សមយុទ្ធកងទ័ពជើងទឹក កម្ពុជា ចិន លើកទី ៦ ឆ្នាំ ២០២៤
- សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
- សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
- សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
- សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
- សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
- សមយុទ្ធនាគមាសលើកទី ៦ ឆ្នាំ ២០២៤
ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិនមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិននាពេលនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយដែលការធ្វើនេះគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពកងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហរសមុទ្រ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់នេះ គឺបានធ្វើឡើង ក្នុងពិធីបិទសមយុទ្ធជើងទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល ១២ថ្ងៃ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា «សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ដែរមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់ការណែនាំមួយចំនួនដល់នាវឹកកម្ពុជា-ចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញជាពិសេសបច្ចេកវិទ្យាយោធាដែលមានការវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។ ត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងការធ្វើសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤ លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ និងមួយវិញទៀតត្រូវបន្តលើកកម្ពស់សាមគ្គីភាពមិត្តភាព និងសហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ។
នៅក្នុងឱកាសបិទសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ និងក្រុមការងារដឹកនាំសមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំរៀបចំនិងដឹកនាំសមយុទ្ធកងទ័ពជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ មូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តតាមតួនាទីភារកិច្ចក្នុងពេលសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ដែលធ្វើឲ្យសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១ ទទួលបានជោគជ័យ និងធានាបានសុវត្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរផែនដីគ្រប់ លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ដែលបានសហការ និងបង្កលក្ខណៈគ្រប់បែបយ៉ាងដែលធ្វើឱ្យសមយុទ្ធ នាគមាសឆ្នាំ២០២៤ សម្រេចបានជោគជ័យតាមកម្មវិធីផងដែរ។
@@@@
អ្នកនាំពាក្យនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ អះអាងថា សមយុទ្ធនាគមាស រវាងកម្ពុជា និងចិន មិនគំរាមកំហែងប្រទេសណាឡើយ ខណះសមយុទ្ធនាគមាសរួមគ្នានឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភានេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។
សមយុទ្ធកងទ័ពជើងទឹកលើកដំបូង រវាងកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ
(ព្រះសីហនុ)៖ សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។
សមយុទ្ធនេះធ្វើដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។
សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» លើកដំបូងរវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើងរយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ដោយមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះសមយុទ្ធជើងទឹកលើកដំបូងនេះ កងទ័ពទាំងពីរ បានប្រើប្រាស់នាវាចំនួន ១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។
សម្រាប់ពិធីបិទសមយុទ្ធជើងទឹកនេះនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធជើងទឹកនេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុចែកជា ៣ក្រុមនាវា
- *ក្រុមទី១៖ នាវាលេខ១១៤១ (នាវាបម្រើការ) ធ្វើដំណើរខាងស្តាំនាវាប្រតិបត្តិការ (ក្រុមទី២) ដើម្បីថតរូបភាព, នាវាលេខ៩៨៥ (នាវាបញ្ជា)
- *ក្រុមទី២៖ នាវាលេខ១១៤៣-១១០៧-៦២៣-៦២៥-១១០៨-១១០៩ (នាវាប្រតិបត្តិការ)
- *ក្រុមទី៣៖ អូប័រ RHIB (គ.ជ.ស.ស) ចំនួន២គ្រឿង (បម្រើការ)។
បើតាមលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់។
ដោយឡែកតាមការគ្រោងទុកកងទ័ពកម្ពុជា-ចិន នឹងរៀបចំពិធីបិទសមយុទ្ធ កងទ័ពជើងទឹក នាគមាស ឆ្នាំ២០២៤ រួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើដែនសមុទ្រកម្ពុជា។
ឆ្នាំ២០២៤ ជាឆ្នាំទី១ ដែលកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹករំដោះប្រជាជនចិន បានសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ រក្សាបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត បង្កើតទំនុកចិត្តកាន់តែរឹងមាំ នឹងបន្តជំរុញអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមនានា ក៏ដូចរួម ចំណែកកាន់តែសំខាន់ក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់។
សូមជម្រាបថា នៅឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធ «នាគមាស» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»។ សមយុទ្ធនាគមាស លើកទី៦ ប្រព្រឹត្តឡើងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សម្រាប់ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពទាំងពីរនេះ គឺមានទំហំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីទាំងពីរបានប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿងជាដើម។
ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារ ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះគឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ។ សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ។
ការធ្វើសមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤នេះ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្តដែលមានបំណងធ្វើលំហាត់សមយុទ្ធ ប៉ុន្តែ ត្រូវគោរពសិទ្ធិរបស់កម្ពុជា៕
ប្រភពពី Fresh News
#រូបត្លុកនយោបាយ៖ សមយុទ្ធយោធា «នាគមាស»៖ ពីដីគោក លម្ហសមុទ្រ ដល់ដែនអាកាស
តស់... ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ!
កម្ពុជាប្រកាសក្នុងពេលបើកសមយុទ្ធយោធា «នាគមាស» លើកទី៦ ជាមួយប្រទេសចិនថា សមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំ «កាន់តែធំ» ខ្លឹមសារ «កាន់តែស៊ីជម្រៅ» និងចំនួនយោធិន យោធូបករណ៍ ចូលរួម «កាន់តែច្រើន និងទំនើប» ជាងឆ្នាំមុនៗ។ សមយុទ្ធឆ្នាំនេះ មិនត្រឹមតែធ្វើលើដីគោកប៉ុណ្ណោះទេ តែក៏ពង្រីករហូតដល់លំហសមុទ្រទៀតផង។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបង្ហាញចេតនាចង់ពង្រីកសមយុទ្ធយោធាជាមួយចិន រហូតដល់កងទ័ពជើងអាកាស និងទ័ពជំនាញផ្សេងៗទៀតនាពេលអនាគតផងដែរ
បច្ចុប្បន្ន កងទ័ពរំដោះប្រជាជនចិន (PLA) ជិត ៨០០នាក់ កំពុងឈរជើងនៅកម្ពុជាដើម្បីធ្វើសមយុទ្ធ «នាគមាស» ១៥ថ្ងៃ ដោយមាននាវាចម្បាំងចិនខ្នាតធំ៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងនោះ២គ្រឿងចតរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា បន្ថែមលើនាវាចម្បាំង២គ្រឿងទៀតដែលបានចតនៅកំពង់ផែរាមស្រាប់ជិតកន្លះឆ្នាំមកហើយតាំងពីចុងឆ្នាំ២០២៣មក ហើយមិនទាន់ត្រលប់ទៅវិញនៅឡើយ។ អ្នកជំនាញអាមេរិកាំង លើកឡើងថា នេះជាសញ្ញាណបង្ហាញឱ្យឃើញពីការចាប់ផ្ដើមមានវត្តមានយោធាចិន«ជាអចិន្ត្រៃយ៍»នៅកំពង់ផែរាម។ ក៏ប៉ុន្តែ កម្ពុជាបន្តបដិសេធ៕
សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា
ភ្នំពេញ៖ សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ព-ចិន ឆ្នាំ២០២៤ នឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា ឆ្នាំ២០២៤។
សមយុទ្ធនាគមាស-២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ។ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេស និងក្រុមប្រឆាំងនោះឡើយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា«ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំង ស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យរបស់ព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ (ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌)»។
ឯកឧត្តម នាយឧត្តមសេនីយ៍ឈុំ សុជាត បានបញ្ជាក់បន្ថែមទៀតថា«វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុង ជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ។ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថាពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។
តាមរយៈសារប្រតិកម្មនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានរំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះដោយកម្ពុជាមានភាពចាំបាច់ ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះឡើយ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? និងដើម្បីអ្វី? តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?»។
ដោយឡែកនៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ។នោះគឺ «ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និង
ទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»។
RFA Khmer នាវាចម្បាំងចិន ៤គ្រឿងនឹងចូលរួមធ្វើសមយុទ្ធយោធា «នាគមាស» នៅកម្ពុជា
---
ប្រទេសចិនកុម្មុយនិស្តនឹងបញ្ជូនកងទ័ពជើងទឹករួមទាំងនាវាចម្បាំង ២គ្រឿងបន្ថែមទៀតមកកាន់កម្ពុជា ដើម្បីត្រៀមហ្វឹកហ្វឺន និងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកកម្ពុជាចាប់ពីពាក់កណ្ដាលខែឧសភានេះ។ អ្នកជំនាញព្រមានថា សកម្មភាពកម្ពុជា និងចិនបង្កើនសមយុទ្ធយោធាកាន់តែខ្លាំងឡើងបែបនេះ កម្ពុជានឹងទទួលបានលទ្ធផលអវិជ្ជមានធំធេងជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងការពារចិននៅថ្ងៃទី៩ ខែឧសភា ប្រកាសថា ចិននឹងបញ្ជូននាវាចម្បាំងកងទ័ពជើងទឹកចិនចំនួន ២គ្រឿងដែលមានឈ្មោះ ឈីជីគ័ង (Qijiguang) និងជីងកាងស៊ាន (Jinggangshan) ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ចាប់ពីដើមខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា។
ក្រសួងការពារចិនឱ្យដឹងថា ការបញ្ជូននាវា ២គ្រឿងមកកម្ពុជានេះ គឺជាផ្នែកមួយដែលកងទ័ពជើងទឹកចិនបានកំណត់ទុកសម្រាប់កម្មវិធីហ្វឹកហ្វឺននៅលម្ហសមុទ្រជាមួយកងទ័ពជើងទឹកកម្ពុជា និងកងទ័ពនៃប្រទេសក្នុងតំបន់ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា។
នេះជាលើកទីមួយហើយដែលប្រទេសចិនកុម្មុយនិស្តប្រកាសជាចំហក្នុងការបញ្ជូននាវាចម្បាំងរបស់ខ្លួន ដើម្បីត្រៀមធ្វើសមយុទ្ធយោធាជាមួយកងទ័ពកម្ពុជា បន្ទាប់ពីនាវាចម្បាំងរបស់ចិនចំនួន ២គ្រឿងផ្សេងទៀតបានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមដោយស្ងាត់ៗ និងកំពុងបន្តមានវត្តមានចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតមក។ នាវាចម្បាំងចិនពីរគ្រឿងដែលកំពុងចតនៅកំពង់ផែរាមស្រាប់នេះ ត្រូវគេជឿថា ជានាវាចម្បាំងល្បឿនលឿនខ្នាតតូចទម្ងន់ ១.៥០០តោន ប្រភេទបាញ់មីសីល និងមានបំពាក់គ្រាប់បាញ់នាវា និងអាចដឹកឧទ្ធម្ភាគចក្របាន។
កងទ័ពកម្ពុជា និងចិន គ្រោងចាប់ផ្ដើមធ្វើសមយុទ្ធយោធា «នាគមាស» ប្រចាំឆ្នាំ២០២៤ រួមគ្នាចាប់ពីពាក់កណ្ដាលខែឧសភា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០។ សមយុទ្ធយោធា «នាគមាស» លើកទី៦ នេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌» ធ្វើឡើងស្របពេលដែលស្ថានភាពជម្លោះភូមិសាស្ត្រនយោបាយកាន់តែឡើងកម្ដៅ ហើយរឿងរ៉ាវចម្រូងចម្រាសនៅមូលដ្ឋានទ័ពជើងទឹករាម និងគម្រោងព្រែកជីកហ្វូណនដែលរងការចោទប្រកាន់ថា អាចសម្រួលវត្តមានយោធាចិន ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ និងអាមេរិកនៅតែបង្កើនការព្រួយបារម្ភ។ សមយុទ្ធនេះនឹង រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។
ក្រសួងការពារចិនបញ្ជាក់ថា ប្រតិបត្តិការបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកម្ពុជានេះ គឺជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា និងក្នុងគោលដៅរួមចំណែកកសាងសហគមន៍លម្ហសមុទ្រអនាគតរួមគ្នា។
ជុំវិញសកម្មភាពកម្ពុជា និងចិនបង្កើនសកម្មភាពលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការធ្វើសមយុទ្ធយោធារួមគ្នានេះ អ្នកជំនាញផ្នែកភូមិសាស្ត្រយល់ថា ការចោទប្រកាន់របស់អាមេរិកចំពោះវត្តមាននៃយោធាចិនតាំងមូលដ្ឋាននៅកំពង់ផែកងទ័ពជើងទឹករាម កាន់តែមានទម្ងន់ ហើយបណ្ដាប្រទេសក្នុងតំបន់ និងអាមេរិក នឹងឆ្លើយតបនឹងកម្ពុជា។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ព្រមានថា ការបញ្ជូននាវាចម្បាំងរបស់ចិន ២គ្រឿងបន្ថែមទៀតមកកម្ពុជានេះ ផលប៉ះពាល់ដែលកម្ពុជាទទួលបានជំហានដំបូង គឺកម្ពុជាអាចនឹងត្រូវបណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលជាសម្ពន្ធមិត្តជាមួយអាមេរិក ទាត់ចេញ ឬកាត់បន្ថយលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសង្គមជាមួយកម្ពុជា។
លោក សេង វណ្ណលី៖ «មួយទៀតវាមានផលប៉ះពាល់ក្នុងរយៈពេលវែង ប្រសិនជាកំណើននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចចិន (China) និងអាមេរិក (US) ក៏ដូចជាសម្ពន្ធមិត្តអាមេរិកដូចជា ជប៉ុន (Japan) ហ្វីលីពីន (Philippines) និងអូស្ត្រាលី (Australia) ជាដើម កាន់តែកើនឡើងវានឹងបង្កហានិភ័យដល់អធិបតេយ្យភាព និងសន្តិសុខជាតិ។ ឧទាហរណ៍ក្នុងករណីដែលសេណារីយ៉ូសង្គ្រាមកើតឡើងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) កម្ពុជាដែលត្រូវបានគេចោទប្រកាន់ថា ជាមូលដ្ឋានទ័ពរបស់ខ្លួនដល់ការឈរជើងរបស់ចិន នឹងរងហានិភ័យពីការវាយកម្ទេចពីបរទេស»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ដើម្បីសាកសួរបញ្ហានេះបានទេនៅថ្ងៃទី៩ ខែឧសភា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៨ ខែឧសភា អ្នកនាំពាក្យក្រសួងការពារលោក ឈុំ សុជាត បានបកស្រាយថា វត្តមាននាវាចម្បាំងចិនចំនួន ២គ្រឿងកំពុងមានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមមិនមែនជាការតាំងមូលដ្ឋានទ័ពចិនឡើយ។ លោកបញ្ជាក់ថា ការចូលចតនាវាចម្បាំងចិននេះ ដើម្បីត្រៀមធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងចិនប្រចាំឆ្នាំរួមគ្នា។ លោក ឈុំ សុជាត អះអាងថា វត្តមាននាវាចិន ២គ្រឿងនៅកំពង់ផែរាម គឺជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតដល់កងទ័ពជើងទឹកកម្ពុជា ដែលលោកថា ជាការ «រួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា»។ លោក ឈុំ សុជាត អះអាងបន្តថា ការចូលចតនៃនាវាចម្បាំងរបស់ចិននេះ ក៏ជាការធ្វើ «តេស្ដសាកល្បង» ចំពោះកំពង់ផែរាមដែលភាគីចិនជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះ ដើម្បីបម្រើឱ្យវិស័យយោធានាពេលខាងមុខ។
អនុប្រធានគណៈកម្មាធិការការពារជាតិនៃរដ្ឋសភាអាមេរិក (House Armed Services Committee) លោក រ៉ប់ វ៉ីតត៍មេន (Rep. Rob Wittman, R-VA) និងអតីតអ្នកការទូតអាមេរិក លោក ក្រេក សីងហ្គលថុន (Craig Singleton) លើកឡើងក្នុងអត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដី DefenseNews កាលពីដើមខែឧសភា ថា នាវាចម្បាំងចិនដែលចូលចតនៅកំពង់ផែរាមកាលពីពេលថ្មីនេះ កត់សម្គាល់ឱ្យឃើញពីការសម្ពោធក្រៅផ្លូវការនៃមូលដ្ឋានកងទ័ពជើងទឹកទីមួយរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) និងជាមូលដ្ឋានទ័ពទីពីររបស់ចិននៅលើពិភពលោក។ មន្ត្រីអាមេរិកាំងទាំងពីររូបនេះ ពន្យល់ថា ការបញ្ជូននាវាចម្បាំងរបស់ចិនមកកម្ពុជានេះ តម្រូវឱ្យរដ្ឋាភិបាលអាមេរិកកាំងឆ្លើយតបដ៏ស្វាហាប់មួយ ព្រោះវាជាសញ្ញាឱ្យដឹងពីរបៀបដែលចិនមានផែនការពង្រីកទីតាំងឈរជើងយោធារបស់ខ្លួនជាសាកល ដើម្បីរារាំងកងទ័ពអាមេរិកមិនឱ្យអន្តរាគមន៍ក្នុងពេលមានវិបត្តិនៅកោះតៃវ៉ាន់ (Taiwan)៕
យ៉ាងណាក៏ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានសង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕
រូបថត រូបភាព សមយុទ្ធ នាគមាស កម្ពុជា ចិនលើកទី ៦
No comments:
Post a Comment