ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០១៨
ប្រភព ការប្រកួតកីឡាកងយោធខេមរភូមិន្ទ(កីឡាយោធា) និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ ដែលនឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅកោះពេជ្រ នាថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ខាងមុខនេះ គឺនឹងមានការបង្ហាញលើសពីការប្រកួតប្រជែងគ្នា នៅលើទីលាន ហើយព្រឹត្តិ្កការណ៍នៅឆ្នាំនេះ នឹងមានលក្ខណៈប្លែក និងធំជាង កាលពីឆ្នាំ២០១៧ បើទោះបីជា ធ្វើនៅកោះពេជ្រ ដូចគ្នាក៏ដោយ។
លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន អនុប្រធានប្រតិបត្តិការ នៃការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ បានប្រាប់ឲ្យដឹង ក្នុងកិច្ចប្រជុំ នៅទីស្នាក់ការ NOCC កាលពីម្សិលមិញថា កីឡាយោធា មានទាំងការបង្ហាញសព្វាវុធ ការប្រគំតន្រ្តីខ្នាតធំ ហើយការប្រកួតប្រជែងនៅឆ្នាំនេះ ក៏មានទ្រង់ទ្រាយធំ ជាងពីឆ្នាំមុនដែរ។
លោកបានថ្លែងថា៖ «ព្រឹត្តិការណ៍ឆ្នាំនេះ វាមានលក្ខណៈប្លែក និងធំជាងពីឆ្នាំមុន ដោយក្នុងនោះយើងមានបង្កើនសកម្មភាពប្រកួត បន្ថែមចម្ងាយ និងឧបសគ្គ ដែលត្រូវឆ្លងកាត់ ច្រើនជាងមុន ហើយការប្រគុំតន្រ្តី គឺមានតារាចម្រើងល្បីៗកាន់តែច្រើនជាងឆ្នាំមុន»។
លោក ជាតិ ប៉ូលីន បានបន្ថែមថា៖ «ចំណែកការពិព័រណ៍យោធា គឺយើងបង្កើនធំជាងមុន ដោយយើងមានបង្កើតជាព្រៃសិប្បនិម្មិត ហើយយើងយកសម្ភារយោធា មានរថគ្រោះ រថពាសដែក និងសព្វាវុធមួយចំនួនទៀត មកដាក់តាំងក្នុងពិព័រណ៍នោះ។ បន្ថែមលើនេះ យើង មានស្តង់របស់អង្គភាពចូលរួមរហូតជាង៣០អង្គភាព គឺច្រើនជាងឆ្នាំមុន ដែលមានត្រឹមជាង១០អង្គភាព។ ជារួមគឺការរៀបចំរបស់យើង មានទំហំធំជាងឆ្នាំមុន»។
បើតាមលោក ជាតិ ប៉ូលីន គឺសព្វាវុធ និងសម្ភារៈ ដែលត្រូវប្រកួត នឹងត្រូវដឹកទៅកាន់កោះពេជ្រ នៅថ្ងៃទី៩ ខែមករា ដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម បានហ្វឹកហាត់ ឬប្រកួតសម មុនការប្រកួតជាផ្លូវការ នៅថ្ងៃទី១៣ ហើយក្រៅពីអង្គភាពយោធា នគរបាលជាតិ និងអាវុធហត្ថ ក៏មានក្រុមស៊ីវិល និងមហាជនចូលរួមប្រកួតច្រើនផងដែរ គឺមានជាង២០ក្រុម(១ក្រុម១២នាក់) គឺច្រើនជាងឆ្នាំមុន ដែលមានត្រឹមជាង១៦ក្រុម។
No comments:
Post a Comment