Wednesday, June 22, 2016

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និពន្ធ​ដោយ​លោក អាដេម៉ារ ឡឺក្លែរ

ក្បាល​ទី​១

ប្រទេស​កម្ពុជា តាម​រឿងនិទាន និង​សិលាចារឹក

ជំពូក​ទី​១

១- អំពី​ប្រទេស​ហ្វូណន

ពួក​ចិន​ដែល​ស្គាល់​ឥណ្ឌូចិន​តាំង​តែ​ពី​២០០០​ឆ្នាំ​មុន ដោយ​មាន​ពួក​អ្នក​ដើរ​សំពៅ​មក​ចុះ​ចត​ជា​ញឹក​ញយ​ផង​នោះ បាន​ហៅ​ទឹកដី​នៃ​អាង​ទន្លេមេគង្គ​ខាងក្រោម​រហូត​ដល់​មាត់​សមុទ្រ​ខាងត្បូង​ ថា «ហ្វូណន ឬ​ប៉ូណន» ។ តាម​មើល​ទៅ ពួក​វិប្រជា​ ឬ​កុលសម្ព័ន្ធ​ដែល​រស់នៅ​ទីនោះ មិន​បាន​ស្គាល់​ឈ្មោះ​ដែល​ចិន​ដាក់​ឱ្យ​គេ​នេះ​ទេ (1) ។

បើ​តាម​ប្រជាជន​កម្ពុជា និង​តាម​រឿងព្រេង អ្នកស្រុក​បាន​ហៅ​ចំណែក​ដែល​ត្រូវ​នឹង​កម្ពុជា​សព្វថ្ងៃ​ថា «គោកធ្លក ឬ​នគរ​គោកធ្លក» (2)។

គឺ​ពេល​ក្រោយ​យូរ​មក​ទៀត​ទើប អ្នកស្រុក​ប្រែ​ហៅ​ថា ស្រុក​ខ្មែរ​វិញ រួច​ក្រោយៗ​មក​ទៀត​ហៅ «កម្ពុជា» ជា​សំស្ក្រឹត​ថា «កម្វុជា» ជា​ឈ្មោះ​ដែល​ជ្រើស​រើស​ដោយ​ពួក​អ្នក​មក​ច្បាំង​ដណ្ដើម​ស្រុក និង​អ្នក​ដែល​នាំ​អារ្យធម៌​ហិណ្ឌូ​មក​ផ្ដល់​ឱ្យ ។

ប៉ុន្ដែ បើ​ទោះជា​ឈ្មោះ​នោះ​ជា​ពាក្យ​ចិន ជា​ពាក្យ​របស់​អ្នកស្រុក ឬ​ក៏​ជា​ពាក្យ​សំស្ក្រឹត​ក្ដី ក៏​នៅ​ឥណ្ឌា​ភាគ​ខាងជើង​គេ​ស្គាល់​ប្រទេស​ខ្មែរ​ក្រោម​ឈ្មោះ​ថា «សក្ក​ទ្វីប» មាន​ន័យ​ថា ទ្វីប ឬ​ទឹកដី​របស់​ដើម​សកៈ គឺ​ដើម​ម៉ៃសាក់ ។ ដើម​ម៉ៃសាក់​ខុស​គ្នា​ពី​ដើម​ធ្លក ក៏​ប៉ុន្ដែ​ដើម​ឈើ​ទាំង​២​មាន​ផ្លែ​ដូច​គ្នា ដែល​ពួក​ក្មេងៗ​តែង​យក​មក​កកេរ ហើយ​គេ​អាច​យក​មក​ចម្រាញ់​យក​ប្រេង​បាន ។ បើ​ដូច្នេះ គេ​អាច​ទទួល​ស្គាល់​ថា ឈ្មោះ​ដែល​គេ​ដាក់​ឱ្យ​កម្ពុជា ទោះជា​ដាក់​ឱ្យ​ដោយ​ប្រជាជន​ខ្លួនឯង ឬ​ក៏​ដាក់​ឱ្យ​ដោយ​ពួក​ហិណ្ឌូ​ក្ដី គឺជា​ពាក្យ​តែ​មួយ ហើយ​ដោយ​ហេតុនេះ ប្រពៃណី​របស់​ប្រជាជន គឺ​ពិតជា​ត្រូវ​នឹង​សញ្ញាណ​របស់​ហិណ្ឌូ​ដែរ ។

គួរ ​កត់​សម្គាល់​ថា​នៅ​សតវត្សរ៍​ទី​២​នៃ​គ្រិស្ដសករាជ​ ពួក​ក្រិក​ និង​រ៉ូម៉ាំង​ស្គាល់​ស្រុក​ខ្មែរ​ដោយ​ផែនទី​របស់ ផ្ដូលេមេ ដែល​គូស​ឡើង​តាម​ការ​និទាន​របស់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ផែនទី​នោះ​ដាក់​ឈ្មោះ​ឱ្យ​ថា ជា​ស្រុក​របស់​ពួក​លេស្ដៃ (3) ដែល​ខុស​គ្នា​ឆ្ងាយ​ណាស់​នឹង​ពាក្យ​កម្ពុជា ។ លោក​វរសេនីយ៍ឯក ហ្សេរីនី បាន​សន្និដ្ឋាន​ថា ឈ្មោះ​នេះ​មិន​មែន​ជា​ឈ្មោះ​ដែល​ថា​តាម​ពាក្យ​អ្នកស្រុក​ដើម​នោះ​ទេ តែ​គឺជា​ពាក្យ​ប្រែ​ទៅ​វិញ ។ បើ​និយាយ​ដូច្នេះ «លេស្ដៃ» ជា​ពាក្យ​ក្រិក​ដែល​មាន​ន័យ​ថា ចោរ ឬ​ចោរ​សមុទ្រ ។ ខ្ញុំ​នៅ​មិន​ទាន់​យល់​នៅ​ឡើយ​អំពី​និរុត្ដិសាស្ដ្រ​ដ៏​ប៉ិន​ប្រសប់​បែប​នេះ តែ​ខ្ញុំ​ហាក់​ដូចជា​ទាល់​ប្រាជ្ញ​ក្នុង​ការ​ដែល​ចង់​ពន្យល់​ពាក្យ​ខ្មែរ បែរ​ជា​លេច​ពាក្យ លេស្ដៃ ទៅ​វិញ ។ តែ​លោក​វរសេនីយ៍ឯក​បាន​រំលឹក​ថា ពាក្យ​កម្ពុ ដែល​មាន​នៅ​ក្នុង​សិលាចារឹក​ជា​ឈ្មោះ​របស់​ទេវៈ​បុព្វបុរស​របស់ កម្ពុស្វ័យម្ភុ ដែល​មាន​ន័យ​ថា​កើត​មាន​ឡើង​ដោយ​ខ្លួនឯង ពោល​គឺ ព្រះព្រហ្ម ។ ហើយ​ពាក្យ​នេះ​ជា​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា​ ចោរ​ ឬ​ចោរ​សមុទ្រ ។​ដោយហេតុ​នេះ​លោក​វរសេនីយ៍​សន្និដ្ឋាន​ថា​ពាក្យ​ក្រិកថា ​លេស្ដៃ​ត្រូវ​គ្នា​នឹង​ពាក្យ កម្ពុ ពាក្យ​ទាំង​ពីរ​ម៉ាត់​នេះ​មាន​ន័យ​ថា ចោរ​ ចោរ​សមុទ្រ ឬ​បើ​ហោច​ណាស់​ក៏​សំដៅ​យក​ពួក​អ្នក​ដែល​រស់នៅ​ជា​ក្រុម​ប្រដាប់​ដោយ​អាវុធ​ ដែរ ។ លោក​សន្និដ្ឋាន​បន្ដ​ទៀត​ថា នៅ​ស្រុក​នេះ អ្នកស្រុក​ប្រកប​មុខរបរ​ជា​ចោរ​សមុទ្រ ឬ​បើ​ពុំនោះ​ទេ ក៏​ត្រូវជា​កូនចៅ​របស់​មេចោរ​សមុទ្រ ឬ​ចោរប្លន់​តាម​សមុទ្រ​ណា​ម្នាក់​ដែល​បុគ្គលិក​លក្ខណៈ​បាន​រលុប​បាត់​តាម​ ពេលវេលា​ទៅ​ហើយ​នៅ​សតវត្សរ៍​ទី​៥ (4)។

ទាំង​រឿងព្រេង ទាំង​ប្រពៃណី​កម្ពុជា​និយាយ​ថា ពួក​អ្នក​រស់នៅ​ក្នុង​នគរ​គោកធ្លក​មាន​ឈ្មោះ​ថា «នាគ» ដែល​ក្រោយ​មក​ដូរ​ជា​ «ខ្មែរ» រួច​ជា​ «កម្ពុជា» ​វិញ (5) ។ តែ​វា​មាន​មូលហេតុ​ដែល​អាច​ឱ្យ​ជឿ​បាន​ថា ពាក្យ «នាគ» នេះ មិនមែន​ជា​ឈ្មោះ​ដើម​ដែល​គេ​ហៅ​ខ្លួន​គេ​នោះ​ទេ ប៉ុន្ដែ គឺជា​ពាក្យ​ដែល​ពួក​និរប្រវេសន៍​ហិណ្ឌូ​ដាក់​ឱ្យ ។ ពាក្យ​ដែល​គេ​ហៅ​ខ្លួន​គេ​នោះ គឺ​ប្រហែលជា​ពាក្យ​ដែល​មាន​នៅ​រហូត​ដល់​សព្វថ្ងៃ គឺ​ខ្មែរ​នេះឯង គ្រាន់តែ​ពាក្យ​នេះ​មាន​សរសេរ​ប្លែកៗ​គ្នា​ទៅ​តាម​ពេលវេលា​ទីកន្លែង​ និង​តាម​គ្រាមភាសា​របស់​អ្នកស្រុក​នីមួយៗ​ គឺ​មាន​ពាក្យ​ ខម​ កៅមេ​ក្មេន​ ក្មី​ គិមី​ គួរ​ ក្មៀរ​ កុមារ ដែល​ជា​ពាក្យ​តាម​ភាសា​អ្នក​វិប្រជា​ដើម (6) ។

នៅ​ចំពោះ​មុខ​ពួក​បរទេស​ ហិណ្ឌូ​ដែល​មាន​អារ្យធម៌​ជឿនលឿន​ជាង​ ពួក​អ្នក​រដ្ឋវាសី (អ្នក​នៅ​ក្នុង​រដ្ឋ) ដែល​មិនសូវ​មាន​អាវុធ​ផង ហើយ​ក៏​អាច​ជា​អ្នក​ចូល​ចិត្ដ​សន្ដិភាព​ជាង​ផង មិន​បាន​វាយ​តបត​ទេ គេ​ដកថយ​ទុក​កន្លែង​ឱ្យ​ពួក​នោះ​តាំងទី​លំនៅ​កសាង​បាន​ជា​ក្រុម​ឧបនិវេសន៍​ ពាណិជ្ជករ ដែល​ធ្វើ​ដំណើរ​ចេញចូល​ស្រុក​ដោយ​ស្ថិត​នៅ​ដាច់​ស្រឡះ​ពី​អ្នកស្រុក​ដើម តែ​ក្រោយ​មក​បាន​ក្លាយ​ទៅជា​មេដឹកនាំ​ស្រុក​វិញ ។

ក្រុម ​ឧបនិវេសន៍​ដំបូងៗ​ជា​ក្រុម​ឧបនិវេសន៍​ពួក​ជ្វា​មក​ពី​កោះ​ជ្វា​ ឬ​ពួក​ម៉ាឡេ​មក​ពី​កោះ​ស៊ូម៉ាត្រា​ដែល​បាន​ទទួល​អារ្យធម៌​ហិណ្ឌូ​រួច​មក​ ហើយ ។ ពួក​ក្រុម​ឧបនិវេសន៍​ដែល​មក​បន្ទាប់​ទៀត គឺ​ពួក​ហិណ្ឌូ​មក​ពី​រដ្ឋ​កលិង្គៈ ។

ឯកសារ ​ចិន​បាន​រក្សា​ទុក​នូវ​រឿងរ៉ាវ​ដ៏​សំខាន់​មួយ​ដែល​អាច​ជា​ការ​ចង​ចាំ​សេស​ សល់​ពី​ការ​ឈ្លាន​ពាន​លើក​ទី​មួយ​របស់​ពួក​ម៉ាឡេ​មក​លើ​កម្ពុជា​នៅ​ត្រង់​ ម្ដុំ​ចូវដុក​ពីព្រោះ​ថា​ មាត់ពាម​របស់​ទន្លេ​មេគង្គ​កាលពី​ពេល​នោះ ប្រហែលជា​នៅ​ខ្ពស់​ជាង​សព្វថ្ងៃ ហើយ​ដី​ដែល​អាច​សង់​លំនៅ​ស្ថាន​បាន​នៅ​កាន់តែ​ឆ្ងាយ​បន្ដិច​ទៅ​ ខាងជើង ។ រឿងរ៉ាវ​ដែល​ពួក​ចិន​បាន​រក្សា​ទុក​នោះ បាន​ត្រូវ​គេ​រៀបរាប់​នៅ​សតវត្សរ៍​ទី​៣​នៃ​គ្រិស្ដសករាជ ក៏​ប៉ុន្ដែ​រឿង​នោះ​ប្រហែលជា​អាច​មាន​ឫសគល់​តាំងពី​១០០ ឬ​២០០​ឆ្នាំ​មុន ។

កាលនោះ ប្រទេស​នេះ​ដឹកនាំ​ដោយ​ក្សត្រី​មួយ​អង្គ ព្រះ​នាម​ថា «លីវយី» (7) ប្រែ​ថា​ស្លឹក​ស្រូល ។ ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ហួនហ៊្វី ឬ ហ៊ុនទៀន ដែល​គោរព​បូជា​ព្រហ្មញ្ញសាសនា​ធ្វើ​ដំណើរ​មក​ពី​ទិសទក្សិណ​ គឺ​ចេញពី​សមុទ្រ​ខាងត្បូង (8) មក​ចត​សំពៅ​នៅ​នឹង​រាជធានី ហើយ​បាន​វាយ​ឈ្នះ​ទ័ព​ដែល​ព្រះ​នាង​លីវយី​បាន​បញ្ជូន​ទៅ​ទប់​ទល់ ។ ក្រោយ​ពី​បាន​រៀបចំ​ស្រុក​ឱ្យ​មាន​សន្ដិភាព​រួច​ហើយ ព្រាហ្មណ៍​នោះ​ក៏​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង​លីវយី រួច​ឡើង​សោយរាជ្យ​នៅ​នគរ​ហ្វូណន ដែល​អ្នកស្រុក​ដើម​ហៅ​ថា គោកធ្លក​តទៅ ។

ដូចនេះ​ព្រះ​នាង​ លីវយី​គឺជា​ស្ដេច​សោយរាជ្យ​ដំបូង​នៅ​នគរ​គោកធ្លក ។ ព្រះរាជា​ទី​២​គឺ​ព្រះបាទ​ហ៊ុនទៀន ដែល​ជា​ជនបរទេស​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង​លីវយី គឺ​អាច​ជា​ម៉ាឡេ ឬ​ជ្វា ព្រោះ​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង ហើយ​នៅ​ពី​ត្បូង​កម្ពុជា​ពេល​នោះ​គឺ​កោះ​ជ្វា ឬ​កោះ​ស៊ូម៉ាត្រា ឬ​បើ​ពុំនោះ​ទេ គឺ​សិង្ហបុរី ។

ព្រះបាទ ​ហ៊ុនទៀន និង​ព្រះ​នាង​លីវយី​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ ។ ពេល​ព្រះរាជ​បុត្រា​នេះ​ចម្រើន​ព្រះ​ជន្ម​ធំ​ឡើង ព្រះបាទ​ហ៊ុនទៀន​បាន​រៀបចំ​ដី​សាមន្ដរាជ​មួយ​មាន​ទីក្រុង​៧​ឱ្យ​គ្រប់គ្រង​ ដី​នេះ​ដែល​ជា​ដី​សាមន្ដរាជ​ទី​មួយ​នៃ​ព្រះរាជាណាចក្រ ។ ក្រោយមក មាន​ស្ដេច​ស្នងរាជ្យ​បន្ដ​ពី​ព្រះបាទ​ហ៊ុនទៀន​មួយ​អង្គ ព្រះ​នាម ហ៊ុន​ប៉ាងហួង​ បាន​ប្រើ​ល្បិច​បំបែក​បំបាក់​ទីក្រុង​ទាំង​៧​រួច​ក៏​វាយ​យក​ដាក់​ជា​ចំណុះ​ ទើប​ទ្រង់​ចាត់​តាំង​ព្រះរាជបុត្រ ព្រះរាជ​នត្ដា​ឱ្យ​ទៅ​សោយរាជ្យ​លើ​ទីក្រុង​នីមួយៗ​នោះ​ទៀត ។​ សរុប​មក​ ដី​សាមន្ដរាជ​មួយ​ដែល​ព្រះបាទ​ហ៊ុនទៀន​បាន​រៀបចំ​ឱ្យ​ព្រះរាជបុត្រ​របស់​ ព្រះ​អង្គ​សោយរាជ្យ តែ​ស្ដេច​ទឹកដី​មួយៗ​ចង់​រើខ្លួន​ឱ្យ​បាន​ឯករាជ្យ បាន​ត្រូវ​ព្រះ​អង្គ​វាយ​ដាក់​ជា​ចំណុះ​ឡើង​វិញ រួច​បែងចែក​ឱ្យ​ស្ដេចត្រាញ់​៧​រូប​សោយរាជ្យ ។

ព្រះរាជា ​អង្គ​នេះ​បាន​គ្រងរាជ្យ​រហូត​ដល់​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ទើប​សោយ​ទិវង្គត ​ទៅ ពេល​នោះ​ព្រះរាជ​បុត្រ​ទី​២​របស់​ព្រះ​អង្គ ព្រះ​នាម​ថា ផាន់ ផាន់ (9) ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា ។ ប៉ុន្ដែ ស្ដេច​អង្គ​នេះ មិន​បាន​យកចិត្ដ​ទុកដាក់​នឹង​កិច្ចការ​ប្រទេស​ជាតិ​ទេ ទ្រង់​បាន​ប្រគល់​កិច្ចការ​ទាំងអស់​ឱ្យ​មេទ័ព​ព្រះ​អង្គ​ឈ្មោះ ហ្វាន់​ចេម៉ាន់ ឬ ហ្វាន់ម៉ាន់ កាន់កាប់​ជំនួស​វិញ ហើយ​ព្រះ​អង្គ​បាន​សោយ​ទិវង្គត​ទៅ​ក្រោយ​ពី​សោយរាជ្យ​បាន​៣​ឆ្នាំ ។ ពេល​នោះ​សេនាមុខ​មន្ដ្រី​ក៏​បាន​លើក​មេទ័ព​ហ្វាន់ម៉ាន់​ឱ្យ​ឡើង​សោយរាជ្យ​ បន្ដ ។ ការ​លើក ហ្វាន់ម៉ាន់ ឱ្យ​សោយរាជ្យ​នេះ​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​មហាជន​ទេ​ ជា​ពិសេស​ពី​ពួក​ស្ដេចត្រាញ់​ដែល​សោយរាជ្យ​នគរ​ចំណុះ​ទាំងឡាយ ពីព្រោះ​ឯកសារ​ចិន​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ​ព្រះបាទ​ហ្វាន់ម៉ាន់​ដ៏​អង់អាច និង​មាន​សមត្ថភាព បាន​ធ្វើសឹក​សង្គ្រាម​វាយ​បង្ក្រាប​ប្រទេស​ចំណុះ​ទាំងឡាយ​ឱ្យ​រាបទាប​ឡើង​ វិញ ។ មើល​ទៅ​ព្រះរាជា​អង្គ​នេះ ជា​ក្សត្រ​អង់អាច​ក្លាហាន និង​ជា​អ្នក​ចម្បាំង​ផង ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​កសាង​នាវា​ធំៗ ដែល​ព្រះ​អង្គ​ជិះ​កាត់​សមុទ្រ​ជ្រៅៗ ធ្វើ​ចម្បាំង​វាយ​ប្រទេស​លើស​ពី​១០ ក្នុង​នោះ មួយ​ចំនួន​ធំ​ស្ថិត​នៅ​ក្នុង​ទៀបកោះ​ដែល​ពួក​អឺរ៉ុប​ហៅ​ថា ម៉ាឡាកា ។

ព្រះ​អង្គ​មាន​រាជធានី​ដែល​ហៅ និង​សរសេរ​តាម​ភាសា​ចិន​ថា «តូមូ» (10) នៅ​ចម្ងាយ​ប្រមាណ​ជា​១៨០​គីឡូម៉ែត្រ​ពី​មាត់​ពាម​ទន្លេ​មេគង្គ​ និង​មាត់​ច្រាំង​នៃ​ទន្លេ​ដ៏​ធំ​មួយ​ដែល​នាវា​សមុទ្រ​អាច​ចូល​ចត​បាន​យ៉ាង​ ស្រួល ។

ព្រះបាទ​ហ្វាន់ម៉ាន់​បាន ​ប្រឈួន​នៅ​ពេល​កំពុង​ធ្វើសង្គ្រាម​មួយ ទ្រង់​បាន​ចាត់​ឱ្យ​ព្រះរាជបុត្រ​ច្បង​ព្រះ​នាម គិនចេង បញ្ជា​ទ័ព​ជំនួស​ព្រះ​អង្គ ហើយ​ទ្រង់​ទុក​ព្រះ​ភាគិនេយ្យ​ព្រះ​អង្គ​ព្រះ​នាម​ ចាន់ ជា​បុត្រ​របស់​ព្រះ​អនុជ​ក្សត្រី​ព្រះ​អង្គ​ឱ្យ​កាន់​ទ័ព​២០០០​នាក់​នៅ​ ការពារ​ព្រះ​អង្គ ។ ព្រះ​ភាគិនេយ្យ​នេះ​បាន​ឆ្លៀត​យក​ឱកាស​ដែល​ព្រះបាទ​ហ្វាន់ម៉ាន់​ប្រឈួន ក៏​ប្រកាស​ខ្លួន​ជា ហ្វាន់ចាន់ គឺជា​ព្រះរាជា​នៃ​នគរ​ហ្វូណន ឬ​ប៉ូណន ។ រួច​ព្រះ​អង្គ​បាន​ចាត់​កម្លាំង​ឱ្យ​ទៅ​ធ្វើឃាត​រជ្ជទាយាទ​គិនចេង​ដើម្បី​ កុំ​ឱ្យ​មក​ដណ្ដើម​រាជ្យ​ពី​ព្រះ​អង្គ​វិញ​ប្រហែលជា​នៅ​ឆ្នាំ​២៣០​នៃ​ គ្រិស្ដ​សករាជ ។

ព្រះបាទ​ ហ្វាន់ម៉ាន់​នៅ​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ព្រះ​រាជឱរស​នៅ​ ឡើយ​ពេល​ព្រះ​បិតា​សុគត ។ ពេល​ទ្រង់​ចម្រើន​វ័យ​គ្រប់​២០​ព្រះ​វស្សា ព្រះ​អង្គ​ក៏​សម្រេច​ចិត្ដ​ដណ្ដើម​រាជ្យសម្បត្ដិ​ពី​ព្រះ​រៀម​ជីដូនមួយ​ដែល​ បាន​ជ្រែករាជ្យ និង​សម្លាប់​ព្រះ​បិតា​ព្រះ​អង្គ ។ ព្រះ​អង្គ​ក​ទ័ព ជ្រើសរើស​យក​ពល​ទាហាន​សុទ្ធតែ​អ្នក​អង់អាច​ក្លាហាន​រួច​ធ្វើឃាត​ព្រះបាទ​ ហ្វាន់ចាន់​ទៅ ។​ត្រង់នេះ​គេ​មិន​បាន​ដឹង​ថា​តើ​ព្រះ​អង្គ​ធ្វើឃាត​នៅ​ ក្នុង​សង្គ្រាម​តតាំង​ទល់មុខ​គ្នា ឬ​ក៏​នៅ​ក្នុង​ការ​លប​វាយ​ប្រហារ​ស្ងាត់ៗ​ទេ ។ ពេល​នោះ មេទ័ព​របស់​ព្រះបាទ​ហ្វាន់ចាន់ ឈ្មោះ ស៊ីយុន​ ដោយ​យក​លេស​ថា​សងសឹក​ថ្វាយ​ព្រះរាជា​បាន​សម្លាប់​ឃាតករ​រួច​ហើយ​ក៏​ប្រកាស​ ខ្លួន​ជា​ ហ្វាន់​ស៊ីយុន (11) ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន​នៅ​ឆ្នាំ​២៥០​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​ឆ្នាំ​១៧២​នៃ​មហា​សករាជ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​រៀបរាប់​អំពី​ព្រះបាទ​ហ្វាន់​ស៊ីយុន​នេះ​ថា​ជា​ស្ដេច​ កសាង​ប្រទេស យកចិត្ដ​ទុក​ដាក់​នឹង​រាជកិច្ច​ខ្លាំង​ណាស់ ។ ទ្រង់​បើក​សវនាការ​ឱ្យ​ប្រជារាស្ដ្រ​ចូល​គាល់​រាល់ថ្ងៃ នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់ ។

តាម​មើលទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ទាំងអស់ រួម​ទាំង​ស្ដេច​ជ្រែករាជ្យ​ផង សុទ្ធ​តែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែ​មួយ ព្រោះ​យើង​មក​ដល់​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៣​ហើយ ហើយ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ថា បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន បាន​គ្រប់គ្រង​រាជសម្បត្ដិ​នៅ​ហ្វូណន​អស់​រយៈកាល​២​សតវត្សរ៍ (12) ។

បើសិនជា ​ការ​ប្រកាន់​តាម​ប្រពៃណី​ខ្មែរ​ដែល​លើក​ឡើង​ថា មាន​ស្ដេច​ចាម​៦​អង្គ​សោយរាជ្យ​មុនគេ​នៅ​កម្ពុជា ស្ដេច​ទាំង​អស់​នោះ​មាន​ព្រះ​នាម​ថា យូយូវរ្ម័នទិ កវាល​រាជកុមារ​ សុរិយាវរ្ម័ន​ទិ​ ទរនិន្ទ្រា​វរ្ម័នទិ​ អាទិត្យវរ្ម័នទិ និង​អស្សកៃ ជា​ការ​ពិត​នោះ​មាន​ន័យ​ថា​ ព្រះរាជា​ទាំង​អស់នោះ​ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី​ និង​ជ្វា​ហ៊ុនទៀន​ទាំង​អស់​ហើយ​មិនមែន​ជា​ចាម​ទេ​ព្រោះ​នៅ​ពេល​នោះ​មិន​ទាន់ ​មាន​ពួក​ចាម​នៅ​ឡើយ​តែ​ជា​ជ្វា​ ឬ​ម៉ាឡេ គឺជា​អម្បូរ​ជន​ដែល​ក្រោយ​ពី​បាន​ត្រូវ​ដេញ​ចេញពី​កម្ពុជា​ទៅ បាន​គេច​ទៅ​នៅ​ចំប៉ាសាក់​ខាងជើង​កម្ពុជា ឬ​ក៏​ទៅ​នៅ​ខាងកើត​ត្រង់​ដែល​ចិន​ហៅ​ថា លីនយី ដែល​ក្រោយ​មក​ទើប​ក្លាយ​ទៅជា​ចាម្ប៉ា​នោះ​ឯង ។ ឈ្មោះ «ចាម្ប៉ា» នេះ ខ្មែរ​នៅ​ចង​ចាំ​នៅឡើយ​រហូត​មក​ដល់​២​សតវត្សរ៍​មុន​នេះ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​ក៏​មាន​រៀបរាប់​ជា​ច្រើន​ដែរ​អំពី​ស្រុក​ហ្វូណន ទោះបីជា​ការ​រៀបរាប់​នីមួយៗ​មិន​គ្រប់​ជ្រុង​ជ្រោយ ហើយ​សរសេរ​នៅ​ពេល​ខុសៗ​គ្នា​ក៏​ដោយ តែបើ​យក​មក​ផ្ដុំ​គ្នា អាច​ឱ្យ​យល់​ដឹង​បាន​ខ្លះ​អំពី​ប្រទេស​នោះ​នៅ​សតវត្សរ៍​ទី​៣​ និង​ទី​៤ ។​ដូចនេះ​វា​មាន​សារសំខាន់​នៅ​ពេល​នេះ​ដែល​ត្រូវ​អធិប្បាយ​ សង្ខេប​អំពី​ឯកសារ​ទាំងនោះ ។

ឯកសារ ​នោះ​និយាយ​ថា មុន​ដែល​ស្ដេច​ហ៊ុនទៀន​មក​ដល់​ អ្នកស្រុក​ហ្វូណន​ច្រើន​សាក់​ខ្លួន​ដូច​ដែល​ពួក​ភូមា និង​លាវ​នៅ​អនុវត្ដ​រហូត​ដល់​សព្វថ្ងៃ ។​ ការ​សាក់​ខ្លួន​នេះ​ហាក់​ដូចជា​គ្មាន​ទៀត​ទេ​ពេល​ដែល​ស្ដេច​ហ៊ុនទៀន​មក​ដល់ តែ​អ្នកស្រុក​នៅ​ដើរ​ស្រាត មិន​ទាន់​មាន​ស្លៀកពាក់​នៅ​ឡើយ ។ ស្ដេច​ហ៊ុនទៀន​ដែល​ចេញ​មក​ពី​ប្រទេស​មួយ​មាន​អារ្យធម៌​រួច​ហើយ ម្យ៉ាងទៀត​ជា​ព្រាហ្មណ៍​ផង ទ្រង់​មិន​សប្បាយ​ចិត្ដនឹង​ឃើញ​ព្រះ​ជាយា​នៅ​ស្រាត​ដូច្នេះ​ទេ ទ្រង់​ក៏​យក​ក្រណាត់​មួយ​ផ្ទាំង​មក​ស្លៀក​ឱ្យ ដោយ​ចោះ​ប្រហោង​កណ្ដាល​សម្រាប់​ច្រក​ព្រះ​កេស (13) ។

ក្រោយមក នៅ​ដើម​សតវត្សរ៍​ទី​៣ ស្រីៗ​អ្នកស្រុក​ក៏​ប្រកាន់​យក​សម្លៀក​បំពាក់​នេះ​រហូត ហើយ​ស្ដេច ហ្វាន់​ស៊ីយុន​ ក៏​បាន​ហាម​មិន​ឱ្យ​ប្រុសៗ​ស្រាត​ទៀត​ដែរ​ដោយ​ឱ្យ​បិទ​បាំង​កេរ្ដិ៍ខ្មាស​ នឹង​ក្រណាត់​ប៉ឹង​ដែល​ចិន​ហៅ​ថា កេនម៉ាន ហើយ​ពួក​ម៉ាឡេ​ហៅ​ថា​ កំបាន (14) ។ ពួក​អ្នកមាន​គេ​ប្រើ​ក្រណាត់​ប៉ាក់ រីឯ​អ្នកក្រ​ប្រើ​ក្រណាត់​ផាឌិប ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​ដដែល​និយាយ​ថា អ្នកស្រុក​ហ្វូណន គគ្រិច សម្បុរ​ខ្មៅ ហើយ​មាន​សក់​ក្រញាញ់ (15) ។ ពួក​នេះ​ចូល​ចិត្ដ​ការ​ចារ​ និង​ចម្លាក់ ។​ឧបករណ៍​របស់​គេ​ជា​ច្រើន​ធ្វើ​អំពី​ប្រាក់​ គេ​បង់ពន្ធ​ជា​មាស​ប្រាក់ ឬ​ជា​គ្រាប់​គជ់ និង​ទឹកអប់ ។ គេ​មាន​សៀវភៅ និង​កន្លែង​សម្រាប់​ទុកដាក់​ឯកសារ និង​សម្ភារ​ផ្សេងៗ ។ គេ​មាន​អក្សរ ហើយ​គេ​ចូល​ចិត្ដ​ប្រជល់​មាន់ និង​ប្រជល់​ជ្រូក ។ អ្នកស្រុក​នេះ​ចូល​ចិត្ដ​អនុវត្ដ​ការ​ស្បថស្បែ និង​ការ​សាកល្បង​ផ្សេងៗ ដូច​ជា​ឱ្យ​អ្នក​ជាប់ចោទ​កាន់​ផ្លែ​ពូថៅ​ដែល​ដុត​ឡើង​ក្រហម ហើយ​ដើរ​ឱ្យ​បាន​៧​ជំហាន ឬ​ដាក់​ចិញ្ចៀន​ ឬ​ពងមាន់​នៅ​ក្នុង​ទឹក​ពុះ ហើយ​ឱ្យ​យកដៃ​លូក​ចាប់​យក​ចេញ​ជាដើម ។ ការ​អនុវត្ដន៍​បែប​នេះ នៅ​មាន​គេ​ប្រតិបត្ដិ​នៅឡើយ​ក្នុង​ចំណោម​ជនជាតិ​ដើម ។ នៅ​កម្ពុជា​ពេល​មុន​នេះ​បន្ដិច ក៏​នៅ​មាន​អនុវត្ដ​បែប​នេះ​ដែរ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​រៀបរាប់​ទៀត​ថា​ នៅ​មាន​វិញ្ញាសា​មួយទៀត​ដែល​គេ​អនុវត្ដ​ចំពោះតែ​ម្ចាស់​ និង​ខ្ញុំបម្រើ​ប៉ុណ្ណោះ​ក្នុង​ករណី​សង្ស័យ​ថា​ខ្ញុំ​នោះ​លួច​របស់ៈ គឺ​ឱ្យ​ខ្ញុំ​នោះ​ស៊ី​ស្រូវ ។​បើ​ខ្ញុំ​នោះ​បាន​លួច​មែន​ស្រូវ​នឹង​មុត ​មាត់​ចេញ​ឈាម ប៉ុន្ដែ​បើ​មិន​បាន​លួច​ទេ គឺ​អាច​ទំពា​ស្រូវ​លេប​ចូល​ពោះ​ដោយ​ស្រួល ។

ពេល ​នោះ​មិន​ទាន់​មាន​គុក​ដាក់​អ្នកទោស​ទេ ។ ជនឧក្រិដ្ឋ​ត្រូវ​បោះ​ឱ្យ​ក្រពើ​ស៊ី ដែល​គេ​ចិញ្ចឹម​នៅ​ក្នុង​ប្រឡាយ​ជុំវិញ​ទីក្រុង ឬ​សត្វ​សាហាវ ដែល​គេ​ចិញ្ចឹម​ដាក់​ក្នុង​ទ្រុង​ពិសេស ។

អ្នកស្រុក ​មិន​ជីក​អណ្ដូង​យក​ទឹក​ទេ ក៏​ប៉ុន្ដែ​គេ​មាន​ស្រះ​ទឹក​តាម​ក្រុម​គ្រួសារ ហើយ​ប្រើ​ធុង​សម្រាប់​ដងទឹក​យក​មក​ប្រើ​កាលណា​គេ​ត្រូវការ ។

គេ ​គោរព​បូជា​អាទិទេព​ដែល​រស់នៅ​លើ​មេឃ​ ហើយ​សាង​រូបសំណាក​តំណាង​អំពី​សំរឹទ្ធ​ដែល​ជួនកាល​មាន​មុខ​ពីរ​ និង​ដៃ​បួន​ ជួនកាល​ទៀត​មាន​មុខ​បួន​ និង​ដៃ​ប្រាំបី ។​តាម​ពិត​ទាំង​អស់នេះ​គឺជា​បដិមា​តំណាង​ឱ្យ​អាទិទេព​ នៃ​ព្រហ្មញ្ញ​សាសនា​ដែល​មាន​ដូច្នេះ​រហូត​ដល់​សព្វថ្ងៃ​នៅ​ឥណ្ឌា និង​មាន​ក្បាល​មិន​តិច​ជាង​ដៃ​ប៉ុន្មាន​ទេ ។ នៅ​កម្ពុជា គេ​បាន​រក​ឃើញ​បដិមា​បែប​នេះ​ជា​ច្រើន​ដែល​គេ​យក​មក​ទុក​នៅ​សារមន្ទីរ​ សព្វថ្ងៃ ។

ព្រះរាជា​ជិះ​ដំរី កាលណា​ត្រូវ​យាង​ចេញពី​វាំង ។ មហេសី និង​ស្រីស្នំ​ទាំងឡាយ​ក៏​ដូច្នោះ​ដែរ ។ កាលណា​ព្រះ​អង្គ​ទ្រង់​គង់​ ទម្រេត​ព្រះ​កាយ​បន្ដិច បញ្ឈរ​ជង្គង់​ស្ដាំ ឯ​ជង្គង់​ឆ្វេង​ទម្លាក់​ដល់​ដី (16)។ នៅ​ពីមុខ​ព្រះ​ភ័ក្ដ្រ​ព្រះ​អង្គ គេ​លាត​ក្រណាត់​ស រួច​ដាក់​ព្រះរាជ​សង្ហារ ភាជន៍​មាស និង​ផើង​ដុត​ឈើ​ក្រអូប ។

ការ ​បូជា​ខ្មោច និង​អាពាហ៍ពិពាហ៍​របស់​អ្នកស្រុក​ហ្វូណន​ប្រព្រឹត្ដ​ទៅ​ដូច​នៅ​លីនយី ឬ​ចាម្ប៉ា​ដែរ ។ គេ​កាន់​ទុក្ខ​ដោយ​កោរសក់ និង​កោរ​ពុកមាត់ ។ មាន​វិធី​យ៉ាង​សម្រាប់​ទុកដាក់​សព ៖ បោះ​សព​ចូល​ក្នុង​ទឹកទន្លេ​ បូជា ដោយ​ភ្លើង​ កប់​ និង​ទុក​ចោល​កណ្ដាល​វាល​ឱ្យ​សត្វ​ស៊ី ។ នេះ​គឺជា​អ្វី​ដែល​ជន​កម្ពុជា​ហៅ​រហូត​មក​ដល់​សព្វថ្ងៃ​ថា «ការ​បំបែក​ធាតុ​ទាំង​បួន» ។

ចុង ​ក្រោយបង្អស់ ឯកសារ​ចិន​បាន​កត់​សម្គាល់​ថា​អ្នកស្រុក​ហ្វូណន​លោភលន់​ណាស់ ។​គេ​មិន​ គោរព​ពិធី​ ឬ ចរិយា​ធម៌​អ្វី​ទេ ។ ទំនៀម​ទម្លាប់​គ្មាន ហើយ​កុមារី​ក៏​ដូច​កុមារា ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ដ ។

ឯកសារ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នគរ​ហ្វូណន​ពេល​នោះ​ធំ​ណាស់ លាតសន្ធឹង​ពី​នគរ​ចាម្ប៉ា​នៅ​ខាងកើត រហូត​ដល់​ទ្វារវតី (17) នៅ​ខាងលិច (ប្រទេស​នេះ​គឺ​អយុធ្យា​ឬ​សៀម​សព្វថ្ងៃ ពេល​នោះ​ប្រហែលជា​គ្រប់គ្រង​ដោយ​ក្រុម​ឧបនិវេសន៍​ហិណ្ឌូ​មួយ​រួច​ទៅ​ហើយ) និង​លាតសន្ធឹង​រហូត​ដល់​ព្រំប្រទល់​ខែត្រ​យេណនាន​របស់​ចិន​ គឺ​ខែត្រ​ក្វាងប៊ិញ​របស់​តុងកឹង​សព្វថ្ងៃ (18) ។ ក៏​ប៉ុន្ដែ​វា​ហាក់​ដូចជា​ពិបាក​នឹង​ជឿ​ណាស់​ដែល​និយាយ​ថា​ ស្ដេច​នៃ​នគរ​ហ្វូណន​ដែល​មាន​ទី​តាំង​នៅ​តំបន់​ចូវដុក ឬ​ក្នុង​ខែត្រ​ព្រៃកប្បាស អាច​វាត​អំណាច​ទៅ​បាន​ឆ្ងាយ​ពី​រាជធានី​បែប​នេះ ។

២- រឿងព្រេង

រឿងព្រេង ​ខ្មែរ​ចាប់កំណើត​អស់​កាល​ជា​យូរលង់​ណាស់​មក​ហើយ ហើយ​បាន​ក្លាយទៅជា​ប្រពៃណី​របស់​ជាតិខ្មែរ​ផង​ដែរ ។ រឿងព្រេង​ទាំងនោះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ ហើយ​បាន​ត្រូវ​ប្រជាជន​ខ្មែរ​ជឿជាក់ និង​ចាត់​ទុក​ដូចជា​ព្រះ​ឱង្ការ​របស់​ព្រះ​ដែល​ពួក​គេ​ការពារ​យ៉ាង​ខ្លាំង​ ថ្វី​បើ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ខ្លះ​ក៏​ដោយ ។

តើ ​រឿងព្រេង​ទាំង​អស់នោះ​គ្រាន់តែ​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​តាមតែ​ការ​ស្រមើ​ ស្រមៃ​គ្មាន​ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ប្រវត្ដិសាស្ដ្រ​អ្វី​សោះ​ឬ​ យ៉ាងណា ? មិនមែន​ទេ ។ តាម​មើល​ទៅ រឿង​ព្រេង​ទាំង​អស់នោះ​ហាក់​ដូចជា​មាន​ចំណែក​ខ្លះ​ជា​រឿង​ពិត​តាម​ ប្រវត្ដិសាស្ដ្រ​ដែល​គេ​យក​មក​ប្រឌិត​បំផ្លើស​ផ្សំ​ធ្វើ​ឱ្យ​មាន​ភាព​ អច្ឆរិយៈ​ខ្លះ ទោះជា​រឿង​ទាំងនោះ​ចាប់​កំណើត​ចេញ​ពី​ការ​និទាន​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​ មាត់​មួយ រួច​បាន​ត្រូវ​គេ​ត្រងត្រាប់​ទុក​តែ​រចនាបថ ឬ​ក៏​ជា​ប្រវត្ដិ​ពិត​ពី​បុរាណកាល​ដែល​បាន​រលុប​ស្ទើរ​បាត់​អស់​ទៅ​ហើយ​ក្ដី (19) ។

ទោះជា​យ៉ាងណា​ក្ដី ថ្វីបើ​គេ​មិន​ឃើញ​មាន​ចំណារ​នៅ​លើ​សិលាចារឹក ឬ​ក៏​មិន​មាន​រៀបរាប់​នៅ​ក្នុង​កំណត់​ត្រា​របស់​ប្រវត្ដិវិទូ​ចិន​ក៏​ដោយ ក៏​គេ​មិន​អាច​បដិសេធ​មិន​ទទួល​ស្គាល់​រឿងរ៉ាវ​ដែល​គេ​និទាន​ផ្ទាល់​មាត់​តៗ ​គ្នា និង​រឿងព្រេង​ដែល​គេ​បាន​សរសេរ​កត់ត្រា​ទុក​មក​ថា ពួក​ចាម​មាន​វត្ដមាន​នៅ​កម្ពុជា​មុន​ពួក​ឥណ្ឌា ។ គឺ​រឿង​ទាំងអស់​នោះ ហើយ​ដែល​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ហ៊ាន​កំណត់​នៅ​ពេល​ដែល​គេ​ជួប ​សិលាចារឹក​មួយ​ថា សិលាចារឹក​នេះ​ជា​របស់​ចាម សិលាចារឹក​នោះ​ជា​របស់​ខ្មែរ ។ គេ​អាច​នឹង​ទទួល​ស្គាល់​បាន​ដូច​ដែល​គេ​បាន​ឃើញ​ពី​ខាង​លើ​រួច​មក​ហើយ​ថា ពួក​ចាម​បាន​មក​ដល់​កម្ពុជា​មុន​ពួក​កម្ពុជៈ ដោយ​គ្មាន​ប៉ះពាល់​អ្វី​ដល់​ប្រវត្ដិសាស្ដ្រ​ដែល​ផ្អែក​ទៅ​លើ​កំណត់​ត្រា​ របស់​ពួក​ចិន ពីព្រោះ​ថា កំណត់​ត្រា​ទាំងនោះ​មិនមែន​សុទ្ធតែ​រៀបរាប់​ប្រាប់​យើង​ទាំងអស់​អំពី​អ្វី​ ដែល​ចិន​បានដឹង​ពី​ប្រជាជន​ដែល​គេ​លើក​ឡើង​នោះ​ទេ ។

ប៉ុន្ដែ ​ខ្ញុំ​ជឿ​ថា​ការ​ដែល​ចង់​អះអាង​ថា​ប្រវត្ដិសាស្ដ្រ​ដែល​ទាក់ទង​ទៅ​នឹង​ រឿងព្រេង​ពីរ​ដែល​យើង​បានដឹង​គឺ​រឿង​ជ្វា​ព្រាហ្មណ៍ និង​រឿង​ព្រះថោង​នាងនាគ​ដែល​ខ្ញុំ​នឹង​រៀបរាប់​ខាងក្រោម គឺជា​រឿង​ដែល​កើត​ឡើង​បន្ដ​បន្ទាប់​គ្នា​នៅ​ក្នុង​ក្សត្រ​ប្រទេស​តែ​មួយ គឺ​ព្រះរាជាណាចក្រ​ខ្មែរ ពីព្រោះ​ថា នៅ​ពេល​នោះ​មាន​ក្សត្រ​ប្រទេស​ជា​ច្រើន​ទៀត​ក្រៅពី​ហ្វូណន ។ ខ្ញុំ​គិត​ថា រឿង​ដែល​កើត​មាន​ក្នុង​ក្សត្រ​ប្រទេស​នីមួយៗ ដល់​ពេល​យូរ​ក្រោយមក​ក៏​បាន​ក្លាយ​ទៅ​ប្រវត្ដិ​រួម​របស់​ប្រទេស​ ទាំងមូល ។​ដោយហេតុ​នេះ​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​ដែល​កើត​មាន​ឡើង ​ហើយ​ដែល​កប់​បាត់​ទៅ​តាម​ពេលវេលា មិន​ចាំបាច់​ត្រូវ​តែ​ឆ្លើយ​តប​គ្នា និង​កើត​មាន​បន្ដ​បន្ទាប់​គ្នា​ដើម្បី​បញ្ជាក់​ថា ជា​ការ​ពិត​នោះ​ទេ ។

រហូត ​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ការ​បញ្ជាក់​ច្បាស់​ហើយ​ថា ហ្វូណន (20) គឺជា​អាណាចក្រ​មួយ​ដែល​រួម​ផ្សំ​ឡើង​ដោយ​ក្សត្រ​ប្រទេស​ជា​ច្រើន ដែល​មាន​ព្រះរាជា​នៃ​ក្សត្រ​ប្រទេស​តូមូ​ជា​អធិរាជ ហើយ​បើ​មិនមែន​ដូច្នេះ តាំងពី​ដើម​ដំបូង​មក​ទេ​នោះ ក៏​ចាប់​តាំងពី​ពេល​ដែល​ព្រះបាទ​ហ្វាន់ម៉ាន់​បាន​ធ្វើ​សង្គ្រាម​ដណ្ដើម​ ទឹកដី​មក​ដែរ ។

ហើយ​ខ្ញុំ​ក៏​ដូច ​ជា​មាន​ជំនឿ​ច្រើន​ថា គឺ​ពួក​ម៉ាឡេ​ដែល​ជា​បុព្វបុរស​របស់​ពួក​ចាម​នៅ​ពេល​ក្រោយ​មក​ដែល​ជា​ ស្ថាបនិក​នៃ​បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ ។ រាជាណាចក្រ​ចាម ឬ​ចាម្ប៉ា​នេះ ស្ថិត​នៅ​ពី​ខាងកើត ហើយ​បាន​កកើត​ឡើង​យ៉ាងតិច​ណាស់​ក៏​២​សតវត្សរ៍​មុន​កម្ពុជា​ដែរ ពីព្រោះ​គេ​បាន​រក​ឃើញ​សិលាចារឹក​សំស្ក្រឹត​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ ក្នុង​ឥណ្ឌូចិន​នៅ​ចាម្ប៉ា​នេះឯង ។ បើ​តាម​សិលាចារឹក​ទាំងនោះ ប្រទេស​ចាម្ប៉ា​មាន​អរិយធម៌​ជឿនលឿន​ជាង​ហ្វូណន​នៅ​សតវត្សរ៍​ទី​៤ ។

អំពី​ជ្វា​ព្រាហ្មណ៍

ប្រសិនបើ ​គេ​ទទួលស្គាល់​ថា​ការ​លុកលុយ​របស់​ពួក​ម៉ាឡេ ឬ​ជ្វា ជា​ការ​លុកលុយ​ពី​ខាងក្រៅ​ដែល​កើត​មាន​មុន​គេ​មក​លើ​កម្ពុជា​នោះ រឿងរ៉ាវ​ដែល​និទាន​អំពី​ការ​លុកលុយ​របស់​ពួក​ជ្វា​ព្រាហ្មណ៍​គឺជា​រឿង​មួយ​ ក្នុង​បណ្ដា​រឿង​ទាំងនោះ ។ រឿង​នេះ​រៀបរាប់​អំពី​ការ​លុកលុយ​របស់​ស្ដេច​ហ៊ុនទៀន​ដែល​យាង​មក​ពី​ទិស​ ខាងត្បូង​ដូច​ដែល​បាន​លើក​នៅ​ខាងលើ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​ជ្វា​ព្រាហ្មណ៍ ឬ​ព្រាហ្មណ៍ នៅ​កោះ​ជ្វា​ទាំងនោះ ធ្វើ​ដំណើរ​ចេញ​មក​ពី​ប្រជុំ​កោះ​អាំងស៊ូឡាំង ។ ពួក​នោះ​ប្រហែលជា​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍​ប្រមាណ​ជា​២​ម៉ឺន​គ្រួសារ​ ដែល​បាន​ធ្វើ​និរ​ប្រវេសន៍​ចេញពី​ប្រទេស​ឥណ្ឌា​នៅ​ដើម​មហាសករាជ​មក​តាំង​ ទីលំនៅ​លើ​កោះ​ជ្វា ហើយ​ផ្សព្វ​ផ្សាយ​ព្រហ្មញ្ញ​សាសនា​ដល់​ប្រជាជន​ដើម​នៅ​ទីនោះ ។ រឿងនិទាន​រៀបរាប់​ថា ក្រៅពី​ប្រជាជន ឬ​ពួក​ពល​ទាហាន និង​ពួក​សំពៅ ពួក​ព្រាហ្មណ៍​ដែល​ជា​មេ​គេ​ទាំងនោះ មាន​សក់​វែង មាន​សម្បុរ​ខ្មៅ ហើយ​បាន​អះអាង​ថា ពួក​គេ​មក​ពី​នគរ​ពារាណសី ។ រឿងនិទាន​ក៏​បាន​រៀបរាប់​ផង​ដែរ​ថា នគរ​ដែល​ពួក​ជ្វា​ព្រាហ្មណ៍​ទាំងនោះ​បាន​បង្កើត​ឡើង​គឺ​នគរ​គោកធ្លក គឺ​ស្រុក​ខ្មែរ​នេះឯង និង​ថា មាន​ព្រះមហាក្សត្រ​ចាម​៦​ព្រះ​អង្គ​សោយរាជ្យ​បន្ដ​បន្ទាប់​គ្នា ព្រះមហាក្សត្រ​ទាំងនោះ​ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន ដែល​ជា​ជ្វា ។

ស្ដេច​ ជ័យវរ្ម័ន​សោយរាជ្យ​៥០​ឆ្នាំ ។ តាម​រឿងនិទាន ព្រះ​អង្គ​គោរព​បូជា​ព្រះ​វិស្ណុ ហើយ​ទ្រង់​សោយ​ទិវង្គត​ទៅ​ក្នុង​ព្រះ​ជន្មាយុ​៧០​ឆ្នាំ ។
រាជបុត្រ ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ព្រះ​នាម កវលៈ​រាជកុមារ បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា ហើយ​គោរព​បូជា​ថ្ម​ស្វ័យម្ភុ (21) ដែល​មាន​ន័យ​ថា កើត​មាន​ឡើង​ដោយ​ឯងៗ ។ ព្រះរាជា​អង្គ​នេះ​សោយរាជ្យ​បាន​២០​ឆ្នាំ ។
ព្រះរាជា​ចាម​ទី​៣ ទ្រង់​ព្រះ​នាម​ថា សុរិយាវរ្ម័ន ទ្រង់​គ្រងរាជ្យ​បាន​២០​ឆ្នាំ​ដែរ និង​គោរព​បូជា​ថ្ម​ស្វ័យម្ភុ​ដូច​គ្នា ។
ព្រះរាជា​ទី​៤ ទ្រង់​ព្រះ​នាម​ថា ធរណិន្ទ្រៈវរ្ម័ន ។ ទ្រង់​សោយរាជ្យ​បាន​២០​ឆ្នាំ ។
ព្រះរាជា​ទី​៥ គឺ​ព្រះបាទ​អាទិត្យវរ្ម័ន សោយរាជ្យ​បាន​២០​ឆ្នាំ ។
ព្រះរាជា​ចាម​ទី​៦ និង​ចុង​ក្រោយ​គេ គឺ​ព្រះបាទ​អសជ្ជ័យ ដែល​សោយរាជ្យ​បាន​តែ​១១​ឆ្នាំ​ប៉ុណ្ណោះ ។
រឿង​ព្រះថោង

តាមមើលទៅ រឿង​របស់​ពួក​ហិណ្ឌូ​ស្ដី​អំពី​ព្រះថោង ក៏​ដូច​ជា​រឿង​ជ្វា​ព្រាហ្មណ៍​ដែរ គឺ​មិនមែន​ជា​ការ​ប្រឌិត​សុទ្ធសាធ​នោះ​ទេ ។ បើ​កុំ​គិត​អំពី​ភាព​អស្ចារ្យ​ដែល​គេ​បន្ថែម​ឱ្យ​រឿង​នេះ​ហាក់​ដូចជា​រំលឹក​ នូវ​ហេតុការណ៍​ប្រវត្ដិ​សាស្ដ្រ​មួយ​នោះ​គឺ​ការ​ឈ្លានពាន​របស់​ពួក​ហិណ្ឌូ​ ដែល​បាន​មក​វាយ​យក​ជ័យ​ជម្នះ រួច​បណ្ដេញ​ពួក​ចាម​ចេញពី​នគរ​គោកធ្លក ។

ដំណើរ​រឿង​ត្រួសៗ​មាន​ដូច​តទៅ ៖ «មាន ​ស្ដេច​មួយ​ព្រះ​អង្គ​សោយរាជ្យ​នៅ​នគរ​ឥន្ទ្រ​ប្រទេស (22) មាន​ព្រះរាជ​បុត្រា​៥​ព្រះ​អង្គ ។ ព្រះ​អង្គ​បាន​បែង​ចែក​ខែត្រ​ខណ្ឌ​៤​ចំណែក​ឱ្យ​ព្រះរាជ​បុត្រា​ច្បង​ទាំង​ បួន​គ្រប់គ្រង ឯ​ព្រះរាជ​បុត្រា​ពៅ​នៅ​ជាមួយ​នឹង​ព្រះ​អង្គ ។ ដល់​ពេល​ព្រះរាជ​បុត្រា​ពៅ​នេះ​ចម្រើន​វ័យ​ធំ​ឡើង ព្រះរាជា​ក៏​ដាក់​រាជ្យ​ថ្វាយ​ព្រះរាជ​បុត្រា​ពៅ​នេះ​ឱ្យ​សោយរាជ្យ​បន្ដ​ពី​ ព្រះ​អង្គ ។ ធ្វើ​យ៉ាងនេះ​បាន​សេចក្ដី​ថា ព្រះ​អនុជ​ពៅ​នេះ​ជា​អធិរាជ​លើ​ព្រះ​រៀម​ទាំង​៤​ព្រះ​អង្គ ។ ព្រះ​រៀម​៣​ព្រះ​អង្គ​យល់ព្រម​ទទួល​យក​ស្ថានភាព​បែប​នេះ ប៉ុន្ដែ​ព្រះ​រៀម​ទី​៤​ព្រះ​នាម​ថា ព្រះថោង មិន​យល់ព្រម​ទេ ហើយ​ទ្រង់​មិន​ព្រម​យាង​មក​កាន់​ឥន្ទ្រ​ប្រទេស​ចូលរួម​ក្នុង​ពិធី​អភិសេក​ ព្រះ​អនុជ​ឡើយ ។ ដំបូង​ឡើយ ព្រះ​វររាជបិតា​ប្រុង​នឹង​បញ្ជូន​ព្រះរាជ​បុត្រា​ទាំង​បួន​អង្គ​ទៀត ឱ្យ​លើកទ័ព​មក​ច្បាំង​នឹង​ព្រះថោង​ដែល​ទ្រង់​ចាត់​ទុក​ថា​បាន​បះបោរ​ ប្រឆាំង ។ ក៏​ប៉ុន្ដែ​ដោយ​ព្រះថោង​មាន​ការ​គាំពារ​ច្រើន​ពី​ប្រជាជន ព្រះ​អង្គ​ក៏​ប្រែ​ព្រះ​ទ័យ គ្រាន់តែ​សម្រេច​បណ្ដេញ​ព្រះថោង ព្រមទាំង​បរិវារ​ទាំងអស់​ចេញពី​ព្រះ​នគរ ប៉ុណ្ណោះ​ហើយ​ទ្រង់​ឱ្យ​នាំ​យក​ប្រជាជន​ពី​ខែត្រ​ខណ្ឌ​៤​ទៀត​មក​រស់នៅ​បំពេញ ​វិញ ។ ព្រះថោង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា កាត់​សាសនា ក៏​ដឹកនាំ​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​ចាក​ចេញពី​ប្រទេស​មក​តាំងនៅ​លើ​ ទឹកដី​នគរ​គោកធ្លក ដែល​មាន​ពួក​ចាម​រស់នៅ​មុន​រួច​ទៅ​ហើយ ។ ការ​រស់នៅ​លើ​ទឹកដី​គោកធ្លក​នេះ​មិន​បាន​ស្រួល​ទេ ដោយ​ចេះ​តែ​មាន​ទំនាស់​រវាង​ពួក​ចាម​ម្ចាស់​ស្រុក​ជាមួយ​ប្រជារាស្ដ្រ​របស់​ ព្រះថោង ក៏​ក្លាយ​ទៅជា​ជម្លោះ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ ។ ពេល​នោះ ប្រហែលជា​ដោយសារ​មាន​ជំនួយ​ពី​ជនជាតិ​ដើម​ផង ព្រះថោង​ក៏​វាយ​បណ្ដេញ​ពួក​ចាម​បង្ខំ​ឱ្យ​ពួក​នេះ​ចាក​ចេញពី​ចំប៉ាសាក់​ ទៅ ។ ព្រះ​អង្គ​ក៏​ឡើង​គ្រងរាជ្យ​ជា​ព្រះរាជា រួច​បាន​អភិសេក​បុត្រី​របស់​ស្ដេច​នាគ​ជា​អគ្គ​មហេសី ។ ពាក្យ​ថា «នាគ» នេះ ប្រហែល​សំដៅយក​អ្នកស្រុក​ដើម គឺ​ពួក​ខ្មែរ​នេះឯង ។ ព្រះថោង មិន​គ្រាន់តែ​គ្រប់គ្រង​លើ​ទឹកដី​ក្រុម​ឧបនិវេសន៍​ជ្វា​ហិណ្ឌូ​ដែល​ព្រះ​ អង្គ​ដណ្ដើម​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​គ្រប់គ្រង​លើ​ទឹកដី​ដែល​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ​បិតាក្មេក​ ព្រះ​អង្គ​ផង​ដែរ ។ ហេតុការណ៍​នេះ​ជា​ភស្ដុ​តាង​បញ្ជាក់​អំពី​ឃ្លា​នៃ​រឿង​និទាន​ដំបូងៗ​ដែល​ និយាយ​ថា ព្រះថោង​ជា​ព្រះរាជា​ទី​មួយ​របស់​ពួក​ខ្មែរ​ បាន​សេចក្ដី​ថា​ពួក​ជនជាតិ​ដើម​ដែល​បាន​រួបរួម​ជាមួយ​ពួក​ហិណ្ឌូ ។»

កម្ពុ

ក្រៅពី ​រឿងនិទាន​ទាំង​ពីរ​ខាងលើ​នេះ​ដែល​គេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​ មួយ​រហូត​មក​ដល់​យើង​សព្វថ្ងៃ ប្លែកៗ​ពី​គ្នា​ខ្លះ ក៏​ប៉ុន្ដែ​រក្សា​បាន​នូវ​រចនាបថ​ដើម ហើយ​ដែល​គ្មាន​សិលាចារឹក​ណាមួយ​បាន​លើក​ឡើង​សោះ ។

នៅ ​មាន​រឿង​ព្រេង​មួយ​ទៀត​ស្ដី​អំពី​ទេវ​បុព្វបុរស​របស់​ប្រជាជន​កម្ពុជា ហើយ​ដែល​សិលាចារឹក​មួយ​បាន​លើក​ឡើង​ដែរ ។ បុព្វបុរស​នោះ​អាច​ចាត់​ទុក​បាន​ថា​ជា​មនុស្ស​របស់​ឥណ្ឌូចិន​ទ្រង់​មាន​ព្រះ ​នាម​ថា​ «កម្ពុ» ហើយ​ជា​ជីទួត ជីលួត​របស់​រាល់​ព្រះរាជា​វរ្ម័ន​ក្រោយៗ​មក ។ ព្រះ​អង្គ​បង្ហាញ​រូបរាង​ឡើង​ក្នុង​ឋានៈ​ជា​ទេវ​កថា​មួយ​របស់​ជាតិ ។

តាម ​កំណត់​សម្គាល់​មួយ​នៅ​ទំព័រ​ខាងលើ គេ​បាន​ឃើញ​ថា​ពាក្យ​សំស្ក្រឹត «កម្ពុ» មាន​ន័យ​ថា «ចោរ​ ចោរ​សមុទ្រ» ដែល​លោក ហ្សេរីនី បាន​បក​តម្រូវ​នឹង​ពាក្យ​ក្រិក «លេស្ដៃ» ដែល​ផែនទី​របស់ ផ្ដូលេមេ ប្រើ​សម្រាប់​សម្គាល់​ប្រជាជន​ដែល​រស់នៅ​កូសាំងស៊ីន និង​កម្ពុជា ។ ក្នុង​ករណី​នេះ ពាក្យ «លេស្ដៃ» គ្រាន់តែ​ជា​ពាក្យ​បកប្រែ​ប៉ុណ្ណោះ មិន​មែន​ជា​ពាក្យ​សរសេរ​តាម​ឈ្មោះ​ដើម​របស់​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ ទេ ។ ខ្ញុំ​គ្មាន​ជំនឿ​ថា ការ​ដែល​មាន​រឿង​ប្រហាក់​ប្រហែល​គ្នា​នេះ វា​មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ ក៏​ប៉ុន្ដែ​ការ​ដែល​ទេវ​បុព្វបុរស​របស់​ប្រជាជន​កម្ពុជា​មាន​ឈ្មោះ​ដូច​ ពាក្យ​ដែល​មាន​ប្រើ​នៅ​លើ​ផែនទី​ក្រិក ជា​កត្ដា​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​មតិ​របស់​លោក ហ្សេរីនី ស្ដី​អំពី​បុព្វបុរស​របស់​ប្រជាជន​ដែល​យើង​កំពុង​ធ្វើការ​សិក្សា​នេះ ។

៣- កោណ្ឌញ្ញ​ជ័យវរ្ម័ន

ថ្វីបើ ​មាន​រឿង​ព្រេង​ដែល​បាន​ក្លាយ​ទៅជា​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ទៅ​ហើយ ហើយ​បើ​ទោះជា​រឿងព្រេង​ទាំងនោះ​មាន​មូលដ្ឋាន​ផ្អែក​ទៅ​លើ​ប្រវត្ដិសាស្ដ្រ​ ខ្លះ​ក៏​ដោយ ក៏​គេ​មិន​អាច​យក​រឿង​ទាំង​អស់នោះ​ជា​គោល​ដើម្បី​សរសេរ​ប្រវត្ដិសាស្ដ្រ​នៃ​ សម័យ​កាលនោះ​បាន​ទាំងស្រុង​ដែរ ។

ក៏ ​ប៉ុន្ដែ ជា​សំណាងល្អ​សម្រាប់​សតវត្សរ៍​ទី​៥​ដែល​យើង​នៅ​មាន​ប្រភព​ព័ត៌មាន​ ច្បាស់លាស់​ផ្សេង​ទៀត​គឺ​ដំបូង​មាន​សិលាចារឹក និង​បន្ទាប់​មក​ទៀត​មាន​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ដែល​យើង​បាន​ប្រើប្រាស់​ ជា​ច្រើន​ណាស់​មក​ហើយ​សម្រាប់​សតវត្សរ៍​មុនៗ ។

មក ​ដល់​ត្រឹម​នេះ រឿងរ៉ាវ​ដែល​យើង​បាន​ដឹង​អំពី​ព្រាហ្មណ៍​ឈ្មោះ កោណ្ឌញ្ញៈ ឬ​ក៏​ព្រាហ្មណ៍​ត្រកូល​កោណ្ឌញ្ញៈ ដែល​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ឥណ្ឌា​មក​សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា មាន​ព្រះ​នាម​ថា​ ជ័យវរ្ម័ន មិន​ប្រាកដ​ថា សុទ្ធតែ​ជា​រឿងព្រេង​ទាំង​អស់នោះ​ទេ ។

តាម ​មើលទៅ វា​ហាក់​ដូចជា​មាន​ការ​លុកលុយ​របស់​ពួក​ហិណ្ឌូ ប្រហែលជា​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៥​នៃ​គ្រិស្ដសករាជ ។ ពួក​នោះ​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង គឺ​ចេញពី​តំបន់​ដេកង់ ធ្វើ​ដំណើរ​កាត់​រាជា​ណា​ចក្រ​ប៉ាន​ប៉ាន នៅ​ខាងជើង​ទៀបកោះ​ម៉ាឡាកា មក​កាន់​កម្ពុជា ។ មេកោយ​របស់​ពួក​នោះ​ឈ្មោះ កោណ្ឌញ្ញៈ បាន​ត្រូវ​ប្រកាស​លើក​ជា​ស្ដេច​តាំង​តែ​ពី​ពេល​មក​ដល់​ភ្លាម រួច​ហើយ​បាន​ប្រកាន់​យក​ឋានៈ​ជា​ «វរ្ម័ន» មាន​ន័យ​ថា «អ្នកការពារ» ដូចដែល​ស្ដេច​នៃ​នគរ​បល្លវៈ​ នៅ​ឥណ្ឌា​ និង​ស្ដេច​ចាម​នៅ​តាម​មាត់​សមុទ្រ​ខាងកើត​នៃ​ឥណ្ឌូចិន​តែង​តែ​ប្រកាន់​យក​ រួច​មក​ហើយ ។ ស្ដេច​ចាម​ដែល​សោយរាជ្យ​នៅ​ហ្វូណន ដូច​ដែល​រៀបរាប់​ពី​ខាងលើ​សុទ្ធតែ​បាន​ប្រកាន់​យក​ឋានៈ​នេះ​ដូច​គ្នា ទោះជា​សោយរាជ្យ​នៅ​វយធបុរៈ ឬ​នៅ​សម្ភុបុរៈ ឬ​នៅ​ទូ​ទាំង​ព្រះរាជា​ណាចក្រ​ទាំងមូល​ផង​ក៏​មិនដឹង បើ​រដ្ឋ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ព្រះរាជា​តែ​មួយ​ ព្រះ​អង្គ ។

រាជធានី​របស់​ព្រះបាទ​កោណ្ឌញ្ញៈ​នៅ​ហ្វូណន​នា​ពេល​នោះ មាន​ឈ្មោះ​ថា «អនិន្ទត្តបរុៈ» ដែល​គេ​មិន​ទាន់​កំណត់​រក​ឃើញ​ទីតាំង​ពិតប្រាកដ​បាន​នៅឡើយ ។ កំណត់​ត្រា​របស់​ពួក​ចិន​ហៅ​រាជធានី​នេះ​ថា «តូមូ» ដែល​ក្រោយ​មក គឺជា​រាជធានី​វយធបុរៈ គឺ​ស្រុក​ព្រៃកប្បាស​សព្វថ្ងៃ ។

ព្រះរាជា ​អង្គ​នេះ បាន​ក្លាយ​ទៅជា​អធិរាជ​ដ៏​មាន​អំណាច មាន​ស្ដេច​ចំណុះ​ជា​ច្រើន ព្រោះ​សិលាចារឹក​ព្រះ​ឥន្ទកោសីយ៍ ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ ហើយ​ដែល​គេ​ចារ​៤​សតវត្សរ៍​ក្រោយមក បាន​រៀបរាប់​ថា «ក្រចក ​ព្រះបាទ​របស់​ព្រះ​អង្គ​ទៅ​ជា​រលោង​ភ្លឺ​ចិញ្ចាច អាស្រ័យ​ដោយ​ប៉ះ​នឹង​មកុដ​ដាំ​ពេជ្រ​របស់​ស្ដេច​ចំណុះ​ទាំងឡាយ​នៅ​លើ​លោក​ នេះ ដែល​ចូល​មក​ក្រាបថ្វាយបង្គំ​គាល់​ព្រះ​អង្គ ។ ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង​ព្រះអាទិត្យ​ទើបនឹង​រះ ឬ​ព្រះ​ច័ន្ទ​ពេញវង់ ដែល​ល្អ​លើស​ផ្កាឈូក​នៃ​ពូជ​ជួរ​ទាំងឡាយ ។ ព្រះ​អង្គជា​ព្រះ​ចន្ទ​នៃ​ត្រកូល​កោណ្ឌញ្ញៈ ជាទី​ប្រជុំ​នៃ​គុណធម៌ ។ ជោគ​ជ័យ​របស់​ព្រះ​អង្គ​មាន​ពន្លឺ​ចាំង​ដូច​ជា​ស្វេតច្ឆត្រ ហើយ​រាជធានី​មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ដោយ​ស្នា​ព្រះ​ហស្ដ​ដ៏​ខ្លាំងក្លា​របស់ ​ព្រះ​អង្គ ។ មហារាជ​ទាំងឡាយ​ដែល​ចំណុះ​ព្រះ​អង្គ គោរព​បូជា​ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង​ទេវតា ស្រី​របាំ និង​តន្ដ្រីករ​នៅ​ស្ថានសួគ៌​គោរព​បូជា​ព្រះអាទិត្យ» ។

ព្រះបាទ ​កោណ្ឌញ្ញៈ​គោរព​បូជា​ព្រះ​សិវៈ ។​សិលាចារឹក​បានឱ្យ​យើង​ដឹង​ថា​ព្រះ​ អង្គ​បាន​កសាង​ និង​សម្ពោធ​លិង្គ​ប្រមាណ​ជា​១០០​នៅ​ពាសពេញ​ផែនដី​នេះ ពោល​គឺ​នៅ​ក្នុង​ព្រះរាជាណាចក្រ​របស់​ព្រះ​អង្គ ។

ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ហៅ​ព្រះ​អង្គ​ថា​ «កាវឆេនយូ» គឺ​កោណ្ឌញ្ញៈ តាម​ត្រកូល​របស់​ព្រះ​អង្គ ឬ​ក៏​ហៅ​ថា «ចូយេប៉ាម៉ូ» គឺ «ជ័យវរ្ម័ន» (23) តាម​ព្រះ​នាម​របស់​ព្រះ​អង្គ​ពេល​គ្រងរាជ្យ ហើយ​បាន​កំណត់​រជ្ជកាល​របស់​ព្រះ​អង្គ​ចាប់ពី​ចុង​សតវត្សរ៍​ទី​៥ ដល់​ដើម​សតវត្សរ៍​ទី​៦ ពីព្រោះ​ព្រះ​អង្គ​បាន​បញ្ជូន​សួយសារអាករ​ថ្វាយ​ស្ដេច​ក្រុង​ចិន​២​ដង គឺ​ម្ដង​នៅ​ឆ្នាំ​៤៨៣ និង​ម្ដងទៀត​នៅ​ឆ្នាំ​៥០៣ ។ ប្រទេស​ចិន​តែងតែ​ចាត់​ទុក​ប្រទេស​ជិតខាង ទោះជា​នៅ​ឆ្ងាយ​បន្ដិច​ក៏​ដោយ​ថា​ជា​នគរ​ចំណុះ​ ហើយ​បាន​ដាក់​ឋានៈ​ថ្វាយ​ព្រះបាទ​កោណ្ឌញ្ញៈ​ថា​ជា «ឧត្ដមសេនីយ៍​នៃ​ទក្សិណ សន្ដិភាព ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន» ។

ព្រះបាទ ​កោណ្ឌញ្ញ​ជ័យវរ្ម័ន បាន​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ចាម​នៅ​រវាង​ឆ្នាំ​៤៨៤ ។ អគ្គរាជទូត​ដែល​ព្រះ​អង្គ​បាន​បញ្ជូន​ទៅ​គាល់​ស្ដេច​ក្រុង​ចិន​នា​ពេល​នោះ​ គឺ​ដើម្បី​សុំ​ជំនួយ​ពី​ស្ដេច​ស្រុក​ចិន​ធ្វើសង្គ្រាម ។

អគ្គរាជទូត ​ដែល​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជា​ពុទ្ធសាសនិកជន​ ម្នាក់​មានឈ្មោះ​ថា សក្យនាគសេន រីឯ​រាជ​សារ​ដែល​ផ្ញើ​ទៅ​នោះ​ជា​លិខិត​សាមញ្ញ បង្ហាញ​អំពី​ជីវិត​មនុស្ស​ម្នាក់​ដែល​ត្រូវការ​នូវ​ជំនួយ​ជា​ចាំបាច់ ។ ព្រះរាជ​សារ​នោះ​បាន​បង្ហាញ​ឱ្យ​យើង​ដឹង​អំពី​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ ប្រទេស​ចាម្ប៉ា គឺថា​ព្រះរាជា​ចាម​ពេល​នោះ ជា​ស្ដេច​ជ្រែករាជ្យ​ដែល​មាន​កំណើត​ជា​ខ្មែរ គឺ​ពី​ដើម​ជា​ទាសករ ឬ​បើ​ហោច​ណាស់​ក៏​ជា​អ្នកបម្រើ​ដែរ (ខ្ញុំ) ។ មាន​ឯកសារ​ខ្លះ​និយាយ​ថា ស្ដេច​ចាម​នោះ​ជា​រាជបុត្រ​របស់​ព្រះបាទ​កោណ្ឌញ្ញៈ មាន​ព្រះ​នាម​ថា​ គាវឈាវឡូ ។ ក្រោយ​ពី​បាន​ភៀសខ្លួន​ចេញពី​ហ្វូណន​ ខ្ញុំបម្រើ​នេះ​បាន​បញ្ចុះ​បញ្ចូល​ពួក​បះបោរ​ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​លីនយី ឬ​ចាម ដែល​ធ្លាប់​ច្បាំង​ចាញ់​ម្ដង​រួច​ទៅ​ហើយ​នៅ​ឆ្នាំ​៤៤៦ ដោយ តាន់​ហូ​ឆេ រួច​ក៏​ឡើង​គ្រងរាជ្យ​ខ្លួនឯង​ទៅ ។ ពួក​ចាម​ក្រោម​រជ្ជកាល​នៃ​ស្ដេច​ជ្រែករាជ្យ​នេះ ធ្លាប់​បាន​វាយ​ប្រហារ​ទៅ​លើ​ក្បួន​ដង្ហែ​រាជទូត សក្យនាគសេន ពេល​ត្រលប់​មក​ពី​ប្រទេស​ចិន​វិញ​លើក​ទី​១ ប្លន់​យក​ទ្រព្យសម្បត្ដិ​ទាំងអស់​ដែល​ស្ដេច​ចិន​ផ្ញើ​ថ្វាយ​ស្ដេច​នគរ​ ហ្វូណន ។ ព្រះបាទ​កោណ្ឌញ្ញៈ​បាន​បញ្ជូន​រាជទូត​ទៅ​រាយការណ៍​ថ្វាយ​ស្ដេច​ស្រុក​ចិន ដោយ​ទូល​ថា ទ្រព្យសម្បត្ដិ​ទាំងឡាយ​ជា​ទ្រព្យ​របស់​ស្ដេច​ស្រុក​ចិន និង​ទូល​ថា ក្នុង​នាម​ខ្ញុំ​ជា​ស្ដេច​ចាម​នេះ​ព្រងើយ​កន្ដើយ មិន​បាន​បញ្ជូន​សួយសារអាករ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ចិន​ទេ ។ ព្រះរាជ​សារ​ស្ដេច​ហ្វូណន​ចែង​ថា «បើ​ព្រះ​អង្គជា​ ម្ចាស់​ទ្រង់​ចង់​ចាត់​តាំង​ព្រះរាជា​ថ្មី​ឱ្យ​សោយរាជ្យ​នៅ​នគរ​ចាម្ប៉ា​នោះ ទូលព្រះបង្គំ​ជាខ្ញុំ​ទទួល​ព្រះរាជ​បញ្ជា​ដោយ​គោរព» ។ រាជសារ​បាន​បញ្ចប់​ដោយ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចាត់​បញ្ជូន​ទ័ព​មួយ​កង​តាម​ ហែហម​ស្ដេច​ហ្វូណន​គ្រប់​ទិសទី ដើម្បី​ដាក់​ទោស​ពួក​ក្បត់ និង​ជួយ​សង្គ្រោះ​អ្នក​ស្លូតត្រង់ ។

តាម ​មើលទៅ ស្ដេច​ចិន​ប្រហែលជា​បាន​បញ្ជូន​ទ័ព​តាម​ការ​ស្នើ​សុំ​មែន ហើយ​នៅ​ពេល​ដែល​នគរ​ចាម្ប៉ា​បាន​ត្រូវ​បង្ក្រាប​ធ្វើ​ឱ្យ​មាន​សន្ដិភាព​រួច​ មក ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​ក៏​ត្រូវ​បាន​ស្ដេច​ស្រុក​ចិន​ដាក់​ព្រះ​ឋានៈ​ ឱ្យ​ជា «ឧត្ដមសេនីយ៍​នៃ​ទក្សិណ​សន្ដិភាព ជា​ព្រះរាជា​នគរ​ហ្វូណន» ។

ព្រះរាជា​អង្គ​នេះ បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​៥១៤​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​ឆ្នាំ​៤៣៦​នៃ​មហាសករាជ ។

៤- រុទ្រវរ្ម័ន

ព្រះរាជ ​បុត្រា​ច្បង​របស់​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​ព្រះ​នាម រុទ្រវរ្ម័ន ពួក​ចិន​ហៅ​ថា លាវតូប៉ាម៉ូ ជា​ព្រះរាជបុត្រ​ជាមួយ​នឹង​ស្រីស្នំ​ម្នាក់ បាន​ធ្វើ​គុត​ព្រះ​អនុជ​ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​កោណ្ឌញ្ញ​ ជ័យវរ្ម័ន​ជាមួយ​ព្រះរាជ​អគ្គមហេសី រួច​ហើយ​ដណ្ដើម​យក​រាជ្យសម្បត្ដិ (24) ។

ឯកសារ​ចិន​នា​ពេល​នោះ លែង​រៀបរាប់​អំពី​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​កោណ្ឌញ្ញ​ ជ័យវរ្ម័ន​ទៀត​ហើយ ។ បើ​មាន​និយាយ​ពី​នគរ​ហ្វូណន គឺ​មាន​រៀបរាប់​តែ​អំពី​ទំនៀមទម្លាប់ និង​ការ​ប្រកប​កិច្ចការ​ផ្សេងៗ​ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​ពី​ខាងលើ​រួច​មក​ ហើយ ។ គ្មាន​និយាយ​អ្វី​ដែល​ទាក់ទង​ដល់​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ ឬ​រឿងរ៉ាវ​អ្វី​សំខាន់​ទេ ។

រហូត ​ទាល់តែ​ដល់​គ្រិស្ដ​សតវត្សរ៍​ទី​៦ ទើប​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​មាន​រៀបរាប់​អំពី​ស្ថានភាព​នយោបាយ​ឡើង​ វិញ ។ នេះ​គឺ​មក​ពី​មាន​ព្រឹត្ដិការណ៍​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង​នៅ​ហ្វូណន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​ពួក​ចិន ។

(1) ក៏​ប៉ុន្ដែ​ពាក្យ​នេះ​ហាក់​ដូចជា​មិនមែន​ជា​ពាក្យ​របស់​ចិន​ទេ ។ វា​មិន​មាន​ន័យ​ថា​ខែត្រ​ខាងត្បូង​ដូច​ដែល​គេ​បាន​និយាយ​នោះ​ទេ ពីព្រោះ​ថា​តាម​ធម្មតា​នៅ​ក្នុង​ភាសា​ចិន​គុណនាម​នៅ​ពីមុខ​នាម​ជា​ និច្ច ។​ម្យ៉ាងទៀត​ ពាក្យ​ «ហ្វូ» ​មិន​មាន​ន័យ​ថា​ «ខែត្រ» ​ទេ​គឺ​មាន​ន័យ​ថា ទីក្រុង​តូច លំដាប់​ថ្នាក់​ទី​៣​តែ​ប៉ុណ្ណោះ ។ ដូចនេះ​ពាក្យ «ហ្វូណន» គ្មាន​ន័យ​ទេ ។ តែ​ពាក្យ​នេះ​អាច​ជា​ការ​សរសេរ​ចម្លង​ឈ្មោះ​តាម​ពាក្យ​អ្នកស្រុក​ណា​មួយ​ដែល ​ចិន​អាន​មិន​ច្បាស់ ។​នៅ​សតវត្សរ៍​ទី​២​នៃ​គ្រិស្ដសករាជ ហ្វូណន ជា​ទម្រង់​ចុង​ក្រោយ​របស់​ប៉ូណន ។ ក៏​ប៉ុន្ដែ តើ​ត្រូវ​ពន្យល់​ការ​ដែល​បាត់​ពាក្យ ប៉ូណន ទៅ​ដោយ​របៀប​ណា​ក្នុង​ភាសា​និយាយ ក្នុង​រឿងព្រេង ឬ​ក្នុង​សិលាចារឹក ?

(2) តាម​កំណត់​ត្រា​មួយ​ដែល​ផ្ញើ​ពី​ទីក្រុង​វ៉េ​នៅ​ឆ្នាំ​១៩០៨ ជូន​លោក លូស ជា​រ៉េស៊ីដង់​ជាន់ខ្ពស់​បារាំង​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា ខែត្រ​យ៉ាឌិញ កាលពី​អតីតកាល​ដ៏​យូរ​មក​ហើយ​មាន​ឈ្មោះ​ថា ភូណន ។ ក្រោយមក​ដូរ​ជា ធុងចានឡាប់ និង​ក្រោយមក​ទៀត​ថា ត្រាយដុងផូ ។ ចាប់ពី​ឆ្នាំ​១៧០១​មក ក៏​ប្រែ​ទៅ​ជា ភូយ៉ាឌិញ រហូត​មក ។

(3) ស្រុក​នេះ​មាន​រាជធានី​ឈ្មោះ សាបេ ស្ថិត​នៅ​ខាងជើង​ព្រៃនគរ ។ ឈ្មោះ​នេះ​ប្រហែលជា​ពាក្យ​ម៉ាឡេ ហើយ​ដាក់​យ៉ាងនេះ គឺ​យក​តាម​ទីក្រុង​សាបេ​នៅ​កោះ​ស៊ូម៉ាត្រា ។

(4) ការ​បកស្រាយ​នេះ​អាច​នឹង​ត្រឹមត្រូវ ក៏​ប៉ុន្ដែ​ដូច​ជា​គួរ​ឱ្យ​សង្ស័យ​ខ្លាំង​ណាស់ ។ គឺជា​ការ​ពន្យល់​ដែល​អង់អាច​ហួស ហើយ​ក៏​គ្មាន​ភស្ដុ​តាង​បញ្ជាក់​ច្បាស់​លាស់​ដែរ ។

(5) នៅ​ក្នុង​សិលាចារឹក គេ​សរសេរ កម្វុជា ក៏​ប៉ុន្ដែ​កម្ពុជា​មាន​គេ​និយម​ច្រើន​ជាង ។ មាន​គេ​ពន្យល់​ថា កម្វុជា ឬ​កម្ពុជា អាច​ក្លា​យមក​ពី​ពាក្យ​ម៉ាឡេ​ថា សិមបូជៈ ដែល​ជា​ឈ្មោះ របស់​ប៉ាឡំបាង កាលពី​យូរយារ​ណាស់​មក​ហើយ ហើយ​ដែល​ចិន​ហៅ​មិន​ច្បាស់​ថា សានហ្វុស៊ី ។ ខ្ញុំ​មិន​ឱ្យ​តម្លៃ​ដល់​ការ​បកស្រាយ​នេះ​ទេ តែ​ខ្ញុំ​ជឿ​ថា ទោះជា​ពាក្យ​កម្ពុជា​ក្លាយ​មក​ពី​ឈ្មោះ​ជា​ភាសា​ម៉ាឡេ​របស់​ទីក្រុង​មួយ​ ឬ​ក៏​ក្លា​យមក​ពី​ទេវៈ​បុព្វបុរស​កម្ពុ​ក្ដី​ ពួក​ខ្មែរ​ទទួល​យក​ពាក្យ​នេះ​សម្រាប់​ការ​ចារ​លើ​ថ្ម​ពីព្រោះ​វា​ធ្វើ​ឱ្យ​ នឹក​ឃើញ​ជាតិ​សាសន៍​មួយ​នៃ​ឥណ្ឌា​របស់​ពួក​អារ្យាង ហើយ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ប្រភព​ដើម​ថ្លៃថ្នូរ និង​ប្រកបដោយ​ជោគជ័យ ។ គឺ​ដូច​គ្នា​បែប​នេះឯង ដែល​ក្រោយ​មក​ពួក​គេ​ហៅ​អង្គរធំ​ ឬ​មហានគរ​ថា​ជា​ ឥន្ទ្រ​ប្រាស្ថៈ​-​ឥន្ទ​បាទ ដែល​ជា​ឈ្មោះ​របស់​ទីក្រុង​មួយ​នៅ​ហិណ្ឌូ​ស្ថាន ប្រហែល​១៥​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​ដែល្លី ។

(6) ពាក្យ នាគ ដែល​គេ​ប្រើ​ជា​ប្រពៃណី​សម្រាប់​ហៅ​អ្នកស្រុក​ដើម​របស់​នគរ​គោកធ្លក អាច​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដោយ​ពួក​ហិណ្ឌូ​តាំង​តែ​ពី​ពេល​ដែល​ពួក​នេះ​មក​ ដល់​ដំបូង​ម្ល៉េះ ។ នៅ​ឥណ្ឌា ពាក្យ​នេះ​ជា​ឈ្មោះ​ជនជាតិ​មួយ​ក្រុម​ដែល​មាន​រហូត​មក​ដល់​សព្វថ្ងៃ គឺ​ពួក​គេ​មាន​ទីលំនៅៗ​ចន្លោះ​ខែត្រ​ឈីតតាហ្គុង និង​អាសាម ។ ពួក​នេះ​មាន​ផ្ទះ​សង់​បន្ដើត ដូច​ជា​ផ្ទះ​ពួក​ខ្មែរ​ដែរ ។ មាន​គេ​និយាយ​ថា ពួក​នាគ​នៅ​ឥណ្ឌា​នេះ​មាន​អម្បូរ​ជា​ ជេរ៉ាស​ ឬ​ សិរាស​ ដែល​ប្រហែល​គ្នា​នឹង​ពាក្យ​ ចារ៉ាយ​ និង​ ស៊ឺរ៉ាយ ​ដែល​គេ​តែង​ឮ​នៅ​កម្ពុជា ។​ ចារ៉ាយ​ ជា​ឈ្មោះ​ដែល​ជនជាតិ​ភាគតិច​គួយ​ដាក់​ឱ្យ​ខ្មែរ រីឯ​ពាក្យ ស៊ឺរ៉ាយ ជា​ពាក្យ​ដែល​ពួក​ស្ទៀង និង​ពួក​ម៉យ​នៅ​ភាគ​ខាងកើត​កូសាំងស៊ីន ប្រើ​សម្រាប់​ហៅ​ខ្មែរ ។ ដូច្នេះ វា​អាច​ជា​ការ​ត្រឹមត្រូវ​ដែល​ថា​ពាក្យ​នាគ​ជា​ឈ្មោះ​ដែល​ពួក​និរប្រវេសន្ដ​ ហិណ្ឌូ​ដាក់​អ្នកស្រុក​គោកធ្លក ។

(7) អ្នកខ្លះ​ថា​ឈ្មោះ ដៀបលីយើ ។

(8) លោក​ ពែលីយ៉ូ​ បាន​រក​ឃើញ​ឯកសារ​ដែល​និយាយ​ថា​ ព្រាហ្មណ៍​នោះ​មក​ពី​វូវែមឬគី​ និង​រាជ​ណា​ចក្រ​គាវ ។​ជន​នោះ​អាច​ធ្វើ​ដំណើរ​មក​ពី​ឥណ្ឌា ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​សិង្ហបុរី ក៏​ប៉ុន្ដែ​ខ្ញុំ​ជឿ​ថា​គ្រាន់តែ​ដឹង​ថា​មក​ពី​ទិស​ខាងត្បូង គឺ​គ្រប់គ្រាន់​ហើយ ។

(9) ពាក្យ​នេះ​ដែល​ចិន​ហៅ​ថា​ ហ្វាន អាណ្ណាម​ថា​ ផាន គេ​ប្រើ​សម្គាល់​ឋានៈ​ព្រះរាជា​ប្រៀប​បាន​ទៅ​នឹង​ពាក្យ​ស្រី ឬ​ព្រះ ដែល​គេ​តែង​ប្រើ​នៅ​កម្ពុជា និង​ចាម្ប៉ា អ៊ីចឹង​ដែរ ។ ក៏​ប៉ុន្ដែ​ពាក្យ​នេះ គេ​មិន​បាន​ប្រើ​យូរ​ប៉ុន្មាន​ទេ គឺ​មាន​ប្រើ​ចំពោះ​តែ​ព្រះរាជា​កម្ពុជា​៣​ព្រះ​អង្គ ប៉ុណ្ណោះ​នៅ​សតវត្សរ៍​ទី​៣ និង​ប្រើ​នៅ​ចាម្ប៉ា​ចាប់ពី​សតវត្សរ៍​ទី​៣​មក ។ ខ្ញុំ​មិន​ដឹង​ថា​ពាក្យ​នេះ​មាន​ប្រភព​ដើម​ពី​ពាក្យ​សំស្ក្រឹត ឬ​ចាម ឬ​ម៉ាឡេ ឬ​ក៏​ចិន ណា​មួយ​ម៉ាត់​ទេ ។ ប្រហែលជា​ពាក្យ​នេះ​ជា​ការ​អាន​ពាក្យ វរ្ម័ន មិន​បាន​ច្បាស់​ក៏​មិនដឹង ។

(10) ប្រហែលជា​ឈ្មោះ​ពិតប្រាកដ​គឺ តូម៉ូហ៊ូ ដែល​ជា​ឈ្មោះ​តាម​ភាសា​ម៉ាឡេ​នៃ​ទីក្រុង​មួយ​នៅ​កោះ​ជ្វា ។

(11) លោក​ ពែលីយ៉ូ ក្នុង​សៀវភៅ​ឈ្មោះ​ថា​ នគរ​ហ្វូណន​បាន​បញ្ជាក់​តាម​សំដី​លោក​ ឆាវ៉ាន ​ថា​ស្ដេច​នគរ​ហ្វូណន​បាន​បញ្ជូន​រាជទូត​ឱ្យ​ទៅ​គាល់​ស្ដេច​ស្រុក​ចិន​នៅ​ ឆ្នាំ​២៤៣ និង​ក្រោយៗ​មក​ទៀត ។

(12) ដោយហេតុ​នេះ គេ​ត្រូវ​បំភ្លេច​ចោល​នូវ​ការ​ដែល​គិត​ថា​ ហ៊ុនទៀន និង​កោណ្ឌញ្ញៈ ​ជា​មនុស្ស​តែ​មួយ ដូច​ដែល​បាន​ស្នើ​ឡើង​ដោយ ស្លេហ្សែល បន្ទាប់​មក ដោយ​ ពែលីយ៉ូ និង​ហ្វ៊ីណូត៍ ។ អ្នក​ទាំង​២​រស់​នៅ​ចន្លោះ​ពី​គ្នា​ប្រហែល​៤​សតវត្សរ៍​យ៉ាងតិច ។ លោក ពែលីយ៉ូ ដឹង​រឿង​នេះ​ច្បាស់​ណាស់ ព្រោះ​លោក​បាន​លើក​ពី​អត្ថបទ​របស់​ម៉ង់ស៊ីចាន់ ដែល​រៀបរាប់​អំពី​ស្ដេច​មួយ​ចំនួន​ដែល​សោយរាជ្យ​ចន្លោះ​ពី​ហ៊ុនទៀន​នៅ​ សតវត្សរ៍​ទី​១​ដល់​កោណ្ឌញ្ញៈ​ដែល​ឡើង​សោយរាជ្យ​ក្រោយ​ឆ្នាំ​៤៧៨​ហើយ​មាន​ ទាំង​និយាយ​អំពី​ស្ដេច​ជ្រែករាជ្យ​ដែល​សោយរាជ្យ​ពី​២២២ ដល់ ២៨០​ផង ។

(13) អ្នកប្រាជ្ញ​ខ្មែរ​និយាយ​ថា ដោយហេតុ​នេះ​ហើយ​បានជា​ក្រោយៗ​មក​ស្ដ្រីៗ​បាន​ចៀរ​ក្រណាត់​នោះ ហើយ​ដេរ​បន្ថែម​ដៃ ក៏​បាន​ជា​អាវ​បំពង់​ពាក់​រហូត​មក ។ ក៏​ប៉ុន្ដែ​ការ​លើក​ឡើង​ដូច្នេះ​មិន​ត្រឹមត្រូវ ព្រោះ​អាវ​បំពង់​នេះ គេ​ទើប​តែ​ពាក់​មិន​ទាន់​បាន​១៥០​ឆ្នាំ​ផង​ទេ ។

(14) តាម​មើល​ទៅ ការ​បិទ​បាំង​បែប​នេះ ប្រហែលជា​ដូច​អ្វី​ដែល​បុរសៗ​នៃ​វិប្រជា​ដែល​រស់នៅ​ឆ្ងាយៗ​ពី​ទីក្រុង​ក្នុង ​ប្រទេស​ឥណ្ឌា សព្វថ្ងៃ​នៅ​ប្រើ​នៅ​ឡើយ គឺថា​ក្រណាត់​មួយ​ផ្ទាំង​រាង​ជា​ត្រីកោណ​ដែល​គេ​ដាក់​ពី​ខាង​មុខ ចុង​សង​ខាង​ភ្ជាប់​នឹង​ខ្សែ​រុំ​ព័ទ្ធ​ចង្កេះ ឯ​ចុង​មួយ​ទៀត​ភ្ជាប់​នឹង​ខ្សែ​ដែរ តែ​វាត់​ពីក្រោម​តាម​ចន្លោះ​ភ្លៅ ។

(15) ការ​រៀបរាប់​នេះ​បញ្ជាក់​ថា នៅ​សតវត្សរ៍​ទី​១​នៃ​គ្រិស្ដសករាជ អ្នកស្រុក​ហ្វូណន​ជា​ក្រុម​មនុស្ស​ណេគ្រីតូ ។ បើ​ដូច្នេះ​មែន​នោះ បាន​សេចក្ដី​ថា​អ្នកស្រុក​នេះ​បាន​ទទួល​ការ​វិវត្ដន៍​យ៉ាង​ខ្លាំង ព្រោះ​គេ​កម្រ​នឹង​ប្រទះ​ឃើញ​ជន​កម្ពុជា​ដែល​មាន​សក់រួញ​ណាស់​សព្វថ្ងៃ​ នេះ ។ ក៏​ប៉ុន្ដែ​ក្នុង​ចំណោម​ប្រជាជន​ដែល​មិន​ទាន់​ស៊ីវីល័យ​ទាំងអស់​នៅ​ក្នុង​ ឥណ្ឌូចិន​ដែល​ជា​អ្នកស្រុក​ដើម គេ​នៅ​មាន​ឃើញ​មាន​អ្នក​ដែល​មាន​សក់រួញ ហើយ​រួញ​ខ្លាំង​ទៀត​ផង ។ ជា​ទូទៅ ពួក​នេះ​មិន​មាន​សក់​បះ​ទេ គឺ​ច្រើន​តែ​រួញ​តិចៗ តែ​សម្បុរ​មិន​ខ្មៅ​ដូច​ពួក​ខ្មែរ​ពេក​ទេ ។ ខ្ញុំ​សូម​ថែម​ទៀត​ថា ក្នុង​ស្មារតី​របស់​អ្នកស្រុក​នេះ ការ​ដែល​មាន​សក់រួញ​គឺជា​សញ្ញា​បញ្ជាក់​ថា​ទាប​ថោក ជា​ប្រការ​មាន​គ្រោះថ្នាក់ ។ ប្រការ​នេះ​រឹតតែ​មាន​ន័យ​ដូច្នេះ​ថែម​ទៀត​ចំពោះ​ស្រីៗ ដោយហេតុ​នេះ​ហើយ​បានជា​ពួក​គេ​តែងតែ​ស្វែងរក​ប្រេង​មក​លាប​ដើម្បី​ធ្វើ​ឱ្យ​ សក់​លា​ត្រង់​វិញ ។ ម្យ៉ាងទៀត តាម​ការ​និយាយ​តៗ​គ្នា ពួក​ខ្មែរ​ដើម​មាន​សម្បុរ​ខ្មៅ​ខ្លាំង​ជាង​ខ្មែរ​សព្វថ្ងៃ ។

វា ​ជា​ការ​ពិតប្រាកដ​ណាស់​ថា បើ​ពួក​ខ្មែរ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា គឺ​ចេញពី​ឆ្នេរ​កូរ៉ូម៉ង់ដែល ឬ​ឆ្នេរ​អូរីស្សា ឬក៏​ចេញ​ពី​មាត់​សមុទ្រ​បឹងហ្កាល់​មែន​នោះ ពួក​នេះ​ប្រាកដជា​ខ្មៅ​ជាង​ពួក​អ្នកស្រុក​ដើម​ដែល​គេ​ប្រទះ​ឃើញ​នៅ​ឥណ្ឌូចិន ពិសេស​គឺ​កម្ពុជា​សព្វថ្ងៃ ដែល​មាន​ស្បែក​លឿង​ទៅ​ទៀត ។

(16) ខ្ញុំ​ជឿ​ថា​ នេះ​គឺជា​អ្វី​ដែល​ខ្មែរ​និយាយ​ថា​ អង្គុយ​បត់ជើង កាលណា​គេ​អង្គុយ​លើ​កម្រាលព្រំ កន្ទេល ឬ​ក្រណាត់ ដោយ​បត់ជើង​ទាំង​២​ស្របគ្នា​មក​តែ​ម្ខាង ។

(17) ទ្វារវតី មក​ពី​សំស្ក្រឹត ធ្វារវតី ជា​ឈ្មោះ​ទីក្រុង​ដែល​ក្រោយ​ពី​បាន​កសាង​រួច​ទៅ​ជា​អយុធ្យា ។

(18) ខែត្រ​នេះ​ពី​មុន​ឈ្មោះ​ថា ស្យង់គ្យួន រួច គាវតូ មុន​នឹង​មាន​ឈ្មោះ​ថា យេណាន នេះ ។

(19) ខ្ញុំ​មាន​ជំនឿ​ថា​ ព្រះរាជា​ដែល​យើង​ស្គាល់​ព្រះ​នាម​ជា​ភាសា​សំស្ក្រឹត​តាម​សិលាចារឹក ក៏​ទ្រង់​មាន​ព្រះ​នាម​ជា​ភាសា​សាមញ្ញ ដែល​ប្រជាជន​និយម​ហៅ ដូច​ដែល​មាន​ក្នុង​រឿងព្រេង​អ៊ីចឹង​ដែរ ក៏​ប៉ុន្ដែ​ព្រះ​នាម​នោះ​មិន​បាន​ត្រូវ​គេ​ចារ​លើ​ថ្ម​ទេ ព្រោះ​ជា​ព្រះ​នាម​ក្រៅ​ផ្លូវការ ។

(20) ហ្វូណន ក្នុង​ទី​នេះ សំដៅ​យក​តែ​ផ្នែក​ខាងក្រោម ដែល​រួម​មាន​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​កូសាំងស៊ីន​តែ​ប៉ុណ្ណោះ ។

(21) តាម​ធម្មតា​ គឺ​ព្រះព្រហ្ម ក៏​ប៉ុន្ដែ​ជួនកាល​ក៏​អាច​ជា​ព្រះ​សិវៈ​ ឬ​ព្រះ​វិស្ណុ​ផង​ដែរ ។ ខ្ញុំ​គិត​ថា​ប្រហែលជា​ព្រះ​សិវៈ ជា​ពិសេស​គឺ​សិវៈលិង្គ ហេតុនេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា ថ្ម ។

(22) គឺជា​រាជាណាចក្រ​មួយ​នៅ​ប្រទេស​ឥណ្ឌា​ខាងជើង ប្រហែលជា​២៩​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​ដែល្លី ។

(23) អ្នកខ្លះ​និយាយ​ថា កោណ្ឌញ្ញៈ និង​ជ័យវរ្ម័ន ជា​ស្ដេច​ពីរ​ព្រះ​អង្គ​ផ្សេង​គ្នា ។ តាម​ពិត ព្រះ​នាម​ទាំង​២​ជា​ព្រះ​នាម​របស់​ព្រះ​អង្គ​តែ​ម្នាក់ ។

(24) នៅ​ក្នុង​ឥណ្ឌូចិន​ និង​កម្ពុជា​ពី​មុន​ ក្សត្រា​មួយ​អង្គ​អាច​នឹង​ត្រូវ​ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​បាន​លុះត្រា​ណា​ តែ​ទ្រង់​ជា​រាជបុត្រ ប្រសូត​ពី​ម្ចាស់​ក្សត្រី​ដែល​ជាប់​ខ្សែស្រឡាយ​ជាមួយ​ព្រះរាជា បាន​សេចក្ដី​ថា​ ការ​ឡើង​ស្នងរាជ្យ​ប្រព្រឹត្ដ​ទៅ​តាម​ខ្សែស្រឡាយ​ខាង​ស្រី ។ បើ​ទោះជា​ព្រះ​ក្សត្រា​នោះ​ជា​ក្សត្រា​ច្បង​ក៏​ដោយ​តែបើ​ទ្រង់​ជា​បុត្រ​ របស់​ស្រីស្នំ​មិន​អាច​ឡើង​សោយរាជ្យ​បាន​ទេ​ លើកលែង​តែ​ជ្រែករាជ្យ ឬ​ត្រូវ​ជ្រើសរើស​ផ្ទុយ​នឹង​ក្រឹត្យក្រម ។

No comments:

Post a Comment