KPT International
🚨ចលនាតស៊ូ BRN កើតចេញពីភាពឈឺចាប់ ដែលថៃកាត់យកទឹកដីប៉ាត់តានី កាលពីជាង១០០ឆ្នាំមុន
ខេត្តភាគខាងត្បូងរបស់ប្រទេសថៃ ដែលរួមមាន ប៉ាត់តានី យ៉ាឡា និង ណារ៉ាធីវ៉ាត តែងតែមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីអំពើហិង្សា និងការបំផ្ទុះគ្រាប់បែក។ ប៉ុន្តែនៅពីក្រោយហេតុការណ៍បង្ហូរឈាមទាំងនេះ គឺលាក់កំបាំងនូវប្រវត្តិសាស្ត្រដ៏ជូរចត់មួយនៃការបាត់បង់រដ្ឋអធិបតេយ្យ និងការតស៊ូដើម្បីការពារអត្តសញ្ញាណជាតិសាសន៍ម៉ាឡេមូស្លីម ដែលបានអូសបន្លាយអស់រយៈពេលជាងមួយសតវត្សមកហើយ។
យោងតាមឯកសារប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រប៉ាត់តានី ឬ អាណាចក្រស៊ុលតង់ប៉ាតានី ត្រូវបានបង្កើតឡើងនៅប្រហែលឆ្នាំ១៣៩០។ តំបន់នេះ ធ្លាប់ជារដ្ឋពាណិជ្ជកម្ម និងមជ្ឈមណ្ឌលឥស្លាមសាសនាដ៏មានឥទ្ធិពលមួយ នៅតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រនេះ ធ្លាប់ឆ្លងកាត់យុគសម័យមាសដ៏រុងរឿង ជាពិសេសក្រោមការគ្រប់គ្រងរបស់ស្តេចស្រីចំនួន ៤អង្គជាប់ៗគ្នា ព្រះនាម Raja Hijau, Raja Biru, Raja Ungu និង Raja Kuning ដែលមានកម្លាំងសេដ្ឋកិច្ច និងយោធាខ្លាំងក្លា រហូតអាចទប់ទល់នឹងការឈ្លានពានរបស់កងទ័ពសៀមបានជាច្រើនដង។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនារបស់អាណាចក្រដ៏រុងរឿងមួយនេះ បានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ត្រូវបានសៀមវាយដណ្ដើមកាន់កាប់នៅឆ្នាំ១៧៨៦។ បើតាមការស្រាវជ្រាវរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ (IHRC) ស្ដីពី «A Brief Introduction to the Malay Kingdom of Patani» បានបង្ហាញថា កងទ័ពសៀម ក្រោមការដឹកនាំរបស់ព្រះចៅរាមាទី១ នៃរាជវង្សចក្រី បានបើកការវាយលុកយ៉ាងធំធេង និងកម្ទេចទីក្រុងប៉ាត់តានីយ៉ាងសាហាវឃោរឃៅ។
ក្នុងសង្គ្រាមនោះ ស៊ុលតង់មូហាម៉ាត់ ត្រូវគេលួចធ្វើឃាត ទីក្រុងទាំងមូលត្រូវភ្លើងឆេះបំផ្លិចបំផ្លាញខ្ទេចខ្ទី ខណៈទ្រព្យសម្បត្តិមានតម្លៃ រួមទាំងកាំភ្លើងធំប្រចាំនគរ ដែលគេហៅថា «Seri Patani» ត្រូវកងទ័ពសៀមប្លន់យកទៅបាងកកធ្វើជាជ័យភណ្ឌ។ ភាពឃោរឃៅរបស់សៀមមិនត្រឹមតែឈប់ត្រឹមការដុតបំផ្លាញនោះទេ ប៉ុន្តែប្រជាជនប៉ាត់តានីប្រមាណជាង ៤ ០០០នាក់ ត្រូវបានចាប់ខ្លួនធ្វើជាទាសករ។ យោងតាមកំណត់ហេតុប្រវត្តិសាស្ត្រ ជនរងគ្រោះទាំងនោះត្រូវគេចោះត្រចៀក និងយកខ្សែផ្តៅមកដេរភ្ជាប់ជើងនឹងគ្នា ដើម្បីទប់ស្កាត់ការរត់គេចខ្លួន មុននឹងត្រូវបង្ខំចិត្តដើរដោយជើងទទេចម្ងាយផ្លូវជាង ១ ៣០០គីឡូម៉ែត្រទៅដល់ក្រុងបាងកក។ ពេលទៅដល់ទីនោះ ពួកគេត្រូវជីកប្រឡាយទឹកសម្រាប់បម្រើឱ្យរាជធានីថ្មីរបស់សៀម។
ដើម្បីទប់ស្កាត់ការងើបបះបោរជាថ្មី ភាគីសៀមបានប្រើប្រាស់យុទ្ធសាស្ត្រ «បំបែកនិងគ្រប់គ្រង» ដោយពុះជ្រៀកទឹកដីប៉ាត់តានីជា ៧ ខេត្តតូចៗដាច់ដោយឡែកពីគ្នា។ លុះមកដល់ឆ្នាំ១៩០៩ តាមរយៈសន្ធិសញ្ញាអង់គ្លេស-សៀម ទឹកដីប៉ាត់តានីត្រូវបានកាត់បញ្ចូលជាផ្លូវការទៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃទាំងស្រុង ដោយពុំបានសុំសេចក្តីយល់ព្រមពីសំណាក់ប្រជាជនម្ចាស់ស្រុកឡើយ។
ក្រោយការក្រសោបយកទឹកដី រដ្ឋាភិបាលសៀម (ថៃ) បានព្យាយាមអនុវត្តគោលនយោបាយរំលាយបញ្ចូលជាតិសាសន៍យ៉ាងតឹងរ៉ឹងបំផុត។ របាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ថា អាជ្ញាធរថៃបានដាក់កំហិតទៅលើការប្រើប្រាស់ភាសាម៉ាឡេ ការអប់រំសាសនាឥស្លាម និងបានព្យាយាមទាមទារឱ្យប្រជាជននៅទីនោះផ្លាស់ប្តូររបៀបរស់នៅស្របតាមវប្បធម៌ និងអំណាចកណ្តាល។ ការគាបសង្កត់ផ្នែកវប្បធម៌ និងនយោបាយទាំងនេះ បានបង្កើតជាគំនុំក្នុងចំណោមគ្រូបង្រៀនសាសនា និងប្រជាជនមូលដ្ឋាន ដែលចាត់ទុកទង្វើនេះថាជាការឈ្លានពាន និងបំផ្លាញទឹកដីកំណើតរបស់ពួកគេ។
គំនុំប្រវត្តិសាស្ត្រនេះហើយ ដែលបានក្លាយជាកាតាលីករជំរុញឲ្យមានការបង្កើតចលនាតស៊ូរំដោះជាតិផ្សេងៗ។ ក្នុងចំណោមនោះ រណសិរ្សបដិវត្តន៍ជាតិ ឬ BRN (Barisan Revolusi Nasional) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ ដោយលោក Haji Abdul Karim ដើម្បីជាការឆ្លើយតបផ្ទាល់ទៅនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលថៃ ក្នុងការដាក់បញ្ចូលកម្មវិធីសិក្សាចំណេះទូទៅរបស់រដ្ឋទៅក្នុងសាលាអប់រំសាសនាឥស្លាមនៅប៉ាត់តានី។ យោងតាមឯកសារស្រាវជ្រាវ Shedden Papers ក្រុម BRN មានគោលដៅចម្បងក្នុងការរំដោះរដ្ឋប៉ាត់តានីចេញពីការគ្រប់គ្រងរបស់ទីក្រុងបាងកក ដើម្បីបង្កើតជារដ្ឋឯករាជ្យមួយ ដោយប្រកាន់ខ្ជាប់នូវអត្តសញ្ញាណម៉ាឡេ និងសាសនាឥស្លាម។ សព្វថ្ងៃនេះ BRN ត្រូវបានចាត់ទុកថាជាក្រុមដែលមានឥទ្ធិពល និងដើរតួនាទីធំបំផុតនៅក្នុងជម្លោះប្រដាប់អាវុធនេះ។
អំពើហិង្សាបានផ្ទុះឡើងក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចាប់ពីដើមឆ្នាំ ២០០៤ មក។ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Al Jazeera បានគូសបញ្ជាក់ថា ជម្លោះមួយនេះបានឆក់យកជីវិតមនុស្សជាង ៧ ០០០នាក់រួចមកហើយ។ ថ្វីដ្បិតតែមានកិច្ចប្រឹងប្រែងក្នុងការចរចាសន្តិភាពរវាងរដ្ឋាភិបាលថៃ និងក្រុម BRN ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ដំណោះស្រាយសន្តិភាពយូរអង្វែងនៅតែមានភាពស្រពិចស្រពិល ខណៈដែលការវាយប្រហារនៅតែបន្តកើតមាន។
ជារួម ភ្លើងសង្គ្រាមនៅខេត្តភាគខាងត្បូងថៃ មិនមែនគ្រាន់តែជាបញ្ហាសន្តិសុខធម្មតានោះទេ ប៉ុន្តែវាគឺជាស្នាមរបួសប្រវត្តិសាស្ត្រដ៏ជ្រៅនៃការបាត់បង់អធិបតេយ្យភាព ដែលប្រជាជនម៉ាឡេមូស្លីមប៉ាត់តានីមិនទាន់អាចបំភ្លេចបាន៕
Cambonomist Plus
ទោះបីជាជម្លោះព្រំដែនមិនទាន់បានដោះស្រាយ និងខុសពីគោលការណ៍ច្បាប់អន្តរជាតិ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកថៃ បានប្រកាសក្ដែងៗពីការបញ្ចប់ការសាងសង់របងបេតុងអចិន្ត្រៃយ៍ ដំណាក់កាលទី១ប្រវែង១,៣គីឡូម៉ែត្រ និងត្រៀមបន្តដំណាក់កាលទី២ ប្រវែងជាង៨គីឡូម៉ែត្រទៀតនៅតាមព្រំដែនកម្ពុជា-ថៃ។ ទោះជាទីក្រុងបាងកក ព្យាយាមយកលេសទប់ស្កាត់ការរត់ពន្ធមកបិទបាំងសកម្មភាពរបស់ខ្លួនក៏ដោយ ប៉ុន្តែទង្វើឯកតោភាគីនេះ ត្រូវបានគេមើលឃើញថា ជាល្បិចកលបង្កើនភាពតានតឹង ឆក់ឱកាសរំលោភលើកិច្ចព្រមព្រៀងព្រំដែន និងបង្កើតអង្គហេតុនៅលើទឹកដីដែលមានវិវាទ។
Neth Pheaktra
តំបន់អានសេះ៖ ផែនទីបញ្ជាក់អង្គហេតុ ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ
ការតវ៉ាយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ចូលតំបន់អានសេះ ទឹកដីកម្ពុជា គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយឈរលើមូលដ្ឋានឯកសារគតិយុត្ត ផែនទី និងអង្គហេតុដែលមានស្រាប់។
ចំណុចសំខាន់ដែលមិនគួរត្រូវបានបង្វែរចេញពីការពិភាក្សា គឺ៖ តើតំបន់អានសេះស្ថិតនៅទីណា?
ចម្លើយមិនអាចកំណត់ដោយសុន្ទរកថានយោបាយ ការចុះទៅកាន់ទីតាំងរបស់មន្ត្រីជាន់ខ្ពស់ ការដាក់ទង់ជាតិ ឬវត្តមានរបស់កងកម្លាំងយោធាកាន់កាប់ដោយខុសច្បាប់បានឡើយ ហើយក៏មិនអាចកំណត់ដោយផែនទីឯកតោភាគីដែលរៀបចំឡើងដោយភាគីណាមួយដោយខ្លួនឯងបានដែរ។ ចម្លើយត្រូវស្វែងរកនៅក្នុងអនុសញ្ញា សន្ធិសញ្ញា ឯកសារកំណត់ព្រំដែន ផែនទីពាក់ព័ន្ធ និងការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ដែលមានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងស្របតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។
តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំបន់អានសេះស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីមាត្រដ្ឋាន 1:200,000 ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀមតាមអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បង្ហាញទីតាំងនេះនៅក្នុងទឹកដីកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺសូម្បីតែផែនទីស៊េរី L7017 មាត្រដ្ឋាន 1:50,000 ដែលថៃបានរៀបចំជាឯកតោភាគី និងដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងអានសេះនៅខាងកម្ពុជានៃខ្សែដែលមានបង្ហាញលើផែនទីនោះផងដែរ។
នេះជាអង្គហេតុដែលទាមទារចម្លើយ មិនមែនការបង្វែរបញ្ហាឡើយ។
ពាក្យសម្ដីមិនអាចបង្កើតព្រំដែនបានទេ ហើយកម្លាំងក៏មិនអាចបង្កើតព្រំដែនបានដែរ។ ការទាមទារឯកតោភាគីមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយការកាន់កាប់ដោយកម្លាំងក៏មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិ។ ទង់ជាតិមិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយបានទេ។ ការដាក់កងកម្លាំង ការសាងសង់ផ្លូវ ឬការបង្កើតវត្តមានជាក់ស្តែងនៅលើដី ក៏មិនអាចជំនួសការកំណត់ និងខ័ណ្ឌសីមាព្រំដែនស្របច្បាប់បានឡើយ។ ហើយដំណើររបស់នាយករដ្ឋមន្ត្រីមួយរូប ក៏មិនអាចធ្វើឱ្យការកាន់កាប់ដែលគ្មានមូលដ្ឋានច្បាប់ ក្លាយទៅជាការកាន់កាប់ស្របច្បាប់បានដែរ។
នេះហើយជាចំណុចស្នូលដែលការឆ្លើយតបរបស់ភាគីថៃមិនអាចរំលងបាន។ ហើយប្រសិនបើភាគីថៃអះអាងថាមិនបានឈ្លានពានទឹកដីកម្ពុជា គួរប្រគល់ទឹកដីដែលយោធាថៃបាននិងកំពុងកាន់កាប់ខុសច្បាប់មកឱ្យកម្ពុជាវិញ ហើយរុះរើចោលលួសបន្លា និងដកទូតុងតឺន័រចេញពីទឹកដីកម្ពុជា។
ជាពិសេស ដំណើររបស់លោក អនុទីន ចាន់វីរៈគុល មិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានដើម្បីបង្កើត ឬពង្រឹងការទាមទារអធិបតេយ្យភាពរបស់ថៃលើតំបន់អានសេះបានឡើយ។ គោលការណ៍ច្បាប់មូលដ្ឋានគឺ អំពើដែលមិនស្របច្បាប់មិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។ ការចូលមកកាន់តំបន់អានសេះដោយគ្មានការអនុញ្ញាតពីកម្ពុជារបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសថៃមិនអាចបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងភាពមិនស្របច្បាប់នៃស្ថានភាពនៃការកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ឡើយ និងលាក់បាំង fait accompli ហើយក៏មិនអាចផ្លាស់ប្តូរឋានៈគតិយុត្តនៃទឹកដីបានដែរ។
ការអនុវត្តសិទ្ធិ និងច្បាប់របស់កម្ពុជាចំពោះសកម្មភាពដែលកើតឡើងក្នុងទឹកដីអធិបតេយ្យរបស់ខ្លួន មិនអាចត្រូវបានបំភាន់ថាជាការគំរាមប្រើកម្លាំងយោធាឡើយ។ ការអនុវត្តច្បាប់ និងការគំរាមប្រើកម្លាំង គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ទាំងក្នុងន័យច្បាប់ និងក្នុងន័យការទូត។ ការលាយបញ្ចូលបញ្ហាទាំងពីរនេះ គ្រាន់តែធ្វើឱ្យការពិភាក្សាឃ្លាតចេញពីអង្គហេតុ និងសំណួរផ្នែកច្បាប់ដែលត្រូវដោះស្រាយ និងគ្រាន់តែដើម្បីបិទបាំងទង្វើខុសច្បាប់នៃការចូលមកកាន់ទឹកដីរដ្ឋមួយដោយគ្មានការអនុញ្ញាត។
លើសពីនេះ ការកាន់កាប់ទីតាំង ការដាក់របាំង ការដាក់ទូកុងតឺន័រ ការរាយលួសបន្លា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ទង់ ឬការនាំមន្ត្រីជាន់ខ្ពស់ចូលទៅបង្ហាញវត្តមាន មិនអាចត្រូវបានប្រើដើម្បីបង្កើត «អង្គហេតុថ្មី» (fait accompli) នៅលើដី ហើយបន្ទាប់មកយកស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគីនោះ មកធ្វើជាមូលដ្ឋានសម្រាប់ការទាមទារអធិបតេយ្យភាព ឬសម្រាប់ការចរចាព្រំដែននៅពេលក្រោយបានឡើយ។
កាន់តែសំខាន់ សកម្មភាពទាំងឡាយដែលអាចធ្វើឱ្យស្ថានភាពនៅលើដីប្រែប្រួល ត្រូវពិនិត្យក្នុងបរិបទនៃកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការទប់ស្កាត់សកម្មភាពបង្កហេតុ ការកើនឡើងនៃភាពតានតឹង និងការផ្លាស់ប្តូរស្ថានភាពដែលអាចប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន។ ដំណើររបស់មន្ត្រីជាន់ខ្ពស់ទៅកាន់តំបន់ដែលមានបញ្ហាព្រំដែន មិនគួរត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីពង្រឹងការទាមទារទឹកដី ឬបង្កើតការយល់ឃើញថា ការគ្រប់គ្រងជាក់ស្តែងស្មើនឹងអធិបតេយ្យភាព នោះឡើយ។
ប្រសិនបើភាគីថៃពិតជាជឿថា ព្រំដែនត្រូវកំណត់ដោយអង្គហេតុ ច្បាប់ និងយន្តការទ្វេភាគី នោះវិធីដែលស្របគ្នាបំផុតជាមួយគោលការណ៍នេះ គឺ បញ្ឈប់ការបង្កើតអង្គហេតុថ្មីនៅលើដី រក្សាស្ថានភាពមិនឱ្យប្រែប្រួល និងវិលត្រឡប់ទៅការងារបច្ចេកទេស និងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀង និងកុំព្យាយាមពន្យារពេល និងរកលេសសព្វបែបយ៉ាងដើម្បីគេចពីកិច្ចព្រមព្រៀងដែលមាន។
ជាពិសេស ភាគីទាំងពីរត្រូវអនុវត្តដោយស្មោះត្រង់នូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា៖
«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន… ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។
ខ្លឹមសារនេះមានន័យច្បាស់ថា ការកំណត់ និងខ័ណ្ឌសីមាព្រំដែនត្រូវធ្វើតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង ជាពិសេសតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC)។ ដូច្នេះ ភាគីណាមួយមិនគួរបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើដី រួចយកស្ថានភាពនោះទៅធ្វើជាមូលដ្ឋានសម្រាប់កំណត់ព្រំដែននៅពេលក្រោយឡើយ។
កម្ពុជាចង់បានសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន។ កម្ពុជាគាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈច្បាប់ ឯកសារគតិយុត្ត និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ ប៉ុន្តែសន្តិភាពមិនមានន័យថា កម្ពុជាត្រូវទទួលយកការប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនដោយស្ងៀមស្ងាត់នោះទេ។ ការចរចាក៏មិនមានន័យថា ភាគីមួយអាចបន្តកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដី ខណៈពេលអំពាវនាវឱ្យភាគីម្ខាងទៀតវិលមករកតុចរចានោះដែរ។
ដូច្នេះ សំណួរដែលគួរត្រូវបានសួរមិនមែនថា «ហេតុអ្វីកម្ពុជាតវ៉ា?» នោះទេ។ សំណួរត្រឹមត្រូវគឺ៖ «ប្រសិនបើថៃគោរពការចរចា ច្បាប់ និងការកំណត់ព្រំដែនតាមយន្តការដែលបានព្រមព្រៀង ហេតុអ្វីត្រូវបន្តបង្កើតវត្តមាន និងស្ថានភាពថ្មីនៅតំបន់ដែលកម្ពុជាបង្ហាញភស្តុតាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន?»
ផែនទីមិនអាចត្រូវបានផ្លាស់ប្តូរដោយដំណើរទស្សនកិច្ច។ ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយវត្តមានយោធា។ ហើយអធិបតេយ្យភាពមិនអាចកើតចេញពីការកាន់កាប់ដោយកម្លាំងបានឡើយ។
តំបន់អានសេះត្រូវដោះស្រាយដោយ ច្បាប់ ផែនទី ឯកសារព្រំដែន និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង - មិនមែនដោយការបង្កើតអង្គហេតុថ្មីនៅលើដីនោះឡើយ៕
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់) ក្នុងនោះមានកុមារចំនួន ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
VOD Khmer
តើមានអាថ៌កំបាំងអ្វីនៅពីក្រោយការបង្ហាញវត្តមានរបស់មេដឹកនាំថៃលើដីខ្មែរក្នុងតំបន់ឈ្លានពាន?
(ដោយ លោក សុក្រឹត ពុទ្ធិ)
សកម្មភាពដែលភាគីថៃបាន និងកំពុងបន្តធ្វើនៅតាមបណ្តោយព្រំដែន រាប់ចាប់តាំងពីការសាងសង់របង ការយកកុងតឺន័រទៅដាក់បាំង ការបង្កើនកម្លាំងទ័ព និងការចុះផ្ទាល់របស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល ទៅតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មិនមែនជាការសម្តែងឆន្ទៈ ក្នុងការស្វែងរកសន្តិភាព ឬបង្កើតទំនាក់ទំនងល្អរវាងប្រទេសជិតខាងនោះឡើយ។
តែផ្ទុយទៅវិញ សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាទុច្ចរិតរបស់ថៃ ក្នុងការប្រើប្រាស់អំណាចជាក់ស្តែងនៅលើដី ដើម្បីផ្លាស់ប្តូរស្ថានភាពដើម និងបង្កើតការពិតថ្មីមួយ ដែលចំណេញដល់ភាគីខ្លួន មុនពេលឈានដល់ការចរចាជាផ្លូវការ។ ការលើកឡើងអំពីហេតុផលផ្សេងៗ ដូចជា ការទប់ស្កាត់ការជួញដូរមនុស្ស ការបង្រ្កាបទំនិញគេចពន្ធ ឬកត្តាសន្តិសុខជាតិ គ្រាន់តែជាលេសបាំងមុខប៉ុណ្ណោះ។ ហេតុផលទាំងនេះ មិនអាចលុបបំបាត់ចម្ងល់ដ៏ធំបំផុតបានទេថា ហេតុអ្វីបានជាថៃត្រូវប្រញាប់ប្រញាល់សាងសង់របង ឬដាក់របាំងរារាំង នៅក្នុងតំបន់ដែលខ្សែព្រំដែនមិនទាន់ត្រូវបានព្រមព្រៀង និងនៅមានជម្លោះនៅឡើយ។
ប្រសិនបើថៃមានចិត្តស្មោះត្រង់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ មធ្យោបាយតែមួយគត់ គឺត្រូវបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងអស់ រក្សាស្ថានភាពដើម និងងាកមកដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ រួមទាំងការចរចាដោយផ្អែកលើភាពស្មើមុខស្មើមាត់។ ការបន្តធ្វើអ្វីៗតាមតែចិត្តចង់ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃចង់ប្រើប្រាស់ការគ្រប់គ្រងជាក់ស្តែងនៅលើដី ដើម្បីធ្វើជាឧបករណ៍គាបសង្កត់ និងបង្ខំឱ្យកម្ពុជាទទួលស្គាល់នូវអ្វីដែលថៃបានបង្កើតឡើងរួចជាស្រេច។
ផលប៉ះពាល់នៃការសាងសង់ និងការបិទខ្ទប់នេះ មិនមែនជារឿងនយោបាយ និងអធិបតេយ្យភាពនៅលើក្រដាស ឬនៅលើផែនទីតែមួយមុខនោះទេ។ វាកំពុងតែជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ និងផ្ទាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមបណ្តោយព្រំដែន។ នៅពេលដែលមានរបាំង និងមានការដាក់កម្លាំងប្រដាប់អាវុធរារាំង មិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីស្រែចំការ ឬទីតាំងដែលពួកគាត់ធ្លាប់អាស្រ័យផលជាយូរយារណាស់មកហើយនោះ ទង្វើនេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ឆ្នាំងបាយ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនស្លូតត្រង់។
លើសពីនេះ ការដែលថ្នាក់ដឹកនាំនយោបាយ និងយោធាកំពូលៗរបស់ថៃ បានចុះទៅបង្ហាញខ្លួន និងឈរជើងនៅតំបន់ដែលខ្លួនបានឈ្លានពាន គឺជាការផ្ញើសារនយោបាយយ៉ាងកាចសាហាវថា ថៃកំពុងក្តាប់យកការគ្រប់គ្រង និងព្យាយាមបង្កើតភាពស្របច្បាប់នៃដែនដីនោះតាមរយៈវត្តមានជាក់ស្តែង។ ទង្វើរបៀបនេះ មិនត្រឹមតែបំផ្លាញទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការបង្កើនសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងមកលើភាគីកម្ពុជាផងដែរ។
ងាកមកមើលការឆ្លើយតបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត វិញ បញ្ហាដែលចោទឡើងធំបំផុត និងគួរឱ្យព្រួយបារម្ភនោះគឺ រដ្ឋាភិបាលនៅមិនទាន់បានបង្ហាញពីសមត្ថភាព ឬលទ្ធផលជាក់ស្តែងក្នុងការទប់ស្កាត់សកម្មភាពរំលោភបំពានទាំងនេះនៅឡើយទេ។ ទោះបីជាកន្លងមក មានការចេញសេចក្តីថ្លែងការណ៍ផ្លូវការ ការផ្ញើលិខិតតវ៉ាតាមផ្លូវការទូត ឬការប្រើប្រាស់សម្តីធ្ងន់ៗដើម្បីថ្កោលទោសថៃយ៉ាងណាក៏ដោយ ក៏វិធានការលើក្រដាសទាំងនោះ ហាក់ដូចជាគ្មានប្រសិទ្ធភាពសោះឡើយ។
ប្រសិនបើបន្ទាប់ពីការតវ៉ារួចហើយ ថៃនៅតែអាចបន្តចាក់បេតុង សាងសង់របង ដាក់កុងតឺន័រ និងបញ្ជូនកងទ័ពមកបឈ្ឈរជើងបានដដែលនោះ សាធារណជន និងប្រជាពលរដ្ឋពិតជាមានសិទ្ធិពេញលេញក្នុងការចោទសួរអំពីប្រសិទ្ធភាព និងភាពច្បាស់លាស់នៃចំណាត់ការការពារទឹកដីរបស់រដ្ឋាភិបាល។ ការរិះគន់លើអសមត្ថភាពទប់ស្កាត់នេះ មិនមែនមានន័យជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែបើកការវាយប្រហារ ឬធ្វើសង្គ្រាមប្រដាប់អាវុធជាមួយថៃនោះទេ ប៉ុន្តែ រដ្ឋាភិបាលត្រូវតែមានសមត្ថភាពខ្ពស់ជាងនេះ ក្នុងការប្រើប្រាស់ឧបករណ៍ការទូត យន្តការច្បាប់អន្តរជាតិ សម្ពាធពីសហគមន៍តំបន់ និងការកៀងគរកម្លាំងអន្តរជាតិឱ្យមានប្រសិទ្ធភាពពិតប្រាកដ ដើម្បីបង្ខំឱ្យថៃផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។
ស្ថានភាពនេះ បានធ្វើឱ្យភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ធ្លាក់ចូលទៅក្នុងភាពសង្ស័យយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលមួយមិនអាចគ្រាន់តែស្រែកថាខ្លួនស្រឡាញ់ជាតិ ហើយឈរមើលភាគីម្ខាងទៀតលេបត្របាក់ ឬកាត់ឆ្កៀលទឹកដីបន្តិចម្តងៗតាមចិត្តចង់បាននោះទេ។ ប្រសិនបើរដ្ឋាភិបាលប្រកាសយ៉ាងច្បាស់ថា ទីតាំងនោះជាដីអធិបតេយ្យរបស់កម្ពុជា នោះរដ្ឋាភិបាលត្រូវតែមានយុទ្ធសាស្ត្រការពារឱ្យខានតែបាន និងទាមទារយកមកវិញឱ្យទាល់តែបាន តាមគ្រប់មធ្យោបាយដែលស្របច្បាប់។ ការបន្តចេញតែលិខិតតវ៉ាដោយគ្មានចំណាត់ការទប់ស្កាត់នៅលើដី មានតែធ្វើឱ្យការអះអាងអំពីសមត្ថភាពការពារបូរណភាពទឹកដីកាន់តែមានភាពចុះខ្សោយ និងបាត់បង់ទំនុកចិត្តពីប្រជាជនតែប៉ុណ្ណោះ។
រឿងដែលកាន់តែគួរឱ្យព្រួយបារម្ភខ្លាំងជាងនេះទៅទៀតនោះគឺ កាលណាស្ថានភាពបែបនេះត្រូវគេបណ្តោយឱ្យអូសបន្លាយពេលកាន់តែយូរ ភាគីថៃនឹងកាន់តែចំណេញប្រៀបខាងផ្នែកពេលវេលា។ នៅក្នុងវិវាទព្រំដែនជុំវិញពិភពលោក ភាគីណាដែលអាស្រ័យផល និងរក្សាវត្តមានជាប់លាប់នៅលើដីបានយូរជាង ភាគីនោះនឹងប្រើប្រាស់វត្តមាននោះធ្វើជាអាវុធ និងជាអំណាចយ៉ាងរឹងមាំក្នុងការចរចានៅពេលអនាគត។ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តប្រើប្រាស់តែការតវ៉ាលើក្រដាស ខណៈថៃនៅតែបន្តគ្រប់គ្រងដីជាក់ស្តែង ថៃនឹងកាន់តែមានចិត្តអង់អាច និងជឿជាក់ថា ទង្វើរបស់ខ្លួនមិននាំមកនូវការខាតបង់ ឬតម្លៃនយោបាយអ្វីធំដុំឡើយ។
ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវ និងទទួលយកការរិះគន់ដោយត្រង់ៗ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានលទ្ធផលណាមួយដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តថា រដ្ឋាភិបាលអាចគ្រប់គ្រង និងការពារទឹកដីបានទាន់ពេលវេលានោះទេ។
ការការពារបូរណភាពទឹកដីដែលពិតប្រាកដ មិនមែនវាស់វែងលើចំនួនលិខិតតវ៉ាដែលបានផ្ញើចេញនោះទេ ប៉ុន្តែវាត្រូវតែវាស់វែងតាមរយៈការបញ្ឈប់សកម្មភាពឯកតោភាគីរបស់ថៃ ការរក្សាបាននូវសិទ្ធិពេញលេញលើទឹកដី និងការធានាឱ្យប្រជាពលរដ្ឋខ្មែរអាចរស់នៅ និងអាស្រ័យផលលើដីម៉ែចែកឱ្យដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុត៕
Chan Born
ប្រវត្តិមនុស្សឃោរឃៅនៅប្រទេសថៃ៖ តាក់ ស៊ីន កាលនៅមានអំណាច សាហាវព្រៃផ្សៃគ្មានគូរប្រដូច សម្លាប់មនុស្សរាប់ម៉ឺននាក់ ដោយចោទពីបទ គ្រឿងញៀន សម្លាប់ប្រជាជនខ្មែរជាង ៣០០០ នាក់ នៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀននៅ ថៃ។ សម្លាប់តៃមូស្លីមចោលយ៉ាងសាហាវ ចោទពីបទគ្រឿងញៀនដែរ។ អាសេដែង ជាមេទ័ពខ្លាំង ជាជនជាតិថៃឥស្លាម ដឹកនាំទ័ពធ្វើសង្រ្គាមឆ្នាំ ២០០៨ ឈ្លានពានកម្ពុជា បន្ទាប់ បានដឹកនាំទ័ពបេះបោរផ្តាច់ទឹកដី ថៃភាគត្បូង រួចត្រួវ គេបាញ់សម្លាប់ចោលពេលដឹកនាំបាតុកម្ម។ មេទ័ពភូមិភាគទី ២ សៀម ដឹកនាំទ័ពធ្វើសង្រ្គាមឈ្លានពានកម្ពុជា ឆ្នាំ ២០២៥ បន្ទាប់បាន រត់ទៅបួស ដើម្បីគេពីការតាមសម្លាប់។ ចុងក្រោយ តើវាសនាអានុទីន នឹងទៅជាបែបណា ពេលអស់អំណាច? ពេលនេះ នៅមានអំណាចជានាយករដ្ឋមន្រ្តី ជាមន្រ្តីមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាសន្តិសុខ បានលើកទ័ពចូលឈ្លាន បំផ្លាញ សម្លាប់ប្រជាជនខ្មែរជាច្រើន បង្ករឲ្យមានជនភៀសសឹកជាង ៦០ ម៉ឺននាក់ ដូច្នេះ មិនថាកម្ពុជាទេស្អប់់ អានុទីន សូម្បីប្រជាជនថៃ ចិន សៀម ម៉ាឡាយូ ក៍គេនឹងមិនទុកអានុទីនដែរ។
ហ៊ុល ម៉ារ៉ា is with Hul Mara. 6h · សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្គុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។ សម្ដេចតេជោ បានស្នើបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។
PR Cambodian Government
កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនក្នុងទឹកដីកម្ពុជា ដែលហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារ និងព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងទាំងនោះ ដោយ៖
- ការរាយលួសបន្លា ការដាក់ទូកុងតឺន័រ
- ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា
- ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលបញ្ចប់កិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែន។
Thai troops continue to occupy several areas of Cambodian territory beyond the boundary line unilaterally claimed by Thailand and are attempting to create faits accomplis on the ground through:
- The installation of barbed wire and shipping containers;
- The construction of civilian and military infrastructure; and
- The issuance of land titles to Thai citizens before the completion of border survey and demarcation work.
ប្រសាសន៍សម្តេចធិបតី ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
Kampuchea Thmey Daily
នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់បណ្ដាប្រធានសភា កម្ពុជាមានសន្តិភាពពេញលេញ២៦ឆ្នាំចុងក្រោយ ប៉ុន្តែត្រូវបំផ្លាញដោយសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ បានគំរាមកំហែងអធិបតេយ្យ បូរណភាពទឹកដី អាយុជីវិត ពលរដ្ឋខ្មែរត្រូវភៀសសឹក ។ សម្ដេចថ្លែងដូច្នេះ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាថ្ងៃទី២៧ ខែសីហា។
នយោបាយថៃ៖ ពេលនេះ នយោបាយថៃកំពុងមានការប្រែប្រួលយ៉ាងគំហុក គឺដូរពីការប្រឆាំងមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីថៃ មកជា ការល្អូកល្អើនឡើងវិញជាមួយ កងទ័ពអាមេរិក។ ប្រទេសថៃ ត្រូវបានសកលោកចាត់ទុកជាប្រទេសផ្តាច់បំផុតដោយសារ ស្ថាបនស្តេចសៀម គ្រប់គ្រងអំណាចលើ រដ្ឋាភិបាល ថៃ។ ពេលណាអាមេរិក និយាយអំពី ការមិនគោរពសិទ្ធិមនុស្សនៅប្រទេសថៃ នោះយុទ្ធនាការប្រឆាំងអាមេរិកនឹងត្រូវគេរៀបចំធ្វើភ្លាម។ ប្រទេសថៃ ចែកជា ០២ ប្លុកធំៗ គឺម្ខាងគាំទ្រអាមេរិក ម្ខាងគាំទ្រ ចិន ហេតុនេះ ថៃ ព្យាយាមយកអាមេរិក មកឲ្យធ្វើសង្រ្គាមជាមួយ ចិន នៅព្រំដែន កម្ពុជា ថៃ ដែលជា នយោបាយ តុងបៀរ គឺអ្នកលេងល្បែងត្រូវតែចាញ់ ចំណែកម្ចាស់កាស៊ីណូ ដូចជា ថៃ គឹនឹងចំណេញជានិច្ច។ ក្នុងន័យនេះកម្ពុជានឹងមិនចូលរួមក្នុងការលេងល្បែងភូមិសាស្រ្តនយោបាយបែបនេះឡើយ។
បច្ចុប្បន្នភាព ទីបេ នេប៉ាល់៖ ចំនួនមនុស្សស្លាប់នឹង បាត់ខ្លួនគិតទាំងនៅ នេប៉ាល់ និងចិនទីបេ មានជាង ១០០០ នាក់។ រដ្ឋាភិបាលបានបញ្ជូនក្រុមសង្រ្គោះទៅជួយនៅ ទីកដីចិន ចំណែកខាងនេបាល់ ឃើញមានប្រជាជន រដ្ឋាភិបាលកំពុងជួយសង្រ្គោះ។ មូលហេតុនៃគ្រោះថ្នាក់នេះ ត្រូវបានអ្នកជំនាញ រកឃើញថា មានរញ្ជួយដីចម្ងាយ ២០ គម ពីព្រំដែន ចិន នេប៉ាល់ បង្ករឲ្យ បាក់ភ្នំទឹកកក ហូរចូល ទីក្រុងកំពង់ផែរ នៅទីបេ រួចហូរ បន្តមក នេប៉ាល់ក្នុងល្បឿនមួយយ៉ាងលឿនបំផុត៕
Post Khmer 9h · គ្រប់មន្ត្រីថៃទាំងអស់ដែលចូលទៅកាន់ដែនអធិបតេយ្យរបស់កម្ពុជា អាចនឹងត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដោយស្របតាមច្បាប់ជាធរមានរបស់កម្ពុជាអំពីបទល្មើសច្បាប់។ រាល់បុគ្គលទាំងឡាយណាដែលកាន់អាវុធប្រឈមនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលអាចបណ្តាលឱ្យបាត់បង់ជីវិត ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៃការប្រើប្រាស់កម្លាំង។
ហ៊ុល ម៉ារ៉ា
is with Hul Mara.
ក្រុមផ្តាច់ទឹកដីភាគខាងត្បូងបានយកថ្នាំក្រហមបាញ់លេីថ្នល់ជាតិដោយសរសេរថា ប៉ាតានី មិនមែនជាទឹកដីស្យាមទេ. ដល់ពេលហេីយ
Thursday, August 27, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)

















































No comments:
Post a Comment