Saturday, June 8, 2024

ភូមិសាស្រ្តនយោបាយ គុយ បា

ឯកសារយោងសំខាន់ៗរួមមានដូចជា៖

Cuban Missile Crisis  សភាពការណ៍សឹកអ៊ុយក្រែន៖ អាមេរិកបាននឹងកំពុង ចល័តទ័ព ៤០,០០០ នាក់បន្ថែមទៅពង្រាយនៅបណ្តាប្រទេស អឺរ៉ុបនានា ដើម្បី ត្រៀមវាយប្រហារដោយ នុយក្លេអ៊ែរលើ កងទ័ព រុស្សី។ ចំណែក រុស្សី ក៍បាន បញ្ជូននាវាមុខទឹក នុយក្លេអ៊ែរទៅ គុយបា ដែរ ដើម្បីត្រៀមវាយ បក បើសិន អាមេរិក ហ៊ានវាយប្រហារ រុស្សី តាមការគំរាមមែន។ តើធ្វើអីចឹង អាមេរិក ចំណេញអ្វី? អាមេរិក ចំណេញ ២ ផ្លូវ ទីមួយ អាមេរិកអាច យកទ័ពស្របច្បាប់ទៅដាក់នៅ អឺរ៉ុប ដើម្បី បង្រ្គាប ទ័ពអាល្លឺម៉ង់ បារាំង ដែលចង់ធ្វើខ្លួនជា មេដឹកនាំ ណាតូ។ ទី ២ សំអាងលើប្រទេស មានសង្រ្គាម អាមេរិក មានសិទ្ធិ វាយកំទេចចលនាបះបោរបំបែករដ្ឋនានា នៅ អាមេរិក ជាពិសេស ក្រុមរបស់ ដូណល់ ត្រាំ ដែលជា មេបំបែករដ្ឋធំបំផុត ។

វិបត្តិមីសីលគុយបា Cuban Missile Crisis វិបត្តិមីស៊ីល​គុយបា​ឆ្នាំ​១៩៦២ ដូចគ្នាជាមួយការគំរាមរបស់រុស្សី ក្នុងការប្រើ អាវុធនុយក្លេអ៊ែរ នៅសង្រ្គាម រុស្សី អ៊ុយក្រែន បើករណី America លូកដៃ ឬ បើសិនជា ហ្វាំងឡង់ ឬ ស៊ុយអែត ចូលជាសមាជិក ណាតូ។ ព្រោះការចូលជាសមាជិក ណាតូ គឺ នាំយកអាវុធនុយក្លេអ៊ែរ មកតម្លើងក្បែរព្រំដែន រុស្សី ដូចដែលធ្លាប់តម្លើងនៅ ទួរគី និង អ៊ីតាលី ឆ្នាំ ១៩៦២

វិបត្តិមីស៊ីល​គុយបា​ឆ្នាំ​១៩៦២៖ ​ពិភពលោក​នៅ​មាត់ជ្រោះ​នៃ​សង្រ្គាម​នុយក្លេអ៊ែរ
  1. កាលបរិច្ឆេទ Date 16–29 October 1962 រយៈពេល ១៣ ថ្ងៃ នៃការតានតឹង
  2. ទីតាំងកើតហេតុ Location Cuba
  3. Who អ្នកណាចូលរួម? មាន ពីរក្រុម គឺ ក្រុមទី ១ មាន  Soviet Union, Cuba  Warsaw Pact (except Romania និង ក្រុមទី ២ ំមាន   United States  Italy  Turkey  NATO  OAS
  4. ដំណើររឿង How ?​(១) សូវៀត ដកកាំជ្រួចនុយក្លេអ៊ែរចេញពី គុយបា ចំណែក (២)  អាមេរិក ដកនុយក្លេអ៊ែរចេញពី ទូរគី និង អ៊ីតាលី (៣) អាមេរិកព្រមព្រៀងមិនឈ្លានពានគុយបាជាថ្មី  ន្ិង​ (៤) បង្កើតខ្សែទូរស័ព្ទទំនាក់ទំនង អាមេរិក សូវៀតលើបញ្ហានុយក្លេអ៊ែរ Result Publicized removal of the Soviet Union's nuclear missiles from Cuba Non-publicized removal of American nuclear missiles from Turkey and Italy Agreement with the Soviet Union that the United States would never invade Cuba without direct provocation Creation of a nuclear hotline between the United States and the Soviet Union
  5. Why មូលហេតុ ? វិបត្តិ​មីស៊ីល​គុយ​បា​នៅ​ឆ្នាំ​១៩៦២ គឺ​ជា​ចំណុច​ក្តៅបំផុត​នៃ​សង្រ្គាម​ត្រជាក់ ដោយ​គូបដិបក្ខ​ធំៗ​​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ បាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​​ខ្លាំង រហូតហៀប​នឹង​ត្រូវ​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ។-- អ្វីៗ​បានចាប់ផ្តើម​ឫសគល់​ពីដំបូង​កាល​ពី​ជាង៣ឆ្នាំមុន។ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៥៩ ក្រុម​ឧទ្ទាម​កុម្មុយនិស្ត ដឹកនាំ​ដោយ​ហ្វីដែល កាស្រ្តូ បាន​ឡើង​កាន់អំណាច​នៅ​គុយ​បា ដោយ​​​បាន​ផ្តួលរំលំ​​​មេដឹកនាំផ្តាច់ការ គឺ​ឧត្តមសេនីយ៍ Fulgencio Batista ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។-ការដួលរលំ​នៃ​របបផ្តាច់ការ Batista ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​គុយបា​ជាទូទៅ ក៏ប៉ុន្តែ សម្រាប់​អាមេរិក ​ដែល​បាន​ខិតខំ​ប្រើ​គ្រប់មធ្យោបាយ​ ដើម្បី​ប្រឆាំង​នឹង​ការ​រីកសាយភាយ​នៃ​លទ្ធិ​កុម្មុយនិស្ត​នៅ​ទូទាំង​ពិភពលោក​ ស្រាប់តែ​មក​ត្រូវ​បាត់បង់​​​គុយបា ដែល​ជា​ប្រទេស​​ស្ថិត​នៅ​នឹង​មាត់របងរបស់​អាមេរិក ទៅក្នុងដៃ​កុម្មុយនិស្ត គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​ការបរទេស​អាមេរិក រួមជាមួយ​នឹង​ទីភ្នាក់ងារ​ចារកិច្ច CIA បាន​ព្យាយាម​ស្វែងរក​គ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​បណ្តេញ​ហ្វីដែល កាស្រ្តូ ចេញ​ពី​អំណាច។ CIA ក៏​បាន​ចាប់ផ្តើម​ប្រមែរប្រមូល​ក្រុម​ប្រឆាំង​គុយបា ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ទឹកដី​អាមេរិក ឲ្យ​មក​បង្កើត​ជា​រដ្ឋាភិបាល​និរទេសមួយ ព្រមទាំង​បាន​​ធ្វើការ​ហ្វឹកហ្វឺន និង​បំពាក់​គ្រឿងសព្វាវុធ​ដល់​ពួកគេ ដើម្បី​ត្រៀម​​វាយផ្តួលរំលំ​របបដឹកនាំ​ ​ហ្វីដែល កាស្រ្តូ។
(RFI )ក្នុងពេល​ជាមួយគ្នា​នោះ ទំនាក់ទំនង រវាង​អាមេរិក និង​គុយបា​ កាន់​តែ​មាន​សភាព​តានតឹងឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ហ្វីដែល កាស្រ្តូ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​សហភាព​សូវៀត ហើយ​ព្រមទាំង​បាន​​បណ្តេញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ឲ្យ​ឈប់​រកស៊ី នៅ​គុយបា តាមរយៈ​យុទ្ធនាការ​ជាតូបនីយកម្ម​​ក្រុមហ៊ុន​បរទេស។
នៅ​ខែ​មករា ឆ្នាំ​១៩៦១ សហរដ្ឋ​អាមេរិក​ក៏​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា ហើយ​ត្រៀម​ចាប់ផ្តើមបើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​គុយបា។ ប្រតិបត្តិការ​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា “ការឈ្លានពាន​នៅ Bay of Pigs”។ ផែនការ​ឈ្លានពាន​ទៅលើ​គុយបា​​​ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​សម្ងាត់​បំផុត ក៏ប៉ុន្តែ ដោយសារ​តែ​អ្នក​នៅ​ក្នុង​រដ្ឋាភិបាល​និរទេស​គុយបាន​មិនចេះ​លាក់​ការណ៍​សម្ងាត់ ផែនការ​ឈ្លានពាន​របស់ CIA ក៏​ត្រូវ​បាន​លេចធ្លាយ​​​ទៅដល់​​​ភ្នាក់ងារ​ចារកិច្ច​គុយបា និង​ KGB របស់​សូវៀត​។

នៅយប់ថ្ងៃ​ទី១៤ ឈានចូល​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៦១ យន្តហោះចម្បាំង​អាមេរិក​ចំនួន ៨គ្រឿង ដែល​ត្រូវ​បាន​គេ​លាបពណ៌​និង​ដោតទង់ជាតិ​​​​របស់​រដ្ឋាភិបាល​និរទេស​គុយបា បាន​បើក​ការ​វាយប្រហារ​ទៅលើ​​មូលដ្ឋាន​ទ័ព​អាកាស​របស់​គុយបា ដើម្បី​ជា​ការ​បើកផ្លូវ​​សម្រាប់​ការ​វាយលុក​តាម​ជើងគោក។ ក៏ប៉ុន្តែ ប្រតិបត្តិការ​ជំហាន​ទីមួយ​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​គុយបា​បាន​ដឹង​ជាមុន ហើយ​បាន​ជម្លៀស​យន្តហោះ​ចម្បាំង​ទាំងអស់​ចេញ​ពី​ទីតាំង​ដែល​ជា​ចំណុច​ស៊ីប​របស់​អាមេរិក។

នៅយប់ថ្ងៃ​ទី១៦ ឈានចូល​ថ្ងៃ​ទី១៧ មេសា ប្រតិបត្តិការ​ដំណាក់កាល​ទីពីរ​ក៏​បាន​ចាប់ផ្តើម ដោយ​កងកម្លាំង​រដ្ឋាភិបាល​និរទេស​គុយបា ដែល​មាន​គ្នា​ប្រមាណ​ជា ១ពាន់៥រយនាក់ បាន​បើក​ការ​វាយប្រហារ​ចូល​ឈ្លានពាន​គុយបា ដោយ​វាយលុក​ចូល​តាម​ឆកសមុទ្រ ដែល​មាន​ឈ្មោះ​ថា “Bay of Pigs”។ ប្រតិបត្តិការ​ដំណាក់កាល​ទីពីរ​នេះ​ក៏​ត្រូវ​ទទួល​បរាជ័យ​ដែរ ដោយ​កងកម្លាំង​រដ្ឋាភិបាល​និរទេស​ត្រូវ​បានទាហាន​របស់​ហ្វីដែល ​កាស្រ្តូ វាយឡោមព័ទ្ធ​ជាប់​នៅ​នឹង​មាត់ឆ្នេរ ហើយ​ត្រូវ​បង្ខំចិត្ត​ទម្លាក់​អាវុធ​ចុះចាញ់។

គិត​មក​ត្រឹមពេលនោះ ប្រតិបត្តិការឈ្លានពាន​នៅ Bay of Pigs ថ្វីដ្បិត​តែ​អាមេរិក​ខិតខំ​លាក់បាំង​ក្លែងបន្លំ​ថា​ជា​ជម្លោះ​ផ្ទៃក្នុង​គុយបា តែ​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា នេះ​គឺ​ជា​ការឈ្លានពាន​​ដែល​រៀបចំ​ធ្វើឡើង​ដោយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក។ ហើយ​បរាជ័យ​នៃ​ប្រតិបត្តិការ​នេះ គឺ​ជា​ភាព​អាម៉ាស់​ដ៏ធំមួយ​ សម្រាប់​អាមេរិក ដែល​នៅពេលនោះ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី John Fitzerald Kennedy។

បរាជ័យ​នេះ​ក៏​បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាង​ច្រើន​ដែរ ដល់​នយោបាយ​អាមេរិក ក្នុងការ​ប្រឆាំង​នឹង​ចលនាកុម្មុយនិស្ត នៅ​ក្នុង​តំបន់​អាមេរិកឡាទីន។ សកម្មភាព​ឈ្លានពាន​របស់​អាមេរិក នៅ Bay of Pigs បាន​ធ្វើ​ឲ្យ​ហ្វីដែល កាស្រ្តូ ទទួល​បាន​នូវការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​ចលនា​បដិវត្តន៍​កុម្មុយនិស្ត​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក​ក៏​ មាន​ប្រជាប្រិយភាព​​កាន់តែ​ខ្លាំងឡើង​ដែរ ទាំង​នៅ​ក្នុង​ប្រទេស​គុយបា និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត នៅ​អាមេរិក​ឡាទីន។


លើសពីនេះ​ទៅទៀត សកម្មភាព​ឈ្លានពាន​របស់​អាមេរិក​បាន​រុញ​ហ្វីដែល កាស្រ្តូ ឲ្យ​ខិត​ទៅ​កៀក​នឹង​​សហភាព​សូវៀតកាន់តែ​ខ្លាំងឡើងថែមទៀត ដោយសារ​តែ​មេដឹកនាំ​កុម្មុយនិស្ត​គុយបា​​ចង់​ស្វះស្វែង​រក​ការការពារ​ពី​សំណាក់​សូវៀត ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ណាមួយ​ថ្មី​ទៀត​របស់​អាមេរិក។ ដោយសារ​តែ​ក្តីបារម្ភ​ជា​ប្រចាំ ខ្លាច​ទទួល​រង​នូវការ​ឈ្លានពាន​សាជាថ្មី​ពី​អាមេរិក​នេះ​ហើយ ទើប​នៅ​ខែ​ឧសភា ឆ្នាំ​១៩៦២​ (មួយឆ្នាំ​ក្រោយ​ការឈ្លានពាន​របស់​អាមេរិក​នៅ Bay of Pigs) ហ្វីដែល កាស្រ្តូ ​បាន​ព្រមព្រៀង​ជាមួយ​លោក​ ​នីគីតា គ្រូឆេវ ឲ្យ​សហភាព​សូវៀត​ដំឡើង​មីស៊ីល​​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅលើទឹកដី​គុយបា។

សម្រាប់​មេដឹកនាំ​សហភាព​សូវៀត​ ការដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​នៅ​គុយបា គឺ​ជា​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​អាមេរិក ដែល​កំពុង​មាន​ប្រៀប​លើ​សូវៀត តាមរយៈ​ការ​ដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ខាងលិច។ គិតត្រឹម​ឆ្នាំ​១៩៦១ មីស៊ីល​ជាង ១០០ដើម ​ត្រូវ​បាន​អាមេរិក​ដំឡើង​នៅក្នុង​ប្រទេស​អ៊ីតាលី និង​តួកគី ដោយ​មីស៊ីល​នីមួយៗ​សុទ្ធតែ​អាច​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់​ទៅដល់​ក្រុងម៉ូស្គូ។ សូវៀតវិញ មាន​មីស៊ីល​​​តែ ២០ដើម​ប៉ុណ្ណោះ ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ បាញ់​ទៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន គឺ​ជា​មីស៊ីល​អន្តរទ្វីប ដែល​ត្រូវ​បាញ់​​​ចេញ​ពី​ទឹកដី​សូវៀត ហើយ​ដែល​មិនសូវ​ជា​មាន​ប្រសិទ្ធភាព​ក្នុងការ​បាញ់​ឲ្យ​ចំទិសដៅ ដោយសារ​តែ​នៅពេលនោះ បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប​របស់​សូវៀត​​មិនទាន់​ជឿនលឿន​គួរ​ឲ្យ​ទុកចិត្ត​បាន​ ១០០% នៅឡើយ។ ដូច្នេះ ការ​ដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​​រយៈចម្ងាយ​មធ្យម នៅ​ក្នុង​ទឹកដី​គុយបា ក្បែរ​សហរដ្ឋ​អាមេរិក គឺ​ជា​ឱកាស​ល្អមួយ​ឲ្យ​សហភាព​សូវៀត​​ស្វែងរក​តុល្យភាព​កម្លាំងទ័ព​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ហ្វីដែល កាស្រ្តូវិញ យល់ថា ការ​ដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​គុយបា គឺ​ជា​មធ្យោបាយ​ដ៏ល្អមួយ ដើម្បី​កំញើញ​អាមេរិក​កុំ​ឲ្យ​បើក​ការ​ឈ្លានពាន​ទៅលើ​គុយបា​សាជាថ្មី​ម្តងទៀត។ ក៏ប៉ុន្តែ សម្រាប់​សហរដ្ឋ​អាមេរិក វត្តមាន​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅ​គុយបា ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​ជាង ១០០គីឡូម៉ែត្រ​ពី​រដ្ឋ Florida គឺ​ជា​ការគំរាមកំហែង​ដ៏ធំបំផុត សម្រាប់​សន្តិសុខ​ជាតិ ដែល​អាមេរិក​ត្រូវតែ​ប្រើគ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​កម្ចាត់ចោល។ វិបត្តិ​មីស៊ីល​គុយបា​ក៏​បាន​ផ្ទុះឡើង បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​​ខាង​ផ្នែកយោធា​​យ៉ាង​ខ្លាំងបំផុត រហូត​ស្ទើរតែ​ត្រូវ​ផ្ទុះ​ទៅជា​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ខែ​តុលា ឆ្នាំ​១៩៦២៕


FRI នៅថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​១៩៦២ យន្តហោះ​ស៊ើបការណ៍​​ធុន U-2 របស់​សហរដ្ឋ​អាមេរិក​បាន​ហោះកាត់ពីលើ​គុយបា ហើយ​រូបថតដែល​គេ​ថតបាន​​​ពី​គុយបានឹង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​មាត់ជ្រោះ​នៃ​សង្រ្គាម​នុយក្លេអ៊ែរ។

កាលពីប៉ុន្មាន​ខែ​មុន គឺ​នៅ​ខែ​ឧសភា សហភាព​សូវៀត ដោយ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​ហ្វីដែល កាស្រ្តូ បាន​រៀបចំ​ដំឡើង​មីស៊ីល​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ​ជាច្រើន​គ្រឿង នៅ​ក្នុង​ទឹកដី​គុយបា។ ការដំឡើង​មីស៊ីល​នៅ​គុយបា​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុងគោលដៅធំៗ​ពីរ។ ទីមួយ គឺ​​ដើម្បី​កំញើញ​អាមេរិក​កុំ​ឲ្យ​ចូល​ឈ្លានពាន​គុយបា ក្រោយ​ពី​អាមេរិក​ធ្លាប់​បាន​ចូល​ឈ្លានពាន​ម្តងរួចមកហើយ នៅ Bay of Pigs កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦១ ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ។ គោលដៅ​ទីពីរ គឺ​​ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​អាមេរិក​ ដែល​បាន​ដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​ខាងលិច ​ជាពិសេស គឺ​ការដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ នៅ​ក្នុង​ប្រទេស​តួកគី ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​សហភាព​សូវៀត។

នៅថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​១៩៦២ រូបថត​មីស៊ីល​នុយក្លេអ៊ែរ ដែល​យន្តហោះ​ស៊ើបការណ៍​សម្ងាត់ U-2 ថតបាន​នៅ​គុយបា ត្រូវ​បាន​បញ្ជូន​ទៅដល់​សេតវិមាន ហើយ​គ្រាន់តែ​បាន​ទទួល​ដំណឹង​នេះ​ភ្លាម ​លោក​ប្រធានាធិបតី Kennedy ក៏​បាន​កោះប្រជុំ​មន្រ្តីជំនិតៗ​ជាបន្ទាន់​ភ្លាមៗ ដើម្បី​ពិភាក្សា​គ្នា​អំពី​វិធានការ​តប​នឹង​ការដំឡើងមីស៊ីល​សូវៀត​នៅ​គុយបានេះ។

សម្រាប់​រដ្ឋការ​របស់​លោក​ John Kennedy មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅលើ​ទឹកដី​គុយបា ដែល​​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ជាង ១០០គីឡូម៉ែត្រ​​ពី​ទឹកដី​អាមេរិក គឺ​ជា​ការ​គំរាមកំហែង​ដ៏ធំ​ដល់​សន្តិសុខ​ជាតិ​អាមេរិក ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។ ដូច្នេះ អាមេរិក​ចាំបាច់​ត្រូវ​តែ​ប្រើគ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​កម្ចាត់​មីស៊ីលនុយក្លេអ៊ែរ​សូវៀត​ចេញ​ពី​គុយបា។



ជម្រើសជាច្រើន​ត្រូវ​បាន​មេទ័ព​អាមេរិក​ដាក់ជូន​លោក​ប្រធានាធិបតី John Kennedy ធ្វើការ​សម្រេច​ ក្នុងនោះ​ក៏​រួមមាន​ផងដែរ ការ​បើក​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅគុយបា និងការ​វាយលុក​​ចូល​ឈ្លានពាន​គុយបា​ដោយ​ពេញ​ទំហឹង។ ក៏ប៉ុន្តែ នៅទីបំផុត លោក John Kennedy ដែល​ចង់​បញ្ចៀស​សង្រ្គាម​នុយក្លេអ៊ែរ​ ក៏​បាន​សម្រេច​ជ្រើសរើស​វិធានការ​តប​ជា​ដំណាក់កាល ដោយ​ចាប់ផ្តើម​ដំបូង​ពី​ការ​ឡោមព័ទ្ធ​ឆ្នេរសមុទ្រ​គុយបា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សូវៀត​ដឹកជញ្ជូន​មីស៊ីល​នុយក្លេអ៊ែរ​បន្ថែម​​ចូល​ទៅ​គុយបា ហើយ​ជំហាន​បន្ទាប់​នឹង​ដាក់​ឱសានវាទ​ឲ្យ​សូវៀត​ដក​មីស៊ីល​ចេញ​ពី​គុយបា​ទៅវិញ។ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ដាក់​បញ្ជា​ផងដែរ​ឲ្យ​មេទ័ព​អាមេរិក​បន្ត​រៀបចំ​ផែនការ​វាយប្រហារ​លើ​ទី​តាំងមីស៊ីល និង​ផែនការ​វាយលុក​ចូល​ឈ្លានពាន​គុយបា ដើម្បី​បម្រុងទុក​ជា​ជម្រើស​ចុងក្រោយ។

នៅថ្ងៃ​ទី២២​ តុលា លោក​ប្រធានាធិបតី John Kennedy បាន​ធ្វើ​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍ ដើម្បី​ប្រាប់​ពលរដ្ឋ​អាមេរិក​ទាំងអស់​ឲ្យដឹង អំពី​វត្តមាន​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅ​គុយបា និង​ប្រកាស​ជា​សាធារណៈ​អំពី​វិធានការ​របស់​អាមេរិក ក្នុងការ​ដាក់​ពង្រាយ​នាវាចម្បាំង​ឡោមព័ទ្ធ​ជុំវិញ​គុយបា។ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​សង្កត់ធ្ងន់ផងដែរ​ថា លោក​ត្រៀម​ខ្លួន​នឹង​ប្រើ​កម្លាំង​ទ័ព​ប្រសិនចាំបាច់ ដើម្បី​កម្ចាត់​មីស៊ីល​នុយក្លេអ៊ែរ​ឲ្យ​ចេញ​ពី​គុយបា។

ការប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​កើនឡើង​ដល់​កម្រិត​កំពូល នៅថ្ងៃ​ទី២៤​តុលា នៅ​ពេល​ដែល​នាវាចម្បាំង​សូវៀត​ជាច្រើន​គ្រឿង​បាន​បើក​ជិត​ទៅដល់​គុយបា ហើយ​លោក​នីគីតា គ្រូសឆេវ បាន​ផ្ញើ​តេលេក្រាម​មួយ​ច្បាប់​ទៅ​លោក​ John Kennedy ដោយ​ព្រមាន​ទុកជាមុន​ថា សម្រាប់​សូវៀត ការឡោមព័ទ្ធ​ឆ្នេរសមុទ្រ​គុយបា​ដោយ​នាវាចម្បាំង​អាមេរិក គឺ​ជា​ “អំពើ​ឈ្លានពាន” ហើយ​ថា នាវាចម្បាំង​របស់​សូវៀត​នឹង​បើក​ទម្លាយ​​ខ្សែត្រៀម​អាមេរិក ដើម្បី​ចូល​ទៅប្រទេស​គុយបា។

មួយថ្ងៃ​ក្រោយមកទៀត គឺ​នៅថ្ងៃ​ទី២៥​តុលា សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​កោះប្រជុំ​បន្ទាន់ ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ជជែក​អំពី​វិបត្តិ​មីស៊ីល​គុយបា​នេះ។ ក្នុងពេល​ជាមួយគ្នា លោក John Kennedy បាន​ចេញ​បញ្ជា​ដាក់​កងកម្លាំង​នុយក្លេអ៊ែរ​អាមេរិក​​​​ទាំងអស់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុងជើងការ​ខ្ពស់​​លំដាប់ទី២ (DEFCON2) ពោលគឺ​តែ​មួយកម្រិត​ប៉ុណ្ណោះ មុនការផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ។ នៅ​ពេលនោះ យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន B-52 ជាច្រើន​គ្រឿង​បំពាក់ទៅដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​ ​ត្រូវ​បាន​អាមេរិក​បញ្ជូន​ឲ្យ​ទៅ​ហោះក្រវែល​​ក្បែរ​​​ដែន​អាកាស​របស់​សូវៀត។ ចំណែក​ឯ​មីស៊ីល​អន្តរទ្វីប​ចំនួន ១៤៥ដើម ដែល​បំពាក់​ទៅដោយ​ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏​ត្រូវ​បាន​គេត្រៀម​ជាស្រេច​ផងដែរ រង់ចាំតែ​បញ្ជា ដើម្បី​បាញ់​សម្តៅ​ទៅកាន់​ទីតាំង​សំខាន់ៗ​នៅ​ក្នុងទឹកដី​សហភាព​សូវៀត។

នៅ​ក្នុង​ប្រវត្តិសាស្រ្ត មានតែ​នៅ​ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា​នេះ​មួយទេ ដែល​អាមេរិក​ដាក់​កងកម្លាំង​នុយក្លេអ៊ែរ​ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ខ្ពស់​លំដាប់​ទី២​បែបនេះ។ ហើយ​ពេញ​នៅ​ក្នុង​សង្រ្គាម​ត្រជាក់​ទាំងមូល មាន​តែ​វិបត្តិ​មីស៊ីល​គុយបា​នេះមួយទេ ដែល​ការ​ប្រឈមមុខ​ដាក់គ្នា​ខាង​ផ្នែក​យោធា​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ស្ទើរតែ​ត្រូវ​ផ្ទុះ​ទៅជា​សង្រ្គាម​នុយក្លេអ៊ែរ។

ទាំង​ប្រជាជន​អាមេរិក ទាំង​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក សុទ្ធតែ​នាំគ្នា​ទន្ទឹង​រង់ចាំមើល ដោយ​ក្តីបារម្ភ​ថា ប្រសិន​បើ​នាវាចម្បាំង​សូវៀត​ពិតជា​បើក​ទម្លាយ​ខ្សែត្រៀម​អាមេរិក​ចូល​ទៅ​គុយបាពិតមែន សង្រ្គាម​​អាច​នឹង​ត្រូវ​ផ្ទុះឡើង ហើយ​សង្រ្គាម​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នេះ ប្រាកដ​ជា​​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ជួប​នឹង​គ្រោះមហន្តរាយ​​ពិបាក​នឹង​ពិពណ៌នាជា​មិនខាន។

នៅទីបំផុត នាវាចម្បាំង​សូវៀត​បាន​ឈប់​មុនពេល​ទៅដល់​ខ្សែត្រៀម​នៃ​នាវាចម្បាំង​របស់​អាមេរិក។ ការប្រឈមមុខ​ដាក់គ្នា​ខាងផ្នែក​យោធា រវាង​អាមេរិក និង​សូវៀត​នៅតែ​បន្តកើតមាន ក៏ប៉ុន្តែ នៅ​ពីក្រោយ​ឆាក គូបដិបក្ខ​ទាំងពីរ​បាន​ចាប់ផ្តើម​ធ្វើការ​ចរចាគ្នា​ដោយ​សម្ងាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចៀស​សង្រ្គាម ដោយ​មិន​ឲ្យ​ភាគី​ណាមួយ​ត្រូវ​បាក់មុខ។

នៅថ្ងៃ​ទី២៧ ខែតុលា លោក​ John Kennedy និង​លោក នីគីតា គ្រូសឆេវ បាន​ព្រមព្រៀងគ្នា​បញ្ចប់​វិបត្តិ ដោយ​សហភាព​សូវៀត​សុខចិត្ត​ដក​មីស៊ីល​ចេញ​ពី​គុយបា ចំណែក​ឯ​សហរដ្ឋ​អាមេរិក​​វិញ​សុខចិត្ត​ដក​មីស៊ីល​នុយក្លេអ៊ែរ​ចេញ​ពី​ប្រទេស​តួកគី ព្រមទាំង​សន្យា​ថា​នឹង​មិន​ឈ្លានពាន​គុយបា។

វិបត្តិ​មីស៊ីល​គុយបា ដែល​មានរ​យៈពេល ១៣ថ្ងៃ ត្រូវ​បិទបញ្ចប់។ គ្រោះថ្នាក់​នៃ​សង្រ្គាម​នុយក្លេអ៊ែរ ដែល​បង្ករឡើង នៅ​ក្នុង​វិបត្តិ​នេះ បាន​ជំរុញ​ឲ្យ​អាមេរិក និង​សូវៀត សម្រេច​បង្កើត​បណ្តាញ​ទំនាក់ទំនង​ពិសេស​មួយ ដែល​គេច្រើន​តែហៅ​ថា “ទូរស័ព្ទក្រហម” ដើម្បី​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ​អាច​ជជែក​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ នៅ​ក្នុងពេល​មាន​ការប្រឈមមុខ​ដាក់គ្នា ដូច​ក្នុង​វិបត្តិ​មីស៊ីល​គុយបា៕

No comments:

Post a Comment