស់សហរដ្ឋអាមេរិកនៅអូរតាប៉ាវប្រទេសថៃមកចុះនៅលើកោះតាង ។
ចំណែកនាវាចម្បាំង អូមបរ និងសម្ភារមួយចំនួនទៀតក៏ត្រូវបានយកមកដាក់នៅជិតកោះតាង ក្នុងគោលបំណងវាយរំដោះយកកប៉ាល់ម៉ាយ៉ាហ្គេស និងក្រុមនាវឹកយកត្រឡប់ទៅវិញ។ នៅព្រឹកថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះឲ្យទៅទម្លាក់គ្រាប់បែកនៅកំពង់ផែកំពង់សោម, រោងចក្រប្រេងកាតនៅកំពង់សោម រោងចក្រទឹកដោះគោ និងមូលដ្ឋានកងទ័ពជើងទឹកខ្មែរក្រហមនៅរាម ធ្វើឲ្យមានការខូចខាតយ៉ាងដំណំ ។
ចាប់ផ្តើមតាំងពីព្រលឹម ទាហានសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅលើកោះតាង បាញ់ផ្សែងពុល និងបញ្ជាឲ្យឧទ្ធម្ភាគចក្របន្ទាបចុះដើម្បីឲ្យទាហានរបស់ខ្លួនចុះតាមជណ្តើរមកប្រយុទ្ធនៅលើដីផ្ទាល់ ដោយចាប់ផ្តើមពីឆ្នេរខាងលិចនៃកោះតាង និងបន្តប្រយុទ្ធនៅឆ្នេរខាងកើត នៅក្នុងពេលកំពុងប្រយុទ្ធនោះទាហានសហរដ្ឋអាមេរិកបានបើកកប៉ាល់ម៉ាយ៉ាហ្គេសចាកចេញពីកោះតាងផងដែរ ។ ការប្រយុទ្ធបានចាប់ផ្តើមតាំងពីព្រលឹមរហូតដល់ពេលរសៀល កងទ័ពខ្មែរក្រហមដែលប្រចាំការនៅឆ្នេរភាគខាងលិច និងឆ្នេរភាគខាងកើតបានអស់គ្រាប់កាំភ្លើង និងបានបាក់ទ័ពរត់ភៀសខ្លួនចូលក្នុងព្រៃ និងឡើងលើភ្នំស្ទើរតែទាំងអស់។ ចំណែកទាហានសហរដ្ឋអាមេរិកក៏ចាប់ផ្តើមប្រមែប្រមូលទាហាន និងសាកសពទាហាន ដើម្បីធ្វើដំណើរត្រឡប់ទៅមូលដ្ឋានកងទ័ពនៅអូរតាប៉ាវនៃប្រទេសថៃវិញនៅម៉ោងប្រហែលជា៨យប់ក្នុងថ្ងៃដដែល ។ ប៉ាក់ សុខ បានរៀបរាប់ថា ទាហានអាមេរិកាំងបានចុះឧទ្ធម្ភាគចក្ រ២គ្រឿងនៅលីកោះតាង ខ្ញុំកាន់កាំភ្លើងអា១២,៧ (ដូសេត) កាំភ្លើងនោះអត់មានជើងទេ គឺខ្ញុំបានចងខ្សែបាញ់តែម្តង។ នៅខណៈពេលនោះខ្ញុំត្រូវរបួសហើយ គឺត្រូវគ្រាប់ទាហានអាមេរិកាំងបាញ់ពីខាងលើចុះមក និងត្រូវផ្សែងពុលទៀតនោះ គឺខ្ញុំរត់ទៅណាលែងរួចតែម្តង។ បន្ទាប់ពីងើបពីពុលមកខ្ញុំបានបាញ់ទៀត គឺបាញ់រហូតដល់ដាច់កន្ទុយ និងធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង។ ខ្ញុំបន្តបាញ់ឧទ្ធម្ភាគចក្រមួយគ្រឿងទៀតដែលបានហោះឆ្វែលនៅជិតខ្ញុំ ហើយខ្ញុំបានបាញ់ធ្លាក់ប្រហែលជាង១០ម៉ែត្រពីកន្លែងខ្ញុំ។ ប្រេះ ហ៊ន ដែលជាអតីតប្រធានកងអនុសេនាតូចចំណុះកងអនុសេនាធំ(គ-១០)នៃកងទ័ពខ្មែរក្រហមប្រចាំនៅឆ្នេរភាគខាងលិចក៏បានឲ្យដឹងថា នៅព្រឹកព្រលឹមឡើងទាហានសហរដ្ឋអាមេរិកបានប្រើឧទ្ធម្ភាគចក្រ យន្តហោះធុនមិច និង F-105 ចាប់ផ្តើមទម្លាក់ និងវាយនៅកោះតាង ហើយទាហានសហរដ្ឋអាមេរិកក៏បានយកកប៉ាល់ម៉ាយ៉ាហ្គេសចេញពីកោះតាងភ្លាមៗ នៅខណៈពេលដែលកំពុងតែប្រយុទ្ធគ្នានោះ។ មុននឹងឧទ្ធម្ភាគចក្របានចុះចតលើកោះតាង គឺកម្លាំងខ្យល់របស់ឧទ្ធម្ភាគចក្របានបក់បោកស្មៅ និងកូនឈើតូចៗរាបដល់ដី ទាហានអាមេរិកាំងបានមើលឃើញកងទ័ពខ្មែរក្រហមច្បាស់ ទោះបីជីកលេណដ្ឋានជម្រៅណាក៏ដោយ។ ហ៊ន ក៏បានបន្ថែមថា កងទ័ពខ្មែរក្រហមមានតែកាំក្លើងដូសេត(១២,៧) មួយដើម មីតត្រើយឺ (A kind of Mitrailleuse)មួយដើម បេ-៤០មួយដើម អឹម-៧៩ មួយដើម និងកាំភ្លើងដៃ (AK-47 and M-16) ហើយពេលវាយជាមួយទាហានអាមេរិកាំងនោះ កងទ័ពខ្មែរក្រហមបានចាញ់បានរត់ខ្ចាត់ខ្ចាយចូលព្រៃ និងឡើងភ្នំអស់។ ហ៊ន ផ្ទាល់ក៏បានរត់បែកពីកងទ័ពផ្សេងទៀត និងបានអត់បាយរយៈពេល២ថ្ងៃ គឺអត់បាយផង ដើររកកងទ័ពផ្សេងទៀតផង។ ម៉ៅ រ៉ាន់ គឺជាអតីតប្រធានកងអនុសេនាតូចចំណុះកងអនុសេនាធំ (គ-៨) នៃកងទ័ពខ្មែរក្រហមប្រចាំនៅឆ្នេរភាគខាងកើតបានបញ្ជាក់ថាមុនដំបូងទាហានអាមេរិកាំងបានទម្លាក់ទាហានរបស់ខ្លួនលើកោះតាង ចតកប៉ាល់ជុំវិញកោះតាងហើយ ទើបទាហានអាមេរិកាំងមកវាយនៅលើកោះតាង ដោយទម្លាក់គ្រាប់ផងបាញ់ផង។ កងទ័ពខ្មែរក្រហមទើបជីកលេណដ្ឋានបានខ្លះអត់ខ្លះ និងភាគច្រើនប្រើប្រាស់តែកាំភ្លើងដៃដូចជាអាកា៤៧ និងអឹម-១៦។ ចំណែកទាហានអាមេរិកាំងបានប្រើប្រាស់កាំភ្លើងទំនើបៗ និងឧទ្ធម្ភាគចក្រច្រើនគ្រឿងរាប់មិនអស់ទេ។ រ៉ាន់ បន្ថែមថា ទាហានសហរដ្ឋអាមេរិកវាយកងទ័ពខ្មែរក្រហមខ្លាំងមែនទែនរួមទាំងជើងគោក និងជើងអាកាសផង ដល់ទៅវាយខ្លាំងអីចឹង កងទ័ពខ្មែរក្រហមមានគ្រាប់ប៉ុន្មាន គឺចាប់ពីពេលព្រឹករហូតដល់ថ្ងៃរសៀលនោះ គឺកងទ័ពខ្មែរក្រហមទប់លែងបានទៀតហើយ គឺរត់ចូលព្រៃ និងឡើងភ្នំអស់។
III) ការស្លាប់ និងការខូចខាតសម្ភារចំពោះឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហ្គេស
១- ចំនួនកងទ័ពខ្មែរក្រហម និងទាហានអាមេរិកដែលបានស្លាប់
អតីតកងទ័ពខ្មែរក្រហមដែលបានចូលរួមប្រយុទ្ធនៅលើកោះតាងមិនបានដឹងចំនួនកងទ័ពដែលបានស្លាប់ និងបាត់ខ្លួនប៉ុន្មាននាក់ឡើយ។ កងទ័ពខ្មែរក្រហមគ្រាន់តែបានដឹងថា នៅពេលដើរប្រមែប្រមូលសាកសព បានឃើញកងទ័ពខ្មែរក្រហមចំនួន ៧នាក់ បានបាត់បង់ជីវិត និងមួយចំនួនទៀត (មិនដឹងចំនួនពិតប្រាកដ) ត្រូវបានទាហានសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកត្រូវកប៉ាល ប៉េ-សេ -អេហ្វ របស់កងទ័ពខ្មែរក្រហមលិចចូលទៅក្នុងទឹកសមុទ្រ នៅខណៈពេលដែលកងទ័ពខ្មែរក្រហមទាំងនោះធ្វើដំណើរត្រឡប់មក កោះតាង បន្ទាប់ពីជូនក្រុមនាវឹកនៃកប៉ាលម៉ាយ៉ាហេ្គសទៅកោះរ៉ុង និងបានដោះលែងក្រុមនាវឹកទាំងនោះឲ្យត្រឡប់ទៅប្រទេសថៃវិញ ។ កងទ័ពខ្មែរក្រហមក៏មិនបានដឹងថាទាហានសហរដ្ឋអាមេរិកប៉ុន្មានបានស្លាប់បាត់បង់អាយុជីវិតដែរ គឺកងទ័ពខ្មែរក្រហមបានដឹងត្រឹមតែថាមានទាហានសហរដ្ឋអាមេរិកបានស្លាប់ច្រើន ពេលកងទ័ពបាញ់ធ្លាក់ឧទ្ធម្ភាគចក្រនោះឃើញមានក្បាល ដៃ ជើងបានឆេះរឡេះរលួយនៅក្បែរឧទ្ធម្ភាគចក្រ។ កងទ័ពខ្មែរក្រហម ក៏រកឃើញសាកសពទាហានអាមេរិកចំនួន ២ ដែលបានរុំថង់កៅស៊ូរួចរាល់នៅលើកោះតាង និងទាហានចំនួន ៣នាក់ ទៀតនៅមានជីវិតបន្ទាប់ពីទាហានសហរដ្ឋអាមេរិកបានដកត្រឡប់ទៅវិញនៅព្រលប់ថ្ងៃដដែល ។ ទាហានអារិកទាំង ៣នាក់ នោះបានស្លាប់ជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានថ្ងៃក្រោយមក ម្នាក់ស្លាប់ដោយសាររបួស និងអត់អាហារ។ ចំណែក២នាក់ទៀត បានស្លាប់ដោយសារកងទ័ពខ្មែរក្រហមបោកគ្រាប់បែក ខណៈពេលកំពុងងូតទឹកសមុទ្រ និងម្នាក់ទៀតត្រូវបានកងទ័ពខ្មែរក្រហមបាញ់សម្លាប់ ខណៈពេលកំពុងពួនលាក់ខ្លួននៅរូងថ្ម ។ ឌូ អ៊ុន ដែលជាអតីតកងទ័ពខ្មែរក្រហមនៃកងវរសេនាតូច ៤១០ នៃកងពលទី៣នេះ បានមានប្រសាសន៍ថា បន្ទាប់ពីមានការប៉ះទង្គិចនៅកោះតាង គឺខាងទីបញ្ជាការនៅកំពង់សោមមិនអាចទាក់ទងមកកងទ័ពដែលឈរជើងនៅលើកោះតាងបានទេ គឺដាច់វិទ្យុទាក់ទងទាំងអស់ ហើយទីបញ្ជាការធំនៅកំពង់សោមបានបញ្ជាឲ្យឈ្មោះ សំណាង ដែលជាបញ្ជាការកងវរសេនាតូច៤១០ រួមជាមួយឈ្មោះ ម៉េន, ម៉ន, ហ៊ត ដែលជាគណៈបញ្ជាការ គ៨ និងគ ១០ បើកកប៉ាល ប៉េ-សេ-អេហ្វមួយគ្រឿងចេញពីមូលដ្ឋានកងទ័ពនៅរាមមកស៊ើបមើលស្ថានភាពនៅកោះតាង។ ចំណែកវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកក៏បានប្រកាសថាទាហានសហរដ្ឋអាមេរិកបានដកទៅវិញនៅម៉ោងប្រមាណ៩យប់ថ្ងៃទី១៥ម្ល៉េះ ប៉ុន្តែខាងខ្មែរក្រហមនៅមិនទាន់ជឿលើព័ត៌មាននេះទេ។ បន្ទាប់ពីមេបញ្ជាការកងវរសេនាតូច៤១០, គ៨ និងគ១០ បានទៅដល់កោះតាង និងរាយការណ៍មកខាងកំពង់សោមវិញថា ទាហានសហរដ្ឋអាមេរិកបានដកទៅវិញអស់ពិតមែន។ ស្អែកឡើងខាងបញ្ជាការដ្ឋានកងពលនៅកំពង់សោមបានបញ្ជាឲ្យ អ៊ុន និងកងទ័ពដ៏ទៃទៀតធ្វើដំណើរមកកោះតាងដែរ។ នៅកោះតាង អ៊ុន បានចូលរួមជាមួយកងទ័ពដ៏ទៃទៀតដើរបោសសម្អាត និងប្រមូលសាកសពយកទៅកប់នៅតាមព្រៃក្បែរឆ្នេរ។ អ៊ុន បានឲ្យដឹងថា គាត់ និងកងទ័ព ផ្សេងៗទៀតបានប្រមូលកប់សាកសពកងទ័ពខ្មែរក្រហមចំនួន៧នាក់ និងទាហានសហរដ្ឋអាមេរិកដែលមានរុំថង់កៅស៊ូចំនួន២នាក់។
ប្រេះ ហ៊ន បានបន្ថែមទៀតថា ពេលនោះកងទ័ពខ្មែរក្រហមមិនបានគិតគូវែង ឆ្លាយឡើយ កងទ័ពខ្មែរក្រហមបានរុញសាកសពទាហានអាមេរិកាំងបណ្តែតទឹកចោល គឺកងទ័ពទាំងនោះធ្វើយ៉ាងណាឲ្យតែសាកសពបានចេញផុតកោះតែប៉ុណ្ណោះ។
២- ការខូចខាតផ្នែកសម្ភារ
ខាងភាគីខ្មែរក្រហមក៏មានការខូចខាតសម្ភារមួយចំនួនដូចជាកប៉ាល ប៉េ-សេ-អេហ្វ ទូកនេសាទថៃ និងទូកជនភៀសខ្លួនវៀតណាម ដែលកងទ័ពខ្មែរក្រហមបានចាប់មុនការប៉ះទង្គិចនេះ។ ចំណែកមូលដ្ឋានកងទ័ពខ្មែរក្រហមនៅលើកោះតាង មូលដ្ឋានកងទ័ពខ្មែរក្រហមនៅរាម រោងចក្រប្រេងកាតនៅកំពង់សោម កំពង់ផែកំពង់សោម ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ភាគីខាងទាហានសហរដ្ឋអាមេរិក គឺមានខូចខាតឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង (ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានកងទ័ពខ្មែរក្រហមបាញ់ឆេះធ្លាក់នៅលើកោះតាងមួយគ្រឿងត្រូវកងទ័ពខ្មែរក្រហមបាញ់ដាច់កន្ទុយធ្លាក់នៅលើកោះតាងដែរ ចំណែក មួយគ្រឿង ទៀតក៏ត្រូវកងទ័ពខ្មែរក្រហមបាញ់ចំ និងបានធ្លាក់នៅក្នុងទឹកសមុទ្រស្ថិតនៅក្បែរកោះព្រីងរបស់កម្ពុជា) និងសម្ភារផ្សេងៗទៀត ។ ប្រេះ ហ៊ន និយាយថា ខ្លួនបានមើលឃើញឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានកងទ័ពខ្មែរក្រហមបាញ់ឆេះសន្ធោសន្ធៅ និងបានចុចធុងសាំងនៅខាងក្រោមឧទ្ធម្ភាគចក្រចោល បន្ទាប់ឧទ្ធម្ភាគចក្រនោះក៏បានធ្លាក់នៅក្នុងទឹកនៅក្បែរកោះព្រីង។ ឧទ្ធម្ភាគចក្រមួយគ្រឿងទៀតនៅសំកាំងលើកោះតាងដើម្បីឲ្យទាហានរបស់ខ្លួនទម្លាក់ជណ្តើរចុះចំពីលើលេណដ្ឋានកងទ័ពខ្មែរក្រហម និងត្រូវកងទ័ពខ្មែរក្រហមបាញ់ត្រូវហើយឆេះធ្លាក់។ ចំណែកឧទ្ធម្ភាគចក្រទី៣ក៏ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ដាច់កន្ទុយធ្លាក់នៅលើកោះនេះដែរ។ ម៉ៅ រ៉ាន់ ក៏បានឲ្យដឹងថា ខាងខ្មែរក្រហមបាញ់ត្រូវ និងធ្លាក់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង មានមួយគ្រឿងត្រូវដាច់កន្ទុយ។ មានទាហានអាមេរិកាំងមួយចំនួនបានស្លាប់នៅលើឧទ្ធម្ភាគចក្រ, ខ្លះនៅក្បែរឧទ្ធម្ភាគចក្រ, ខ្លះស្លាប់នៅលើកោះ និងខ្លះទៀតស្លាប់នៅក្នុងទឹក។ ប៉ាក់ សុខ ក៏ឲ្យដឹងថា នៅ កន្លែងខ្ញុំមានទាហានអាមេរិកាំងប្រមាណជាង១០នាក់ ខ្លះស្លាប់នៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់ និងទាហានខ្លះទៀតបានហែលទឹកសមុទ្រសំដៅទៅអូមបររបស់ពួកគេ។
៣-ការសម្លាប់ឈ្លើយសឹក
បន្ទាប់ពីការប៉ះទង្គិចបានបញ្ចប់ ទាហានសហរដ្ឋអាមេរិកបានដកចេញពីកោះតាងភ្លាមៗនៅព្រលប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ ដោយបានបន្សល់ទុកទាហានរបស់ខ្លួននៅមានជីវិតចំនួន៣រូបនៅលើកោះតាង។ ប៉ាក់ សុខ ដែលបានចូលរួមប្រយុទ្ធនៅលើកោះតាង បានបន្ថែមថា មានទាហានអាមេរិកាំងម្នាក់រត់ឡើងឧទ្ធម្ភាគចក្រមិនទាន់ ហើយក៏បានរត់ទៅពួននៅរូងថ្មមួយកន្លែង។ ប្រហែលជាមួយសបា្តហ៍កន្លងទៅ សុខ បានដើរទៅមើលតាមរូងថ្មក៏ប្រទះឃើញទាហាននោះក៏ភ្ញាក់ និងបានយកកាំណុងកាំភ្លើងទៅបុកនឹងទ្រូងនិងបាញ់ទាហាននោះស្លាប់ និងបានដើររកកាំភ្លើងជុំវិញសាកសពទាហាននោះ ប៉ុន្តែរកមិនឃើញឡើយ។ មុនពេលជួបនិងបាញ់សម្លាប់ទាហានអាមេរិកាំងនេះ សុខ ក៏ធ្លាប់បានដឹងថាមានទាហានអាមេរិកាំងនៅរស់លើកោះ និងបានពួនស្ទាក់តដៃជាមួយកងទ័ពខ្មែរក្រហមទៀតផង។ ប្រេះ ហ៊ន បានបន្ថែមថា មានកងទ័ពខ្មែរក្រហមម្នាក់ឈ្មោះ វ៉ន ធ្លាប់ត្រូវបានទាហានអាមេរិកាំងបាញ់បាក់ភ្លៅពេលដើរល្បាតនៅលើកោះ បានឃើញទាហានអាមេរិកម្នាក់កំពុងងូតទឹកសមុទ្រនៅជិតផ្ទាំងថ្មមួយកន្លែងនៅពេលថ្ងៃត្រង់ វ៉ន ក៏បានបោះគ្រាប់បែកទៅលើទាហានមេរិកាំងនោះស្លាប់ទៅ វ៉ន មិនហ៊ានចូលទៅជិតទាហាន ព្រោះខ្លាចក្រែងទាហាននោះមានកាំភ្លើង។ ឌូ អ៊ុន អតីតកងទ័ពខ្មែរក្រហមដែលបានមកប្រមូលសាកសពបន្ទាប់ពីការប៉ះទង្គិចនៅលើកោះតាំង បានឲ្យដឹងថា គាត់បានឃើញទាហានអាមេរិកាំងម្នាក់បានដេកលើផ្ទាំងថ្មដកដង្ហើមផេតផតៗត្រូវរបួសផង អត់មានអ្វីហូបផង គឺមិនមានកងទ័ពខ្មែរក្រហមណាហ៊ានទៅជិត និងជួយសង្គ្រោះឡើយ ពីព្រោះខ្លាចទាហាននោះមានកាំភ្លើងបាញ់តដៃ ក្រោយមកទាហាអាមេរិកាំងនោះក៏បានស្លាប់ អ៊ុន និងកងទ័ពខ្មែរក្រហមបានយកទាហាននោះទៅកប់នៅព្រៃក្បែរមាត់សមុទ្រនោះ។
អតីតកងទ័ពខ្មែរក្រហមដែលធ្លាប់ចូលរួមប្រយុទ្ធនៅលើកោះតាងបានឲ្យដឹងបន្ថែមទៀតថា ទាហានសហរដ្ឋអាមេរិកមានឧត្តមភាពខ្លាំងក្លា មានបច្ចេកទេសខ្ពស់ និងមានសម្ភារទំនើបៗ។ ដូច្នេះកងទ័ពខ្មែរក្រហមមិនហ៊ានចូលជិតចាប់ទាហាននោះទាំងរស់ ក៏សម្រេចចិត្តបាញ់ និងបោកគ្រាប់បែកសម្លាប់តែម្តង។ ម្យ៉ាងទៀតកងទ័ពខ្មែរក្រហមបារម្ភថា បើចាប់ទាំងរស់ទៅខ្លាចដូចករណីនាវឹកម្នាក់ដែលបានលាក់ខ្លួននៅក្នុងកប៉ាល់ម៉ាយ៉ាហ្គេស និងបានទាក់ទងទៅខាងសហរដ្ឋអាមេរិក ដែលនាំឲ្យសហរដ្ឋអាមេរិកបញ្ជូនទាហានមកទម្លាក់គ្រាប់បែក និងវាយប្រយុទ្ធនៅលើកោះតាងម្តងទៀត។
IV) សេចក្តីសន្និដ្ឋាន
ការប៉ះទង្គិចរវាងកងទ័ពខ្មែរក្រហម និងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងរបស់ប្រទេសកម្ពុជាក្នុងថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ គឺជាជម្លោះប្រដាប់អាវុធទ្រង់ ទ្រាយធំលើកទី១ បន្ទាប់ខ្មែរក្រហមបានឡើងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ហើយក៏ជាការធ្វើសង្គ្រាមលើកចុងក្រោយរបស់ទាហានសហរដ្ឋអាមេ រិកនៅឥណ្ឌូចិន បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្គ្រាមវៀតណាមនៅក្នុងឆ្នាំ១៩៧៣។
ឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហ្គេសនេះ គឺជាសង្គ្រាមមួយដែលមិនគួរឲ្យកើតមាន។ សង្គ្រាមនេះបង្កឡើងនៅពេលដែលកងទ័ពខ្មែរក្រហមបានចេញទៅចាប់កប៉ាល់ម៉ាយ៉ាហ្គេសដែលជាកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រថៃឡង់ដ៍។ សហរដ្ឋអាមេរិកបានបញ្ជូនទាហានរបស់ខ្លួនជាមួយយន្តហោះ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងមកទម្លាក់ និងវាយនៅកោះតាង គឺក្នុងគោលបំណងរំដោះក្រុមនាវឹក និងកប៉ាលម៉ាយ៉ាហ្គេសត្រឡប់ទៅវិញ។ មេដឹកនាំខ្មែរក្រហមបានថ្លែងថា ថ្នាក់ដឹកនាំនៅភ្នំពេញមិនបានដឹងអំពីការចាប់កប៉ាល់ម៉ាយ៉ាហ្គេសនេះភ្លាមៗទេ រហូតដល់មានវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកផ្សាយអំពីការចាប់នេះទើបបានដឹង និងបញ្ជាឲ្យកងទ័ពជើងទឹកនៅក្រុងកំពង់សោមដោះលែងក្រុមនាវឹក និងកប៉ាល់ម៉ាយ៉ាហ្គេសឲ្យត្រឡប់ទៅប្រទសថៃវិញជាបន្ទាន់ គឺតាំងពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបញ្ជូនទាហាន និងយន្តហោះមកទម្លាក់ និងវាយនៅកោះតាងនៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៧៥ដដែល ។ ចំណែកអតីតកងទ័ពជើងទឹករបស់ខ្មែរក្រហមក៏បានទទួលស្គាល់ថាខ្លួនមិនមានជំនាញខាងជើងទឹក និងបានយល់ដឹងអំពីច្បាប់អន្តរជាតិឡើយ ប៉ុន្តែកងទ័ពទាំងនោះបែរជាត្រូវបានចាត់តាំងឲ្យទៅឈរជើងប្រចាំការនៅតាមកោះ និងដែនសមុទ្រនៃប្រទេសកម្ពុជាបន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទៅវិញ ។ អតីតកងទ័ពខ្មែរក្រហមក៏បានទទួលស្គាល់ថា ការចាប់កប៉ាលម៉ាយ៉ាហ្គេសនេះ គឺខុសនឹងច្បាប់អន្តរជាតិ និងបានប្រៀបធៀបកងទ័ពខ្មែរក្រហមនៅពេលនោះទៅនឹងកងទ័ពព្រៃដែលមិនបានចេះច្បាប់អ្វីទាំងអស់ ។ កងទ័ពខ្មែរក្រហមមួយចំនួនថែមទាំងមិនដែលបានស្គាល់សមុទ្រ នៅពេលដែលមេបញ្ជាការរបស់ខ្លួនចាត់តាំងឲ្យធ្វើដំណើរតាមកាណូតទៅឈរជើងនៅលើកោះនោះ គឺបានពុលរលក និងក្អួតចង្អោរថែមទៀតផង ។
វិទ្យុ វីអូអេ ការប៉ះទង្គិចរវាងទាហានខ្មែរក្រហមនិងអាមេរិកនៅកោះតាងកាលពី៤៥ឆ្នាំមុន«មិនគួរកើតមានឡើង អាចជាការយល់ច្រឡំ»ភ្នំពេញ — ក្រោយការចូលកាន់អំណាច គឺចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្លាំងខ្មែរក្រហមចាប់ផ្តើមពង្រឹងអំណាចរបស់ខ្លួន និងបញ្ជូនកងទ័ពទៅការពារព្រំដែន និងតំបន់កោះនៅសមុទ្រផងដែរ។ កោះតាងជាកោះមួយក្នុងខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ហើយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ និងក្រុងព្រះសីហនុ។ កោះនេះជាកន្លែង ដែលកងទ័ពខ្មែរក្រហមមួយចំនួនបានស្លាប់ និងកងទ័ពអាមេរិកចំនួន ១៨ នាក់ បានស្លាប់ ក្នុងការវាយប្រហារគ្នាមួយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។
នេះជាការវាយប្រហារមួយដែលអតីតទាហានខ្មែរក្រហមមួយចំនួន និងជាអ្នកប្រយុទ្ធផ្ទាល់លើកឡើងថា «ជាកំហុស» របស់ខ្មែរក្រហម ដោយសារទាហានដែលត្រូវបញ្ជូនទៅការពារនៅកោះតាង និងកោះផ្សេងៗ សុទ្ធតែជាអ្នកមិនមានជំនាញខាងសមុទ្រ ហើយមិនដឹងច្បាប់សមុទ្រអន្តរជាតិនោះទេ។ ការវាយប្រហារគ្នានេះ កើតឡើងដោយសារការចាប់កប៉ាល់ធំមួយរបស់ក្រុមហ៊ុនឯកជនអាមេរិកឈ្មោះថា ម៉ាយ៉ាហ្គេស (Mayaguez) ដែលមានចំណុះទៅដល់ជាង ១ម៉ឺនតោន។
ការប៉ះទង្គិចរវាងទាហានខ្មែរក្រហមនិងអាមេរិក នៅកោះតាង កាលពី ៤៥ ឆ្នាំមុន ត្រូវអ្នកចងក្រងឯកសារពាក់ព័ន្ធលើកឡើងថា ជាការវាយប្រហារនេះដែលមិនគួរកើតមានឡើង ហើយអាចជាការយល់ច្រឡំព័ត៌មានមួយចំនួន។
បើតាមឯកសារចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៩ កប៉ាល់របស់អាមេរិក ម៉ាយ៉ាហ្គេស បានដឹកទំនិញសម្ភារៈរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងសៃហ្គន នៃវៀតណាមខាងត្បូង និងទំនិញផ្សេងទៀត ហើយបានធ្វើដំណើរចេញពីទីក្រុងហុងកុង ឆ្លងកាត់តាមឈូងសមុទ្រថៃ ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ សាតតាហ៊ីប ខេត្តឈុនបុរីនៃប្រទេសថៃ។
នៅខណៈពេលដែលកប៉ាល់ធ្វើដំណើរមកជិតកោះពូលូវ៉ៃរបស់ប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមដែលឈរជើងនៅទីនោះ និងជាកងទ័ពដែលមិនមានជំនាញខាងជើងទឹកសោះនោះ បានបើកកប៉ាល់ប្រភេទប៉េសេអេហ្វ (Patrol Craft Fast-PCF) ចំនួនពីរគ្រឿង និងមានកងទ័ពជាង ១០ នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ចេញដំណើរទៅស្ទាក់ចាប់កប៉ាល់ម៉ាយ៉ាហ្គេស ដែលស្ថិតនៅចម្ងាយជាង ១០ គីឡូម៉ែត្រពីកោះពូលូវ៉ៃ។
កងទ័ពខ្មែរក្រហមបានបាញ់កាំភ្លើងអឹម ៧៩ ជាសញ្ញាឲ្យកប៉ាល់ឈប់ បន្ទាប់មកបានបញ្ជាឲ្យនាវិកបើកកប៉ាល់នេះចូលមកកោះពូលូវ៉ៃ។ រឿងរ៉ាវបានកើតឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៣ ខែឧសភា កប៉ាល់នេះក៏ត្រូវបានបញ្ជូនមកដល់កោះតាង ដោយមានក្រុមនាវិករបស់អាមេរិកនៅលើកប៉ាល់ផងដែរ។បើតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខ្មែរក្រហមបានឡើងទៅយាមការពារនៅលើកប៉ាល់មួយយប់ មួយថ្ងៃ ហើយនៅព្រលប់ថ្ងៃទី១៤ ខែឧសភា ទីបញ្ជាការធំនៅកំពង់សោម បានប្រាប់ឲ្យកងទ័ពខ្មែរក្រហមចុះចេញពីលើកប៉ាល់ ហើយបញ្ជាឲ្យកងទ័ពខ្មែរក្រហមយកក្រុមនាវិកទាំងអស់ចេញពីកប៉ាល់ និងដឹកមកទុកនៅកោះរ៉ុង ហើយកប៉ាល់មិនបាច់បញ្ជូនមកទេ។
បើតាមឯកសារនោះ អតីតទាហានខ្មែរក្រហមម្នាក់ដែលដឹងរឿងនេះ គឺលោក ប៉ាក់ សុខ បានរៀបរាប់ថា នៅមានសល់នាវិកអាមេរិកម្នាក់លាក់ខ្លួនក្នុងកប៉ាល់ ដែលកងទ័ពខ្មែរក្រហមរកមិនឃើញ។ ហើយប្រហែលជានាវិកនោះទាក់ទងទៅក្រុមការងាររបស់អាមេរិក ទើបឈានដល់ការវាយប្រហារគ្នា។
ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាលើកឡើងទៀតថា នៅពេលធ្វើដំណើរជិតដល់កោះរ៉ុងនៅវេលាម៉ោងរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ ទើបបញ្ជាការធំនៅកំពង់សោមបញ្ជាឲ្យកងទ័ពខ្មែរក្រហមដោះលែងក្រុមនាវិកទាំងអស់ត្រឡប់ទៅប្រទេសថៃវិញ។
នៅពេលនោះ វិទ្យុសំឡេងសហរដ្ឋអាមេរិកបានផ្សព្វផ្សាយជាញឹកញាប់ឲ្យរដ្ឋាភិបាលខ្មែរក្រហមដោះលែងកប៉ាល់ម៉ាយ៉ាហ្គេសជាបន្ទាន់ បើមិនដូច្នេះទេ ទាហានអាមេរិកនឹងមកកម្ទេចកោះតាង និងទីក្រុងកំពង់សោមឲ្យក្លាយជាផេះតែម្តង។
ប៉ុន្តែមិនដឹងថា មានរឿងអ្វីកើតឡើង នៅពេលកំពុងតែរៀបចំដោះលែងឲ្យកប៉ាល់ត្រឡប់ទៅវិញ ស្រាប់តែនៅព្រលឹមស្រាងៗ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក មកទម្លាក់ជុំវិញកប៉ាល់ និងជុំវិញកោះតាង។ នៅពេលដំណាលគ្នានោះដែរ មានទាហានអាមេរិកប្រមាណ ២០០ នាក់ បានជិះឧទ្ធម្ភាគចក្រចំនួន៨គ្រឿងចេញពីប្រទេសថៃ មកចុះនៅលើកោះតាង។
មិនតែប៉ុណ្ណោះ អាមេរិកក៏បញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បែកនៅកំពង់ផែកំពង់សោម រោងចក្រប្រេងកាត រោងចក្រទឹកដោះគោ និងមូលដ្ឋានកងទ័ពខ្មែរក្រហមនៅរាម ធ្វើឲ្យមានការខូចខាតយ៉ាងដំណំ។ ក្នុងនោះមានការបាញ់ផ្សែងពុល ហើយឧទ្ធម្ភាគចក្រចុះមកប្រមែប្រមូលទាហាន និងសាកសពទាហានដើម្បីត្រឡប់ទៅវិញ។លោក ប៉ាក់ សុខ អតីតទាហានខ្មែរក្រហមដែលចូលរួមប្រយុទ្ធនោះ និយាយថា លោកបានបាញ់ឧទ្ធម្ភាគចក្រពីរគ្រឿងរបស់អាមេរិកធ្លាក់ ក្រោយងើបពីពុលផ្សែងពុល។
អតីតទាហានខ្មែរក្រហមម្នាក់ដែលត្រូវបានបញ្ជូនទៅការពារនៅកោះតាង គឺលោក ម៉ៅ រ៉ាន់ អាយុ ៦៦ ឆ្នាំរស់នៅក្នុងខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកបានចូលរួមបាញ់កាំភ្លើងប្រឆាំងនឹងទាហានអាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។
នៅផ្ទះរបស់លោកក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ម៉ៅ រ៉ាន់ ដែលបច្ចុប្បន្នជាអ្នកដាំដូងក្រអូប និងធ្វើស្រែបានថ្លែងប្រាប់ VOA នៅក្រោមផ្ទះរបស់លោក។ លោករៀបរាប់ថា រឿងរ៉ាវនាំឲ្យទាហានអាមេរិកទម្លាក់គ្រាប់បែកនោះ គឺដោយសារទាហានខ្មែរក្រហមចាប់យកកប៉ាល់មួយដែលលោកថា បើកក្បែរតំបន់សមុទ្រកម្ពុជា ហើយគាប់ជួន ខ្មែរក្រហមទើបតែពង្រឹងការគ្រប់គ្រងរបស់ខ្លួនក្រោយផ្តួលរំលំរបប លន់ នល់ ដែលមានការគាំទ្ររបស់អាមេរិក។
លោក ម៉ៅ រ៉ាន់ ដែលពេលនោះអាយុជាង ២០ ឆ្នាំ លើកឡើងថា នេះជាលើកដំបូងដែលលោកធ្វើដំណើរតាមផ្លូវសមុទ្រ ហើយលោកក៏ពុលសមុទ្រផងដែរ នៅពេលខ្មែរក្រហមបញ្ជូនលោកទៅយាមនៅកោះតាង។
លោក រ៉ាន់ ដែលពិការដៃស្តាំ ដោយសារការវាយប្រហារជាមួយទាហានវៀតណាមក្រោយទសវត្សរ៍១៩៨០ មានប្រសាសន៍ថា៖ «ការណ៍ពិតយើងចាប់គេមក យើងមិនធ្វើបាបអីគេទេ។ ដល់ពេលគេនេះ គេមកវាយបក។ យើងគ្រាន់តែការផ្តាំផ្ញើទៅក្មួយៗទាំងអស់ជួយពិចារណា រឿងរ៉ាវដែលកន្លងមក។ ឥឡូវដឹងថាអ្នកណាខុស អ្នកណាត្រូវ។ បើខ្មែរក្រហមអត់មានអីទាល់តែសោះ បាតដៃទទេសោះ ហើយទៅចាប់នាវាម៉ាយ៉ាហ្គេស បានមកប៉ុនណាណី»។
លោក ម៉ៅ រ៉ាន់ ដែលមានកូន ៥ នាក់ បន្ថែមថា៖ «នាវាម៉ាយ៉ាហ្គេសរបស់អាមេរិកាំងធំ បើកបរនៅផ្លូវអន្តរជាតិនោះ គិតទៅវាឆ្ងាយណាស់ មិនងាយនឹងចាប់បានទេ។ អាហ្នឹងគ្រាន់តែផ្តាំផ្ញើប៉ុណ្ណឹងទេក្មួយៗពិចារណាទៅ។ តើអ្នកណាខុសអ្នកណាត្រូវ? បើខ្ញុំសន្និដ្ឋានអាមេរិកខុស ក៏ពិបាកថា បើយករបស់គេមកដល់នេះ។ បើថាខ្លួនឯងខុស ក៏យើងអត់មានធ្វើបាបអីគេ។ អាហ្នឹងវាពិបាកដែរ»។
លោកមានប្រសាសន៍ថា៖ «បើសិនជាអាមេរិកកាំងមានបំណងថា រត់តាមផ្លូវអន្តរជាតិ អត់អ្នកណាគេទៅចាប់ទាន់ទេ។ អត់អ្នកណាទៅចាប់បានទេ។ អ៊ីចឹងមានតែចេតនារបស់អាមេរិក បរកាត់ហ្នឹងក្បែរហ្នឹង បានគេទៅចាប់បានឬក៏បរមកឲ្យគេចាប់ ...ឃើញគេទៅ ឈប់ឲ្យគេចាប់ដើម្បីបង្ករឿង។ អាហ្នឹងខ្ញុំសន្និដ្ឋានក្នុងចិត្តរបស់ខ្ញុំ»។
លោក ម៉ៅ រ៉ាន់ បញ្ជាក់ថា សត្រូវរបស់ខ្មែរក្រហមដែលមានការណែនាំពីខាងលើ គឺវៀតណាម ហើយលោកថា ទាហានខ្មែរក្រហមត្រូវទទួលបញ្ជាឲ្យទៅយាមកាមនៅតាមកោះទាំងអស់។
លោកមានប្រសាសន៍ថា៖ «បើយើងយើងទាហានខ្មែរយើងយើងត្រូវការពារបូរណភាពដែនដីរបស់ខ្លួនអ៊ីចឹងហើយ។ បើគេចូលមកចាប់ចូលមករំលោភលើទឹកដីយើង ខុសឬត្រូវយើងចាប់សិន។ បើគេមកវាយយើង យើងត្រូវវាយទៅវិញ។ អាហ្នឹងគេហៅថាកងទ័ពការពារជាតិ»។
លោកបន្តថា៖ «វាជារឿងអតីតកាល ហើយវាចប់ហើយ។ ខ្ញុំបានទៅកោះតាង ហើយទៅរកឆ្អឹងទៀតផង»។កងពលទី៣ នៃភូមិភាគនិរតីរបស់ខ្មែរក្រហម គឺជាកងពលមួយដែលបានចូលកាន់កាប់កោះ និងកូនកោះនៅក្នុងដែនទឹកសមុទ្រកម្ពុជា បន្ទាប់ពីការឡើងកាន់អំណាចរបស់ខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥។ ប្រធានកងពលនេះ គឺលោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម ដែលជាជនត្រូវចោទក្នុងសាលាក្តីខ្មែរក្រហម ហើយកំពុងរង់ចាំការសម្រេចរបស់តុលាការថា ត្រូវបញ្ជូនទៅជំនុំជម្រះឬត្រូវទម្លាក់បទចោទ។
លោកស្រី Emily Zeeberg អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សប្តាហ៍នេះជាទិវារំឭក ៤៥ ឆ្នាំនៃឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហេ្គស ដែលលោកស្រីបញ្ជាក់ថា មានទាហានអាមេរិក ១៨ នាក់បាត់បង់ជីវិតនៅក្នុងជម្លោះជាមួយទាហានខ្មែរក្រហម។ លោកស្រីបន្តថា សហរដ្ឋអាមរិកកោតសរសើរការសហការលក្ខណៈមនុស្សធម៌យូរអង្វែងរបស់កម្ពុជា ដើម្បីស្វែងរកអដ្ឋិធាតុរបស់ទាហានអាមេរិកកាំងដែលស្លាប់ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានទាហានអាមេរិកកាំងនៅក្នុងឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហ្គេសផងដែរ។
អតីតកងទ័ពខ្មែរក្រហមដែលបានចូលរួមប្រយុទ្ធនៅលើកោះតាង មិនបានដឹងចំនួនកងទ័ពខ្មែរដែលស្លាប់និងបាត់ខ្លួនទេនោះ គ្រាន់តែដឹងថា កងទ័ពចំនួន ៧ នាក់ បានស្លាប់ និងមួយចំនួនទៀតត្រូវបានទាហានអាមេរិកទម្លាក់គ្រាប់បែកត្រូវ ពេលពួកគេកំពុងជិះកប៉ាល់ប៉េសេអេហ្វនៅក្នុងសមុទ្រ។
បើតាមឯកសារក្រោយបញ្ចប់ការវាយប្រហារ ទាហានអាមេរិក ២ នាក់នៅលើកោះតាង ត្រូវបានកងទ័ពខ្មែរក្រហមបោកគ្រាប់បែកសម្លាប់ ខណៈកំពុងងូតទឹកសមុទ្រ និងម្នាក់ទៀតត្រូវបានកងទ័ពខ្មែរក្រហមបាញ់សម្លាប់ ខណៈកំពុងពួនលាក់ខ្លួននៅរូងថ្ម។
លោក ឡុង ដានី ជាអ្នកស្រាវជ្រាវម្នាក់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ហើយបានចងក្រងឯកសារស្តីពី «ឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហ្គេស នៅកោះតាង ក្នុងខែឧសភា ឆ្នាំ១៩៧៥»។
លោកបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា នេះជា«ការធ្វើសង្រ្គាមលើកចុងក្រោយរបស់ទាហានសហរដ្ឋអាមេរិកនៅឥណ្ឌូចិន បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្រ្គាមវៀតណាមនៅក្នុងឆ្នាំ១៩៧៣»។ លោកបញ្ជាក់ថា ឧបទ្ទវហេតុកប៉ាល់ម៉ាយ៉ាហ្គេសនេះ «គឺជាសង្រ្គាមមួយដែលមិនគួរឲ្យកើតមាន»។
លោកមានប្រសាសន៍ថា៖ «គាត់និយាយថា ការចាប់កប៉ាល់ម៉ាយ៉ាហេ្គសនេះជាកំហុស ពីព្រោះឃើញកប៉ាល់ម៉ាយ៉ាហ្គេសហ្នឹង បើកនៅជិតកោះតាងមែន ប៉ុន្តែខ្មែរក្រហមមិនដឹងផ្លូវហ្នឹងជាផ្លូវទឹកអន្តរជាតិ ក៏ចេញទៅចាប់កប៉ាល់ ហើយបានសារភាពថា អាហ្នឹងគឺជាកំហុសមួយដែលខ្មែរក្រហម បានទៅចាប់កប៉ាល់គេនៅក្នុងដែនទឹកអន្តរជាតិ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការដែលប្រយុទ្ធគ្នានៅលើកោះតាងនេះ គឺជាការប្រយុទ្ធមួយ ដែលមិនគួរឲ្យកើតឡើង។ បើតាមខ្ញុំគិត។ អ៊ីចឹងខ្ញុំគិតថា មានបញ្ហាយល់ច្រឡំពាក់ព័ន្ធនឹងព័ត៌មានខ្លះមើលទៅ ពីព្រោះការប្រយុទ្ធហ្នឹង វាធ្វើឲ្យមានការខូចខាតច្រើន។ ទាំងកងកម្លាំងសហរដ្ឋអាមេរិក ទាំងខ្មែរក្រហមហ្នឹង មានការខូចខាតច្រើនមែនទែននៅលើកោះតាងហ្នឹង»។
លោក ឡុង ដានី មានប្រសាសន៍ថា លោកបានសម្ភាសទាហានខ្មែរក្រហម ៤ទៅ៥ នាក់ ដែលបានចូលរួមប្រយុទ្ធផ្ទាល់ក្នុងហេតុការណ៍នេះ និងអ្នកដែលបានដឹងរឿងកប៉ាល់នេះជាង ២០ នាក់ទៀត។លោកបញ្ជាក់ថា សង្រ្គាមរវាងខ្មែរក្រហមនិងទាហានអាមេរិកនេះជាចំណុចមួយសំខាន់ដែលធ្វើឲ្យទាហានខ្មែរក្រហមនៅតែចងចាំ ទោះជា ៤៥ ឆ្នាំកន្លងមកហើយក៏ដោយ៕
អតីតកងទ័ពជើងទឹកខ្មែរក្រហម បានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ-- ឌូ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។
ឌូ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។ បន្ទាប់ពីមានរដ្ឋប្រហានៅឆ្នាំ១៩៧០គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរអណ្ដើកទាំងអស់បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ ហើយ អ៊ុន ក៏បានឈប់រៀន មករស់នៅជាមួយឪពុកម្ដាយជួយធ្វើស្រែ ឃ្វាលគោ និងក្របីជាដើម។
នៅចុងឆ្នាំ១៩៧២ មានយុវជនជាច្រើនបានស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបភូមិ និងឃុំរបស់ខ្មែរក្រហម ដោយគិតថាពួកគេចូលនេះគឺដើម្បីបម្រើជាតិ។ អ៊ុន ក៏បានស្ម័គ្រចិត្តធ្វើកងឈ្លបដូចជាយុវជន ផ្សេងៗទៀតដែរ។ ដំបូងឡើយ អ៊ុន បម្រើជាកងឈ្លប នៅឃុំតាយ៉ាប ដែលមានទីស្នាក់ការនៅភូមិជំនៀ ខ្ពស់។ អ៊ុន ត្រូវបានចាត់តាំងឲ្យដើរមើល និងការពារសុវត្តិភាពនៅក្នុងភូមិឃុំ ហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព និងទទួលការអប់រំបំពាក់បំប៉នផ្នែកនយោបាយពីអង្គការខ្មែរក្រហម។ ហឿន ជាប្រធានឃុំតាយ៉ាប។
បន្ទាប់មកខ្មែរក្រហមបានបញ្ជូន អ៊ុន ឲ្យចូលក្នុងអង្គភាពកងទ័ពវិញ គឺកងវរសេនាតូចលេខ១០៣ តំបន់៣៣ ដែលត្រូវឈរជើងនៅព្រៃល្មាត ខាងជើងផ្លូវជាតិលេខ៤។ កឿន ជាប្រធានកងវរសេនាតូចលេខ ១០៣ ប៉ុន្តែក្រោយមក កឿន ក៏បានស្លាប់។ ហម បានឡើងជាប្រធាន ស៊ីម និងសំណាង ជាអនុប្រធាន ជំនួសកឿន។ នៅតំបន់៣៣មានកងវរសេនាតូចចំនួន៤ គឺកងវរសេនាតូចលេខ១០២ ១០៣ ១០៤ និង១០៥។
នៅឆ្នាំ១៩៧៤ កងវរសេនាតូចលេខ១០២ និង១០៣ ត្រូវបានបញ្ចូលទៅក្នុងកងពលទី៣របស់ភូមិភាគនិរតី និងត្រូវទៅប្រចាំការនៅលង្វែក។ កងវរសេនាតូចលេខ១០៣ ត្រូវបានប្ដូរទៅជាកងវរសេនាតូច៤១០ ចំណុះឲ្យកងវរសេនាធំលេខ១៦។ ប្រធានវរសេនាតូចលេខ៤១០ គឺ ហម និង ស៊ីម ដដែល។ រីឯកងវរសេនាធំលេខ១៦ មានឈ្មោះ មៀច ជាប្រធាន។ អ៊ុន បានត្រូវរបួសចំជើង និងខ្នង នៅពេលប្រយុទ្ធក្នុងសមរភូមិ និងបានចូលសម្រាក់ពេទ្យអស់រយៈពេលជិត២ខែ។
នៅចុងឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ កងពលរបស់ អ៊ុន បានផ្លាស់មកប្រតិបត្តិការនៅតាមផ្លូវជាតិលេខ៤ នៅម្តុំមហាសាំង (ទំនប់ព្រែកហៅ)។ ចំណែកកងទ័ពមួយចំនួនបានបន្តមកឈរជើងនៅបែកចានដដែល ដើម្បីវាយប្រយុទ្ធជាមួយទាហានលន់ នល់ និងអាមេរិក។ កងពលរបស់ អ៊ុន មិនបានចូលវ៉ៃដល់ទីក្រុងភ្នំពេញទេ គឺចូលត្រឹមតែបែកចានតែប៉ុណ្ណោះ។
ក្រោយពីរំដោះបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមតម្រូវឲ្យកងពលទី៣របស់ អ៊ុន ទៅប្រចាំការនៅកំពង់សោម។ ពោលគឺថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ កងពលទី៣ បានចេញទៅកំពង់សោម។ ថ្ងៃទី២០ ខែនិងឆ្នាំ ដដែលកងពលទី៣បានទៅដល់រាម។ លុះដល់រាម កងពលទី៣ ត្រូវបានប្ដូរឈ្មោះទៅជាកងពល១៦៤ ដែលជាកងពលរបស់មជ្ឈឹម។ ប្រធាននិងអនុប្រធានកងពល១៦៤ ឈ្មោះ មុត និង ឌឹម។ ប៉ុន្តែកងវរសេនាតូចមិនបានប្ដូរឡើយពោល គឺកងវរសេនាតូចលេខ ៤១០ដដែល ហើយចំណែកឯប្រធាននិងអនុប្រធានក៏មិនមានការផ្លាស់ប្ដូរដែរ។
បន្ទាប់ពីនៅរាមបាន២ថ្ងៃ គឺថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៥ កងវរសេនាតូចលេខ ៤១០ ដែលមានកងទ័ពប្រមាណជា ៣០០ទៅ ៤០០នាក់ បានធ្វើដំណើរឆ្ភោះទៅកោះតាង និងកោះប៉ូឡូវ៉ៃ។ អ៊ុន បានឈរជើងនៅកោះតាង។ នៅកោះតាងនេះមានកងអនុសេនាធំចំនួន២ គឺគ៨ និងគ១០ ដែលមានកងទ័ពសរុបប្រហែល ២០០នាក់។ អ៊ុន ស្ថិតនៅក្នុងកងអនុសេនាធំគ៨ ដែលមានឈ្មោះ ម៉េន និង ហួត ជាប្រធាន និងអនុប្រធានកងអនុសេនាធំគ៨។ ម៉ន ជាប្រធានកងអនុសេនាធំគ១០ ហើយហូន ជាអនុប្រធាន។ នៅកោះតាង អ៊ុន គឺជាប្រធានក្រុមដែលគ្រប់គ្រងកងទ័ពចំនួន ១២ នាក់។
ថ្ងៃទី ២៤ ខែមេសានិងឆ្នាំដដែល អ៊ុន និងកងទ័ពជាង១០០នាក់ទៀត ត្រូវបញ្ជូនឲ្យទៅកោះក្រចកសេះ ឬកោះប៉ូឡូប៉ង់សង់ ។ ការធ្វើដំណើរទៅកោះក្រចកសេះនេះ គឺត្រូវជិះទូកម៉ាស៊ីន១២០សេះ ចំនួនជិត១០គ្រឿង ក្នុងទូកមួយគ្រឿងមានកងទ័ពប្រមាណជិត២០ ។ នៅកោះក្រចកសេះមានប្រជាជនរស់នៅច្រើន និងសម្បូរទៅដោយផ្ទះថ្ម។ ប្រជាជននៅទីនោះគឺជាប្រជាជនវៀតណាម និងខ្មែរកម្ពុជាក្រោម ដែលមានអ្នកខ្លះចេះភាសាខ្មែរ។ លើសពីនេះទៀតក៏មានទាហានធៀវគី(វៀតណាមខាងត្បូង)នៅលកោះ ក្រចកសេះនេះផងដែរ។ ខណៈពេលដែលទាហានវៀតណាមខាងត្បូងបានលើកទង់ជ័យសរនោះ កងទ័ពខ្មែរក្រហមបានចូលទៅដល់កោះក្រចកសេះភ្លាមៗដែរ។ ប្រជាជនដែលរស់នៅលើកោះក្រចកសេះមានភាពរាក់ទាក់ និងបានដាំបាយឲ្យ អ៊ុន និងកងទ័ពខ្មែរក្រហមផ្សេងទៀតបរិភោគ។ មេបញ្ជាការខ្មែរក្រហមប្រចាំនៅកោះក្រចកសេះរួមមាន សារឿន, ចាយ, ទង, ម៉េន និង ហួត ។ កងទ័ពខ្មែរក្រហម បានដើរប្រាប់ប្រជាជន និងទាហានធៀវគី ដែលរស់នៅកោះក្រចកសេះ ឲ្យរៀបចំខ្លួន និងអ៊ីវ៉ាន់ផ្សេងៗដើម្បីចាក់ចេញ ព្រោះកងទ័ពខ្មែរក្រហមត្រូវកាន់កាប់កោះនេះ។ បន្ទាប់ពីឈរជើងនៅកោះក្រចកសេះបានចំនួន២ថ្ងៃ អ៊ុន និងកងទ័ពប្រមាណ២០នាក់ទៀត ត្រូវទទួលបញ្ជាឲ្យត្រឡប់មកកោះតាងវិញ។ ចំណែកកងវរសេនាតូចលេខ៤៧០របស់ តាចាយ ដែលបានបញ្ជូនកងទ័ពមកបន្ថែមរហូតដល់ជាង ៣០០ នាក់បានបន្តឈរជើងនៅកោះក្រចកសេះទៀត។
អ៊ុន និងកងទ័ព២០នាក់ទៀត មិនបានចូលមកកោះតាងនោះភ្លាមទេ ពោលគឺត្រូវចូលទៅស្នាក់នៅ កោះប៉ូឡូវ៉ៃ មួយយប់សិន ពីព្រោះនៅ កោះតាង កំពុងតែមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនឹងទាហានអាមេរិក។ នៅខណៈពេលប្រយុទ្ធនោះ កងទ័ពអាមេរិកបានប្រើយន្តហោះកន្ទុំរុយជាច្រើនគ្រឿង បោកគ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងកាំភ្លើងទំនើបៗផងនោះ កងទ័ពខ្មែរក្រហមអាចទប់ទល់បានតែរយៈប៉ុន្មានម៉ោង ក៏បាននាំគ្នារត់ចូលព្រៃ និងឡើងលីភ្នំអស់។ នៅខណៈពេលកំពុងប្រយុទ្ធគ្នានៅលើកោះតាងនោះ ទាហានអាមេរិកក៏បានទម្លាក់គ្រាប់បែកនៅកំពង់សោម រាម និងរោងចក្រប្រេងកាតផងដែរ។ ការវាយប្រយុទ្ធគ្នានៅកោះតាងបានចាប់ផ្ដើមតាំងពីពេលព្រឹកព្រលឹម ហើយបានបញ្ចប់វិញនៅម៉ោងប្រមាណ៩យប់។
បន្ទាប់ពីបញ្ចប់ការប្រយុទ្ធគ្នា អ៊ុន និងកងទ័ពខ្មែរក្រហមផេ្សងទៀត ក៏បានចូលទៅដល់កោះតាងនិងជួយប្រមែរប្រមូលសាកសពកងទ័ពខ្មែរក្រហម និងទាហានអាមេរិកយកទៅកប់។ សរុបកងទ័ពខ្មែរក្រហមបានស្លាប់ចំនួន ៧នាក់ និងបាត់ខ្លួន ៣នាក់ ។ ចំណែកទាហានអាមេរិកក៏បានស្លាប់មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ ថែមទាំងបានបន្សល់ទុកនូវខ្មោចយន្តហោះកន្ទុំរុយពីរគ្រឿង និង ធុងសាំងចំនួនពីរទៀតផង។
ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហានអាមេរិកនៅកោះតាងនេះ គឺដើមហេតុមកពីកងទ័ពខ្មែរក្រហមបានចាប់កប៉ាល់ម៉ាយ៉ាហ្គេស ដែលជាកប៉ាល់ដឹកទំនិញរបស់អាមេរិក ហើយអាមេរិកទាមទារឲ្យដោះលែងកប៉ាល់របស់ខ្លួន។ កប៉ាល់ម៉ាយ៉ាហ្គេសបានដឹកទំនិញឆ្លងកាត់ក្បែរកោះប៉ូឡូវ៉ៃ ហើយត្រូវបានកងទ័ពជើងទឹករបស់ខ្មែរក្រហមចេញមកស្ទាក់ចាប់ពីកោះប៉ូឡូវ៉ៃយកមកទុកនៅកោះតាង។
បន្ទាប់រំដោះបានវៀតណាមខាងត្បូងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រហែល ២សប្តាហ៍ កងកង ទ័ពវៀតណាមបានវាយសម្រុកកងទ័ពខ្មែរក្រហមនៅកោះក្រចកសេះនិងកោះប៉ូឡូវ៉ៃ។
កងទ័ពវៀតណាមបានចាប់កងទ័ពខ្មែរក្រហមទាំងអស់យកទៅឃុំឃាំងនៅកោះត្រល់ និងបានបាញ់ពន្លិចទូកម៉ាស៊ីនរបស់ខ្មែរក្រហមអស់ជាច្រើនគ្រឿង។ ក្រោយមក នួន ជា បានជួបចរចារជាមួយភាគីវៀតណាម ដើម្បីឲ្យដោះលែងកងទ័ពខ្មែរ និងប្រគល់កោះប៉ូឡូវ៉ៃមកឲ្យខ្មែរវិញ។ បន្ទាប់ ពីវៀតណាមប្រគល់កោះប៉ូឡូវ៉ៃមកវិញ ខ្មែរក្រហម ក៏បានបញ្ជូន អ៊ុន និងកងវរសេនាតូចលេខ៤១០ ទៅប្រចាំការកោះប៉ូឡូវ៉ៃ។
ប្រជាជនវៀតណាម និងថៃតែងតែមកនេសាទត្រីនៅក្បែរៗកោះប៉ូឡូវ៉ៃ ហើយត្រូវកងទ័ពខ្មែរក្រហមចាប់ឃាត់ទុក និងបញ្ជូនអ្នកនេសាទទាំងនោះទៅកំពង់សោម។ លើសពីនេះ ក៏មានជនបទេសក្រៅពីថៃនិងវៀតណាម បានបើកក្ដោងឆ្លងកាត់ និងត្រូវកងទ័ពខ្មែរក្រហមចាប់បញ្ជូនមកកំពង់សោមផងដែរ។
អ៊ុន ធ្លាប់ត្រូវបានចាត់តាំងឲ្យមករៀនសូត្រ និងប្រជុំនៅកំពង់សោមម្ដងម្កាលដែរ គឺប្រជុំម្តងៗមានរយៈពេលមួយខែកន្លះ អ្នកដឹកនាំប្រជុំមាន មាស មុត, សេង, សុន សេន ហើយការប្រជុំនោះគឺទាក់ទងទៅនឹងការការពារជាតិ និងការការពារដែនដី។ នៅកោះប៉ូឡូវ៉ៃ អ៊ុន និងកងទ័ពផ្សេងទៀតបានដាំបន្លែបង្ការ និងធ្វើផែដើម្បីចតទូក កាណូតជាដើម។ កងទ័ពខ្មែរក្រហម ហូបចុកមួយថ្ងៃ៣ពេល គឺពេលព្រឹកហូបបបរ ពេលថ្ងៃហូបបាយ និងពេលលា្ងចហូបបាយ។
នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលដល់កំពង់សោម អ៊ុន និងកងទ័ពផ្សេងទៀត បានរត់ចេញពីកោះប៉ូឡូវ៉ៃ ដោយឆ្លងកាត់តាមចម្លងគោ នៅខាងជើងស្ទឹងហាវ ឆ្ពោះទៅអណ្ដូងទឹក និងឡើងភ្នំអូរ ដំបង។ បន្ទាប់មក អ៊ុន រួមជាមួយកងទ័ព ប្រជាជនប្រុសស្រីចំនួន៣៣នាក់បានរត់ត្រឡប់មកកំពង់ស្ពឺ និងបានចូលសារភាពជាមួយវៀតណាម។ អ៊ុន ត្រូវស្ថិតនៅមន្ទីរអប់រំរយៈមួយខែកន្លះ វៀតណាមបញ្ជូនមកកំពង់ត្រាំ ពាមខ្វាវ។ បន្ទាប់មក អ៊ុន និងមនុស្សជាង៣០នាក់ផ្សេងទៀតបានបែកគ្នាត្រឡប់មកស្រុកកំណើតរៀងៗខ្លួន។
ម៉ៅ រ៉ាន់ អតីតកងអន្តរាគមន៍ចាប់ទូកនេសាទ និង កប៉ាល់ ដែលឆ្លងចូលកម្ពុជាប្រជាធិបតេយ្យ
ជាអតីតកងទ័ពជើងទឹកខ្មែរក្រហមនៅកងពល១៦៤ដែលបានឈរជើងនៅកំពង់សោម ម៉ៅ រ៉ាន់ ធ្វើនៅក្នុងនាវាប្រដេញមួយ ក្នុងចំណោមកងនាវាប្រដេញ៤ ដែលប្រើសម្រាប់ធ្វើការអន្តរាគមន៍ និងចាប់អ្នកដែលចូលក្នុងដែននសមុទ្រកម្ពុជា រួចបញ្ជូនមកកោះតាងតាមការបញ្ជាផ្ទាល់ពីថ្នាក់លើ។
ម៉ៅ រ៉ាន់ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រ៉ាន់ បានរៀនត្រឹមថ្នាក់ទី៨ (សង្គមចាស់) នៅសាលាមួយក្នុងស្រុកបរសេដ្ឋ ហើយក៏ឈប់រៀន ពីព្រោះតែក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុឆ្នាំ១៩៧០ មិនមានកន្លែងសម្រាប់រៀនត្រឹមត្រូវ ហើយប្រទេសជាតិក៏ធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលទៀត។
នៅឆ្នាំ១៩៧២ រ៉ាន់ បានចូលធ្វើជាកងទ័ពខ្មែរក្រហម ដោយមុនដំបូងគាត់ត្រូវបានជ្រើសរើសជាឈ្លបភូមិឃុំ។ បន្ទាប់ពីធ្វើជាឈ្លបភូមិឃុំបានមួយរយៈ គាត់ត្រូវបានបញ្ជូនមកនៅស្រុក។ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៣ រ៉ាន់ ត្រូវបានបញ្ជូនឡើងមកតំបន់៣៣ ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលនៅពេលនោះ គណៈតំបន់មានឈ្មោះ អន់។ រ៉ាន់ នៅកងពលទី៣ វរសេនាធំ២១ វរសេនាតូច៤១០ ហើយគាត់មានតួនាទីជាប្រធានអនុសេនាតូច។ កងពលរបស់គាត់ត្រូវឡើងទៅវាយតាមផ្លូវជាតិលេខ៤ ចាប់តាំងពីពេជ្រនិលរហូតដល់ទីក្រុងភ្នំពេញ។
ក្រោយពីរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពលរបស់ រ៉ាន់ មិនបានចូលទីក្រុងទេ គឺមកបោះទីតាំងនៅបែកចានវិញ។ ពីរថ្ងៃក្រោយមក កងពលរបស់គាត់ត្រូវបានដកទៅនៅកំពង់សោម។ រ៉ាន់ បានបញ្ជាក់ថា ដោយសារតែកំពង់សោមមិនទាន់បានរំដោះទាំងស្រុង ដូច្នេះហើយបានជាកងពលរបស់គាត់ទៅដល់កន្លែងណាគឺត្រូវតែវាយនៅកន្លែងនោះតែម្តង។ បើមិនមានទាហាន លន់ នល់ សេសសល់នៅហ្នឹងទេ គឺគាត់ឈរជើងនៅកន្លែងនោះតែម្តង។ បន្ទាប់ពីមកដល់កំពង់សោមបានមួយថ្ងៃ គាត់ក៏ត្រូវបានបញ្ជូនទៅរាម ដែលនៅពេលនោះ គណៈកងពលមិនទាន់ទៅដល់ទេ។ បន្ទាប់ពី រ៉ាន់ នៅរាមបានរយៈពេលពីរថ្ងៃ ប្រធានវរសេនាតូចឈ្មោះ ហ៊ម បានប្រមូល និងបែងចែកកម្លាំងទៅប្រចាំការនៅកោះតាង ដែលមានគ្នាមិនដល់២០នាក់ផងនៅពេលនោះ ពីព្រោះកងទ័ពនៅកងពលផ្សេងៗមិនទាន់បានមកប្រមូលផ្តុំគ្នានៅឡើយទេ។
ដូច្នេះហើយបានជាខ្មែរក្រហម ប្រើវិធីសាស្ត្រមួយនោះគឺ អ្នកណាមកមុន គឺត្រូវតែចេញទៅមុន ដោយបានដឹកយកទៅប្រចាំការនៅកោះឆ្ងាយៗ ដូចជា កោះតាង កោះព្រីង កោះពូលូវ៉ៃ ជាដើម។រ៉ាន់ បានរៀបរាប់ថា នៅពេលទៅដល់កោះតាងដំបូង កងទ័ពមានការលំបាកក្នុងការរស់នៅ ដោយសារតែ កោះតាងព័ទ្ធជុំវិញសុទ្ធតែព្រៃ ដូច្នេះហើយគ្មានជម្រើសអ្វីក្រៅពីបោះតង់នៅតាមមាត់សមុទ្រដើម្បីសម្រាកនោះទេ។ បន្ទាប់ពីនៅលើកោះតាងបានរយៈពេល៤-៥ថ្ងៃ ខ្មែរក្រហមក៏បានបញ្ជូនកម្លាំងបន្ថែមទៀតដែលធ្វើឱ្យកម្លាំងឈរជើងនៅលើកោះកើនឡើងរហូតដល់ប្រហែល ៣០នាក់ ។ ក្រោយ មកកម្លាំងដែលឈរជើងប្រចាំការនៅលើកោះតាងទាំងនោះ ត្រូវបានថ្នាក់លើដកកម្លាំងមួយចំនួនមកវិញ ដោយឱ្យទៅការពារកោះក្រចកសេះ ដូច្នោះហើយបានជាកម្លាំងខ្មែរក្រហមដែលប្រចាំការលើកោះតាងនៅសល់តែជាង ១០នាក់ តែប៉ុណ្ណោះ។ រ៉ាន់ ក៏បានបញ្ជាក់ទៀតថា មានកប៉ាល់ម៉ាយ៉ាហ្គេរបស់អាមេរិចកាំងធំមួយបានបើកមកជិតកោះតាង ហើយពេលនោះនាវារបស់ខ្មែរក្រហមដែលសល់ពីរបបលន់ នល់ បានទៅធ្វើអន្តរាគមន៍ និងបាននាំកប៉ាល់នោះទៅខាងកើតកោះ។ បន្ទាប់មក ខ្មែរក្រហមក៏បានបញ្ជូនកម្លាំងជំនួយទៅកោះតាង បន្ថែមទៀតដែលធ្វើឱ្យកម្លាំងខ្មែរក្រហមកើនឡើងប្រមាណ ៣០នាក់ ។ ពីរថ្ងៃបន្ទាប់ពីចាប់ កប៉ាល់ម៉ាយ៉ាហ្គេ យន្តហោះអាមេរិកាំងក៏បានមកធ្វើអន្តរាគមន៍។ ប៉ុន្តែ មុនរយៈកាលណោះ ខាងទាហានអាមេរិកាំងបានមកទម្លាក់កម្លាំងជុំវិញរួចហើយ។ ទាហានអាមេរិកាំងចាប់ផ្តើមបើកការប្រយុទ្ធជាទ្រង់ទ្រាយធំដោយនាំកម្លាំងមកជាច្រើន មានដូចជា យន្តហោះសម្រាប់ទម្លាក់គ្រា់ប់ជាដើម។ នៅពេលដែលយន្តហោះអាមេរិកាំងមកទម្លាក់គ្រាប់ ខាងកម្លាំងខ្មែរក្រហមមិនអាចធ្វើអ្វីបានឡើយ ដោយសារតែខ្វះខាតអាវុធ គឺមានតែកាំភ្លើងអាកា និងអ៊ឹម១៦ សម្រាប់បាញ់ទម្លាក់យន្តហោះអាមេរិកាំងតែប៉ុណ្ណោះ។ បន្ទាប់មក ខាងកម្លាំងខ្មែរក្រហមបានជីករណ្តៅត្រង់សេ សម្រាប់លាក់ខ្លួនដើម្បីឱ្យផុតពីការទម្លាក់គ្រាប់របស់អាមេរិកាំង ខ្មែរក្រហមបានបាញ់ទម្លាក់យន្តហោះអាមេរិកាំងនៅកន្លែងពីរគ្រឿងទៀតផង។ រ៉ាន់ ក៏បានបញ្ជាក់ថា បន្ទាប់ពីបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អាមេរិកាំងធ្លាក់ ទាហានអាមេរិកាំងដែលជិះនៅលើនោះបានហែលឡើងគោក។ នៅពេលនោះ ទាហានអាមេរិកាំងមានចំនួនច្រើន ហើយខាងខ្មែរក្រហមក៏បានបាញ់សម្លាប់តែម្តង។ បន្ទាប់ពីបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ និងសម្លាប់ទាហានអាមេរិកាំងហើយ ទ័ពជើងអាកាសអាមេរិកចាប់ផ្តើមវាយប្រហារកាន់តែខ្លាំងឡើង។ ដោយមិនមានសម្ភារសឹកគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយទាហានអាមេរិកាំង ការប្រយុទ្ធគ្នាបានបណ្តាលឱ្យខាងខ្មែរក្រហមស្លាប់៧នាក់នៅលើកោះ និងជាច្រើននាក់ទៀតនៅលើទូកហើយ អ្នកសេសសល់ផ្សេងទៀតក៏បានរត់ចូលក្នុងព្រៃ នៅពេលដែលទាហានអាមេរិកាំងឡើងលើកោះ។ បន្ទាប់ពីឈ្នះលើកងទ័ពខ្មែរក្រហមនៅលើកោះតាង ទ័ពអាមេរិកាំង មិនបានចូលក្នុងព្រៃទេ ប៉ុន្តែបែរជារាយកម្លាំងរបស់ខ្លួននៅលើកោះទៅវិញ។ ទាហានអាមេរិកាំងបានលើកសាកសពដែលស្លាប់រប៉ាត់រប៉ាយដាក់លើយន្តហោះ ដើម្បីយកទៅទុកនៅកន្លែងមួយផ្សេងទៀត។ រ៉ាន់ ក៏បានបន្ថែមទៀតថា ក្រោយពីការប្រយុទ្ធ មានទាហានអាមេរិកម្នាក់នៅរស់ ហើយបានដើរជួបប្រទះកម្លាំងខ្មែរក្រហម ហើយក៏ត្រូវបានខ្មែរក្រហមបាញ់សម្លាប់។ យន្តហោះអាមេរិកាំង មិនត្រឹមតែទម្លាក់គ្រាប់នៅកោះតាងនោះទេ ប៉ុន្តែក៏ទម្លាក់នៅកំពង់សោម នៅរាម ដែលបណ្តាលឱ្យប៉ុស្ត៍វិទ្យុ និងផែអន្តរជាតិខ្ទេចខ្ទីស្ទើរតែទាំងស្រុង។ ប្រហែលជាកន្លះខែក្រោយពីការប្រយុទ្ធគ្នានៅលើកោះតាង រ៉ាន់ ត្រូវបានដកមកកំពង់សោមដើម្បីបង្កើតជាកងថ្មី នៅពេលនោះអ្នកដែលត្រូវបានដកមកនោះ គឺមានតែប្រធានកង ប្រធានក្រុម។ រ៉ាន់ បានបន្តទៀតថា ក្រោយពីប្រយុទ្ធជាមួយអាមេរិកាំងនៅកោះតាង កងទ័ពវៀតណាមបានចាប់ផ្តើមវាយយកកោះត្រល់ កោះក្រចកសេះជាដើម ដែលធ្វើឱ្យកងទ័ពខ្មែរក្រហមទាំងអស់បានស្លាប់ និងត្រូវបានចាប់ខ្លួន។ បន្ទាប់ពីត្រូវបានបញ្ជូនទៅកោះត្រល់មួយរយៈ យោធាខ្មែរក្រហមដែលត្រូវចាប់ខ្លួនទាំងអស់ត្រូវបានដោះលែង បន្ទាប់ពីមានការចរចាជាមួយខាងភាគីវៀតណាម តាមរយៈផ្លូវទូត។ ក្រោយមកទៀត រ៉ាន់ ត្រូវបានបញ្ជូនមកនៅខាងនាវាចម្បាំងនៅកំពង់សោមសម្រាប់ធ្វើការអន្តរាគមន៍ និងចាប់ទូកដែលចូលដែនសមុទ្រកម្ពុជាដោយខុសច្បាប់។ នៅពេលនោះប្រធានកង ពលឈ្មោះ មាស មុត និងតា សារឿន ជាអ្នកគ្រប់គ្រងនាវាចម្បាំងទាំង៤គ្រឿង។ ជាទូទៅ មុនចុះអន្តរាគមន៍ និងចាប់ទូក ដូចជាទូកនេសាទថៃ ឬក៏ទូកដែលចូលដែនសមុទ្រកម្ពុជា កងនាវាចម្បាំងតែងតែចេញទៅអន្តរាគមន៍ ដោយមានបទបញ្ជាផ្ទាល់ពីថ្នាក់លើ។ ជាក់ស្តែង នៅដើមឆ្នាំ១៩៧៨ កងនាវារបស់ រ៉ាន់ បានចាប់ និងបញ្ជូនទូកនេសាទថៃ២គ្រឿងដែលក្នុងទូកនីមួយៗមានមនុស្ស ប្រហែលជា៣០នាក់។ ទូកនេសាទថៃច្រើនតែពន្លឿនទូកចូលក្នុងដែនសមុទ្រកម្ពុជានៅខែប្រាំង ពីព្រោះតែមិនសូវមានរលកធំៗ។ បន្ទាប់ពីធ្វើការអន្តរគមន៍ទូកនេសាទថៃហើយ ថ្នាក់លើកបានបញ្ជាឱ្យបញ្ជូនអ្នកនេសាទថៃទាំងនោះទៅផែរាម។ រ៉ាន់ បញ្ជាក់ថា កងទ័ពដែលឈរជើងនៅលើកោះក៏រងគ្រោះមិនតិចដែរ ដោយសារយន្តហោះរបស់ថៃហោះបាចថ្នាំពីលើអាកាសដែលធ្វើឱ្យពុលរាកស្ទើរតែស្លាប់។ ក្រៅពីចាប់ទូកនេសាទថៃ ខ្មែរក្រហមក៏បានអន្តរាគមន៍ និងចាប់ទូកក្តោងរបស់ជនជាតិអាមេរិកាំងមួយទៀតដែរ ប៉ុន្តែមិនមែនកងនាវារបស់ រ៉ាន់ ជាអ្នកចាប់នោះទេ ពីព្រោះគាត់បានត្រឹមតែឃើញទូកក្តោងនោះត្រូវបានគេនាំទៅផែមួយផ្សេងទៀតនៅអូឈើទាល។ បន្ថែមពីលើការធ្វើអន្តរគមន៍ទៅលើទូកដែលចូលមកដែនសមុទ្រកម្ពុជា កងនាវារបស់ រ៉ាន់ ក៏មានតួនាទីដោយឡែកមួយទៀតផងដែរ គឺសម្រាប់ជូនថ្នាក់លើ ដូចជា មាស មុត ទៅប្រជុំតាមកោះ។ ក្រោយពីកងទ័ពវៀតណាមយកឈ្នះលើកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៩ រ៉ាន់ បានជួប មាស មុត ម្តងទៀត ហើយបានរៀបចំអង្គភាពមួយផ្សេងទៀតនៅចន្លោះពីចុងឆ្នាំ១៩៧៩ ទៅដើមឆ្នាំ១៩៨០ ដែលកងពលនោះ គឺជាកងពល៣៧០ដែលមានឈ្មោះ សឹង ជាប្រធាន (តែក្រោយមកស្លាប់ក្នុងពេលប្រយុទ្ធគ្នា)។ បន្ទាប់មក កងពល៣៧០ របស់ រ៉ាន់ បានវៃតាមផ្លូវជាតិលេខ៤មកកើត រហូតមកទល់ខេត្តកំពង់ស្ពឺ ប៉ុន្តែជាអកុសល នៅពេលដែលកំពុងវាយជាមួយកងទ័ពវៀតណាម នៅពេជ្រនិលក្នុងឆ្នាំ១៩៨៥ រ៉ាន់ បានត្រូវអំបែងគ្រាប់បេ៤០ខ្ទាតចំហើយក៏ធ្លាក់ខ្លួនពិការចាប់តាំងពីពេលនោះមក៕
ក្រោយពេល សុំ នៅយាមការពារកោះក្រចកសេះបានតែប៉ុន្មានថ្ងៃ គាត់ក៏ទទួលដំណឹងថា កងយោធាខ្មែរក្រហមបានស្ទាក់ចាប់កប៉ាល់ ម៉ាយ៉ាហ្គេ របស់អាមេរិក។ ប៉ុន្តែ អាមេរិកបានទាមទារឱ្យដោះលែង ហើយបានធ្វើការវាយប្រហារ និងទម្លាក់គ្រាប់លើមូលដ្ឋានយោធារបស់ខ្មែរក្រហមនៅកោះតាង កំពង់ សោម និងរាម។ ដូច្នេះហើយ សុំ និងសមាជិកកងរបស់គាត់ក៏ទទួលបញ្ជាឱ្យចល័តមកវាយជាមួយកងទ័ពអាមេរិក នៅកោះតាង និងកោះពូលូវ៉ៃ។ សុំ បន្តថា យោធាខ្មែរក្រហមបានបាញ់ទាហានអាមេរិកាំងស្លាប់ជាច្រើន ដោយសារតែអាមេរិកាំងមានមាឌធំ និងបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងនៅកោះពូលូវ៉ៃទៀត។ បន្ទាប់ពីព្រឹត្តិការណ៍ប្រយុទ្ធគ្នាជាមួយកងទ័ពអាមេរិក និងបន្ទាប់ពី សុំ ការពារនៅលើកោះក្រចកសេះបានមួយរយៈ វៀតណាមបានបញ្ជូនកងទ័ពខ្លួនស្ងាត់ៗតាមកប៉ាលចូលមកកោះក្រចកសេះ បន្ទាប់មកកងទ័ពវៀតណាមចាប់ផ្តើមវាយចេញពីទីលានចុះឧទ្ធម្ភាគចក្រ កងទ័ពខ្មែរក្រហមទាំងអស់នៅលើកោះមិនបានចាប់អារម្មណ៍ថា កងទ័ព វៀតណាមអាចចូលមកដូច្នេះឡើយ។ កងទ័ពវៀតណាមបានបាញ់ត្រូវ និងស្លាប់កងទ័ពខ្មែរក្រហមអស់ចំនួន៨នាក់ រួចហើយក៏បានភ្ជង់ចាប់កងទ័ពខ្មែរក្រហមទាំងអស់ដែលនៅលើកោះ។ បន្ទាប់មក វៀតណាមបានសួររកមេបញ្ជាការកងទ័ពខ្មែរក្រហមដែលប្រចាំនៅកោះក្រចកសេះនេះ ប៉ុន្តែដើម្បីលាក់បាំងកងយោធាខ្មែរក្រហមបានលួចយកកាំភ្លើងខ្លីរបស់មេបញ្ជាទៅពាក់ឱ្យសាកសពកងទ័ពខ្មែរក្រហមទាំងនោះ រួចហើយកុហកកងទ័ពវៀតណាមថា មេបញ្ជាការរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។ កងទ័ពវៀតណាម បានចាប់ខ្លួនយោធាខ្មែរក្រហមទាំងអស់ រួចដឹកតាមកាណូតទៅកោះត្រល់ទាំងយប់។ សុំ បានទៅដល់កោះត្រល់នៅពេលទៀបភ្លឺ ហើយគាត់ត្រូវបានកងទ័ពវៀតណាមយកទៅដាក់នៅអតីតបន្ទាយរបស់កងទ័ព ធីវគី (វៀតណាមខាងត្បូង) ដែលមានរបងលួសបន្លាខ្ពស់ៗផុតពីក្បាល។ នៅទីនោះ អ្នកយាមបានដកហូតយកសម្ភារប្រើប្រាស់ទាំងអស់ពីយោធាខ្មែរក្រហម ដូចជា នាឡិកា និងកន្សែងសូត្រ។ ប៉ុន្តែមិនបានសួរចម្លើយ និងធ្វើទារុណកម្មលើអ្នកទាំងនោះទេ។ រាល់ថ្ងៃ ឆ្មាំគុកបានដឹក សុំ និងកងយោធាខ្មែរក្រហមទាំងអស់តាមរថយន្ត យកទៅឱ្យបោចស្មៅនៅក្នុងចម្ការធុរេននៅលើកោះត្រល់ ដែលមានប្រវែង៣៥គីឡូម៉ែត្រ (តាមរយៈផែនទីភូមិសាស្ត្រ)។ សុំ បាននិយាយថា ប្រជាជននៅលើកោះត្រល់មានចិត្តល្អ និងបានទិញនំឱ្យកងរបស់គាត់ហូបទៀត។ នៅក្នុងគុក សុំ និងយោធាខ្មែរក្រហមទាំងអស់ទទួលបានរបបអាហារជាធម្មតា ប៉ុន្តែ មិនត្រូវបានផ្តល់ថ្នាំពេទ្យឱ្យទេ។ ដូច្នេះ យោធាខ្មែរក្រហមដែលត្រូវរបួសដោយសារការប្រយុទ្ធនៅលើកោះក្រចកសេះ ត្រូវយកទឹកអំបិលមកលាងរបួសដោយខ្លួនឯង។ ឆ្មាំគុកបានបែងចែកយោធាខ្មែរក្រហមទៅជាកងតូចៗ និងបានជ្រើសមេកងម្នាក់ឱ្យគ្រប់គ្រង។ ចំពោះសមាជិកកងណាដែលធ្វើខុសវិន័យ ដោយទៅបន្ទោរបង់នៅក្រៅបង្គន់ហើយមិនបានសម្អាត អ្នកយាមនឹងធ្វើទារុណកម្មលើមេកងដោយវាយនឹងដំបង ព្រោះមិនចេះគ្រប់គ្រងសមាជិកក្រុម។ នៅទីនោះ សុំ និងយោធាខ្មែរក្រហមទាំងអស់ បានរៀបចំគម្រោងវាយអ្នកយាម រួចហែលចេញពីកោះត្រល់។ ស្រាប់តែខណៈនោះ សុំ បានស្តាប់តាមវិទ្យុ (ឆ្មាំគុកអនុញ្ញាតឱ្យគាត់ស្តាប់វិទ្យុ) ឮថា សម្តេចព្រះ នរោត្តម សីហនុ ប្រកាសពីចំណងមិត្តភាពពិសេស សាមគ្គីភាពពិសេសរវាង វៀតណាម និងកម្ពុជា ទើបគាត់ផ្អាកផែនការរត់គេចខ្លួន។ សុំ និងកងយោធាខ្មែរក្រហមទាំងអស់ នៅជាប់ឃុំឃាំងរយៈពេលបីខែ ទើបវៀតណាមដោះលែងឱ្យមកខ្មែរវិញតាមច្រក ហាទៀង ជាប់ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅមុនពេលដោះលែង វៀតណាមបានចែកស្បែកជើង, មួក និងបានកាត់ខោអាវឱ្យ សុំ និងកងយោធាខ្មែរក្រហមម្នាក់មួយកំប្លេរ។ ពេលនោះ កង ចាប បានឱ្យកងយោធាតំបន់៣៥ ទៅទទួល សុំ និងសមាជិកកងទាំងអស់ពីវៀតណាមរួច ហើយដឹកបន្តទៅក្រុងកំពង់សោម។ នៅពេល សុំ មកដល់ប្រទេសកម្ពុជា ក្នុងអំឡុងខែតុលា និងវិច្ឆិកា ឆ្នាំ១៩៧៥ គាត់ និងសមាជិកកងទាំងអស់ដែលជាប់ឃុំនៅវៀតណាម មិនត្រូវទទួលស្វាគមន៍ពីសំណាក់មេបញ្ជាការកងពល១៦៤ ទៀតទេ ព្រោះសង្ស័យថា ក្រុមរបស់គាត់ដែលវៀតណាមចាប់យកទៅឃុំជា សេ.អ៊ី.អា និង កា.ហ្សេ.បេ។ សុំ និងសមាជិកកងទាំងអស់ត្រូវបានហៅមកប្រជុំនៅអូរតែល ៧ជាន់ នៅក្នុងក្រុងកំពង់សោម។ បន្ទាប់ពីប្រជុំចប់ សមាជិកកងទាំងមូលត្រូវបានដក និងបំបែកឱ្យទៅនៅអូរឈើទាល, រោងចក្រប្រេងកាត និងទៅស្ទឹងហាវ ព្រោះអង្គការមិនទុកចិត្ត។ ចំណែកមេបញ្ជារបស់ សុំ ទាំងអស់ត្រូវ បានទម្លាក់តួនាទីពីប្រធានវរសេនាតូច មកអនុប្រធានវរសេនាតូច ដោយដាក់អ្នកថ្មីមកដឹកនាំជំនួសវិញ។ ចំណែក សុំ នៅក្នុងកងពល១៦៤ ដដែល តែត្រូវអង្គការដកកាំភ្លើងមិនឱ្យកាន់ និងបានដកសិទ្ធិជា សម្ព័ន្ធយុវជនបក្សកុម្មុយនីស្តកម្ពុជា រួចបញ្ជូនឱ្យទៅធ្វើស្រែនៅអូរម្លូ ម្តុំព្រលានយន្តហោះកងកេង។ ទីបញ្ចប់ អង្គការបានផ្លាស់ សុំ មកនៅក្នុងកងពល ៧០៣ ដើម្បីវាយជាមួយវៀតណាម នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា, ស្រុកប្រសូត្រ និងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។ សុំ នៅព្រំដែនបានរយៈពេលបីខែ ក៏រងរបួសត្រង់ភ្លៅ ហើយគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៧ មេសា ក្នុងក្រុងភ្នំពេញ។ រហូតមកដល់ដើម ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា សុំ ក៏ជិះរទេះភ្លើងទៅខេត្តពោធិ៍សាត់ រួចបន្តដំណើរដោយថ្មើរជើងទៅស្រុកបវេល ខេត្តបាត់ដំបង។ សោម ប៊ុនថន៕
មួយខែក្រោយពីខ្មែរក្រហមដណ្ដើមអំណាចពីរបបសាធារណរដ្ឋ ដែលឧបត្ថម្ភដោយអាមេរិក, ឧបទ្ទវហេតុមួយកើតឡើងទៅលើនាវាដឹកទំនិញរបស់ អាមេរិក, SS Mayaguez ដែលនាំយកសម្ភារចេញពីវៀតណាមខាងត្បូង ៩ ថ្ងៃ មុនពេលទីក្រុងព្រៃនគរដួលរលំក្រោមការវាយប្រហារពីវៀតណាមខាងជើង ថ្ងៃទី ១២ ឧសភា ឆ្នាំ ១៩៧៥ នាវា SS Mayaguez ធ្វើដំណើរលើផ្លូវចេញពីទីក្រុងព្រៃនគរ ឆ្ពោះទៅប្រទេស ថៃ ដោយបើកបរចម្ងាយ ១២ ម៉ៃ ពីឆ្នេរប្រទេស កម្ពុជា ។ របបខ្មែរក្រហមអះអាងថានាវានោះ ស្ថិតនៅលើដែនទឹកកម្ពុជា ប៉ុន្តែពេលនោះ អាមេរិក ដឹងថា ដែនសមុទ្រកម្ពុជា ស្ថិតនៅចម្ងាយ ៣ ម៉ៃ ពីឆ្នេរដីគោក ។ ទាហាន ខ្មែរក្រហម បានដេញតាមនាវា SS Mayaguez ហើយបាញ់កាំភ្លើងព្រមានជាច្រើនគ្រាប់ ព្រមទាំងបាញ់បេ និងគប់គ្រាប់បែកដៃទៅលើនាវា ។ បានបញ្ជូនសារទៅកាន់មូលដ្ឋានកងទ័ពអាមេរិក ហើយបញ្ឈប់នាវា ។ ទាហាន ខ្មែរក្រហម ឡើងលើនាវា និងបង្ខំឲ្យកាពីតែន បើកនាវាទៅចតនៅកោះ ប៉ូឡូវ៉ៃ ដែលស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា ។ ទង្វើរបស់ខ្មែរក្រហមធ្វើឲ្យអាមេរិកខឹងសម្បារយ៉ាងខ្លាំង ហើយរដ្ឋបាលលោកប្រធានាធិបតី Gerald Ford បានរៀបចំបេសកកម្មសង្គ្រោះមួយ ជាពេលដែលអាមេរិកទើបមានរបួសថ្មីពីសង្គ្រាមវៀតណាម ហើយសាធារណជនក្នុងប្រទេសទាមទារឲ្យចាត់វិធានការជាបន្ទាន់ ចំពោះការចាប់នាវា SS Mayaguez ។
ថ្ងៃទី ១៣ ឧសភា យន្តហោះ P-3 Orion បានឃើញនាវាបោះយុថ្កានៅកោះ ប៉ូឡូវ៉ៃ ។ យន្តហោះចម្បាំង F-4 Phantoms ពីរគ្រឿង បាញ់ព្រមានក្បែរនាវា បន្ថែមភាពតានតឹងដែលកំពុងតែមានស្រាប់ ឲ្យកើនឡើងកាន់តែខ្លាំង ។ ឧត្ដមសេនីយ៍ John Burns ទទួលភារកិច្ចក្នុងបេសកកម្មរំដោះនាវា បានបង្កើតក្រុមរំដោះមួយ ចូលរួមដោយទាហានម៉ារីនទី៣ ឈរជើងនៅក្នុងប្រទេស ហ្វីលីពីន និងទាហានម៉ារីនទី ៣ ឈរជើងនៅលើកោះ អូគីណាវ៉ា ប្រទេស ជប៉ុន មានសមាសភាពឧទ្ធម្ភាគចក្រ MH-53៩ គ្រឿង ។
មុនពេលដែលក្រុមរំដោះចាប់ផ្ដើមប្រតិបត្តិការ, ទាហាន ខ្មែរក្រហម បានជម្លៀសចំណាប់ខ្មាំងចេញពីនាវាទៅកំពង់សោម ប៉ុន្តែកម្មាភិបាលប្រចាំភូមិភាគកំពង់សោម មិនហ៊ានទទួលចំណាប់ខ្មាំងទាំងនោះ ដោយសារខ្លាចអាមេរិកសងសឹក ទើបពួកគេនាំយកចំណាប់ខ្មាំងទៅកាន់កោះរង់សន្លឹមវិញ ។
ចំណែកភ្នាក់ងារស៊ើបអង្កេតអាមេរិកយល់ថា ខ្មែរក្រហម បាននាំចំណាប់ខ្មាំងទៅកោះតាង ដែលជាកោះធំបំផុតនៅឯនាយឆ្នេរសមុទ្រកម្ពុជា ។ ទាហានអាមេរិក បានរៀបចំផែនការរំដោះមនុស្សនៅលើកោះតាង ។ ដោយសារព័ត៌មានមិនគ្រប់គ្រាន់ ទាហាន អាមេរិក ជឿថា ខ្មែក្រហមមានកម្លាំងតែ ២០ ទៅ ៣០ នាក់ប៉ុណ្ណោះនៅលើកោះតាង ហើយពួកមានអាវុធអន់ៗ ប៉ុន្តែការពិតខ្មែរក្រមបានពង្រឹងកម្លាំងយ៉ាងរឹងមាំនៅលើកោះតាង ដោយភ័យខ្លាចការលុកលុយរបស់វៀតណាម ។</p>
ការប្រយុទ្ធគ្នាយ៉ាងខ្លាំង ផ្ទុះឡើងនៅលើកោះតាង រវាងទាហានខ្មែរក្រហម និងកងរំដោះរបស់ទាហានម៉ារីនអាមេរិក ។ ទាហានម៉ារីនអាមេរិកស្លាប់ ១៣ នាក់ ទាំងមិនទាន់បានចុះចតឧទ្ធម្ភាគចក្រផង ក្រោមការបាញ់ស្រោចដោយកាំភ្លើង AK និងបាញ់បេ ព្រមទាំងកាំភ្លើងផ្លោងធុនធ្ងន់ ។ឧទ្ធម្ភាគចក្រទាហានអាមេរិក ៨ គ្រឿងទទួលរងការវាយប្រហារ ក្នុងនោះ ៣ គ្រឿង ត្រូវបានបំផ្លាញទាំងស្រុង និង ៤ គ្រឿងខូចខាតធ្ងន់ធ្ងរ មិនអាចប្រើប្រាស់បាន ។
ការប្រយុទ្ធគ្នាបន្តរហូតដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហ៊ូ នឹម ប្រកាសតាមវិទ្យុថា នាវា Mayaguez ព្រមទាំងចំណាប់ខ្មាំង នឹងត្រូវបានដោះលែង ។ ហ៊ូ នឹម បញ្ជាក់ថា ទាហានខ្មែរក្រហមគ្រាន់តែចង់ការពារអធិបតេយ្យភាពដែនសមុទ្រកម្ពុជាប៉ុណ្ណោះ ។ ចំណាប់ខ្មាំង ត្រូវបានប្រគល់ទៅឲ្យនាវា SS Henry Wilson ដែលចតនៅក្បែរឆ្នេរកោះតាង ។ ក្រោយចំណាប់ខ្មាំងត្រូវបានដោះលែង មេបញ្ជាការទាហាន អាមេរិក បានបញ្ជាឲ្យបញ្ឈប់ការប្រយុទ្ធទាំងអស់ ។ ចំណែកទាហានម៉ារីន ៣ នាក់ដែលជាប់នៅលើកោះតាង ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោល ។ ក្រោយការប្រយុទ្ធគ្នា ឧទ្ធម្ភាគចក្រទាហានអាមេរិក បានហោះហើរទៅកាន់អាកាសយានដ្ឋាន អូតាប៉ាវ ខេត្ត ផាទីយ៉ា ប្រទេស ថៃ ជួបឧបទ្ទវហេតុធ្លាក់ស្លាប់ទាហាន ១៨ នាក់ និងនាវិក ៥ នាក់ ។ ឈ្មោះទាហានពលីរបស់អាមេរិកនៅកម្ពុជា ត្រូវបានឆ្លាក់នៅជួរចុងក្រោយនៃបញ្ជីឈ្មោះទាហានស្លាប់ក្នុងសង្គ្រាមវៀតណាម ៕
No comments:
Post a Comment